ទស្សនកិច្ចសិក្សាទៅសិស្សកាន់សារមន្ទីរគំនូរបែបស្រ៊ីឌី
អត្ថបទ៖ តន វិបុល
កុមារតូចៗដែលជាសិស្សានុសិស្សថ្នាក់ភាសាអង់គ្លេសនៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ប្រមាណជាង១០០នាក់ បានធ្វើទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរគំនូរបែបស្រ៊ីឌី (Art 3D Museum) ស្ថិតនៅជាន់ទី៣ នៃផ្សារទំនើបស្ទឹងមានជ័យ នាព្រឹកថ្ងៃទី១៣ មករា នេះ ដែលដឹកនាំដោយលោកគ្រូអ្នកគ្រូទទួលបន្ទុកពួកគេ៤នាក់ផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សមានអារម្មណ៍ប្លែកក្នុងចិត្ត។ មានអារម្មណ៍ប្លែក ក៏ព្រោះតែពួកគេមិនដែលស្គាល់រចនាបថគំនូរសិល្បៈវប្បធម៌ទេសចរណ៍បែបការអប់រំ និងកម្សាន្តរបស់កម្ពុជា ហើយក្នុងវិចិត្រសាលនោះមានគំនូរច្រើនជាង១០០ផ្ទាំង ដែលអាចឱ្យអ្នកទស្សនាថតកម្សាន្តបានយ៉ាងសប្បាយរីករាយ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺនៅក្នុងសារមន្ទីរគំនូរបែបស្រ៊ីឌីដែលបង្ហាញពីទស្សនីយភាពផ្សេងៗនោះ ក៏មានគំនូរប្រាសាទបុរាណដ៏ល្បីល្បាញរបស់ខ្មែរផងដែរ។
ថ្លែងក្នុងដំណើរទស្សនកិច្ចសិក្សានោះ គ្រូទទួលបន្ទុកម្នាក់ក្នុងចំណោមគ្រូទទួលបន្ទុក៤នាក់ លោកស្រី អ៊ិន សុភាន់ អះអាងថា គោលបំណងដំណើរទស្សនកិច្ចសិក្សាទៅកាន់សាលពិព័រណ៍គំនូរបែបស្រ៊ីឌីនេះ គឺដើម្បីឱ្យសិស្សបានស្គាល់រចនាបថគំនូររហស្សកម្ម ដែលសុទ្ធសឹងជាគំនូរដ៏ស្រស់ស្អាតពោរពេញទៅដោយភាពរស់រវើកជាច្រើនផ្ទាំងដែលបង្ហាញពីទស្សនីយភាពតាមជញ្ជាំងគួរជាទីទាក់ទាញអារម្មណ៍។ ម្យ៉ាងដំណើរទស្សនកិច្ចនេះ ក៏មានចេតនាចង់ឱ្យសិស្សផ្តិតយករូបភាពស្អាតៗនៃគំនូរដ៏សម្បូរបែបទាំងនោះផងដែរ។
សូមជម្រាបជូនថា “តាមរយៈទស្សនកិច្ចសិក្សានេះ ពួកគេមិនត្រឹមតែទទួលបានចំណេះដឹងថ្មីៗ បន្ថែមពីលើការរៀននៅក្នុងសាលាប៉ុណ្ណោះទេ តែវាថែមទាំងជួយលើកកម្ពស់សមត្ថភាពពួកគេឱ្យមានភាពក្លាហានដោយឥតដឹងខ្លួនទៀតផង តាមរយៈទំនាក់ទំនងនិងសហការល្អជាមួយនឹងអ្នកដែលនៅជុំវិញខ្លួនគេ។ ពិសេសនោះ អាចធ្វើឱ្យចំណងមិត្តភាពពួកគេកាន់តែជិតស្និទ្ធថែមទៀតដែរ តាមរយៈការញ៉ាំអាហារ និងថតរូបជុំគ្នាជាដើម”។ នេះជាការបញ្ជាក់បន្ថែមរបស់គ្រូទទួលបន្ទុកក្នុងដំណើរទស្សនកិច្ចសិក្សារូបនេះ។
ក្នុងចំណោមកុមារាកុមារីជាច្រើននាក់ ដែលកំពុងដើរទស្សនា និងផ្តិតយករូបភាពជាមួយនឹងមិត្តភក្តិ នៅក្នុងវិចិត្រសាលដែលរំលេចទៅដោយរូបភាពគ្រប់ប្រភេទនោះ កុមារី អ៊ុំ កែវធីតា ថ្លែងក្នុងឱកាសនោះថា “ខ្ញុំមិនធ្លាប់ឃើញ គំនូរបែបស្រ៊ីឌីនេះពីមុនមកទេ”។ នេះគឺជាលើកទី១ហើយសម្រាប់កុមារីរូបនេះ ដែលបានស្គាល់គំនូរស្រស់ស្អាតដ៏សម្បូរបែបដែលលេចឡើងដូចទៅនឹងទិដ្ឋភាពពិតជាក់ស្តែង។ បន្ថែមលើសពីនេះ កុមារី ធីតា ថែមទាំងដឹងថា គំនូរទាំងប៉ុន្មានដែលមានវត្តមានក្នុងសារមន្ទីរគំនូរបែបស្រ៊ីឌីនេះ គឺជាស្នាដៃវិចិត្រករមកពីបទេសទៀតផង។
សូមបញ្ជាក់ជូនថា ក្នុងដំណើរទស្សនកិច្ចសិក្សានោះ មានសិស្សតូចៗមិនតិចនាក់នោះទេ ដែលបញ្ចេញសកម្មភាពសប្បាយរីករាយអមដោយសំឡេងពន្យល់ និងជជែកគ្នាអំពីរឿងគំនូរស្រ៊ីឌីនេះ។
No comments:
Post a Comment