ឯកសារស្រាវជ្រាវស្តីពី "ជំនឿដាក់កាក់ក្នុងមាត់សព"

អត្ថបទ៖ តន វិបុល


ក្រៅពីប្រពៃណី ទំនៀមទម្លាប់​ សាសនា ខ្មែរយើងក៏ នៅមានជំនឿលើអារុកអារៈ អ្នកតា​ ព្រលឹងខ្មោច ព្រាយ បិសាច អាសុរកាយ វត្ថុសក្ក័សិទ្ធ និងជំនឿផ្សេងៗទៀតយ៉ាង មុតមាំ។ ក្នុងចំណោមជំនឿទាំងនេះ ទំនៀមដាក់កាក់ក្នុង​មាត់បុគ្គល ស្លាប់ ក៏ជាជំនឿខ្មែរមួយផងដែរ ដែលដក់ជាប់នឹងផ្នត់គំនិតប្រជាជនខ្មែរមានតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន នេះ។

បើពោលពីប្រវត្តិនៃជំនឿនេះ ប្រហែលជាពុំទាន់មានឯកសារណាមួយបញ្ជាក់ច្បាស់លាស់ថាកើតឡើងតាំងពីពេលណា ឬ មានប្រភពពីណានោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចំពោះជំនឿដាក់កាក់ក្នុងមាត់ខ្មោចនេះ ក៏មានវត្តមានតាម រយៈអក្សរសិល្ប៍ប្រជាប្រិយខ្មែរ ដែលប្រជាជនតំណាលតៗគ្នាថា មានប្តីប្រពន្ធនៃគ្រួសារ មួយរកស៊ីសល់មាសមួយបាទ តែ គ្មានកូនសោះ។ លុះចាស់ ទៅពួកគាត់បានផ្តែផ្តាំគ្នាថា៖ “បើអ្នកណាស្លាប់មុនត្រូវយក មាសនេះដាក់ក្នុងមាត់អ្នកនោះ”។ មិនយូរប៉ុន្មានប្តីក៏ស្លាប់ទៅ ហើយយាយជាប្រពន្ធក៏ធ្វើតាមបណ្តាំ ប្តីហើយបូជា។ ស្របនឹងនោះ ព្រះមហាក្សត្របានបញ្ជា ឲ្យរាជអាជ្ញារៃយកមាស ពីប្រជាពលរដ្ឋក្នុងមួយគ្រួសារ១បាទជាកំហិត។ យាយប្រពន្ធតាដែលស្លាប់នោះ មានការភិតភ័យ យ៉ាងខ្លាំង ហើយបានទូលស្តេចតាមដំណើររឿង។ ព្រះមហាក្សត្របានដឹង ដូច្នោះក៏លែងយកមាសពីប្រជានុរាស្រ្ត[1]

ដោយភ្ជាប់នឹងដំណើររឿងនេះ ប្រជាជនខ្មែរមានជំនឿថា មាសប្រាក់ដែលបង់ក្នុងមាត់ខ្មោចមានអនុភាពខ្លាំងទៅលើទឹក ចិត្តមនុស្ស សូម្បីតែព្រះមហាក្សត្រក៏ចុះចាញ់នូវអានុភាពកាត់នេះដែរ ម្យ៉ាងវាគឺជាវត្ថុស័ក្តិសិទ្ធិអាចជួយរំដោះគ្រោះក្នុង ពេលមានអាសន្នបាន។ ដោយហេតុនេះ “ពេលមនុស្សដាច់ខ្យល់ភ្លាម លោកអាចារ្យបញ្ជាឲ្យសាច់ញាតិយកប្រាក់កាក់ និង ម្លូស្លាមួយម៉ាត់មកដាក់ក្នុងមាត់សពនោះ ដោយនិយាយថា បិទមាត់ឲ្យជិតកុំហាមាត់ប្រយ័ត្នជ្រុះកាក់ខានចាយវាយ”។ នេះ បើយោងតាម សាស្រ្តាអរិយបុគ្គលស្លឹកកាំ “B” នៅបណ្ណាល័យវត្តសារាវន្ត[2]។ ក្នុងសេចក្តីនេះ ស្តែងឲ្យឃើញថា ខ្មែរមាន ជំនឿលើការដាក់មាស ប្រាក់ក្នុងមាត់សព ដើម្បីជាការដឹងគុណចំពោះអ្នកដែលស្លាប់ ទៅហើយនោះ និងទុកឲ្យចំណាយ តាមផ្លូវដ៏វែងឆ្ងាយរបស់គាត់ ម្យ៉ាងការដាក់ប្រាក់ក្នុងមាត់សពនេះ ក៏ជាពិធីមួយក្នុងចំណោមពិធីដទៃទៀតនៃពិធិបុណ្យ សពផងដែរ។ គេធ្វើយ៉ាងនេះ ដើម្បីឲ្យ ព្រលឹងសពទៅដោយសេចក្តីស្ងប់ បើពុំនោះសោតព្រលឹងខ្មោចនឹងវិលវល់ជាមួយ នឹងកម្មលោកិយជាពុំខាន។

តាមជំនឿខ្មែរ កាក់ដែលសល់ពីបូជានោះ បានទៅលើអ្នកណា អ្នកនោះនឹងមានជោគវាសនាល្អ រកស៊ីមានបាន ត្រជាក់ ត្រជំក្នុងគ្រួសារ។ ជាពិសេស វត្ថុស័ក្តិសិទ្ធនេះជួយការពារផ្ទះ​ និងការពារខ្លួនពីសត្រូវទាំងឡាយដែលតែងមកយាយី តួយ៉ាងដូចជាធ្មប់ អាប ខ្មោច ព្រាយ បិសាច អសុរកាយជាដើម ហើយគេរមែងតែងតែអុជទៀនបួងសួងរៀងរាល់សីល។ ជាក់ស្តែងនៅកន្លែងលក់ដូរគឺអុជរាល់ថ្ងៃតែម្តង។ នេះជាជំនឿមួយបែប ដែលឋិតនៅក្នុងសង្គមគ្រួសារខ្មែរនាពេល បច្ចុប្បន្ននេះ។

សូមជម្រាបផងដែរថា តាមទស្សនអ្នកប្រាជ្ញបុរាណខ្មែរបានពន្យល់បង្ហាញថា ការដាក់ប្រាក់កាក់ក្នុងមាត់បុគ្គលស្លាប់ គឺជាប្រស្នាឲ្យពិចារណាថា៖ “ទ្រព្យសម្បត្តិនៅនឹងខ្លួន កាលបើ ស្លាប់ទៅមិនអាចយកទៅបានទេ”[3]។ រីឯ ពិធីបុណ្យខ្មោច សតវត្ស ទី១៩ និងដើមសតវត្សទី២០ របស់លោក លី សុវរ ក៏បានបញ្ជាក់ ដូច្នេះដែរថា ទម្លាប់ដាក់កាក់ក្នុងមាត់សពនេះ គ្រាន់តែជានិមិ្មត្តរូបបញ្ជាក់ប្រាប់អ្នកនៅរស់ឲ្យបានដឹងថា ពេលមនុស្សស្លាប់ទៅមិនអាចយកអ្វីទៅតាមខ្លួនបានឡើយ សូម្បី តែមួយកាក់មួយសេន។ ដូច្នេះគួរតែប្រកបរបរវិជ្ជាជីវៈដោយសុច្ចរិត  តែគួរចៀស វាងរបរទុច្ចរិតដែលសង្គមស្អប់ខ្ពើម៕

អត្ថន័យនៃការដាក់កាក់ក្នុងមាត់សព
តាមទំនៀម ក៏ដូចជាជំនឿខ្មែរ ពេលមនុស្សដាច់ ខ្យល់ភ្លាម លោកអាចារ្យបា្រប់ឲ្យសាច់ញាតិយកប្រាក់កាក់ និងម្លូស្លាមួយម៉ាត់មកដាក់ក្នុងមាត់បុគ្គលដែលស្លាប់នោះ ដោយនិយាយថា បិទមាត់ឲ្យជិត កុំហាមាត់ប្រយ័ត្ន ជ្រុះកាក់ ខានចាយវាយ ម្យ៉ាងកុំឲ្យព្រលឹងសពនៅវិលវុលនឹងទ្រព្យ។

ប៉ុន្តែ បើយោងតាមទស្សនអ្នកប្រាជ្ញបុរាណខ្មែរបានពន្យល់បញ្ជាក់ថា  ទម្លាប់ដាក់កាក់ក្នុងមាត់សពនេះ គ្រាន់ តែជាប្រស្នាលឲ្យអ្នកនៅរស់ពិចារណាថា មនុស្សដែលស្លាប់ទៅ មិនអាចយកអ្វីទៅតាមខ្លួនបានឡើយ សូម្បី តែមួយកាក់មួយសេន។



[1] ប្រជុំរឿងព្រេងខ្មែរ, ភាគ៦
[2] លី សុវរ, ពិធីធ្វើបុណ្យខ្មោចសតវត្សទី១៩ និងដើមសតវត្សទី២០,​គ.ស.១៩៩៤,ទំព័រ១៤ដល់១៧
[3] ប្រជុំរឿងព្រេងខ្មែរ, ភាគ៦

No comments:

Post a Comment