គួច​ ​ម៉េងលី​៖​ ​វិនិយោគ​ទៅ​លើ​យុវជន​ ​តែ​ក៏​មិន​ត្រូវ​បោះបង់​ចាស់​ជរា​ដែរ​​

គួច​ ​ម៉េងលី​៖​ ​វិនិយោគ​ទៅ​លើ​យុវជន​ ​តែ​ក៏​មិន​ត្រូវ​បោះបង់​ចាស់​ជរា​ដែរ​​


អត្ថបទ៖ តន វិបុល

img_0835

“បច្ចុប្បន្នភាព​ ​យើង​គួរ​តែ​បើក​ចំហ​បេះដូង​វិនិយោគ​ទៅ​លើ​យុវជន​ខ្មែរ​ ​តែ​ក៏​មិន​ត្រូវ​បោះបង់​ចាស់​ជរា​ចោល​ដែរ​ ព្រោះ​ពួក​គាត់​ជា​អ្នក​ក​វែក​ក​ឆ្នាំ​ ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ឲ្យ​យើង​ដើរ​ ​ហើយ​ក៏​ជា​អ្នក​កសាង​ជាតិ​មុន​យើង​ផង​ដែរ”។​ ​នេះ​ជា​ការ​លើ​ឡើង​របស់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួច​ ​ម៉េងលី​ ​ដែល​ជា​ស្ថាបនិក​ ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ ​និង​ជា​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ម៉េងលី​ ​ជេ.​ ​គួច​ ​អេឌ្យូខេសិន​ ដែល​បាន​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​កាល​ពី​កន្លង​ទៅ​នេះ។​
គួរ​ជម្រាប​ជូន​ថា​ ​យុវជន​ ​ជា​សសរទ្រូងនៃប្រទេសជាតិ តែ​បើ​យុវជន​កម្ពុជា​គ្មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ទៅ​លើ​ចំណេះ​ជំនាញ​ពួក​គេ​ផង​ ​នោះ​សហគ្រាស​ទាំងអស់​មិន​ថា​ស្ថាប័នរដ្ឋ​ ​ឬ​ឯកជន​ឡើយ​ ​គឺ​ប្រាកដ​ជា​មិន​អាច​រីក​ចម្រើន​ទៅ​មុខ​ឡើយ។​ កាល​ណា​ស្ថាប័ន​ទាំង​នេះ​គ្មាន​ភាព​ចម្រុង​ចម្រើន​ ​ប្រទេស​ជាតិ​ក៏​ជួប​បញ្ហា​តាម​នោះ​ដែរ។​ ​មែន​ទែន​ទៅ​ ការ​បើក​ចំហ​ចិត្ត​ទូលាយ​ទទួល​យក​ធនធាន​យុវជន​មក​អភិវឌ្ឍ​ ​គឺ​បាន​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​លូតលាស់​ ​និង​រឹង​ដៃ​រឹង​ជើង​ក្នុង​ការ​កសាង​សង្គម​ជាតិ​ឱ្យ​រឹងរឹត​តែ​រីក​ចម្រើន។​
ទោះជាយ៉ាងនេះក្តី លោកឧកញ៉ារូបនេះបន្ត​ថា​ ​នា​ពេល​នេះ​យុវជន​កម្ពុជា​កំពុង​ត្រូវ​ការ​យើង​ តែ​អនាគត​យើង​ត្រូវ​ការ​យុវជន​ច្រើន​ជាង​យុវជន​ច្រើន​ការ​យើង។​ ​តាម​ន័យ​នេះ​ ​បើ​យើង​ចំ​ហ​ចិត្ត​ទទួល​យក​ធនធាន​យុវជន​មក​អភិវឌ្ឍ​ហើយ​ ​ក៏​មិន​ត្រូវ​បំភ្លេច​ចោល​ ឬ​មើល​រំលង​ចាស់​រាជ​ចោល​ដែរ។​ ​ព្រោះ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ​បើ​គ្មាន​ពួក​គាត់​ជា​មនុស្ស​ចាស់​នេះ​ទេ​ ​ប្រទេស​ជាតិ​ក៏​មិន​កកើត​បាន​ប៉ុណ្ណឹង​ដែរ។​ មនុស្ស​ចាស់​ទាំងអស់​នោះ​ ​គឺ​ជា​បុគ្គល​ដែល​បាន​ហែល​កាត់​សង្គ្រាម​យ៉ាង​វេទនា​បំផុត។​ ​ក្នុង​នោះ​រួម​មាន​បញ្ញា​ជន​ ​សាស្រ្តាចារ្យ និង​ពលរដ្ឋ​គ្រប់​រូប​បាន​ទទូច​តស៊ូ​ក្នុង​ការ​កសាង​ជាតិ​ ​ទោះ​ជា​លំបាក​វេទនា​យ៉ាង​ក្តី​ ​ក៏​ពួក​គាត់​នៅ​តែ​ក្រាញ​ននៀល​ដោយ​ឥត​រួញរា​ឡើយ​ ដើម្បី​ជួយ​កសាង​សង្គម​ជាតិ​ ​ពី​មួយ​សម័យ​ទៅ​មួយ​សម័យ​យ៉ាង​ជូរ​ចត់​បំផុត។​ ​តាម​រយៈ​ការ​ឆ្លង​កាត់​នេះ​ មាន​អ្នក​ពលី​ដើម្បី​ប្រទេស​ជាតិ​ក៏​មិន​តិច​នាក់​ដែរ​ ​ហើយ​ក៏​នៅ​មាន​អ្នក​ខ្លះ​ទៀត​ព្រាត់​ប្រាស់​ប្រពន្ធ​កូន​ ​រស់​នៅ​រសាត់​អណ្តែត​ ​បាត់បង់​ទ្រនំ ​គ្មាន​អាហារ​ ​គ្មាន​ភាព​កក់ក្តៅ​ និង​គ្មាន​អ្នក​ថែ​រក្សា​រហូត​មក​ទាល់​នឹង​បច្ចុប្បន្ន​ ​ធ្វើ​ឱ្យ​ពួក​គាត់​បាក់​ទឹក​ចិត្ត​លែង​ចង់​រស់​នៅ​ក្នុង​សង្គម​នេះ​ត​ទៅ​ទៀត។​
នេះជាអ្វីដែលគួរឲ្យសោកសង្រេងបំផុតសម្រាប់ពលរដ្ឋខ្មែរ ដែលមិន​គួរ​មើល​រំលង​ពួក​គាត់​ទាល់​តែ​សោះ។​ ​ដូច្នេះ​យើង​ត្រូវ​មាន​មេត្តា​ និង​ព្យាយាម​រក​វិធី​វិនិយោគ​លើ​យុវជន​កម្ពុជា​ ​ហើយ​គាំពា​ចាស់​ជរា​ទាំងអស់គ្នា។​ ​ការ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​យុវជន​ខ្មែរ​ផង​ ​និង​ជួយ​ថែ​រក្សា​ចាស់ៗ​ជរា​ដែល​ជា​ដូនតា​ខ្មែរ​ឱ្យ​មាន​ភាព​កក់​ក្ដៅ​ក្នុង​ជីវិត​ផង​ដែរ៕​

No comments:

Post a Comment