ចំណាប់អារម្មណ៍យុវជនចំពោះសៀវភៅទស្សនៈអាជីវកម្ម គួច ម៉េងលី
អត្ថបទ៖ តន វិបុល

សៀវភៅ “ទស្សនៈអាជីវកម្ម” ដែលសរសេរដោយជនជាតិខ្មែរដំបូង ហាក់កំពុងពេញនិយមជាខ្លាំងចំពោះសាធារណជន និងពិសេសចំពោះយុវជនខ្មែរសម័យទំនើបនេះតែម្តង។ សន្ទុះនៃការពេញនិយមអានសៀវភៅនេះ កើតចេញពីចំណង់ចំណូលចិត្តរបស់អ្នកអានផ្ទាល់។ មែនទែនទៅ សន្ទុះនៃការចាប់អារម្មណ៍អានសៀវភៅនេះ គឺកើតមានឡើងបន្ទាប់ពីធុរជនជោគជ័យ និងជាអាជីវករឆ្នើមកម្ពុជាប្រចាំឆ្នាំ២០១៥ និង ២០១៦ បានបោះពុម្ព និងសម្ពោធសៀវភៅខ្លួនដាក់លក់នៅលើទីផ្សារកម្ពុជា។ ប៉ុន្តែអ្វីដែលរឹតតែគួរឱ្យកត់សម្គាល់នោះ គឺនៅមួយរយៈពេលចុងក្រោយនេះ ឱ្យតែសិក្ខាសាលាណាមានដាក់លក់សៀវភៅទស្សនៈអាជីវកម្មនេះ គឺមានមនុស្សមិនតិចនាក់នោះទេ បានឈរប្រជៀតគ្នាទិញយកទៅអាន។
និស្សិតមកពីសាកលវិទ្យាល័យន័រតុនម្នាក់បានសរសើរ និងឱ្យតម្លៃទៅលើសៀវភៅទស្សនៈអាជីវកម្មរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលខ្លួនទើបតែនឹងទិញពីក្រុមយុវជន Daily Plus បានដាក់លក់នៅមុខបន្ទាប់សិក្ខាសាលាមួយស្តីពី “គន្លឹះក្នុងការបង្កើនគុណភាពជីវិត” ដែលរៀបចំដោយ បណ្តាញយុវជនដើម្បីអភិវឌ្ឍន៍សហគមន៍ (YNCD) កាលពីសប្តាហ៍មុន នោះគឺ កញ្ញា តាំង វួចណៃ បានថ្លែងដោយទឹកមុខរីករាយថា ថ្វីដ្បិតតែខ្លួនមិនទាន់បានអានស៊ីជម្រៅ ប៉ុន្តែតាមរយៈមាតិកាសៀវភៅនោះ បានធ្វើឱ្យកញ្ញាចាប់អារម្មណ៍ចង់ទិញយកទៅអាន។ ទិញយកទៅអាន ក៏ព្រោះតែកញ្ញាយល់ថា អត្ថន័យនៅក្នុងសៀវភៅនេះមានទស្សនៈល្អៗទាក់ទងទៅនឹងគំនិតអប់រំខាងផ្នែកជំនួញច្រើន។ និស្សិតឆ្នាំទី៣រូបនេះបន្តដោយសម្តីលះៗថា ក្នុងចំណោមមាតិកាទាំងអស់នោះ មានមាតិកាមួយដែលខ្លួនចាប់អារម្មណ៍ចង់អានជាងគេ នោះគឺ “គន្លឹះនៃការគ្រប់គ្រងបុគ្គលិក”។ ចាប់អារម្មណ៍ក៏ព្រោះតែកញ្ញាមានបំណងចង់ធ្វើអាជីវកម្មដែរ ហើយម្យ៉ាងការគ្រប់គ្រងបុគ្គលិក ក៏ជាចំណុចសំខាន់មួយដែលអ្នកជំនួញគ្រប់រូបមិនគួរមើលរំលង។
សូមជម្រាបជូនថា តាមរយៈការវាយតម្លៃភិនភាគខាងក្រៅនៃសៀវភៅនេះ និស្សិតផ្នែកឱសថសាស្រ្តឆ្នាំទី៤ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សាន ម៉េងលី យល់ថា រចនាបថក្របសៀវភៅទស្សនៈអាជីវកម្មរបស់ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានលក្ខណៈសាមញ្ញ ពោលគឺគ្មានភាពសាំញ៉ាំដូចទៅនឹងសៀវភៅដទៃៗទៀតឡើយ។ ទំនងជាលក្ខណៈសាមញ្ញនៃរចនាបថក្របសៀវភៅនេះហើយមើលទៅ បានជាទាក់ទាញចំណាប់អារម្មណ៍អ្នកអានឱ្យមកទិញស្ទើរមិនដាច់បែបនេះ។ និស្សិតឱសថសាស្រ្តឆ្នាំទី៤ ផ្នែកពិសោធរូបនេះ និយាយព្រមទាំងលើកដៃចង្អុលបង្ហាញផងថា ការណ៍រចនាក្របសៀវភៅបែបនេះមានលក្ខណៈប្រសើរមួយអន្លើហើយ ប៉ុន្តែអ្វីដែលយុវជននេះចាប់អារម្មណ៍នោះ គឺផ្តោតសំខាន់ទៅលើទឹកមុខមាំពោរពេញដោយភាពជឿជាក់របស់លោក គួច ម៉េងលី កំពុងកាន់ប៉េងប៉ោងឯណោះទៅវិញទេ។
គួររម្លឹកជូនថា ក្រោយពីបានបោះពុម្ព និងសម្ពោធដាក់លក់សៀវភៅទស្សនៈអាជីវកម្ម គួច ម៉េងលី ជាសាធារណៈកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ រហូតមកទល់នឹងពេលនេះ សៀវភៅដែលប្រសូត្រចេញពីបទពិសោធជោគជ័យរបស់សហគ្រិនខ្មែរនោះ លក់អស់ជិត២ម៉ឺនក្បាលហើយ។ មែនទែនទៅ ក្រៅតែពីសៀវភៅទស្សនៈអាជីវកម្ម ក៏នៅមានសៀវភៅរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បីចំណងជើងផ្សេងទៀតផងដែរ ដែលបានដាក់លក់នៅលើទីផ្សារកម្ពុជា៕
No comments:
Post a Comment