អតីតព្រះមហាក្សត្រ សម្ដេចព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងចូលទិវង្គតអស់រយៈពេល៧ឆ្នាំហើយ។
កាលព្រះអង្គគង់នៅមានព្រះជន្ម ព្រះអង្គមានព្រះរាជបណ្ដាំមួយចំនួន ក្នុងនោះគឺសុំឱ្យខ្មែរទាំងអស់ចេះសាមគ្គីគ្នា រួបរួមកសាងជាតិជាធ្លុងមួយ ជៀសឱ្យផុតពីការបែកបាក់គ្នា។ ប៉ុន្តែព្រះរាជបណ្ដាំនេះត្រូវបានសាធារណជនមើលឃើញថា ហាក់មិនមានអ្នកនយោបាយមានឆន្ទៈពិតប្រាកដ ឬយកចិត្តទុកដាក់អនុវត្តតាមនោះទេ។
ខ្មែរយើងខ្លាំង ខ្មែរយើងរឹងមាំ គឺនៅពេលខ្មែរយើងសាមគ្គី និងមានសីលធម៌ក្នុងខ្លួនច្បាស់លាស់។ ដូចចម្រៀងប្រជាប្រិយខ្មែរយើងបានច្រៀងថា ពេលមួយសត្រូវប្រទូស្ដរ៉ាយ ខ្មែរគ្រប់កាយក្រោកស្វាគមន៍សាមគ្គី សឹកសង្គ្រាមឈាមដាបធរណី ដើម្បីជីវីនិងប្រទេសជាតិយើង។
សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ គឺជាអត្ថន័យពិតរបស់ខ្មែរ តែឥឡូវភាពរឹងមាំ ភាពខ្លាំង ភាពសាមគ្គីរបស់ខ្មែរយើងទៅណាបាត់ហើយ។