ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...
រឿង ខ្មាសម៉ែ
អ្នកណាទៅដឹង សម័យនេះទៅហើយ អ្នកស្រែរត់ចោលផ្ទះសំបែងស្ទើរតែស្ងាត់ស្រុកទៀតនោះ។ ក្នុងភូមិនីមួយៗនៅសល់តែចាស់ៗនិងកូនក្មេងតូចៗប៉ុណ្ណោះ។ មនុស្សពេញកម្លាំងធ្វើចំណាក់ស្រុកទៅរៀន ខ្លះទៅធ្វើការនៅឯភ្នំពេញជាកន្លែងបណ្ដុំសេដ្ឋកិច្ច។ ខ្លះទៀតចំណាក់ស្រុកទៅធ្វើការឱ្យគេនៅក្រៅប្រទេស មានថៃ កូរ៉េ ជប៉ុនជាដើម។ ក្នុងភូមិខ្ញុំរស់នៅវិញ អ្នកខ្សត់រត់ចោលស្រុកតាំងពីឆ្នាំ២០០៨ម្ល៉េះ ចំណែកឯអ្នកមានជីវភាពមធ្យមសឹងតែ៥០%ទៅហើយដែលរត់ចោលស្រុក។ អ្នកដែលនៅកំពុងតែរកច្រកទៅដែរ គ្រាន់តែមិនដឹងត្រូវទៅណា។
ក្នុងចំណោមនោះមានខ្ញុំម្នាក់ដែរ។ ខ្ញុំឈ្មោះសំណាង ខ្ញុំចេញពីស្រុកទៅភ្នំពេញ កាលពីជាង១០ឆ្នាំមុនក្នុងបុព្វហេតុស្វែងរកចំណេះដឹង។ យុវជនស្របាលៗខ្ញុំជាវ័យកំពុងត្រៀមខ្លួនបន្តវេនពីមនុស្សចាស់។ ពេលអត់ពីមនុស្សចាស់ទៅមានតែយុវជននេះហើយ ដែលជាអ្នកស្នងដំណែងជំនួសពួកគាត់។ ម្ល៉ោះហើយទើបយុវជនខំប្រឹងរៀនបង្កើនចំណេះ ជំនាញ និងបច្ចេកទេសបន្ថែមពីលើបទពិសោធដែលពួកគេបានរៀនពីមនុស្សចាស់ ដើម្បីភាពរីកចម្រើននៃសតវត្សរ៍ថ្មីទៅតាមការស្រមៃរបស់ពួកគេ។ មកដល់រាជធានីភ្នំពេញ ខ្ញុំនៅផ្ទះជួល ផ្ទះនោះមានតម្លៃ២៥ដុល្លារ ឬស្មើរ១០ម៉ឺនរៀលក្នុងមួយខែ។ ផ្ទះជួលតម្លៃប៉ុណ្ណឹងមិនធំទេ បើប្រៀបធៀបទៅធំជាងរន្ធកណ្ដុរតែបន្ដិចប៉ុណ្ណោះ។ ម៉ែខ្ញុំជាស្ត្រីមេម៉ាយរស់នៅប្រកបរបរធ្វើស្រែចម្ការ ដូច្នេះខ្ញុំមិនមានលុយច្រើនដើម្បីជួសផ្ទះល្អជាងនេះឡើយ។ ពិតមែនតែម៉ែជាកសិករធ្វើស្រែចម្ការ ប៉ុន្តែបរិញ្ញាបត្រ៤ឆ្នាំនៅភ្នំពេញ រាប់ទាំងការបង់សាលា ការហូបចុក សម្ភារៈសិក្សា ព្រមទាំងការចំណាយផ្សេងៗមួយចំនួនទៀត គឺគាត់មិនឱ្យខ្ញុំខ្វល់ខ្វាយឬពិបាកចិត្តឡើយ។ យុវជននៅម្ដុំតំបន់ផ្ទះជួលដែលខ្ញុំស្នាក់នៅកំលុកពេលសិក្សានោះ ភាគច្រើននៃពួកគេមកពីខេត្តផ្សេងៗគ្នា។ ពួកគេម្នាក់ៗមិនបានមករៀនសូត្រដូចខ្ញុំទេ គោលបំណងពួកគេ គឺធ្វើការងារជាកម្មកររោងចក្រ ឬជាកម្មករសំណង់ដើម្បីទំនុកបម្រុងគ្រួសារ។ ខ្ញុំសួរពួកគេថា ហេតុអ្វីមិនរៀនបន្តក្រែងអាចរកការងារ និងបានប្រាក់ខែសមប្រកបជាងនេះ? ចម្លើយពួកគេបានរុញអារម្មណ៍ខ្ញុំចូលទៅក្នុងស្ថានភាពមួយ គឺមិនមែនពួកគេមិនចង់រៀន ហើយក៏មិនមែនពួកគេខ្ជិលរៀននោះដែរ គឺមកពីស្ថានភាពសង្គមបង្ខំពួកគេឱ្យធ្វើបែបនេះ។ ពួកគេសុទ្ធតែមានអម្រែនៅលើស្មារៀងៗខ្លួនពិបាកនឹងទម្លាក់ចុះចោល។ អ្នកខ្លះត្រូវចិញ្ចឹមឪពុកម្ដាយចាស់ជរាជកំពុងមានជំងឺ អ្នកខ្លះទៀតមានសភាពយ៉ាប់យឺនពិបាកនឹងពិពណ៌នា។ ខ្ញុំពិតជាសរសើរស្មារតីពួកគេណាស់ដែលខំប្រឹងតស៊ូដើម្បីជីវិតគ្រួសារបែបនេះ។ និយាយនេះ មិនមែនក្នុងចំណោមពួកគេសុទ្ធតែដូចគ្នានោះទេ។ មានមួយចំនួនទៀតមកធ្វើការនឹងគេដែរ តែមិនបានខ្វល់ខ្វាយពីគ្រួសារទេ ពេលបើកប្រាក់ខែមិនដែលផ្ញើទៅអ្នកផ្ទះ ហើយគិតតែស៊ីចាយ ចូលបា ខារាអូខេ ហ៊ឹកហ៊ាក់ វង្វេងក្នុងពិភពកាមគុណ។ ស្ថានភាពទាំងពីរនេះបានពញ្ញាក់ស្មារតីខ្ញុំឱ្យខិតខំរៀនទ្វេឡើង ហើយចៀសឱ្យផុតពីអំពើអបាយមុខទាំងពួង។
ភាគច្រើននៃកូនអ្នកស្រែមកបន្តសិក្សានៅភ្នំពេញ មានតិចតួចណាស់ដែលពឹងផ្អែកលើការចំណាយរបស់ម្ដាយឪពុកទាំងស្រុង។ ពួកគេឆ្លៀតយកពេលទំនេរពីការសិក្សាទៅធ្វើការ ដោយខ្លះធ្វើជាគ្រូបង្រៀនតាមផ្ទះ ខ្លះទៀតធ្វើជាអ្នករត់តុនៅតាមភោជនីយដ្ឋាននាពេលយប់ ដើម្បីបានប្រាក់កម្រៃខ្លះជួយសម្រួលដល់ការចំណាយរបស់ម្ដាយឪពុកពួកគេ។ ខ្ញុំឃើញពួកគេតស៊ូរៀនផង ធ្វើការផង យ៉ាងលំបាក ចំណែកខ្ញុំវិញ ទោះកូនខ្ញុំអ្នកស្រុកមកស្រែ តែមិនបានទៅរកការងារធ្វើដូចពួកគេឡើយ ហើយរឹតតែមិនមែនជាមនុស្សបំផ្លាញ ឬធ្វើឱ្យម៉ែពុកទឹកភ្នែកទៅទៀត។ អ្វីដែលខ្ញុំត្រូវធ្វើនាពេលនេះ គឺខំប្រឹងរៀនតែមួយមុខគត់។ នៅភ្នំពេញអ្នកដែលស្គាល់ខ្ញុំចង់រកខ្ញុំមិនពិបាកទេ ទៅរកនៅតែសាកលវិទ្យាល័យឃើញហើយ។ មួយថ្ងៃៗ ក្រៅពីអង្គុយរៀនទ្រឹស្ដីពីសាស្ត្រាចារ្យនៅក្នុងថ្នាក់ គឺទៅសំងំនៅក្នុងបណ្ណាល័យ ដូចកណ្ដុរនៅក្នុងផ្ទះ ឬនិយាយឱ្យស្រួលស្ដាប់ជាងនេះបន្តិច គឺដូចសំពត់ក្នុងផ្នត់ទៅវិញទេ។ សួរថា ម៉េចបានដូច្នេះ? មកពីខ្ញុំមិនដែលស្គាល់អ្វីក្រៅពីផ្ទះជួល និងសាកលវិទ្យាល័យ... គិតទៅគួរអស់សំណើចដែរ! សូម្បីអង្ករត្រីសាច់ដែលម៉ែផ្ញើពីស្រុកមកតាមរថយន្ដឈ្មួល គេហៅទៅយកនៅម្ដុំផ្សារដើមគរកល់រកមិនឃើញផង ខ្ញុំជិះកង់រកផ្សារដើមគរវង្វេងពេញក្រុង។ នេះបានចំជាអ្នកស្រែមែន គ្រប់គ្នាចំអែចំអន់ខ្ញុំ “ស្រែង៉ោង!” សូម្បីតែផ្សារដើមគរក៏មិនស្គាល់។
ហាក់ចម្លែកចិត្តដែរ ម្នាក់ៗថាខ្ញុំស្រែ តែក្នុងរង្វង់មិត្តរួមថ្នាក់ស្ទើរបាត់មុខអ្នកស្រែម្នាក់នេះមិនបាន។ ខ្ញុំមិនដឹងពីមូលហេតុទេ ដឹងត្រឹមពួកគេចូលចិត្តខ្ញុំ។ ពួកគេតែងទិញនំឱ្យខ្ញុំហូប ពេលពួកគេហៅទៅហូបនំម្ដងៗ ខ្ញុំមិនងាយចេញទៅហូបជាមួយពួកគេទេ ទោះពួកគេចេញលុយឱ្យយ៉ាងណា ក៏មិនងាយចេញពីថ្នាក់រៀនទៅជាមួយពួកគេដែរ។ នរណាហ៊ានទៅហូបរបស់គេរាល់ពេលនោះ មិនចេះខ្មាសគេទេឬ សម្រាប់ខ្ញុំទោះមិនខ្មាសគេ ក៏មានតូចចិត្តរអៀសខ្លួនឯងខ្លះដែរ។ ខ្ញុំតែងតែបដិសេធរាល់ពេលពួកគេហៅទៅហូបនំចំណីម្ដងៗ។ មិនមែនខ្ញុំគ្មានលុទេ គ្រាន់តែលុយខ្ញុំមានកំណត់មិនអាចចំណាយផ្ដេសផ្ដាស់តាមទំនើងចិត្តដូចកូនអ្នកមានឡើយ។ ការស៊ីចាយខ្ជះខ្ជាយអាចឱ្យខ្ញុំរហេមរហាម ដូច្នេះនៅពេលខ្ញុំចង់ចំណាយលើរបស់អ្វីមួយ ខ្ញុំតែងគិតដល់ការលំបាករបស់ម៉ែឯស្រុក បើរបស់ណាមិនតម្រូវការចាំបាច់ទេ ខ្ញុំមិនទិញឡើយ។ គេអាចនិយាយថា ខ្ញុំជាមនុស្សគម្រិះក៏បាន មិន គម្រិះក៏បាន អ្វីដែលខ្ញុំចង់ប្រាប់នោះ គឺអ្នកស្រែមករៀននៅភ្នំពេញ បើហ៊ានតែចំណាយមិនត្បិតត្បៀតទេ ច្បាស់ជាដាច់បាយក្រៀមក្រពះជាមិនខាន។ នេះជាមូលហេតុដែលខ្ញុំមិនមានលុយមួយកាក់មួយសេននៅក្នុងហោប៉ៅ។ មុនទៅរៀនខ្ញុំមានបាយកកមួយដុំ ត្រីងៀតមួយកន្ទុយ និងទឹកទុយយ៉ូមួយកូនដប ហើយខ្ញុំជិះកង់ទៅរៀន។ ថ្ងៃខ្លះ បើមិនបានត្រឡប់មកផ្ទះវិញទេ ខ្ញុំត្រូវវេចបាយទៅហូបនៅសាលា។ ចំណែកលុយដែលម៉ែផ្ញើមកពីស្រុក មួយផ្នែកសម្រាប់បង់ថ្លៃផ្ទះជួល មួយផ្នែកទៀតទុកចំណាយលើសម្ភារៈសិក្សា និងរបស់ប្រើប្រាស់ផ្សេងៗសឹងមិនគ្រប់ផង។ លុយដែលម៉ែផ្ញើមកថួនល្មមតែការចំណាយលើរបស់របរទាំងនេះប៉ុណ្ណោះ មិនអាចចំណាយលើសពីនេះបានឡើយ។ ដើម្បីគេចពីមិត្តភក្តិដែលចេះតែហៅខ្ញុំទៅហូបនំចំណីជាមួយពួកគេនោះ ហាក់កំពុងរត់គេចចេញពីមិត្តភាពដែលចេះតែមករកខ្ញុំ។ ខ្ញុំដឹងថា ពួកគេជាមនុស្សមានសន្ដានចិត្តល្អ ចង់រាប់អានខ្ញុំដោយស្មោះ តែខ្ញុំរឹតតែខ្លាចពួកគេទៅទៀតនៅពេលពួកគេចេះតែតាមខ្ញុំ។ ខ្ញុំចេះតែរត់គេចពីពួកគេទៅសំងំនៅក្នុងបណ្ណាល័យអានសៀវភៅតែម្នាក់ឯង។ ដោយសារតែការរត់គេចពីមិត្តភាពនេះហើយបាននាំខ្ញុំទៅកាន់ពិភពថ្មីមួយ គឺពិភពចំណេះដឹង។ ដោយសារតែការរត់គេចពីមិត្តភាពបានធ្វើឱ្យខ្ញុំកាន់តែរីកចម្រើនឥតថមថយសោះ ហើយមិត្តភក្ដិរឹតតែចូលចិត្តខ្ញុំខ្លាំងជាងមុនទៅទៀត។ ពីមួយពេលទៅមួយពេល ការរត់គេចពីមិត្តភាពធ្វើឱ្យខ្ញុំក្លាយជានិស្សិតឆ្នើមនៅក្នុងថ្នាក់។
ធ្មេចបើក ធ្មេចបើក ៤ឆ្នាំបានកន្លងផុតទៅយ៉ាងរហ័ស មួយប៉ប្រិចភ្នែកថ្ងៃពិសេសមួយសម្រាប់ជីវិតខ្ញុំបានមកដល់ដូចការរំពឹងមែន។ ថ្ងៃទទួលសញ្ញាបត្រពីនាយកមន្ត្រីនៅឯកោះពេជ្រ ខ្ញុំសង្ឃឹមថា ម៉ែនឹងមកចូលរួមពិធីនេះ។ ខ្ញុំរីករាយស្ទើរហោះពេលឮម៉ែសរសើរខ្ញុំថា ខ្ញុំរៀនពូកែ ហើយទទួលសញ្ញាបត្រពីនាយករដ្ឋមន្ត្រីផ្ទាល់ដៃដូច្នេះ គាត់ត្រេកអរឥតឧបមា។ បន្តិចក្រោយមក សម្ដីបន្ទាប់របស់គាត់បែរជានិយាយថា មិនបានចូលរួមទៅវិញ។ ភាពរីករាយ និងក្ដីសង្ឃឹមខ្ញុំទាំងប៉ុន្មានបានរលាយសូន្យទៅតាមខ្យល់មួយរំពេច។ ខ្ញុំសួរគាត់ ហេតុអ្វីបានអត់មក? គាត់ថា អត់ស្គាល់ភ្នំពេញទេ គាត់ឮគេថានៅទីក្រុងគេស្លៀកពាក់ស្អាតបែបស៊ីវីល័យ ឯគាត់មកពីស្រុកជាប់ក្លិនស្រែ ខ្លាចបាក់មុខ បាត់កិត្តិយសខ្ញុំ ឬត្រូវគេម៉ាក់ងាយខ្ញុំដោយសារគាត់ខោមិនខោអាវមិនអាវ។ ខ្ញុំមិនពេញចិត្តនឹងសម្ដីគាត់លើកឡើងមកនេះ តែខ្ញុំក៏មិនហ៊ានបង្ខំគាត់ដែរ បើគាត់មិនចង់មកទៅហើយនោះមានតែបណ្ដោយតាមចិត្តរបស់គាត់ប៉ុណ្ណោះ។
ក្រោយបញ្ចប់បរិញ្ញា ខ្ញុំមានអារម្មណ៍ស្រស់ថ្លា ខួរក្បាលល្ហែល្ហើយបានមួយកម្រិត ខ្ញុំមិនត្រឡប់ទៅស្រុកវិញទេ ព្រោះខ្ញុំមានការងារធ្វើហើយ។ ខ្ញុំជាបុគ្គលិកទូទៅនៅផ្នែកធនធានមនុស្សក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ឯកជនមួយ។ ការងារខ្ញុំមិនសូវពិបាកទេ បើធៀបជាមួយការងារកម្មកររោងចក្រ ឬកម្មករសំណង់នោះ ប៉ុន្តែប្រាក់ខែខ្ញុំប្រហាក់ប្រហែល ឬតិចជាងផង បើពួកគេខំប្រឹងធ្វើការដោយថែមម៉ោង។ ធ្វើការបានកន្លះឆ្នាំ ខ្ញុំមានស្នេហាលង់ស្រឡាញ់នារីម្នាក់ នាងឈ្មោះចាន់ឌី។ នៅកន្លែងធ្វើការ ខ្ញុំតែងតែលួចមើលនាងដោយកន្ទុយភ្នែក ពេលនាងក្រឡេកចំម្ដងៗ ខ្ញុំអៀននាងឡើងខ្វេរ ខ្ញុំតាមញែរហូតនាងលង់ស្រឡាញ់ខ្ញុំ។ តាំងពីមានស្នេហាខ្ញុំលែងបានផ្ញើប្រាក់ខែជូនម៉ែដូចមុនទៀតហើយ គឺផ្ញើតែពាក់កណ្ដាលនៃប្រាក់ខែខ្ញុំប៉ុណ្ណោះ។ ប្រាក់ខែពាក់កណ្ដាលទៀត គឺខ្ញុំយកទៅប៉ាវសង្សារសំណព្វដើម្បីយកចិត្តនាង។ បន្ទប់ពីពួកយើងកាន់តែយល់ចិត្តយល់ថ្លើមគ្នា មិនយូរប៉ុន្មាននាងទារសុំខ្ញុំរៀបការឆាប់ៗ ទោះខ្ញុំគ្មានលុយ ក៏ខ្ញុំមិនហ៊ានប្រាប់ត្រង់ទៅនាងថា គ្មានលុយដែរ។ ដោយខ្លាចគេចូលចែចូវឆកនាងយកទៅបាត់ ខ្ញុំទៅខ្វះខ្វៀនម៉ែឱ្យរកលុយការ។ ម៉ែបំពេញបំណងខ្ញុំដោយគ្មានការបដិសេធ សំណើរបស់ខ្ញុំ ទីបំផុតខ្ញុំបានរៀបការជាមួយអូនចាន់ឌីតាមក្ដីប្រាថ្នា។ យើងស្រឡាញ់គ្នា និងរស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខ។ បន្ទាប់ពីរៀបការហើយ ពួកយើងបានសម្រេចចិត្តរស់នៅភ្នំពេញបន្តទៀត។ រស់នៅភ្នំពេញយើងមិនមានផ្ទះខ្លួនឯងទេ ដូច្នេះយើងទៅជួលផ្ទះថ្មីដែលអាចរស់នៅសមរម្យជាងផ្ទះចាស់។ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ការរស់នៅរបស់យើងមិនល្អប្រសើរទាល់តែសោះ បែរជាដុនដាបទៅៗ។ ការចំណាយត្រូវបែងចែកគ្រប់ច្រកល្ហក ប្រាក់ខែមួយចំណែកត្រូវបង់ថ្លៃផ្ទះ ត្រូវផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងមួយចំណែកទៀតត្រូវចំណាយទៅលើកូន ឯប្រភពចំណូលរកតែម្នាក់គត់។ ដោយពិបាកទប់ទល់នឹងជីវភាពប្រចាំថ្ងៃពេក ខ្ញុំក៏សម្រេចទៅពិគ្រោះជាមួយប្រពន្ធ ដោយយកកូនទៅផ្ញើម៉ែឯស្រុកមួយរយៈសិន ដើម្បីប្រពន្ធខ្ញុំមានពេលទៅធ្វើការឡើងវិញ។ ពួកយើងមានគម្រោងថា បើពួកយើងធ្វើការទាំងពីរនាក់អាចសន្សំលុយទៅរកស៊ីនៅស្រុកនិងអាចរស់នៅជុំកូនវិញហើយ។ កូនប្រុសខ្ញុំមានអាយុមិនទាន់មួយខួបផង ត្រូវឃ្លាតឆ្ងាយពីម្ដាយឪពុកទាំងក្មេងខ្ចី។ ចំណែកម៉ែខ្ញុំវិញ គាត់សប្បាយចិត្តណាស់ ពេលបានមើលថែចៅប្រុសដោយផ្ទាល់ដៃ។ បានម៉ែជួយមើលថែកូនជំនួសយ៉ាងដូចនេះ ខ្ញុំអស់បារម្ភ ហើយងាកទៅពួតដៃនឹងប្រពន្ធដើម្បីប្រឹងប្រែងធ្វើការសន្សំលុយសឹងមិនហ៊ានសម្រាក។ ខ្ញុំតែងផ្ញើប្រាក់ខែខ្លះជូនម៉ែដើម្បីទិញទឹកដោះសម្រាប់កូនរៀងរាល់ខែ។ យូរៗទៅ ដោយសារតែវក់វីនឹងការងារផង ធ្វើការគ្មានពេលសម្រាកផង ពួកយើងស្ទើរតែភ្លេចកូននៅជាមួយម៉ែបាត់ទៅហើយ។ កូនធំល្មមលែងត្រូវការទឹកដោះគោ ស្របពេលដែលយើងមមាញឹកនឹងការងារភ្លេចផ្ញើលុយជូនម៉ែសម្រាប់ទំនុកបម្រុងកូន ចំណែកម៉ែក៏ស្ងាត់មិនឃើញទំនាក់ទំនងមកទៀត។ ;; ;; ចាប់តាំងពីយកកូនប្រុសទៅផ្ញើម៉ែ ពួកយើងមិនសូវបានទៅលេងទេ។ ក្នុងមួយឆ្នាំទៅលេងបានតែម្ដង ឬពីរដងប៉ុណ្ណោះ គឺនៅរដូវឆ្នាំថ្មីប្រពៃណីជាតិ និងរដូវភ្ជុំបិណ្ឌ។ ក្នុងឆ្នាំនេះដោយសាររោងចក្រមានបញ្ហាបុគ្គលិកធ្វើបាតុកម្មដំឡើងប្រាក់ខែ ស្របពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងអាណត្តិថ្មីកៀកមកដល់ផងនោះ ពេលនោះមេសហជីពហាក់មានអំណាចខ្លាំងក្នុងការសម្របសម្រួលអំពីរឿងនេះ។ ម្ចាស់រោងចក្រសុំខ្ញុំឱ្យជួយដោះស្រាយបញ្ហានេះ ដោយបន្ថែមប្រាក់ខែ និងប្រាក់លើកទឹកចិត្តមួយចំនួនដល់ពួកយើង។ ខ្ញុំហាក់ត្រេកអរនឹងប្រាក់បន្ថែមនេះ ខណៈកម្មកររោងចក្រមួយចំនួនកំពុងស្រែកទាមទារដំឡើងប្រាក់ខែដែរ។ ដោយសារតែស្ថានការណ៍ប្រែប្រួល ខ្ញុំមិនបានទៅលេងកូនឡើយ ហើយក៏មិនបានរវីរវល់ដល់ការផ្ញើលុយទៅកូនទៀត។ ទម្រាំដោះស្រាយបញ្ហានេះហើយតែមួយប៉ប្រិចភ្នែកសោះមួយឆ្នាំកន្លងផុតទៅបាត់។ ប្រពន្ធខ្ញុំរំលឹកថា ខានទៅលេងកូនយូរហើយ ឯការផ្ញើប្រាក់ជូនម៉ែដើម្បីចិញ្ចឹមកូនក៏មិនបានផ្ញើទៅដែរ។ សម្ដីប្រពន្ធខ្ញុំហាក់បានដាស់តឿនឱ្យភ្ញាក់រលឹកឡើងវិញ។ មែនហើយ ខ្ញុំហាក់ភ្លេចឈឹងមែនហើយ កុំតែប្រពន្ធនិយាយប្រាប់កុំអីភ្លេចមែនហើយ។ ខ្ញុំប្រាប់ប្រពន្ធខ្ញុំថា ចាំរដូវភ្ជុំបិណ្ឌក្នុងឆ្នាំនេះសឹមទៅលេងម៉ែ ព្រមទាំងកូនប្រុសយើង ព្រោះខានទៅលេងជិតពីរឆ្នាំហើយ។ និយាយហើយ ពួកយើងបានត្រៀមលុយកាស រួមទាំងរបស់ប្រើប្រាស់មួយចំនួនផង ដើម្បីយកទៅជូនម៉ែ។ ខ្ញុំនិយាយជាមួយគាត់ថា មុនភ្ជុំធំបីថ្ងៃ ខ្ញុំទៅស្រុកជួបម៉ែហើយ មានទាំងរបស់របរប្រើប្រាស់មួយចំនួនទៅជាមួយសម្រាប់ជូនម៉ែផង។ ពេលថ្ងៃឈប់សម្រាកមកដល់ប្រពន្ធខ្ញុំបែរជាមានជំងឺជាទម្ងន់ ខ្ញុំមិនអាចទៅលេងស្រុកតាមពាក្យសន្យាបានឡើយ ហើយក៏មិនអាចផ្ញើប្រាក់ជូនពួកគាត់ដែរ។ ខ្ញុំប្រាប់គាត់ថា ភ្ជុំនេះមិនបានទៅលេងទេ ហើយក៏មិនបានផ្ញើប្រាក់ទៅដែរ ព្រោះប្រពន្ធឈឺត្រូវការប្រាក់មើលជំងឺគាត់ជាចាំបាច់ ម្យ៉ាងមិនដឹងថា ត្រូវចំណាយលើការព្យាបាលជំងឺគាត់អស់ប៉ុន្មាននៅឡើយទេ។ ពេលនោះម៉ែនិយាយថា មិនអីទេកូន! នៅមើលថែប្រពន្ធឱ្យជាសះស្បើយសិនទៅ ចាំចូលឆ្នាំថ្មីសឹមមកលេងក៏បានដែរ ចំណែកកូនប្រុសរបស់ឯងនៅជាមួយម៉ែកុំបាច់បារម្ភអី ឥឡូវវាធំហើយ វាឆ្លាតណាស់ ម៉ែអាចមើលថែវាបាន។
ឮសម្ដីម៉ែនិយាយបែបនេះ ខ្ញុំហាក់ធូរស្រាលចិត្តជាពន់ពេក។ ក្រោយជាសះស្បើយពីជំងឺ ពួកយើងបានចាប់ផ្ដើមសន្សំលុយជាថ្មី ហើយរង់ចាំពេលវេលាចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់នឹងអាលទៅជួបមុខកូនជាទីស្រឡាញ់ដែលខានឃើញមុខគ្នាជាងពីរឆ្នាំមកនេះ។ កាន់តែកៀកថ្ងៃឈប់សម្រាក ខ្ញុំកាន់តែនឹកដល់កូនប្រុសបណ្ដូលចិត្ត កាន់តែនឹកម៉ែ..។ ពេលកំពុងនៅលើរថយន្តក្រុង ខ្ញុំរឹតតែអន្ទះអន្ទែងចង់ជួបពួកគាត់ភ្លាមៗស្ទើរទ្រាំមិនបានទៅហើយ។ ខ្ញុំចេះតែក្រឡេកមើលនេះមើលនោះ ដើម្បីបន្លប់ភាពអន្ទះអន្ទែង តែភាពស្រងេះស្រងោចកាន់តែចូលមកសណ្ឋិតក្នុងអារម្មណ៍ខ្ញុំទ្វេឡើង។ អារម្មណ៍ខ្ញុំហាក់មើលឃើញពួកគាត់កំពុងតែអង្គុយទន្ទឹងចាំខ្ញុំមុខផ្ទះយ៉ាងអន្ទះសារដូចខ្ញុំកំពុងចង់ជួបពួកគាត់យ៉ាងដូច្នោះដែរ។ ពេលខ្ញុំទៅដល់ផ្ទះភ្លាម ខ្ញុំមិនឃើញពួកគាត់អង្គុយរង់ចាំខ្ញុំដូចអារម្មណ៍ខ្ញុំស្រមើស្រមៃនោះទេ ផ្ទះមានសភាពស្ងាត់ជ្រងំ មិនដឹងពួកគាត់ទៅណា។ ខ្ញុំទៅរកនៅចម្ការក្រោយផ្ទះ ក៏មិនឃើញពួកគាត់។ អ្វីដែលខ្ញុំឃើញនោះ គឺដីចម្ការត្រូវគេធ្វើរបងព័ទ្ធជិតឈឹង។ ពេលសួរអ្នកជិតខាងទើបដឹងថា ម៉ែទៅវត្ត។ ដោយអំណាចនឹកកូនពេក ខ្ញុំមិនបានសួរនាំអ្វីច្រើនទេ ភ្លាមនោះខ្ញុំទៅរកគាត់នៅវត្ត ហើយឃើញគាត់កំពុងរុញរទេះលក់លៀសហាល។
ពុទ្ធោម៉ែ! ម៉ែកំពុងរុញរទេះលក់លៀសហាលក្រោមកម្ដៅថ្ងៃហួតហែង។ ឯកូនប្រុសខ្ញុំលើធ្នើរក្រោមរទេះបិទភ្នែកក្នុងសភាពយ៉ាងស្ងប់ស្ងាត់។ ពេលនោះខ្ញុំសន្ទុះទៅរកគាត់ ហើយលត់ជង្គង់គោរពសំពះម៉ែទាំងទឹកភ្នែកដោយមិនខ្វល់ពីអ្នកនៅជុំវិញខ្លួនចោមមើល ខ្ញុំនិយាយ៖
-ម៉ែ... ហេតុអ្វីធ្លាក់ខ្លួនយ៉ាងដូច្នេះ? ខ្ញុំសង្វេកចិត្តណាស់... ម៉ែមកវិញដោយមានការភ្ញាក់ផ្អើលក្នុងចិត្តជាខ្លាំង។
-មានរឿងអីកូន ក្រោកឡើងមកសឹមនិយាយគ្នា
-បាទម៉ែ!
ខ្ញុំក្រោកឈរជូតទឹកភ្នែកកំពុងរលីងរលោងយ៉ាងខ្លោចចិត្ត អាណិតអ្នកម៉ែ និងកូនតូចរបស់ខ្ញុំកំពុងលង់លក់លើធ្នើក្រោមរទេះលៀសហាល។ ខ្ញុំនិយាយទាំងអួលដើមកនូវសំណួរដដែល ដោយកាយវិការអោនលើអាតូចកូនខ្ញុំពីក្រោមរទេះមកដាក់លើស្មាទាំងវាមមិងមមាំង វាខ្លាចហើយយំ។ ម៉ែមិនឆ្លើយនឹងសំណួរខ្ញុំទេ គាត់យកអាតូចពីខ្ញុំ ហើយឱ្យខ្ញុំរុញរទះលៀសហាលទៅផ្ទះជាមួយគាត់។ ពួកយើងដើរបណ្ដើរនិយាយគ្នាបណ្ដើរ៖
-កូនឃើញទេ ខានមកលេងកូនយូរពេក ឥឡូវសូម្បីតែមុខកូនឯងមិនចាំផង។
-មែនហើយម៉ែ ខ្ញុំមិនដឹងថាម៉ែធ្លាក់ខ្លួនដល់ម្ល៉ឹងទេ
-មិនអីទេកូនគ្រាន់តែប៉ុណ្ណឹង! ម៉ែអាចធ្វើបាន ម៉ែធ្វើដោយរីករាយ...
ខ្ញុំជជីកសួរគាត់ គាត់បែរជានិយាយពីនេះពីនោះបន្លប់ទៅវិញ។ ទោះគាត់ខំនិយាយល្អយ៉ាងណា ប៉ុន្ដែខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ ហេតុអ្វីបានជាគាត់ធ្លាក់ខ្លួនដល់ដំណាក់កាលនេះដោយមិនប្រាប់ខ្ញុំមួយម៉ាត់។ កាលពីខ្ញុំនៅកុមារភាព ថ្វីបើគ្រួសារយើងក្រមិនរហេមរហាមរកអង្ករច្រកឆ្នាំមិនបានដល់ម្ល៉ឹងទេ។ យើងមានដីស្រែមានដីចម្ការគួរសមដែលអាចចញ្ចឹមខ្លួនរស់ដោយមិនលំបាក។ កាលពីតូចខ្ញុំឃើញម៉ែពុកធ្វើតែស្រែចម្ការនឹងគោក្របី។ ជីដាក់ស្រែប្រើតែអាចម៍គោអាចម៍ក្របី ស្រូវផ្លែបាក់កងាប់ចោល។ ពួកយើងរស់នៅមានអីស៊ីហ្នឹង មិនខ្វល់ខ្វាយថ្ងៃស្អែក។ នៅកៀនផ្ទះមានស្លឹកគ្រៃ នៅក្រោយផ្ទះមានត្រឡាច រនោង ត្រប់ នៅក្នុងអណ្តូងមានត្រីមានកង្កែបចង់ស៊ីថ្មើរណាបានថ្មើរនោះ នៅមុខផ្ទះមានស្លឹកងប់ ឆ្ងាយពីផ្ទះប្រហែលពីរគីឡូមានបឹងអាចដាក់មងចងសន្ទូចចាប់ត្រី។ បើនិយាយពីឧសដុតវិញរឹតតែមិនភ័យទៅទៀត គ្រាន់តែដើរពីចម្ការ ឬពីស្រែទៅដល់ផ្ទះរើសមែកឈើងាប់ៗដាក់លើរទេះទុកដុតមិនខ្វះ។ ដល់រដូវធ្វើស្រែ យើងស្ទើរតែមិនស្គាល់ថា អ្វីទៅជាថ្លៃឈ្នូលថ្លៃជួលដៃស្ទូងផង។ យើងម្នាក់ៗប្រវះដៃគ្នា ម្តងគេ ម្តងយើង មិនបាច់អស់លុយទេ។ អ្នកស្រែធ្វើស្រែមួយឆ្នាំតែបីទៅបួនខែ ហើយសម្រាកប្រាំពីរទៅប្រាំបីខែ តែអាចចិញ្ចឹមកូនទាំងផ្លូនរស់បានដោយមិនឃើញមានអ្នកណាម្នាក់អត់ឃ្លាននោះទេ។
និយាយមកដល់ចំណុចនេះ ស្រាប់តែម៉ែសួរខ្ញុំថា របៀបរបបរស់នៅទីក្រុងយ៉ាងម៉េចដែរ? ខ្ញុំបានប្រាប់គាត់ថា អ្នកក្រុងឃើញអ្នកស្រែរស់នៅទំនេរប្រាំពីរទៅប្រាំបីខែក្នុងមួយឆ្នាំដូច្នេះ គេគិតថា អ្នកស្រែល្ងង់ហើយខ្ជិលទៀត។ ចំណែកអ្នករស់នៅក្រុងវិញ ទាំងគេ ទាំងខ្ញុំ មួយថ្ងៃៗរវល់ខំប្រឹងធ្វើការរកតែពេលទៅជុះអាចម៍គ្មាន។ អ្នកក្រុងមើលឃើញខ្លួនឯងគ្រាន់បើជាងអ្នកស្រែជានិច្ច ពួកគេហាក់ភ្លេចគិតថា អង្ករបន្លែត្រីសាច់ដែលពួកគេស៊ី គឺបានមកពីអ្នកស្រែ។ ទេ! មិនមែនទេ គឺបានមកពីយួន...
-មិនមែនតែអ្នកក្រុងទេ សូម្បីម៉ែនិងអ្នកភូមិនេះក៏ស៊ីរបស់យួនដែរ។ ខ្ញុំសួរ៖
-យើងមានដីស្រែមានដីចម្ការ ហេតុអ្វីទៅស៊ីរបស់យួន?
-មិនមែនខ្មែរចង់ស៊ីរបស់យួនទេ ដោយសារសង្គមប្រែប្រួល អង្ករបន្លែត្រីសាច់ប្រែក្លាយជាថ្នាំពុល គឺចាប់ពីអ្នកស្រុកលក់ដីរត់ចោលស្រែអស់ម្ល៉េះ។ ដីស្រែដីចម្ការរបស់យើង ម៉ែលក់ឱ្យគេអស់ហើយ...
-ម៉ែលក់... ម៉េចបានលក់?
ម៉ែអេះអុញមិនចង់និយាយ ដោយសារខ្ញុំចេះតែជជីកសួរខ្លាំងពេក គាត់ក៏សម្រេចលាតត្រដាងអាថ៌កំបាំងដែលគាត់លាក់ទុកជាច្រើនឆ្នាំប្រាប់ខ្ញុំទាំងទើសទាល់។ ម៉ែប្រាប់ថា ម៉ែមិនចង់លក់ទេ គឺដោយសារតែកាលៈទេសៈបង្ខំ។ អ្នកភូមិផងរបងតែមួយគេលក់អស់ហើយ បើអ្នកដែលមានដីស្រែនៅម្ដុំយើង គេលក់អស់ហើយ ដូច្នេះម៉ែត្រូវតែលក់ ដើម្បីចៀសវាងមានបញ្ហាទៅថ្ងៃមុខ។ ម្យ៉ាងទៀត បើម៉ែមិនលក់ម៉ែមានលុយពីណាឱ្យឯងរៀន។ ការសិក្សាថ្នាក់បរិញ្ញាបត្រ៤ឆ្នាំ ម៉ែលក់គោឈ្មោលមួយនឹម មេគោមីត្នោតមួយ និងស្រែមួយកន្លែង។ ក្រោយកូនរៀនចប់ ម៉ែចង់ទៅចូលរួមពិធីទទួលសញ្ញាបត្ររបស់កូនណាស់ តែពេលនោះម៉ែដាច់លុយស្ទើរតែរកអង្ករច្រកឆ្នាំងមិនបានទៅហើយ។ ម្ល៉ោះហើយម៉ែចេះតែរកលេសនិយាយគេចវេសពីការចូលរួមពិធីទទួលសញ្ញាបត្ររបស់កូនទៅ។ ដីស្រែពីរកន្លែងទៀត ម៉ែលក់យកលុយការកូនឯង ចំណែកដីចម្ការក្រោយផ្ទះ ម៉ែលក់បង្ហើយនៅពេលកូនប្រុសរបស់កូនឯងឈឺ។ វាឈឺបន្ទាប់ពីមកនៅជាមួយម៉ែបានប្រហែលជាងមួយខែ។ ដោយមិនចង់រំខានឯង ព្រោះម៉ែដឹងថា ឯងមិនទាន់មានលុយ ទើបមិនបានប្រាប់ឱ្យដឹងខ្លាចប៉ះពាល់ដល់ការងារ។ នេះជាដើមចមដែលធ្វើឱ្យម៉ែដើររុញរទេះដើរលក់លៀសហាល។ ការលះបង់របស់ម៉ែចំពោះកូន ម៉ែមិនស្ដាយក្រោយទេ។
ឮសម្ដីម៉ែរៀបរាប់ទាំងប៉ុន្មានធ្វើឱ្យទឹកភ្នែកខ្ញុំស្រក់ចុះពោរពេញដោយភាពឈឺចាប់ និងភាពអៀនខ្មាស។ ខ្ញុំមិនអាចកែប្រែស្ថានការណ៍ឱ្យប្រសើរក្រៅពីខ្ទប់មុខខ្មាសម៉ែ។ ខ្មាសត្រង់ម៉ែចិញ្ចឹមបីបាច់ថែរក្សាខ្ញុំធំពេញរូបពេញរាងហើយ ការប្រពន្ធឱ្យហើយ ដើរលក់លៀសហាលចិញ្ចឹមកូនឱ្យទៀត។
ឃើញសភាពខ្ញុំបែបនេះ ម៉ែយកដៃអង្អែខ្នងខ្ញុំ ហើយប្រាប់កុំឱ្យខ្ញុំឈឺចាប់ពេក នរណាក៏ដូចនរណា ស្រុកគេក៏ដូចស្រុកយើង នៅសល់តែមនុស្សចាស់ និងកូនក្មេងតូចៗប៉ុណ្ណោះ ដែលនៅចាំស្រុក ចំណែកមនុស្សពេញកម្លាំងគេចេញពីស្រុកទៅធ្វើការនៅឆ្ងាយៗដូចគ្នា។ ចាស់ៗជំនាន់មុន ធ្វើតែស្រនឹងគោក្របីអាចចិញ្ចឹមកូនទាំងផ្លូនបាន ចំណែកសម័យឥឡូវនាំរត់ចោលស្រុករបៀបប៉ាត់រប៉ាយ ទៅធ្វើការឆ្ងាយផ្ទះ មានកូនតែមួយសោះមិនអាចចិញ្ចឹមដោយខ្លួនឯងបាន...
ថ្ងៃទី២៨ ធ្នូ ២០១៩
