សំណូមពរមួយ

មនុស្ស​ក្នុង​លោក​នេះ​ ​នរណា​ក៏​ស្រឡាញ់​ទឹកដី​ ​ស្រឡាញ់​ប្រទេសជាតិ​របស់​ខ្លួន​ដែរ​ ​ហើយ​ការ​ស្រឡាញ់​នោះ​មានហេតុ​ផល​ផ្សេង​ៗ​គ្នា​ ​ខ្លះ​ស្រឡាញ់​ដោយចង់​ឱ្យ​ប្រទេសជាតិ​រីកចម្រើន​ពិ​តៗ​ ​ខ្លះទៀត​ស្រឡាញ់​ដោយ​ប្រយោជន៍​។​

​កាល​ប៉ុន្មាន​ថ្ងៃមុន​ ​ខ្ញុំ​មិន​ចាំ​ថា​នៅ​ថ្ងៃណា​ទេ​។​ ​ខ្ញុំ​ឮគេនិយាយ​ថា​ ​នរណា​ធ្វើអ្វី​ក៏ដោយ​ ​គឺ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ឯង​តែ​ទាំងអស់​ ​គឺ​មិនមែន​ដើម្បី​ប្រយោជន៍​រួម​ទេ​។​ ​តើ​មនុស្សយើង​សុទ្ធតែ​សារជាតិ​ដូច្នេះ​តែ​ទាំងអស់​មែន​ឬ​?​

​ផ្អែក​តាម​សង្គមវិទ្យា​ ​អ្នក​ដែល​និយាយ​ ​ឬ​លើកឡើង​មក​បែបនេះ​ ​គឺជា​មនុស្ស​នោះ​រស់នៅ​ក្នុង​សង្គម​ដែល​មើលឃើញ​តែ​រូបភាព​បុគ្គលនិយម​ឬបុគ្គល​បឺត​ឈាម​ក្រុម​ ​សង្គម​ ​រហូត​ឈាន​ដល់​ការ​បឺត​ឈាម​ជាតិ​ ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ជាង​នេះ​ទៅទៀត​ ​ការ​បឺត​ឈាម​នេះ​ ​ដំបូង​កើត​ចេញពី​បុគ្គល​ក្នុង​ក្រុម​ ​បន្ទាប់មក​ក្រុមក្នុង​ក្រុម​ ​ហើយ​បន្ទាប់មក​ទៀត​ ​គឺ​បុគ្គល​ក្នុង​សង្គម​ ​និង​ក្រុមក្នុង​សង្គម​។​ ​ក្រុម​ចុងក្រោយ​នេះ​ ​ពួកគេ​មាន​បទដ្ឋាន​រួមគ្នា​ ​ហើយ​ពួកគេ​ខិតខំ​ការពារ​ឧត្តមគតិ​ ​ផលប្រយោជន៍​ ​និង​តម្លៃ​របស់​ក្រុម​ពួកគេ​ ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​បើ​ប្រយោជន៍​ក្រុម​ត្រូវ​បាត់បង់​ ​មានន័យថា​ ​ប្រយោជន៍​ផ្ទាល់ខ្លួន​ក៏​បាត់​បង​ដែរ​។​ ​ប៉ុន្តែ​បុគ្គល​ប្រភេទ​នេះ​ ​ពេលខ្លះ​សុខចិត្ត​ធ្វើខ្លួន​ជា​ដង្កូវ​នៅក្នុង​សាច់​ ​ដើម្បី​បាន​ភាគលាភ​ពី​ក្រុម​ដទៃ​។​

​បើ​យើង​ពិតជា​ស្រឡាញ់​ជាតិសាសន៍​យើង​មែន​ ​ចូរ​ឈប់​ធ្វើខ្លួន​ជា​ឈ្លើង​ពួន​សម្ងំ​បឺត​ជញ្ជក់ឈាម​ជាតិ​ទៀត​ទៅ​ ​ជាពិសេស​ឈប់​ធ្វើខ្លួន​ជា​មាន់ជល់​ដែល​ជល់​តែ​ជាតិសាសន៍​ឯង​ទៀត​ទៅ​ ​តើ​បានទេ​?​