រៀនឈររៀនដើររៀនរត់រៀនញ៉ាំ
រៀនរិះរៀនថាំរៀនសោករៀនស្ដាយ
រៀនលីរៀនសែងរៀនដោះរៀនស្រាយ
រៀនត្រួសរៀនត្រាយរៀនប្រឹងរៀនប្រែង។
រៀនលើករៀនដាក់រៀនកោតរៀនក្រែង
រៀនចាត់រៀនចែងរៀនស្នាលរៀនស្និទ្ធ
រៀនរាប់រៀនអានរៀននែបរៀននិត្យ
រៀនប្រៀងរៀនប្រិតរៀនតរៀនស៊ូ។
រៀនអៀនរៀនខ្មាសរៀនគិតរៀនគូរ
រៀនកិច្ចរៀនព្យូហ៍រៀនស្មោះរៀនស័គ្រ
រៀនផ្ចិតរៀនផ្ចង់រៀនទុករៀនដាក់
រៀនឆ្លៀតរៀនឆ្លាក់រៀនកែរៀនច្នៃ។
ដោយ ឌីខាំ ញ៉ាញ់ ១៦ តុលា ២០១៨
ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...