ពេលយើងក្រខ្សត់គ្មានឋានៈ
ប្រៀបដូចអាខ្វាក់និងអាខ្វិន
គេជិះជាន់ត្រឡប់ត្រឡិន
ជីវិតតឿក្រិនកប់ភក់ជ្រាំ។
ពេលយើងក្រខ្សត់គេមើលងាយ
ជួនគេពេបជ្រាយខុសលំនាំ
ត្រូវគេតិះដៀលដោយពាំនាំ
សម្ដីឆ្គងឆ្គាំបញ្ឈឺចិត្ត។
ពេលយើងក្រខ្សត់គេបោកប្រាស់
ទោះក្មេងឬចាស់មិនអាណិត
ជញ្ជក់ញើសឈាមដល់ក្រៀមស្វិត
ខ្លួនឯងល្ហៃល្ហិតបង់ទទេ។
ពេលយើងក្រខ្សត់គេឈប់រាប់
សម្ដីលែងគាប់អភ័ព្វទ្វេ
ឬត្រូវទៅពឹងពាក់លើគេ
បើឥតមានកេរកុំរំពឹង។
ទំនុកខ្លីហាស្ដីការពិត
ពីរឿងជីវិតបាត់លំនឹង
ឧកញ៉ាម៉េងលីគិតជញ្ជឹង
បើរឹងទទឹងមិនព្រមរៀន។
ជីវិតយើងច្បាស់ជាលំបាក
បន្តតោកយ៉ាកក្រអត់ឃ្លាន
ក្រចំណេះត្រូវគេបំពាន
វិជ្ជាជាស្ពានឈានផុតក្រ៕
ដោយ តន វិបុល ៧ វិច្ឆិកា ២០១៩
ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...