កាលគ្រាមួយ មានតាចាស់ម្នាក់ គាត់ជាគ្រូឱសថបុរាណដ៏មានចិត្តសប្បុរស និងជាជាងចម្លាក់ដ៏ល្បីល្បាញម្នាក់ នៅលើដែនដីសុវណ្ណភូមិយើង។ អ្នកស្រុកតែងតែស្ងើចសរសើរពីភាពប៉ិនប្រសប់នៃចម្លាក់របស់គាត់គ្រប់ៗគ្នា។ ថ្ងៃមួយ ខណៈរយាលដៃពីការងារបន្តិច តាចាស់បានធ្វើដំណើរឡើងភ្នំ ដើម្បីស្វែងរករុក្ខាផ្សេងៗមកផ្សំថ្នាំទុកសម្រាប់ព្យាបាលជំងឺឱ្យអ្នកស្រុក។ ពេលបានមកដល់ផ្លូវកោងក៏ប្រទះឃើញឈើដ៏ធំមួយ។ ឈើដើមនោះ មានអាយុកាលរាប់រយឆ្នាំហើយ វាមានទំហំធំជិតប៉ុនកង់រទេះ និងមានកម្ពស់ទាបមិនសមប្រកបដូចឈើដទៃសោះ។
ដំបូងឡើយតាចាស់មិនចាប់អារម្មណ៍ចំពោះដើមឈើនេះនោះទេ ពេលមកជិតដើមឈើនោះ គាត់ហាក់លើកជើងដើរទៅមុខពុំរួច។ តាឈរទ្រឹងសម្លឹងមើលចុះឡើងៗដោយពិចារណាថា «យី ! ឈើនេះ បើឆ្លាក់ចេញជារូបព្រះពុទ្ធប្រកនាគច្បាស់ណាស់... ប្រាកដជាគាប់ប្រសើរ។»
និយាយហើយ តាចាស់សាកល្បងកាប់ចាំងឆ្លាក់ឈើនោះ ដោយភ្លេចពីការទៅបោចថ្នាំ។ គាត់ព្យាយាមចាំងផង ដាប់ផង អស់វេលាជាច្រើនពេល នៅទីបំផុតឈើនោះក៏ឆ្លាក់ចេញជារូបព្រះប្រក់នាគមួយអង្គយ៉ាងធំ។
កន្លងផុតជាច្រើនថ្ងៃក្រោយមក អ្នកដំណើរបានចូលគោរពសំពះបួងសួងសុំសេចក្ដីសុខពីព្រះពុទ្ធប្រកនាគ នៅទីនោះ។ បន្មានថ្ងៃក្រោយមកទៀត មានមាណពម្នាក់បានឆ្លងកាត់តាមផ្លូវនោះដែរ ពេលគាត់បានឃើញព្រះពុទ្ធដ៏ធំបែបនេះ មាណពលាន់មាត់កោតសរសើរដល់ជាងចម្លាក់ដែលមានគំនិតឆ្លាក់ដើមឈើចេញជារូបព្រះ សម្រាប់ឱ្យមនុស្សទូទៅចូលបួងសួងសុំសេចក្ដីសុខ។
បន្ទាប់ពីពោលសរសើរហើយ មាណពយល់ថា «ពិតមែនឈើមួយដើមនេះឆ្លាក់ចេញជារូបព្រះពុទ្ធ តែមិនទាន់ពេញចិត្តយើងនៅឡើយ។ ប្រសិនបើខាត់លាបថ្នាំឱ្យរលោងនោះ រូបនេះប្រាកដជាអាចរក្សាគង់យូរអង្វែង។»
គិតហើយ មាណពក៏ចាប់ផ្ដើមសកម្មភាពរកម្រាក់ និងជ័រឈើមកលាបលនលើព្រះបដិមា។ ពីរបីថ្ងៃក្រោយមក ការងាររបស់មាណពបានបញ្ចប់ដោយជោគជ័យ។ រួចរាល់ មាណពក៏ចាកចេញពីទីនោះទៅ។ មិនយូរប៉ុន្មានមានអ្នកគង្វាលម្នាក់ បានទៅឃ្វាលគោនៅតាមផ្លូវនោះ ឃើញរូបព្រះពុទ្ធឆ្លាក់ចេញពីដើមឈើត្រូវកម្ដៅថ្ងៃផង ត្រូវភ្លៀងផង ដោយខ្លាចរូបចម្លាក់នោះឆាប់ពុកខូច ក៏មានគំនិតធ្វើរោងបាំងខ្យល់ បាំងភ្លៀង បាំងថ្ងៃឱ្យ។
ខណៈកំពុងតែធ្វើរោងស្រាប់តែមានក្សត្រមួយព្រះអង្គយាងមកក្រសាលព្រៃនេះដែរ។មកដល់ចំណុចនេះ ព្រះអង្គទតឃើញអ្នកគង្វាលធ្វើរោងញ៉ាប់ដៃញ៉ាប់ជើងដូច្នេះ ទ្រង់មានឈ្វេងគិតតែអង្គឯងថា ដើមឈើដ៏ធំដែលទ្រង់ប្រទះឃើញកាលពីប៉ុន្មានឆ្នាំមុន ឥឡូវត្រូវគេឆ្លាក់ជារូបព្រះពុទ្ធហើយ។ ព្រះអង្គមានបន្ទូលទៅកាន់អ្នកធ្វើរោងថា «ឯងពិតជាមានគំនិតមានកំណើតមែន...។» ពេលស្ដេចបន្ទូលចប់មួយរំពេចស្រាប់តែសេដ្ឋីម្នាក់ឈរក្បែរនោះបានទូលថ្វាយទ្រង់ភ្លាមដែរថា ទាំងនេះ គឺទូលព្រះបង្គំជាអ្នកផ្ដួចផ្ដើមគំនិតទាំងអស់។ ស្ដេចងាកព្រះភ័ក្ត្រទៅសេដ្ឋី ហើយបានកោតសរសើរសេដ្ឋីនៅចំពោះមុខមន្រ្តីជាច្រើនថា មានចក្ខុវិស័យវែងឆ្ងាយ... ហើយបានប្រទានរង្វាន់យ៉ាងសន្ធឹកសន្ធាប់ដល់សេដ្ឋី។ ចំណែកតាចាស់ មាណព និងបុរសគង្វាលដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើពិតប្រាកដពុំទទួលបានអ្វីពីព្រះមហាក្សត្រឡើយ៕
ដោយ តន វិបុល ថ្ងៃទី២៥ មិថុនា ២០១៩

No comments:
Post a Comment