អនិច្ចាស្រូវថោក_សំណោកអ្នកស្រែ

ស្រូវអង្ករខ្មែរថោកហួសថ្លែង

អ្នកស្រែចំបែងរែងខ្វាយខ្វល់

ខ្ចីប្រាក់គេបង្កើតភោគផល

សង្ឃឹមស្រូវផ្ដល់ដោះសង់គេ។

ពេលប្រមូលផលកល់ទឹកភ្នែក

អ្នកខ្លះទួញស្រែកមិនសមទេ

ហេតុម្ដេចក៏ស្រូវថោករឹតទ្វេ

ឈ្មួញយើងឈ្មួញគេបន្ថោកទិញ។ 

ឈ្មួញយកទៅលក់នៅអឺរ៉ុប

គេអរខិបខុបបានថ្លៃពេញ

អឺរ៉ុបសរសើរឥតទោរម្នេញ

អ្នកស្រែយើងវិញដេកកើតទុក្ខ។

គ្មានប្រាក់បង់សងធនាគារ

គ្រោះស្រូវកម្មពារហៀរជង្រុក

បើមិនព្រមលក់ឃាំងឃាទុក

ច្បាស់ណាស់គេលុករឹបអូសកេរ។

ដូចនេះទោះថោកមិនបានថ្លៃ

លក់យកកម្រៃទៅសង់គេ

ស្រូវមួយតៅមិនស្មើកាហ្វេ

ប្រេន (brand) របស់គេមួយកែវផង។

អនិច្ចាវាសនាអ្នកស្រែ

អ្នករស់មួយគែបាន​ត្រឹមផ្សង

ឱ្យព្រះឥន្ទ្រជួយស្រាយចំណង

ផុតគ្រោះសៅហ្មងពីស្រូវថោក៕

ដោយ ឌីខាំញ៉ញ់ ១២ – ធ្នូ – ២០១៩




















 

No comments:

Post a Comment