ទស្សនកិច្ចសិក្សាសិស្សទៅកាន់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

ទស្សនកិច្ចសិក្សាសិស្សទៅកាន់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

អត្ថបទ៖ តន វិបុល

ដំណើរទស្សនកិច្ចសិក្សាឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្រ្តវាលពិឃាដជើងឯក របស់សិស្សានុសិស្សនៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ប្រមាណជាង១០០នាក់ ដែលដឹកនាំដោយគ្រូទទួលបន្ទុកជនជាតិហ្វីលីពីន​ កាលពីថ្ងៃទី១០មករា កន្លងទៅនេះ​ប្រព្រឹត្តិទៅយ៉ាងរលូន។ ​នៅក្នុងទស្សនកិច្ចសិក្សានោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍និងកត់សម្គាល់ គឺក្រុមសិស្សានុសិស្សទាំងនោះ ពួកគេម្នាក់ៗបានយកចិត្តទុកដាក់កត់ត្រា និងស្ដាប់​បទបង្ហាញរបស់មគ្គទេសក៏យ៉ាងមានជំនក់ចិត្ត។ ជំនក់ចិត្ត ក៏ព្រោះក្រុមសិស្សទាំងនោះហាក់ស្លុងអារម្មណ៍ ចិត្តគំនិត និង  សញ្ចេតនា ទៅនឹងបទបរិយាយស្ដីពីព្រឹត្តិការណ៍ដ៏សោកនាដកម្មដែលកើតមាននៅវាលពិឃាដជើងឯក ក្នុងសម័យខ្មែរក្រហាម​ពីសំណាក់មគ្គទេសក៏ជំនាញប្រចាំនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅតាមទីតាំងប្រវត្តិសាស្ត្រប្រល័យពូជសាសន៍នីមួយៗក្នុងមជ្ឈមណ្ឌលនោះ។

គួរជម្រាបជូនថា គោលបំណងទសន្សកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក គឺចង់ឲ្យសិស្សឈ្វេងយល់ជាក់ស្ដែងបន្ថែមអំពីរឿងរ៉ាវប្រវត្ដិសាស្រ្ដក្នុងរបបខ្មែរក្រហម ដែលពលរដ្ឋប្រមាណជិត២ម៉ឺននាក់​បានសម្លាប់ និងស្លាប់នៅបឹងជើងឯកនេះយ៉ាងរង្គាល ដោយកាប់ ចាក់ បាញ់​ និងបោកទៅនឹងគល់ឈើជាដើម។ ម្យ៉ាង ក៏មានចេតនាឲ្យសិស្សបានស្គាល់ពីទីតាំងប្រវត្ដិសាស្រ្ដប្រល័យពូជសាសន៍មួយនេះដោយផ្ទាល់ភ្នែកដែរ ដែលទីតាំងនេះស្ថិតនៅប្រមាណ១៥គ.ម ប៉ែកអាគ្នេយ៍នៃរាជធានីភ្នំពេញ។ នេះជាការលើកឡើងរបស់លោក Arturo Esmeria ​គ្រូទទួលបន្ទុកក្នុងដំណើរទស្សនកិច្ចសិក្សានេះ។

ថ្លែងក្នុងដំណើរទស្សនកិច្ចសិក្សានោះ យុវតី ឈឹម ស៊ីវអាយ អះអាងថា ខ្លួនបានយល់ដឹងច្រើនអំពីរឿងហេតុការណ៍ទាក់ទិនទៅនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅជើងឯកនេះ បន្ទាប់ពីបានសង្កេតមើលទិដ្ឋភាពជាក់ស្ដែង និងស្ដាប់ការបកស្រាយរបស់មគ្គទេសក៍ជំនាញនៅទីនោះដោយផ្ទាល់ បន្ថែមទៅលើអ្វីដែលខ្លួនបានសិក្សានៅក្នុងថា្នក់។ ​ស៊ីវអាយ ពោលដោយជឿជាក់ថា ពិតជាមានការកាប់សម្លាប់សាស្រ្តាចារ្យ បញ្ញាជន និងពលរដ្ឋស្លូតត្រង់ សូម្បីកុមារតូចៗក៏ត្រូវសម្លាប់យ៉ាងរង្គាលដោយមិនលើកលែងដែរ។​ ​“មិនគួរខ្មែរសម្លាប់ខ្មែរគ្នាឯងយ៉ាងរង្គាលបែបនេះឡើយ” នេះជាសម្ដីរបស់យុវតីរូបនោះ​ស្ដែងចេញពីបេះដូង និងអារម្មណ៍ដ៏សោកសង្រេង​របស់ខ្លួន នៅពីមុខរណ្ដៅសព ចំពោះរឿងរ៉ាវដ៏ប្រល័យមួយនេះ។

​“មុនសម័យខ្មែរក្រហម ទីតាំងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះ គឺជាព្រៃចម្ការមៀន និងជាទីបញ្ចុះសពចិន តែត្រូវពួកខ្មែរក្រហមប្រែក្លាយទៅជាកន្លែងកាប់សម្លាប់មនុស្សយ៉ាងរង្គាល និងដ៏សាហាវព្រៃផ្សៃបំផុត ហើយមានពលរដ្ឋប្រមាណ១២២៧២នាក់ ត្រូវសម្លាប់នៅទីនេះ។ ប៉ុន្ដែទោះជាយ៉ាងនេះក្តី ក្រោយថ្ងៃ៧ មករា ១៩៧៩ កន្លែងដ៏ប្រល័យមួយនេះបានប្រែក្លាយទៅជាបូជនីយដ្ឋានប្រវត្តិសាស្រ្ត និងជាកន្លែងភ័ស្តុតាងនៃសោកនាដកម្មជាក់ស្តែង ដែលបង្កប់ទៅដោយឈាមស្រស់ និងទឹកភ្នែកដ៏សែនឈឺចាប់របស់ពលរដ្ឋខ្មែរទូទាំងប្រទេសមិនអាចភ្លេចបាន” នេះបើតាមការបញ្ជាក់ពីមគ្គទេសក៍ជំនាញប្រចាំការនៅទីនោះផ្ទាល់ នោះគឺលោក    ស៊ឹម កោសល្យ ៕

វិធីសាស្រ្តរៀនសតវត្សទី២១ របស់វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង

វិធីសាស្រ្តរៀនសតវត្សទី២១ របស់វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង

អត្ថបទ៖ តន វិបុល

ថ្មីៗនេះ វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ​បាន​ពាំនាំ​វិធីសាស្រ្ត​រៀន​ភាសាអង់​គ្លេស​តាម​បែប​បច្ចេកវិទ្យា​ ទំនើប​ដ៏​ថ្មី​សន្លាង​មួយ​ពី​សហរដ្ឋ​អាមេរិក​ ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​សិស្សានុសិស្ស​របស់​ខ្លួន​សិក្សា​ភាសាអង់គ្លេស​ឲ្យ​រឹងរឹត​តែ​មាន​គុណភាព​នោះ​ គឺ​វិធីសាស្រ្ត​រៀន​ភាសា​​អង់គ្លេសតាមសៀវភៅមួយប្រភេទ ​ដែល​ក្នុង​នោះ​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ភ្ជាប់​មក​ជាមួយ​ស្រាប់​ ​ពោល​គឺ​សិក្សា​តាម​បែប​ប្រព័ន្ធ​អនឡាញ​ (Online)​ ​ដូចគ្នា​ទៅ​នឹងបណ្តាប្រទេសមួយចំនួនលើសកលលោកដែរ។ ក៏ប៉ុន្តែប្រព័ន្ធសិក្សាបែបនេះ នៅ​តាម​ស្ថាប័ន​អប់រំ​មួយ​ចំនួន​ក្នុង​ព្រះរាជាណាកម្ពុជា​ ​ប្រហែល​ទំនង​ជាពុំទាន់មានសកម្មភាពផុសផុលច្រើននៅឡើយទេ។

ជុំវិញ​បញ្ហា​ប្រព័ន្ធ​រៀន​ភាសា​អង់គ្លេស​តាមបែបបច្ចេកទេសថ្មីនេះ លោក ឡុង ពិសី នាយករងវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​នៅព្រឹកថ្ងៃអង្គារនេះថា ក្នុងសតវត្សទី២១នេះ ជា​សម័យ​ដែល​បច្ចេកវិទ្យា​កាន់​តែ​រីក​សុសសាយ​ស្ទើរ​គ្រប់​កន្លែង​ ​និង​ពាសពេញ​ពិភពលោក។​ ដោយមើលឃើញពីភាពរីកចម្រើននៃបច្ចេកវិទ្យា​ ​និង​ចង់​បោះ​ជំហាន​ឲ្យ​ទាន់​សម័យកាល​ ​វិទ្យាស្ថាន​ អន្តរទ្វីប​ ​អាមេរិកាំង​ ​បាន​ជ្រើសរើស​យក​វិធីសាស្រ្​តរៀនភាសាអង់គ្លេសតាមបែបប្រព័ន្ធបច្ចេកវិទ្យានេះ ក៏ព្រោះ​ចង់​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការ​រៀន​សូត្រ​របស់​សិស្សនុសិស្ស​ ​ដោយ​មិន​ចាំបាច់មានសៀវភៅលំហាត់ ឬក៏សៀវភៅកិច្ចផ្ទះនោះទេ។

បើ​ទោះ​ជា​បែប​នេះ​ក្តី​ ​ក៏​នៅតែទាមទារឲ្យសិស្សចេះប្រើប្រាស់អ៊ីធ័រណែតដែរ ប៉ុន្តែនាយករងរូបនេះបានលើកឡើងថា ចំណុច​នេះ​មិនមែន​ជា​បញ្ហា​ចោទ​ដល់​សិស្សានុសិស្សសម័យនេះនោះទេ ព្រោះសព្វថ្ងៃមិនថាយុវជន ឬកុមារឡើយ ភាគ​ច្រើន​ពួក​គេ​សុទ្ធសឹង​តែ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីធ័រណែត​ស្ទើរ​គ្រប់ៗ​គ្នា​ទៅ​ហើយ​​តាម​រយៈ​ស្មាតហ្វូន​ អាយផែត និងកុំព្យូទ័រជាដើម។ ​លោក​បន្ថែម​ថា​ ​វា​ហាក់​គ្មាន​អ្វី​ពិបាក​ដល់​ពួក​គេ​ទេ​ គ្រាន់​តែ​វាយ​លេខ​សម្ងាត់​ចូលក្នុងគណនីពួកគេសុទ្ធតែអាចរៀន និងធ្វើកិច្ចការដែលលោកគ្រូអ្នកគ្រូដាក់ឲ្យធ្វើបានគ្រប់កន្លែង និង​គ្រប់​ពេល​វេលា​ទាំងអស់​ ​មិន​ថា​នៅ​ទីណា​នោះឡើយ។ ទន្ទឹមនឹងគ្នានេះ វិទ្យាស្ថានអប់រំជាភាសាបរទេសមួយនេះ ក៏​បាន​បំពាក់​នូវ​កុំព្យូទ័រ​ទំនើបៗ​តាម​បន្ទប់​ ​និង​កន្លែង​សំខាន់ៗ​មួយ​ចំនួន​នៃអគារសិក្សារបស់ខ្លួន ដើម្បីឲ្យសិស្សបានអនុវត្តមេរៀន ព្រមទាំង​កិច្ចការ​ដែល​ទាក់ទង​នឹង​មេរៀន​ទាំងឡាយ​បាន​ដោយ​សេរី​ផងដែរ។​

គួរជម្រាបជូនថា ការ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​មិន​ត្រឹមតែ​ជា​បច្ច័យ​បង្ក​ឲ្យ​មាន​ភាព​រឹង​រឹត​តែ​ងាយ​ស្រួល​សិក្សា​រៀន​សូត្រ​របស់​សិស្សានុសិស្ស​នា​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ​ ម្យ៉ាងវាថែមទាំងផ្តល់អត្ថប្រយោជន៍ច្រើនដល់ការបង្រៀនរបស់លោកគ្រូអ្នកគ្រូផងដែរ។ ពិសេសនោះ គឺ​ការ​ដាក់​កិច្ចការ​ឲ្យ​សិស្ស​អនុវត្ត​ ​ឬកិច្ចការ​ប្រឡង​ជាដើម។ តាមរយៈផលប្រយោជន៍ដែលទទួលបានពីវិធីសាស្រ្តរៀន​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ ​លោក​ ឡុង​ ​ពិសី​ ​សង្ឃឹម​ថា​ ​អ្នក​សិក្សា​គ្រប់​មជ្ឈដ្ឋាន​ក្នុងសតវត្សនេះ នឹងចាប់អារម្មណ៍ពីវិធីសាស្រ្តរៀនបែបទំនើប​ដែល​វិទ្យាស្ថាន​ ​អន្តរទ្វីប​ អាមេរិកាំង​ ​បាន​ពាំនាំ​មក​នា​ពេលនេះ។ តែទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកចង់ផ្លាស់ប្តូរបរិបទសិក្សា ក៏​ដូចជា​​ចង់​​ភ្លក់​​រសជាតិ​​ថ្មី​នៃ​ការ​សិក្សា​តាម​បែប​ប្រព័ន្ធ​អនឡាញ​ ​ក៏​គួរ​តែ​ផ្តល់​ឱកាសឲ្យខ្លួនឯងបានសាកល្បង ដើម្បី​ទទួល​​យក​​បទ​ពិសោធ​​ថ្មី​​តាម​​បែប​ផែន​​ ​​ដូច​​អរិយ​​ប្រទេស​​មួយ​​ចំនួន​​លើសកលលោក៕

អ្នកគ្រូ កង ចិត្រ្តា បង្រៀនវិធីបណ្តុះសណ្តែកតាមបែបធម្មជាតិជាលក្ខណៈគ្រួសារដល់សិស្ស

អ្នកគ្រូ កង ចិត្រ្តា បង្រៀនវិធីបណ្តុះសណ្តែកតាមបែបធម្មជាតិជាលក្ខណៈគ្រួសារដល់សិស្ស

អត្ថបទ៖ តន វិបុល


ដោយកំពុងឈរពន្យល់ណែនាំកុមារតូចៗដែលជាសិស្សរបស់ខ្លួនឱ្យស្គាល់ពីផលប្រយោជន៍ ​ព្រម​ទាំង​វិធី​សាស្រ្ត​បណ្តុះ​សណ្តែក​នៅ​ក្នុង​បរិវេណ​សាលា​រៀន​ អន្តរទ្វីប អាមេរិកាំង កាលពីថ្ងៃមិញនេះ អ្នកគ្រូ កង ចិត្រ្តា យល់ឃើញ​ថា​ បំណិន​បណ្ដុះ​សណ្តែក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការពន្យល់​សិស្ស​ទាំង​អត្ថប្រយោជន៍​ និង​ពីរ​របៀបបណ្តុះ​ជាដើម។​

មុននឹងចាប់ផ្តើមបង្ហាញពីរបៀបបណ្តុះសណ្តែកដល់សិស្សានុសិស្ស អ្នកគ្រូ ចិត្ត្រា បាន​ពន្យល់​សិស្ស​ថា​ សណ្ដែក​បណ្ដុះ​ដែល​ពួក​យើង​បរិភោគ​សព្វ​ថ្ងៃ​មាន​ពីរ​ប្រភេទ។​ ទី១ គឺប្រភេទសណ្តែកបណ្តុះដាក់លក់នៅតាមទីផ្សារ​ ភាគ​ច្រើន​គឺជា​សណ្តែក​ដែល​ប្រើប្រាស់​ថ្នាំ​ឬសារ​ជាតិ​គីមី​ច្រើន។​ អ្នកគ្រូចិត្រ្តាបន្តថា សណ្ដែកបណ្ដុះប្រភេទនេះ គេប្រើពេលវេលាត្រឹមតែមួយ​យប់​ គេ​អាច​ធ្វើ​ឱ្យ​សណ្តែក​ដុះលូតលាស់​បាន​យ៉ាង​ល្អ​ និង​អាច​យក​ទៅ​​លក់​​នៅ​​ទីផ្សារ​​បាន​យ៉ាង​រហ័ស​ទៀត​ផង។​ ប៉ុន្តែ​សូម​កុំ​ភ្លេច​ថា ​ពេល​ដែល​យើង​បរិភោគ​សណ្តែក​ទាំង​អស់​​នេះ​​ហើយ​ វា​​នឹង​​ផ្តល់​​​ផល​​ប៉ះ​​ពាល់​​ដល់​​សុខភាព​​ របស់​អ្នក​បរិភោគ​មិន​ខាន ​គ្រាន់​​តែ​​យូរ​​និង​​ឆាប់​​ប៉ុណ្ណោះ។​

ចំណែកប្រភេទទី២ ជាសណ្តែកបណ្តុះដែលអ្នកគ្រូបង្រៀនរូបនេះ បានលើកមកបង្ហាញដល់កុមារតូចៗដែល​ជា​កូន​សិស្ស​របស់​ខ្លួន​ នោះ​គឺ​សណ្ដែក​បណ្ដុះ​តាម​បែប​ធម្មជាតិ​និង​ជា​លក្ខណៈ​គ្រួសារ។​ ថ្វីដ្បិតតែមិនផ្តល់ផលប៉ះពាល់ដល់សុខភាពអ្នក​បរិភោគ​ ប៉ុន្តែ​វា​ត្រូវ​ប្រើ​ពេល​វេលា​យូរ​បន្តិ​ច​ក្នុង​ការ​បណ្តុះ ពោលគឺពី៣ទៅ៤ថ្ងៃឯណោះ ហើយការលូតលាស់របស់វាក៏មិនសូវល្អដែរ។ ទោះជា​យ៉ាង​នេះ​ក្តី​ ក៏​អ្នក​គ្រូ​ចិត្ត្រា​នៅ​តែ​ព្យាយាម​ពន្យល់​ណែ​នាំ​សិស្ស​ពីរបៀបបណ្តុះសណ្តែកតាមបែបធម្មជាតិជាលក្ខណៈគ្រួសារនេះ ដោយចិត្តទុកដាក់​និង​ហ្មត់​ចត់​បំផុត។​

សូមជម្រាបជូនថា សណ្ដែកបណ្ដុះ គឺជាបន្លែឬក៏ល្បោយមួយប្រភេទដែលបណ្ដុះពេញពី​គ្រាប់​សណ្ដែក​បាយ។​ ដើម្បី​បណ្តុះ​សណ្តែក​តាម​បែប​ធម្មជាតិ​បាន​ គឺ​ត្រូវ​មាន​សម្ភារៈ​បណ្តុះ​សណ្តែក​ងាយៗ​ដែល​យើង​អាច​រក​បាន​រួម​មាន​ធុង​ ក្អ​ម​ ល្អី​ ឬក៏​ដប​ទឹក​បរិសុទ្ធ​​ជាដើម។​​ វត្ថុ​​ទាំង​​នេះ​​សុទ្ធ​​តែ​​អាច​​ដាក់​​បណ្តុះ​សណ្ដែក​បាន​ល្អ។​ ជំហាន​បន្ទាប់​ត្រូវ​យក​គ្រប់​សណ្ដែក​បាយ​ដាក់​ត្រាំ​ទឹក​កំបោរ​ក្នុង​រយៈ​ពេល​ពី​៤ទៅ​៥ម៉ោង​​សិន​​ ដើម្បី​​ឱ្យ​​គ្រប់​​សណ្ដែក​​ទាំង​​នោះ​ដុះ​​ចេញ​​មក​​ល្អ។​​ បន្ទាប់​ពីនោះ​អ្នក​ត្រូវ​ស្រង់​ចេញ​ពី​ទឹក​កំបោរ​ដោយ​លាង​ទឹក​ឱ្យ​ស្អាត​ ហើយ​ដាក់​​ផ្អាប់​​ក្នុង​​ធុង​​ ល្អី​​ ឬក៏​​ក្អម​​ដោយ​​យក​​កន្សែង​​ឬ​ក៏​​របស់​ណា​​ដែល​ជក់​ទឹក​បាន​យូរ​មក​គ្រប​ពី​លើ​​ ហើយ​​ត្រូវ​​ស្រោច​​ទឹក​​មួយ​​ថ្ងៃ​២​ទៅ៣​​ដង​​ក្នុង​​រយៈ​​ពេល​៣​​ទៅ​​៤​ថ្ងៃ​​ជា​​ការ​​ស្រេច។​​ តែ​​គួរ​​ចង​​ចាំ​​ថា​​ ឧបករណ៍​​ដែល​​ដាក់​​បណ្តុះ​​សណ្ដែក​​ដូច​ជា​​ធុ​ង​​ ក្អម​ ល្អី​​ ឬ​ក៏​​ដប​​ទឹក​​បរិសុទ្ធ​​ត្រូវ​​មាន​​ប្រហោង​​បាត​​តូច​​ល្មម​​ដែល​​អាច​​ឱ្យ​​ទឹក​​ចេញ​​បាន។​​
សូមបញ្ជាក់ជូនថា ក្រោយពីអ្នកគ្រូបង្ហាញពីរបៀបបណ្ដុះសណ្តែករួច កុមារតូចៗ​ទាំង​នោះ​ ក៏​ចាប់​ផ្តើម​នាំ​គ្នា​អនុវត្ត​ផ្ទាល់​ដោយ​មាន​ការ​ជួយ​ណែនាំ​ពី​អ្នក​គ្រូ។​ កុយ បញ្ញារតនៈ​ កុមារ​រី​ម្នាក់​ចំណោមកុមារដែលបានអនុវត្តផ្ទាល់នោះបាននិយាយទាំងក្តីសប្បាយរីក​ថា​ “ខ្ញុំ​ចេះ​បណ្តុះ​សណ្តែក​ដោយសារ​អ្នក​គ្រូ​បាន​បង្រៀន ហើយខ្ញុំនឹងយកស្នាដៃនេះទៅបង្ហាញប្រាប់ម្តាយ​ឪពុក​ប្អូន​ឱ្យ​បាន​ដឹង៕

ក្រុងបុរាណ Fenghuang

ក្រុងបុរាណ Fenghuang
អត្ថបទ៖ តន វិបុល


ក្រុង Fenghuang ជាទីក្រុងដ៏ចំណាស់មួយក្នុងរាជវង្សឈិងនិងឆីង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលល្បីល្បាញខាងទេសភាពស្រស់ស្អាតបែបធម្មជាតិនោះ មកទាល់នឹងបច្ចុប្បន្ននេះ ទីក្រុងនោះហាក់ដូចជាគ្មានអ្វីប្រែប្រួលសោះ ហើយអ្វីដែលនឹងស្មានមិនដល់នោះ គឺប្រវតិ្តសាស្រ្ត វប្បធម៌ ប្រពៃណីដ៏ផូរផង់នោះ ប្រជាជនចិនអាចរក្សាបានរាប់រយឆ្នាំ។ ពិសេសនោះ គឺសំណង់អគារសុទ្ធសឹងជាស្នាដៃនិងរចនាបថដែលសល់ពីសម័យនោះ ម្យ៉ាងផ្ទះសំបែងទាំងឡើយនៅទីនោះ ក៏ពុំកែប្រែរូបរាងដែរ ដែលមានប្រជាជនជាតិភាគតិចចិនរស់នៅជាធម្មតា។ ទំនងជាហេតុផលនេះហើយមើលទៅ ទើបទីក្រុងដ៏ចំណាស់មួយនេះ ទាក់ទាញអ្នកទេសចរណ៍ឲ្យទៅទស្សនាទីនោះឥតដាច់។

សូមជម្រាបជូនថា ទីក្រុងដែលមានអាយុកាលចំណាស់រយឆ្នាំនេះ ស្ថិតនៅទីភាគខាងលិចនៃខេត្ត Hunan ហ៊ុំព័ទ្ធដោយជួរភ្នំ និងស្ថិតនៅជាប់ដងទន្លេ Tuojiang។ បើលោកអ្នកចង់ស្គាល់រសជាតិទឹកដីសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចផ្ទះបុរាណចិនទាំងនោះ គួរតែសាកល្បងទៅលេងកម្សាន្តម្តងទៅ។

ក្រៅពីជិះទូកទស្សនាផ្ទះបុរាណ និងសម្មភាពរស់នៅរបស់ប្រជាជនចិនបុរណដែលសេសសល់មកដល់នឹងពេលបច្ចុប្បន្ននេះ ក៏នៅមានកន្លែងគួរឲ្យចាប់អារម្មណ៍ច្រើនណាស់ដែរ ដែលសុទ្ធសឹងជាកន្លែងកម្សាន្ត ដូចជាព្រះពន្លា Wengchen, ប្រាសាទ Huang Si Qiao, ព្រះវិហារបរិសុទ្ធ និងវិមាន Chao Yang ជាដើម៕

សួនមេអំបៅអង្គរ

សួនមេអំបៅអង្គរ
អត្ថបទ៖ តន វិបុល


សៀមរាប មានសួនមេអំបៅដ៏ស្រស់ស្អាតមួយ ដែលបង្កើតឡើងដោយមជ្ឈមណ្ឌលមួយស្ថិតនៅក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ប្រមាណ១៥ គ.ម ពីក្រុងសៀមរាប តាមបណ្តាយជាតិផ្លូវឆ្ពោះទៅកាន់ប្រាសាទបន្ទាយស្រី។

នៅទីនោះមានលក្ខណៈខុសប្លែកពីកន្លែងទេសចរណ៍ដទៃទៀត ត្រង់ថាទីនោះមានសត្វមេអំបៅច្រើនពាន់ប្រភេទហើរខ្វាត់ខ្វែងបង្អួតសម្រស់រួមជាមួយនឹងផ្កា គឺដើម្បីទាក់ទាញអារម្មណ៍អ្នកទេសចរជាតិ និងអន្តរជាតិឲ្យសប្បាយរីករាយជាមួយនឹងវាផងដែរ។ ក្រៅពីគយគន់មេអំបៅក្នុងទិដ្ឋភាពដ៏សែនមនោរម្យនោះហើយ អ្នកទេសចរទាំងឡាយដែលចូលមកទស្សនាក្នុងសួនមេអំបៅអង្គរនេះ ក៏អាចឈ្វេងយល់ពីរបៀបភ្ញាស់ និងចិញ្ចឹមអំបៅជាមួយនឹងអ្នកជំនាញនៅទីនោះបានយ៉ាងជិតស្និតទៀតផង។

ក៏សូមជម្រាបជូនផងដែរថា ចំពោះអ្នកចូលទៅទស្សនាសួនមេអំបៅអង្គរនោះគឺត្រូវចំណាយថវិកា២ដុល្លារ សម្រាប់កូនក្មេង និងចំណាយ៤ដុល្លារសម្រាប់មនុស្សធំ។ រាល់ថវិកាដែលទទួលបានពីការទស្សនាទាំងអស់ គឺដើម្បីមួយចំនួនផ្តល់ក្រុមការងារដែលបម្រើការនៅទីនោះជាការលើកទឹកចិត្ត និងមួយចំនួនទៀត គឺដើម្បីទ្រទ្រង់ដល់សហគមន៍ជនបទ៕

ប្រភព៖ www.angkorbutterfly.com


កុមារប្រើស្មាតហ្វូនពេលគេងបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរបំផុត

កុមារប្រើស្មាតហ្វូនពេលគេងបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរបំផុត

អត្ថបទ៖ តន វិបុល

តាមការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា ការណ៍ដែលកុមារយកពេលវេលាគេងលេងស្មាតហ្វូន គឺជាកត្តាគ្រោះថ្នាក់ដល់សុខភាពក្មេងធ្ងន់ធ្ងរបំផុត។ ព្រោះថាកុមារដែលមានអាយុ៦ឆ្នាំដល់១៣ឆ្នាំត្រូវការពេលវេលាគេង យ៉ាងហោចណាស់ក៏ចន្លោះពី៩ម៉ោងទៅ១១ម៉ោងដែរ ទើបក្មេងមានកាយរឹងមាំនិងបញ្ញាល្អ។
ជុំវិញបញ្ហានេះ តាមការសិក្សាស្រាវជ្រាររបស់ដុកទ័រ Ben Carter បានឲ្យដឹងថា៖ “ពេលវេលាសម្រាករបស់កុមារ គឺមានសារៈសំខាន់ណាស់ ព្រោះជាពេលវេលាលូតលាស់ផ្នែកសុខភាពរបស់កុមារជាចាំបាច់”។ លោកបន្តថា បើមាតាបិតា ឬក៏អាណាព្យាបាលនៅតែបណ្តោយពួកគេនោះប្រព័ន្ធការពារចុះខ្សោយ ការចងចាំមិនបានល្អ ហើយសុខភាពផ្លូវចិត្តក៏កាន់តែទ្រុឌទ្រោមផងដែរ។
ក៏សូមជម្រាបជូនផងដែរថា មិនត្រឹមតែការប្រើស្មាតហ្វូននិងថេបប្លេតពេលគេងប៉ុណ្ណោះទេ ដែលបណ្តាលឲ្យសុខភាពក្មេងទ្រុឌទ្រោម សូម្បីតែការមើលទូរទស្សន៍ កុំព្យូទ័រ ឬធ្វើលំហាត់រហូតហួសម៉ោងគេង ក៏ទំនងជាហេតុផលបណ្តាលឲ្យសុខភាពកុមារចុះខ្សោយផងដែរ៕

ឧបករណ៍​តូច​តាច​មួយ​ចំនួន​ត្រូវ​មាន​ជា​ចាំ​បាច់​ក្នុង​រថយន្ត​​

ឧបករណ៍​តូច​តាច​មួយ​ចំនួន​ត្រូវ​មាន​ជា​ចាំ​បាច់​ក្នុង​រថយន្ត​​

អត្ថបទ៖ តន វិបុល


ដ្បិតថា រថយន្តសម័យបច្ចេកវិទ្យាទំនើបយ៉ាងណាក្តី ប៉ុន្តែសម្រាប់អ្នកបញ្ជារយានយន្តទូទៅ​ ក៏មិនត្រូវមើលរំលង ឧបករណ៍ប្រើប្រាស់តូចតាចនោះដែរ ព្រោះថារបស់ទាំងនោះប្រហែលអាចជួយអ្នកបានក្នុងគ្រាចាំបាច់ណាមួយ។ ពិសេសនោះសម្រាប់អ្នកមានដំណើរផ្លូវឆ្ងាយ យ៉ាងហោចណាស់ក៏ត្រូវមានពិល បំពង់ពន្លត់អគ្គិភ័យ ខ្សែសណ្តោង ខ្សែគូវអាគុយ កញ្ចប់ជំនួយសង្គ្រោះបន្ទាន់ អាហារសម្រន់ និងឧបករណ៍ប្រើប្រាស់សំខាន់ៗដទៃទៀត ដែលអ្នកគិតថាចាំបាច់មិនអាចខ្វះបាន៕


ទំនៀម​បោក​បែន​ស្រូវ​ប្រឈម​នឹង​បាត់​រូប​រាង​

ទំនៀម​បោក​បែន​ស្រូវ​ប្រឈម​នឹង​បាត់​រូប​រាង​

អត្ថបទ៖ តន វិបុល

ដោយសម័យបច្ចេកវិទ្យារីកចម្រើន ទំនៀមបោក បែន ឬក៏បញ្ជាន់ស្រូវដោយសត្វគោ ក្របី ឬកម្លាំងមនុស្ស ដែលបន្តពីជំនាន់ដូនតា ប្រហែលជាគ្មានដូចមុនទៀតទេ បើទោះជាមាននៅក៏តិចតួចណាស់ដែរ។ ជាក់ស្តែងណាស់ សព្វថ្ងៃការប្រើកម្លាំងមនុស្សបោកបែន ឬកម្លាំងសត្វជាន់យកគ្រាប់ស្រូវចេញពីកួរនោះ បានជំនួសដោយម៉ាស៊ីនច្រូតកាត់បោកបែនបែបទំនើបវិញហើយ។
សូមជម្រាបជូនថា ទំនៀមធ្វើស្រែដែលបន្តពីដូនតានខ្មែរ បន្ទាប់ពីច្រូតកាត់ហើយ ប្រជាកសិកររមែងប្រមូលស្រូវទាំងនោះយកទៅបោក បែន ឬក៏បញ្ជាន់ដោយសត្វគោក្របី ដើម្បីយកគ្រាប់ចេញពីកួរស្រូវ។ ទោះជាយ៉ាងណាក៏ដោយ តាមទម្លាប់ខ្មែរពីដើម ពេលបោកស្រូវ គឺត្រូវប្រើឧបករណ៍តម្បៀត ឬកំនៀបដែរ គឺដើម្បីត្បៀត ឬកៀបកណ្ដាប់ស្រូវបោកលើបន្ទះក្តារឈើទ្រេត។
ចំណែកការបែនស្រូវវិញ គឺត្រូវធ្វើដោយកម្លាំងជើងជាន់បង្វិលដើម្បីបានគ្រាប់ស្រូវចេញពីកួរ វិធីនេះក៏អាចបែនកណ្តាប់ស្រូវបានដូចនឹងបោកផងដែរ គ្រាន់តែការបែនស្រូវត្រូវប្រើកម្លាំងជើងខ្លាំង ហើយយឺតជាងបោកបន្តិចប៉ុណ្ណោះ។ ក្រៅពីបច្ចេកទេសបោក និងបែន ក៏នៅមានវិធីសាស្រ្តមួយទៀតផងដែរ នោះគឺវិធីបញ្ជាន់ដោយប្រើកម្លាំងសត្វ៕

ទីសក្ការៈព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេពល្បីថាស័ក្កិសិទ្ធ

ទីសក្ការៈព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេពល្បីថាស័ក្កិសិទ្ធ

អត្ថបទ៖ តន វិបុល

អាស្រមព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេព សព្វថ្ងៃទទួលការពោញនិយមយ៉ាងខ្លាំងពីសាធារណជនទូទៅនៅក្នុងខេត្តរៀមរាប។ ជារៀងរាល់ថ្ងៃ មានក្មេងចាស់ប្រុសស្រីមិនតិចនាក់នោះទេ រមែងតែចូលទៅអុជធូបបន់ស្រន់សុំសេចក្តីសុខ។ ក្រៅពីអ្នកមានជំនឿនៅទីនោះ ក៏នៅមានអ្នកដំណើរកម្សាន្តជិតឆ្ងាយ មិនថាពលរដ្ឋខ្មែរឬក៏ជនបរទេសនោះឡើយ គឺតែងតែឆ្លៀតចូលទៅគោរពសូមពរជ័យពីព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេពដោយមានទៀន ធូប ផ្កា និងសធម៌ដូងជាដើម។ នេះដោយហេតុតែពួកគេមានជំនឿយ៉ាងមុតមាំថា ព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេពមានបុណ្យបារមីស័ក្កិសិទ្ធ។
សូមជម្រាបជូនថា បច្ចុប្បន្ន អាស្រមព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេពនៅតាមបណ្តាយផ្លូវជាតិលេខ៦ ជាប់នឹងព្រះរាជ្យដំណាកក្នុងឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប៕

អំពើ​ល្អ​ទាំង​ឡាយ​ផ្តើម​ចេញ​ពី​កតញ្ញុ​តាធម៌​​

អំពើ​ល្អ​ទាំង​ឡាយ​ផ្តើម​ចេញ​ពី​កតញ្ញុ​តាធម៌​​

អត្ថបទ៖ តន វិបុល

ដ្បិតថាបច្ចុប្បន្ននេះ មានសាលារៀនរីកដុះដាលដូចផ្សិតយ៉ាងណាក៏ដោយ ក៏ការអប់រំនៅកម្ពុជាមិនអាចផ្តាច់ចេញ​ពី​ព្រះពុទ្ធ​សាសនា​បានដែរ។ ក្នុងនោះ ព្រះសង្ឃតែងតែចេញមុខជួយអប់រំសីលធម៌និងសុជីវធម៌ដល់ពលរដ្ឋខ្មែរគ្រប់រូប ពិសេសគឺចង់ពញ្ញាក់អារម្មណ៍យុវវ័យឱ្យងាកទៅរកគន្លងសីលធម៌ សុជីវធម៌ និងមិនត្រូវភ្លេចពីគុណមាតាបិតារបស់ខ្លួននោះឡើយ។
មកដល់ចំណុចនេះ ព្រះលិខិតបញ្ញា ប៉ែន វិបុល មានដីកាថា “មូលដ្ឋានគ្រឹះនៃអំពើល្អទាំងឡាយ គឺសុទ្ធតែកើតចេញពីកតញ្ញុតាធម៌ចំពោះម្តាយឪពុក និងគ្រូអាចារ្យនេះឯង។ បើកូនៗទាំងអស់តែងតែនឹកគិតដល់គុណម្តាយឪពុក នោះគួរតែកុំប្រព្រឹត្តអំពើអាក្រក់ឱ្យមាតាបិតាពិបាកចិត្តឡើយ”។ ព្រះអង្គបន្តថា ការផ្តោតទៅលើគុណម្តាយឪពុក និងគ្រូអាចារ្យមិនត្រឹមតែជាមូលដ្ឋានគ្រឹះនៃសេចក្តីសុខប៉ុណ្ណោះទេ ហើយវាក៏ជាប្រភពនាំទៅរកជោគជ័យដទៃទៀតដែរ”។
លើសពីនេះ វាក៏អាចកែប្រែអាកប្បកិរិយា មារយាទមនុស្សពីអាក្រក់ទៅល្អតាមរយៈការពញ្ញាក់ស្មារតីពួកគេ ម្យ៉ាងវាក៏អាចផ្សារភ្ជាប់ទំនាក់ទំនងរវាងសង្គមនិងព្រះពុទ្ធសាសនាផងដែរ។ ជារួម ព្រះពុទ្ធសាសនាមានតម្លៃជាសាកល ពោលពុំមែនជានិមិត្តរូបសាសនាតែមួយមុខនោះទេ តែក៏ជានិមិត្តរូបសន្តិភាព និងជានិមិត្តរូបនាំមកភាពរីកចម្រើនដល់សង្គមទាំងមូល ក៏ដូចជាមនុស្សទូទាំងពិភពលោក។ នេះជាការបញ្ជាក់បន្ថែមរបស់ព្រះលិខិតបញ្ញា ប៉ែន វិបុល។
សូមជម្រាបជូនថា ព្រះលិខិតបញ្ញា ប៉ែន វិបុល ជាអនុប្រធាននាយកដ្ឋានពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនៅក្រសួងធម្មការ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមទ្រទ្រង់បោះពុម្ពនិងអបរំ បាននិមន្តមកសម្តែងធម្មទេសនាស្តីពី “ការដឹងគុណមាតាបិតា និងគ្រូបង្រៀន” ដល់សិស្សានុសិស្សនៃសាសារៀន អន្តរទ្វីប អាមេរិកាំង នាថ្ងៃទី៥ ធ្នូ ព្រឹកមិញនេះ៕

កោះ​សំពៅ​មាស​រំលេច​សម្រស់​កណ្តាល​ស្ទឹង​ពោធិ៍សាត់​​

កោះ​សំពៅ​មាស​រំលេច​សម្រស់​កណ្តាល​ស្ទឹង​ពោធិ៍សាត់​​

អត្ថបទ៖ តន វិបុល

កណ្តាលស្ទឹងកពោធិ៍សាត់ ខណៈទឹកប្រៀបច្រាំងបានរំលេចចេញទិដ្ឋភាពល្អប្លែកគួរទីជាគយគន់ នោះគឺ “កោះសំពៅមាស”។ កោះនេះ មានរូបរាងចម្លែកពីកោះដទៃត្រង់ថា វាមានមាឌសណ្ឋានជាសំពៅដែលអណ្តែតលើផ្ទៃទឹកកណ្តាលស្ទឹងគួរជាទីទាក់ទាញចំណាប់អារម្មណ៍ទេសចរជាតិ និងអន្តរជាតិឲ្យទៅកម្សាន្ត ហើយម្យ៉ាងទីនោះ ក៏មានសួនធម្មជាតិផងដែរ។ ពិសេសនោះ នៅពេលទឹកឡើងកោះនេះ ហាក់អណ្តែតឡើងតាមទឹកផងដែរ។
ម្យ៉ាងអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺឈ្មោះរបស់វាដែលមានប្រវត្តិទាក់ទងទៅនឹងរឿងព្រេងទៀតផង។ បើតាមអ្នកស្រុករស់នៅទីនោះបានឲ្យដឹងថា កាលពីដើមមានសំពៅធំមួយឆ្លងកាត់ទីនោះ ហើយក៏បានជាប់កឿងនៅបាត់ស្ទឹងទៅមិនរួច។ ក្រោយមកទីសំពៅជាប់គាំងនោះ បានក្លាយជាកូនកោះតូចមួយ ដែលអ្នកស្រុកសព្វថ្ងៃហៅថា “កោះសំពៅមាស” នេះឯង។
សូមជម្រាបជូនថា បច្ចុប្បន្នទីនោះ ត្រូវបានគេអភិវឌ្ឍឲ្យក្លាយទៅជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយក្នុងចំណោមតំបន់ទេសចរណ៍នានា នៅក្នុងខេត្តពោធិ៍សាត់។
ទោះយ៉ាងណា ក៏មិនភ្លេចនឹងសូមជម្រាបផងដែរថា កោះសំពៅមាសនេះមានទីតាំងស្ថិតនៅកណ្ដាលស្ទឹងពោធិ៍សាត់ ប្រមាណ១គ.ម ពីស្ពានថ្មទី១ ដោយស្ថិតនៅទាល់នឹងមុខមន្ទីរពេទ្យពោធិ៍សាត់៕

យុវសិស្សកម្ពុជាចាប់ផ្តើមចង់បន្តសិក្សានៅឯបរទេស

យុវសិស្សកម្ពុជាចាប់ផ្តើមចង់បន្តសិក្សានៅឯបរទេស

អត្ថបទ៖ តន វិបុល

បច្ចុប្បន្ននេះ បន្ទាប់តែពីកម្ពុជាបានបើកចំហជើងមេឃទៅកាន់ពិភពលោក មានសិស្ស ​និសិ្សត​មិន​តិច​នាក់​នោះ​ទេ​ ដែល​បាន​ស្រវា​ស្រទេញ​ចង់​បន្ត​ការ​សិក្សា​នៅ​ឯ​បរទេស។​ ការណ៍នេះមិនមែនជារឿងថ្មី ហើយក៏មិនមែនជារឿងចម្លែកនោះ​ដែរ​ ដែល​ពួកគេ​ចង់​បន្ត​សិក្សា​នៅ​បរទេស​យ៉ាង​គគ្រឹក​គគ្រេង​បែប​នោះ។​ មែន​ទែន​ទៅ​ កន្លងមកក៏មានសិស្ស និស្សិត បញ្ញាជន និងព្រះសង្ឃធ្លាប់បានទៅសិក្សា​នៅ​ក្រៅ​ប្រទេស​ដែរ។​ ក៏ប៉ុន្តែ​ការ​បញ្ជូន​សិស្ស​ និស្សិត​ ទៅ​បន្ត​សិក្សា​នៅឯបរទេសនាពេលកន្លងមក គឺហាក់មិនសូវទូលំទូលាយដូចសម័យបច្ចេកវិទ្យាទំនើប​នេះ​ឡើយ។​ ប្រហែល​ដោយ​សារ​តែ​​បច្ចេកវិទ្យា​ទំនើប​នេះ​ហើយ បានជាពួកគេអាចទទួលបានព័ត៌មានលម្អិតពីការសិក្សានៅបរទេសបានយ៉ាងទូលាយ ​និង​ធ្វើ​ឱ្យ​​សិស្ស​​ និសិ្សត​ កាន់​តែ​ចាប់​អារម្មណ៍​អំពី​ការ​សិក្សា​នៅ​បរទេស​យ៉ាង​សម្បើម ​រហូត​មាន​អ្នក​ខ្លះ​បាន​ស្វែង​រក​និង​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ទាំង​នោះ​ផង​ក៏មាន។
ជាយុវសិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ប្អូនប្រុស ធី ស៊ាងហោ​ មាន​គម្រោង​ចង់​បន្ត​សិក្សា​យក​ជំនាញ​ផ្នែក​វិស្វករ​នៅ​ឯ​សហរដ្ឋ​អាមេរិក​ឬអូស្រ្តាលី​ក៏បាន។​ ការសិក្សានៅឯបរទេសនេះ ជាក្តីស្រមៃរបស់ប្អូនតាំងពីកុមារភាពមកម្ល៉េះ។ ប៉ុន្តែទោះជា​យ៉ាង​ក៏ដោយ​ តាម​រយៈ​គម្រោង​បន្ត​សិក្សា​នៅ​បរទេស​របស់​ប្អូន ថ្វីដ្បិតតែគ្មានការជំទាស់ពីម្តាយឪពុកក៏ដោយ ក៏ត្រូវរង់ចាំការសម្រេចចិត្តពីពួកគាត់​សិន​ដែរ។​


ស្រដៀងគ្នានេះ ប្អូនស្រី ហេង ម៉ាឡែន ជាសិស្សសាលារៀន អន្តរទ្វីប អារមេរិកាំង ដែរនោះ ក៏មានបំណងចង់បន្តការសិក្សា​នៅ​បរទេស​ដែរ។​ ប្អូន​ស្រី​រូប​នេះ​ថា “ចំពោះខ្ញុំ ខ្ញុំក៏ចង់បន្តសិក្សានៅក្រៅប្រទេសដែរ ដើម្បីសិក្សាលើជំនាញវិជ្ជាជីវៈផ្នែកពេទ្យ និងចង់​ឈ្វេង​យល់​នូវ​អ្វី​ដែល​ថ្មីៗ​ ដូច​ជា​របៀប​រស់​នៅ​ ប្រព័ន្ធ​អប់រំ​ និង​ចង់​ផ្សព្វ​ផ្សាយ​វប្បធម៌យើងឱ្យគេបានដឹងផងដែរ”។ ចំពោះប្អូនស្រី ណា ម៉ារីយ៉ា ​ក៏​ចង់​បន្ត​សិក្សា​ជំនាញ​ច្បាប់​នៅ​បរទេស​ដែរ។​ ការ​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​នេះ​ គឺបន្ទាប់​ពី​ពួកគេ​បាន​ចូលរួម​ស្តាប់​រៀម​ច្បង​ចែក​រំលែក​បទពិសោធ​ស្តី​ពី​ការ​សិក្សា​នៅ​ឯ​បរទេស​កាល​ពី​ពេល​កន្លងទៅ។​

បើទោះជាពួកគេមានបំណងចង់បន្តសិក្សានៅក្រៅប្រទេសបែបនេះក្តី ប៉ុន្តែគេ​បាន​ដឹង​ថា ​ការ​សិក្សា​នៅ​ទីនោះ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​លើ​ការ​បង់​ថ្លៃ​សិក្សា​ លើ​ការ​ស្នាក់​នៅ​ និង​ការចាយវាយប្រចាំថ្ងៃជាដើម។ ចំណុចទាំងនេះ ពុំមែនជាឧបសគ្គសម្រាប់​សិស្ស​ និស្សិត​ដែល​ជា​កូន​អ្នក​មាន​លទ្ធភាព​ឡើយ ​​តែ​ផ្ទុយ​មក​វិញ​ វា​គឺ​ជា​ឧបសគ្គ​ដ៏ធំសម្រាប់អ្នកមានជីវភាពល្មម ឬគ្មានលទ្ធភាពគ្រប់​គ្រាន់​ ដែល​មិន​អាច​បញ្ជូន​កូន​ទៅ​បន្ត​សិក្សា​នៅ​ឯ​បរទេស​បាន។​ ដោយសារ​ការ​សិក្សា​នៅ​បរទេស​ត្រូវចំណាយថវិកាច្រើន យុវត្តី ម៉ារីយ៉ា ​ដែល​មាន​បំណង​ចង់​បន្ត​សិក្សា​លើ​ជំនាញ​ច្បាប់​បាន​​លើក​​ឡើង​​ថា​ ​“បើសិន​ជា​អាច​ ខ្ញុំ​នឹង​ទៅ​រៀន​នៅស្រុកគេ ពីព្រោះនៅទីនោះមានប្រព័ន្ធអប់រំល្អ តែអ្វីជាសំខាន់នោះគឺត្រូវការ​ថ​វិកា​​ច្រើន”។​​ ប្អូន​​ស្រី​​មាន​​តែ​ស្វែង​រក​ឱកាស​ដោយ​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ពីស្ថាប័នណាមួយនៅ​បរទេស​ និង​សុំឱ្យ​ម្តាយ​ឪពុក​ជួយ​ដល់​ប្អូន​ខ្លះៗ​ប៉ុណ្ណោះ។​ ​
សូម​ជម្រាបជូនថា បុព្វហេតុដែលជំរុញពួកគេឱ្យមានបំណងចង់បន្តសិក្សានៅបរទេស​នោះ ​គឺ​ដោយសារ​តែ​ពួកគេ​ចង់​ស្វែក​រក​ឧត្តមភាព​ក្នុង​ជីវិត​ពួកគេ។​ ម្យ៉ាង​ទំនង​ជា​ពួកគេ​ចង់​ផ្លាស់​ប្តូរពិសោធន៍ជីវិត ឈ្វេងយល់វប្បធម៌​ និងផ្នត់​គំនិត​ដែល​ធ្វើឱ្យ​សង្គមជាតិ​របស់​គេ​មាន​ការ​រីកចម្រើន​ខ្លាំង​ស្ទើរ​គ្រប់​វិស័យ​បាន។​ មិន​តែ​ប៉ុ​ណ្ណោះ មើលទៅយុវសិស្សទាំងនោះ ហាក់ស្រុះស្រួលគ្នាថា បន្ទាប់ពីពួកគេបញ្ចប់ការសិក្សានៅបរទេស​ហើយ​ ពួកគេ​នឹង​​ត្រឡប់​មក​មាតុ​ភូមិ​វិញ​ ដោយពាំនាំមកជាមួយចំណេះ​ដឹង​ និង​បទពិសោធ​មកជួយ​អភិវឌ្ឍ​សង្គមជាតិ​ខ្មែរ​ឱ្យ​មាន​ការ​រីកចម្រើន​ដូច​អរិយ​ប្រទេស​ទាំង​នោះ​ដែរ៕​

លីម​ ​សុខលីម​ ​អ្នក​ថត​រូប​អាជីព​​

លីម​ ​សុខលីម​ ​អ្នក​ថត​រូប​អាជីព​​

អត្ថបទ៖ តន វិបុល


8

ផ្តើមចេញពីអ្នកមិនសូវចូលចិត្តថតរូប ប៉ុន្តែបច្ចុប្បន្ននេះ លោកលីម សុខលីម បានក្លាយទៅជាអ្នកថតរូបអាជីពមួយរូបប្រចាំក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ទៅវិញ។ ជុំវិញបញ្ហានេះ លោកសុខលីមបានប្រាប់ឲ្យដឹងថា “ពីមុនខ្ញុំមិនចូលចិត្តថតទេ ហើយអ្វីដែលខ្ញុំស្រឡាញ់នោះគឺជំនាញសរសេរព័ត៌មាន”។ ប៉ុន្តែដោយខ្លាចគេចាប់ធ្វើទាហាន ក្រោយពីរៀនចប់ថ្នាក់ទី១០ លោកចេញពីភ្នំពេញទៅកំពង់សោម ហើយបានចាប់ដៃជាមួយនឹងបងប្អូនជីដូនមួយបើកហាងថតរូបមួយក្នុងឆ្នាំ១៩៨៧។ ពេលនោះ លោករៀនថតរូបបណ្តើរចុះអនុវត្តបណ្តើរដោយមានបងប្អូនជីដូនជាអ្នកផ្ចុងផ្តើម។ ការរកស៊ីថតរូបជាមួយនឹងបងប្អូនជីដូនមួយនាពេលនេះ គឺមិនទាន់បាន៣ឆ្នាំត្រឹមត្រូវផង លោកក៏សម្រេចចាកចេញពីទីនោះ ក៏ព្រោះតែសង្គមអសន្តិសុខ។
អ្នកថតរូបអាជីពរូបនេះបានបន្តថា រហូតដល់ឆ្នាំ២០១០ លោកក៏បានប្រលូកក្នុងវិស័យថតរូបម្តងទៀត នៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ កំលុងពេលដែលលោកបម្រើការងារនៅទីនោះ លោកមានសកម្មភាពច្រើនជាមួយនឹងការងារថតរូប មិនថានៅទីណានោះទេ ឲ្យតែជាកម្មវិធីរបស់ស្ថាប័នអប់រំមួយនេះ លោកតែងតែតាមប្រមាញ់ផ្តិតយករូបភាពទាំងនោះ។
សូមជម្រាបជូនថា ក្រៅតែពីថតរូបឲ្យស្ថាប័នអប់រំមួយនេះ តាមរយៈទេពកោសល្យ ជំនាញ និងធ្លាប់ឆ្លងកាត់បទពិសោធថតរូបយ៉ាងជោកជាំផងនោះ លោកសុខលីមបានបូជាកម្លាំងកាយចិត្តលោកក្នុងបុព្វហេតុបើកវគ្គបណ្តុះបណ្តាលមិត្តរួមការងារផងដែរ។ តាមរយៈការចែករំលែកបទពិសោធដល់ក្រុមការងារផ្នែកព័ត៌មានវិទ្យាមួយចំនួន នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានក្លាយទៅជាអ្នកមានថ្វីដៃខាងថតរូបជាច្រើនដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកលីម សុខលីម៕