ទំនៀមបោកបែនស្រូវប្រឈមនឹងបាត់រូបរាង
អត្ថបទ៖ តន វិបុល
ដោយសម័យបច្ចេកវិទ្យារីកចម្រើន ទំនៀមបោក បែន ឬក៏បញ្ជាន់ស្រូវដោយសត្វគោ ក្របី ឬកម្លាំងមនុស្ស ដែលបន្តពីជំនាន់ដូនតា ប្រហែលជាគ្មានដូចមុនទៀតទេ បើទោះជាមាននៅក៏តិចតួចណាស់ដែរ។ ជាក់ស្តែងណាស់ សព្វថ្ងៃការប្រើកម្លាំងមនុស្សបោកបែន ឬកម្លាំងសត្វជាន់យកគ្រាប់ស្រូវចេញពីកួរនោះ បានជំនួសដោយម៉ាស៊ីនច្រូតកាត់បោកបែនបែបទំនើបវិញហើយ។
សូមជម្រាបជូនថា ទំនៀមធ្វើស្រែដែលបន្តពីដូនតានខ្មែរ បន្ទាប់ពីច្រូតកាត់ហើយ ប្រជាកសិកររមែងប្រមូលស្រូវទាំងនោះយកទៅបោក បែន ឬក៏បញ្ជាន់ដោយសត្វគោក្របី ដើម្បីយកគ្រាប់ចេញពីកួរស្រូវ។ ទោះជាយ៉ាងណាក៏ដោយ តាមទម្លាប់ខ្មែរពីដើម ពេលបោកស្រូវ គឺត្រូវប្រើឧបករណ៍តម្បៀត ឬកំនៀបដែរ គឺដើម្បីត្បៀត ឬកៀបកណ្ដាប់ស្រូវបោកលើបន្ទះក្តារឈើទ្រេត។
ចំណែកការបែនស្រូវវិញ គឺត្រូវធ្វើដោយកម្លាំងជើងជាន់បង្វិលដើម្បីបានគ្រាប់ស្រូវចេញពីកួរ វិធីនេះក៏អាចបែនកណ្តាប់ស្រូវបានដូចនឹងបោកផងដែរ គ្រាន់តែការបែនស្រូវត្រូវប្រើកម្លាំងជើងខ្លាំង ហើយយឺតជាងបោកបន្តិចប៉ុណ្ណោះ។ ក្រៅពីបច្ចេកទេសបោក និងបែន ក៏នៅមានវិធីសាស្រ្តមួយទៀតផងដែរ នោះគឺវិធីបញ្ជាន់ដោយប្រើកម្លាំងសត្វ៕

No comments:
Post a Comment