វិធីសាស្រ្តរៀនសតវត្សទី២១ របស់វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង

វិធីសាស្រ្តរៀនសតវត្សទី២១ របស់វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង

អត្ថបទ៖ តន វិបុល

ថ្មីៗនេះ វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ​បាន​ពាំនាំ​វិធីសាស្រ្ត​រៀន​ភាសាអង់​គ្លេស​តាម​បែប​បច្ចេកវិទ្យា​ ទំនើប​ដ៏​ថ្មី​សន្លាង​មួយ​ពី​សហរដ្ឋ​អាមេរិក​ ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​សិស្សានុសិស្ស​របស់​ខ្លួន​សិក្សា​ភាសាអង់គ្លេស​ឲ្យ​រឹងរឹត​តែ​មាន​គុណភាព​នោះ​ គឺ​វិធីសាស្រ្ត​រៀន​ភាសា​​អង់គ្លេសតាមសៀវភៅមួយប្រភេទ ​ដែល​ក្នុង​នោះ​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ភ្ជាប់​មក​ជាមួយ​ស្រាប់​ ​ពោល​គឺ​សិក្សា​តាម​បែប​ប្រព័ន្ធ​អនឡាញ​ (Online)​ ​ដូចគ្នា​ទៅ​នឹងបណ្តាប្រទេសមួយចំនួនលើសកលលោកដែរ។ ក៏ប៉ុន្តែប្រព័ន្ធសិក្សាបែបនេះ នៅ​តាម​ស្ថាប័ន​អប់រំ​មួយ​ចំនួន​ក្នុង​ព្រះរាជាណាកម្ពុជា​ ​ប្រហែល​ទំនង​ជាពុំទាន់មានសកម្មភាពផុសផុលច្រើននៅឡើយទេ។

ជុំវិញ​បញ្ហា​ប្រព័ន្ធ​រៀន​ភាសា​អង់គ្លេស​តាមបែបបច្ចេកទេសថ្មីនេះ លោក ឡុង ពិសី នាយករងវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​នៅព្រឹកថ្ងៃអង្គារនេះថា ក្នុងសតវត្សទី២១នេះ ជា​សម័យ​ដែល​បច្ចេកវិទ្យា​កាន់​តែ​រីក​សុសសាយ​ស្ទើរ​គ្រប់​កន្លែង​ ​និង​ពាសពេញ​ពិភពលោក។​ ដោយមើលឃើញពីភាពរីកចម្រើននៃបច្ចេកវិទ្យា​ ​និង​ចង់​បោះ​ជំហាន​ឲ្យ​ទាន់​សម័យកាល​ ​វិទ្យាស្ថាន​ អន្តរទ្វីប​ ​អាមេរិកាំង​ ​បាន​ជ្រើសរើស​យក​វិធីសាស្រ្​តរៀនភាសាអង់គ្លេសតាមបែបប្រព័ន្ធបច្ចេកវិទ្យានេះ ក៏ព្រោះ​ចង់​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការ​រៀន​សូត្រ​របស់​សិស្សនុសិស្ស​ ​ដោយ​មិន​ចាំបាច់មានសៀវភៅលំហាត់ ឬក៏សៀវភៅកិច្ចផ្ទះនោះទេ។

បើ​ទោះ​ជា​បែប​នេះ​ក្តី​ ​ក៏​នៅតែទាមទារឲ្យសិស្សចេះប្រើប្រាស់អ៊ីធ័រណែតដែរ ប៉ុន្តែនាយករងរូបនេះបានលើកឡើងថា ចំណុច​នេះ​មិនមែន​ជា​បញ្ហា​ចោទ​ដល់​សិស្សានុសិស្សសម័យនេះនោះទេ ព្រោះសព្វថ្ងៃមិនថាយុវជន ឬកុមារឡើយ ភាគ​ច្រើន​ពួក​គេ​សុទ្ធសឹង​តែ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីធ័រណែត​ស្ទើរ​គ្រប់ៗ​គ្នា​ទៅ​ហើយ​​តាម​រយៈ​ស្មាតហ្វូន​ អាយផែត និងកុំព្យូទ័រជាដើម។ ​លោក​បន្ថែម​ថា​ ​វា​ហាក់​គ្មាន​អ្វី​ពិបាក​ដល់​ពួក​គេ​ទេ​ គ្រាន់​តែ​វាយ​លេខ​សម្ងាត់​ចូលក្នុងគណនីពួកគេសុទ្ធតែអាចរៀន និងធ្វើកិច្ចការដែលលោកគ្រូអ្នកគ្រូដាក់ឲ្យធ្វើបានគ្រប់កន្លែង និង​គ្រប់​ពេល​វេលា​ទាំងអស់​ ​មិន​ថា​នៅ​ទីណា​នោះឡើយ។ ទន្ទឹមនឹងគ្នានេះ វិទ្យាស្ថានអប់រំជាភាសាបរទេសមួយនេះ ក៏​បាន​បំពាក់​នូវ​កុំព្យូទ័រ​ទំនើបៗ​តាម​បន្ទប់​ ​និង​កន្លែង​សំខាន់ៗ​មួយ​ចំនួន​នៃអគារសិក្សារបស់ខ្លួន ដើម្បីឲ្យសិស្សបានអនុវត្តមេរៀន ព្រមទាំង​កិច្ចការ​ដែល​ទាក់ទង​នឹង​មេរៀន​ទាំងឡាយ​បាន​ដោយ​សេរី​ផងដែរ។​

គួរជម្រាបជូនថា ការ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​មិន​ត្រឹមតែ​ជា​បច្ច័យ​បង្ក​ឲ្យ​មាន​ភាព​រឹង​រឹត​តែ​ងាយ​ស្រួល​សិក្សា​រៀន​សូត្រ​របស់​សិស្សានុសិស្ស​នា​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ​ ម្យ៉ាងវាថែមទាំងផ្តល់អត្ថប្រយោជន៍ច្រើនដល់ការបង្រៀនរបស់លោកគ្រូអ្នកគ្រូផងដែរ។ ពិសេសនោះ គឺ​ការ​ដាក់​កិច្ចការ​ឲ្យ​សិស្ស​អនុវត្ត​ ​ឬកិច្ចការ​ប្រឡង​ជាដើម។ តាមរយៈផលប្រយោជន៍ដែលទទួលបានពីវិធីសាស្រ្តរៀន​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ ​លោក​ ឡុង​ ​ពិសី​ ​សង្ឃឹម​ថា​ ​អ្នក​សិក្សា​គ្រប់​មជ្ឈដ្ឋាន​ក្នុងសតវត្សនេះ នឹងចាប់អារម្មណ៍ពីវិធីសាស្រ្តរៀនបែបទំនើប​ដែល​វិទ្យាស្ថាន​ ​អន្តរទ្វីប​ អាមេរិកាំង​ ​បាន​ពាំនាំ​មក​នា​ពេលនេះ។ តែទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកចង់ផ្លាស់ប្តូរបរិបទសិក្សា ក៏​ដូចជា​​ចង់​​ភ្លក់​​រសជាតិ​​ថ្មី​នៃ​ការ​សិក្សា​តាម​បែប​ប្រព័ន្ធ​អនឡាញ​ ​ក៏​គួរ​តែ​ផ្តល់​ឱកាសឲ្យខ្លួនឯងបានសាកល្បង ដើម្បី​ទទួល​​យក​​បទ​ពិសោធ​​ថ្មី​​តាម​​បែប​ផែន​​ ​​ដូច​​អរិយ​​ប្រទេស​​មួយ​​ចំនួន​​លើសកលលោក៕

No comments:

Post a Comment