ទស្សនកិច្ចសិក្សាសិស្សទៅកាន់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

ទស្សនកិច្ចសិក្សាសិស្សទៅកាន់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

អត្ថបទ៖ តន វិបុល

ដំណើរទស្សនកិច្ចសិក្សាឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្រ្តវាលពិឃាដជើងឯក របស់សិស្សានុសិស្សនៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ប្រមាណជាង១០០នាក់ ដែលដឹកនាំដោយគ្រូទទួលបន្ទុកជនជាតិហ្វីលីពីន​ កាលពីថ្ងៃទី១០មករា កន្លងទៅនេះ​ប្រព្រឹត្តិទៅយ៉ាងរលូន។ ​នៅក្នុងទស្សនកិច្ចសិក្សានោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍និងកត់សម្គាល់ គឺក្រុមសិស្សានុសិស្សទាំងនោះ ពួកគេម្នាក់ៗបានយកចិត្តទុកដាក់កត់ត្រា និងស្ដាប់​បទបង្ហាញរបស់មគ្គទេសក៏យ៉ាងមានជំនក់ចិត្ត។ ជំនក់ចិត្ត ក៏ព្រោះក្រុមសិស្សទាំងនោះហាក់ស្លុងអារម្មណ៍ ចិត្តគំនិត និង  សញ្ចេតនា ទៅនឹងបទបរិយាយស្ដីពីព្រឹត្តិការណ៍ដ៏សោកនាដកម្មដែលកើតមាននៅវាលពិឃាដជើងឯក ក្នុងសម័យខ្មែរក្រហាម​ពីសំណាក់មគ្គទេសក៏ជំនាញប្រចាំនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅតាមទីតាំងប្រវត្តិសាស្ត្រប្រល័យពូជសាសន៍នីមួយៗក្នុងមជ្ឈមណ្ឌលនោះ។

គួរជម្រាបជូនថា គោលបំណងទសន្សកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក គឺចង់ឲ្យសិស្សឈ្វេងយល់ជាក់ស្ដែងបន្ថែមអំពីរឿងរ៉ាវប្រវត្ដិសាស្រ្ដក្នុងរបបខ្មែរក្រហម ដែលពលរដ្ឋប្រមាណជិត២ម៉ឺននាក់​បានសម្លាប់ និងស្លាប់នៅបឹងជើងឯកនេះយ៉ាងរង្គាល ដោយកាប់ ចាក់ បាញ់​ និងបោកទៅនឹងគល់ឈើជាដើម។ ម្យ៉ាង ក៏មានចេតនាឲ្យសិស្សបានស្គាល់ពីទីតាំងប្រវត្ដិសាស្រ្ដប្រល័យពូជសាសន៍មួយនេះដោយផ្ទាល់ភ្នែកដែរ ដែលទីតាំងនេះស្ថិតនៅប្រមាណ១៥គ.ម ប៉ែកអាគ្នេយ៍នៃរាជធានីភ្នំពេញ។ នេះជាការលើកឡើងរបស់លោក Arturo Esmeria ​គ្រូទទួលបន្ទុកក្នុងដំណើរទស្សនកិច្ចសិក្សានេះ។

ថ្លែងក្នុងដំណើរទស្សនកិច្ចសិក្សានោះ យុវតី ឈឹម ស៊ីវអាយ អះអាងថា ខ្លួនបានយល់ដឹងច្រើនអំពីរឿងហេតុការណ៍ទាក់ទិនទៅនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅជើងឯកនេះ បន្ទាប់ពីបានសង្កេតមើលទិដ្ឋភាពជាក់ស្ដែង និងស្ដាប់ការបកស្រាយរបស់មគ្គទេសក៍ជំនាញនៅទីនោះដោយផ្ទាល់ បន្ថែមទៅលើអ្វីដែលខ្លួនបានសិក្សានៅក្នុងថា្នក់។ ​ស៊ីវអាយ ពោលដោយជឿជាក់ថា ពិតជាមានការកាប់សម្លាប់សាស្រ្តាចារ្យ បញ្ញាជន និងពលរដ្ឋស្លូតត្រង់ សូម្បីកុមារតូចៗក៏ត្រូវសម្លាប់យ៉ាងរង្គាលដោយមិនលើកលែងដែរ។​ ​“មិនគួរខ្មែរសម្លាប់ខ្មែរគ្នាឯងយ៉ាងរង្គាលបែបនេះឡើយ” នេះជាសម្ដីរបស់យុវតីរូបនោះ​ស្ដែងចេញពីបេះដូង និងអារម្មណ៍ដ៏សោកសង្រេង​របស់ខ្លួន នៅពីមុខរណ្ដៅសព ចំពោះរឿងរ៉ាវដ៏ប្រល័យមួយនេះ។

​“មុនសម័យខ្មែរក្រហម ទីតាំងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះ គឺជាព្រៃចម្ការមៀន និងជាទីបញ្ចុះសពចិន តែត្រូវពួកខ្មែរក្រហមប្រែក្លាយទៅជាកន្លែងកាប់សម្លាប់មនុស្សយ៉ាងរង្គាល និងដ៏សាហាវព្រៃផ្សៃបំផុត ហើយមានពលរដ្ឋប្រមាណ១២២៧២នាក់ ត្រូវសម្លាប់នៅទីនេះ។ ប៉ុន្ដែទោះជាយ៉ាងនេះក្តី ក្រោយថ្ងៃ៧ មករា ១៩៧៩ កន្លែងដ៏ប្រល័យមួយនេះបានប្រែក្លាយទៅជាបូជនីយដ្ឋានប្រវត្តិសាស្រ្ត និងជាកន្លែងភ័ស្តុតាងនៃសោកនាដកម្មជាក់ស្តែង ដែលបង្កប់ទៅដោយឈាមស្រស់ និងទឹកភ្នែកដ៏សែនឈឺចាប់របស់ពលរដ្ឋខ្មែរទូទាំងប្រទេសមិនអាចភ្លេចបាន” នេះបើតាមការបញ្ជាក់ពីមគ្គទេសក៍ជំនាញប្រចាំការនៅទីនោះផ្ទាល់ នោះគឺលោក    ស៊ឹម កោសល្យ ៕

No comments:

Post a Comment