អ្នកគ្រូ កង ចិត្រ្តា បង្រៀនវិធីបណ្តុះសណ្តែកតាមបែបធម្មជាតិជាលក្ខណៈគ្រួសារដល់សិស្ស
អត្ថបទ៖ តន វិបុល
ដោយកំពុងឈរពន្យល់ណែនាំកុមារតូចៗដែលជាសិស្សរបស់ខ្លួនឱ្យស្គាល់ពីផលប្រយោជន៍ ព្រមទាំងវិធីសាស្រ្តបណ្តុះសណ្តែកនៅក្នុងបរិវេណសាលារៀន អន្តរទ្វីប អាមេរិកាំង កាលពីថ្ងៃមិញនេះ អ្នកគ្រូ កង ចិត្រ្តា យល់ឃើញថា បំណិនបណ្ដុះសណ្តែកមានភាពងាយស្រួលក្នុងការពន្យល់សិស្សទាំងអត្ថប្រយោជន៍ និងពីររបៀបបណ្តុះជាដើម។
មុននឹងចាប់ផ្តើមបង្ហាញពីរបៀបបណ្តុះសណ្តែកដល់សិស្សានុសិស្ស អ្នកគ្រូ ចិត្ត្រា បានពន្យល់សិស្សថា សណ្ដែកបណ្ដុះដែលពួកយើងបរិភោគសព្វថ្ងៃមានពីរប្រភេទ។ ទី១ គឺប្រភេទសណ្តែកបណ្តុះដាក់លក់នៅតាមទីផ្សារ ភាគច្រើនគឺជាសណ្តែកដែលប្រើប្រាស់ថ្នាំឬសារជាតិគីមីច្រើន។ អ្នកគ្រូចិត្រ្តាបន្តថា សណ្ដែកបណ្ដុះប្រភេទនេះ គេប្រើពេលវេលាត្រឹមតែមួយយប់ គេអាចធ្វើឱ្យសណ្តែកដុះលូតលាស់បានយ៉ាងល្អ និងអាចយកទៅលក់នៅទីផ្សារបានយ៉ាងរហ័សទៀតផង។ ប៉ុន្តែសូមកុំភ្លេចថា ពេលដែលយើងបរិភោគសណ្តែកទាំងអស់នេះហើយ វានឹងផ្តល់ផលប៉ះពាល់ដល់សុខភាព របស់អ្នកបរិភោគមិនខាន គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ។
ចំណែកប្រភេទទី២ ជាសណ្តែកបណ្តុះដែលអ្នកគ្រូបង្រៀនរូបនេះ បានលើកមកបង្ហាញដល់កុមារតូចៗដែលជាកូនសិស្សរបស់ខ្លួន នោះគឺសណ្ដែកបណ្ដុះតាមបែបធម្មជាតិនិងជាលក្ខណៈគ្រួសារ។ ថ្វីដ្បិតតែមិនផ្តល់ផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ប៉ុន្តែវាត្រូវប្រើពេលវេលាយូរបន្តិចក្នុងការបណ្តុះ ពោលគឺពី៣ទៅ៤ថ្ងៃឯណោះ ហើយការលូតលាស់របស់វាក៏មិនសូវល្អដែរ។ ទោះជាយ៉ាងនេះក្តី ក៏អ្នកគ្រូចិត្ត្រានៅតែព្យាយាមពន្យល់ណែនាំសិស្សពីរបៀបបណ្តុះសណ្តែកតាមបែបធម្មជាតិជាលក្ខណៈគ្រួសារនេះ ដោយចិត្តទុកដាក់និងហ្មត់ចត់បំផុត។
សូមជម្រាបជូនថា សណ្ដែកបណ្ដុះ គឺជាបន្លែឬក៏ល្បោយមួយប្រភេទដែលបណ្ដុះពេញពីគ្រាប់សណ្ដែកបាយ។ ដើម្បីបណ្តុះសណ្តែកតាមបែបធម្មជាតិបាន គឺត្រូវមានសម្ភារៈបណ្តុះសណ្តែកងាយៗដែលយើងអាចរកបានរួមមានធុង ក្អម ល្អី ឬក៏ដបទឹកបរិសុទ្ធជាដើម។ វត្ថុទាំងនេះសុទ្ធតែអាចដាក់បណ្តុះសណ្ដែកបានល្អ។ ជំហានបន្ទាប់ត្រូវយកគ្រប់សណ្ដែកបាយដាក់ត្រាំទឹកកំបោរក្នុងរយៈពេលពី៤ទៅ៥ម៉ោងសិន ដើម្បីឱ្យគ្រប់សណ្ដែកទាំងនោះដុះចេញមកល្អ។ បន្ទាប់ពីនោះអ្នកត្រូវស្រង់ចេញពីទឹកកំបោរដោយលាងទឹកឱ្យស្អាត ហើយដាក់ផ្អាប់ក្នុងធុង ល្អី ឬក៏ក្អមដោយយកកន្សែងឬក៏របស់ណាដែលជក់ទឹកបានយូរមកគ្របពីលើ ហើយត្រូវស្រោចទឹកមួយថ្ងៃ២ទៅ៣ដងក្នុងរយៈពេល៣ទៅ៤ថ្ងៃជាការស្រេច។ តែគួរចងចាំថា ឧបករណ៍ដែលដាក់បណ្តុះសណ្ដែកដូចជាធុង ក្អម ល្អី ឬក៏ដបទឹកបរិសុទ្ធត្រូវមានប្រហោងបាតតូចល្មមដែលអាចឱ្យទឹកចេញបាន។
សូមបញ្ជាក់ជូនថា ក្រោយពីអ្នកគ្រូបង្ហាញពីរបៀបបណ្ដុះសណ្តែករួច កុមារតូចៗទាំងនោះ ក៏ចាប់ផ្តើមនាំគ្នាអនុវត្តផ្ទាល់ដោយមានការជួយណែនាំពីអ្នកគ្រូ។ កុយ បញ្ញារតនៈ កុមាររីម្នាក់ចំណោមកុមារដែលបានអនុវត្តផ្ទាល់នោះបាននិយាយទាំងក្តីសប្បាយរីកថា “ខ្ញុំចេះបណ្តុះសណ្តែកដោយសារអ្នកគ្រូបានបង្រៀន ហើយខ្ញុំនឹងយកស្នាដៃនេះទៅបង្ហាញប្រាប់ម្តាយឪពុកប្អូនឱ្យបានដឹង៕

No comments:
Post a Comment