អំពើល្អទាំងឡាយផ្តើមចេញពីកតញ្ញុតាធម៌
អត្ថបទ៖ តន វិបុល
ដ្បិតថាបច្ចុប្បន្ននេះ មានសាលារៀនរីកដុះដាលដូចផ្សិតយ៉ាងណាក៏ដោយ ក៏ការអប់រំនៅកម្ពុជាមិនអាចផ្តាច់ចេញពីព្រះពុទ្ធសាសនាបានដែរ។ ក្នុងនោះ ព្រះសង្ឃតែងតែចេញមុខជួយអប់រំសីលធម៌និងសុជីវធម៌ដល់ពលរដ្ឋខ្មែរគ្រប់រូប ពិសេសគឺចង់ពញ្ញាក់អារម្មណ៍យុវវ័យឱ្យងាកទៅរកគន្លងសីលធម៌ សុជីវធម៌ និងមិនត្រូវភ្លេចពីគុណមាតាបិតារបស់ខ្លួននោះឡើយ។
មកដល់ចំណុចនេះ ព្រះលិខិតបញ្ញា ប៉ែន វិបុល មានដីកាថា “មូលដ្ឋានគ្រឹះនៃអំពើល្អទាំងឡាយ គឺសុទ្ធតែកើតចេញពីកតញ្ញុតាធម៌ចំពោះម្តាយឪពុក និងគ្រូអាចារ្យនេះឯង។ បើកូនៗទាំងអស់តែងតែនឹកគិតដល់គុណម្តាយឪពុក នោះគួរតែកុំប្រព្រឹត្តអំពើអាក្រក់ឱ្យមាតាបិតាពិបាកចិត្តឡើយ”។ ព្រះអង្គបន្តថា ការផ្តោតទៅលើគុណម្តាយឪពុក និងគ្រូអាចារ្យមិនត្រឹមតែជាមូលដ្ឋានគ្រឹះនៃសេចក្តីសុខប៉ុណ្ណោះទេ ហើយវាក៏ជាប្រភពនាំទៅរកជោគជ័យដទៃទៀតដែរ”។
លើសពីនេះ វាក៏អាចកែប្រែអាកប្បកិរិយា មារយាទមនុស្សពីអាក្រក់ទៅល្អតាមរយៈការពញ្ញាក់ស្មារតីពួកគេ ម្យ៉ាងវាក៏អាចផ្សារភ្ជាប់ទំនាក់ទំនងរវាងសង្គមនិងព្រះពុទ្ធសាសនាផងដែរ។ ជារួម ព្រះពុទ្ធសាសនាមានតម្លៃជាសាកល ពោលពុំមែនជានិមិត្តរូបសាសនាតែមួយមុខនោះទេ តែក៏ជានិមិត្តរូបសន្តិភាព និងជានិមិត្តរូបនាំមកភាពរីកចម្រើនដល់សង្គមទាំងមូល ក៏ដូចជាមនុស្សទូទាំងពិភពលោក។ នេះជាការបញ្ជាក់បន្ថែមរបស់ព្រះលិខិតបញ្ញា ប៉ែន វិបុល។
សូមជម្រាបជូនថា ព្រះលិខិតបញ្ញា ប៉ែន វិបុល ជាអនុប្រធាននាយកដ្ឋានពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនៅក្រសួងធម្មការ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមទ្រទ្រង់បោះពុម្ពនិងអបរំ បាននិមន្តមកសម្តែងធម្មទេសនាស្តីពី “ការដឹងគុណមាតាបិតា និងគ្រូបង្រៀន” ដល់សិស្សានុសិស្សនៃសាសារៀន អន្តរទ្វីប អាមេរិកាំង នាថ្ងៃទី៥ ធ្នូ ព្រឹកមិញនេះ៕

No comments:
Post a Comment