លីម សុខលីម អ្នកថតរូបអាជីព
អត្ថបទ៖ តន វិបុល

ផ្តើមចេញពីអ្នកមិនសូវចូលចិត្តថតរូប ប៉ុន្តែបច្ចុប្បន្ននេះ លោកលីម សុខលីម បានក្លាយទៅជាអ្នកថតរូបអាជីពមួយរូបប្រចាំក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ទៅវិញ។ ជុំវិញបញ្ហានេះ លោកសុខលីមបានប្រាប់ឲ្យដឹងថា “ពីមុនខ្ញុំមិនចូលចិត្តថតទេ ហើយអ្វីដែលខ្ញុំស្រឡាញ់នោះគឺជំនាញសរសេរព័ត៌មាន”។ ប៉ុន្តែដោយខ្លាចគេចាប់ធ្វើទាហាន ក្រោយពីរៀនចប់ថ្នាក់ទី១០ លោកចេញពីភ្នំពេញទៅកំពង់សោម ហើយបានចាប់ដៃជាមួយនឹងបងប្អូនជីដូនមួយបើកហាងថតរូបមួយក្នុងឆ្នាំ១៩៨៧។ ពេលនោះ លោករៀនថតរូបបណ្តើរចុះអនុវត្តបណ្តើរដោយមានបងប្អូនជីដូនជាអ្នកផ្ចុងផ្តើម។ ការរកស៊ីថតរូបជាមួយនឹងបងប្អូនជីដូនមួយនាពេលនេះ គឺមិនទាន់បាន៣ឆ្នាំត្រឹមត្រូវផង លោកក៏សម្រេចចាកចេញពីទីនោះ ក៏ព្រោះតែសង្គមអសន្តិសុខ។
អ្នកថតរូបអាជីពរូបនេះបានបន្តថា រហូតដល់ឆ្នាំ២០១០ លោកក៏បានប្រលូកក្នុងវិស័យថតរូបម្តងទៀត នៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ កំលុងពេលដែលលោកបម្រើការងារនៅទីនោះ លោកមានសកម្មភាពច្រើនជាមួយនឹងការងារថតរូប មិនថានៅទីណានោះទេ ឲ្យតែជាកម្មវិធីរបស់ស្ថាប័នអប់រំមួយនេះ លោកតែងតែតាមប្រមាញ់ផ្តិតយករូបភាពទាំងនោះ។
សូមជម្រាបជូនថា ក្រៅតែពីថតរូបឲ្យស្ថាប័នអប់រំមួយនេះ តាមរយៈទេពកោសល្យ ជំនាញ និងធ្លាប់ឆ្លងកាត់បទពិសោធថតរូបយ៉ាងជោកជាំផងនោះ លោកសុខលីមបានបូជាកម្លាំងកាយចិត្តលោកក្នុងបុព្វហេតុបើកវគ្គបណ្តុះបណ្តាលមិត្តរួមការងារផងដែរ។ តាមរយៈការចែករំលែកបទពិសោធដល់ក្រុមការងារផ្នែកព័ត៌មានវិទ្យាមួយចំនួន នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានក្លាយទៅជាអ្នកមានថ្វីដៃខាងថតរូបជាច្រើនដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកលីម សុខលីម៕
No comments:
Post a Comment