រឿង​ ខ្មាស​ម៉ែ​


អ្នកណា​ទៅ​ដឹង​ សម័យនេះ​ទៅ​ហើយ​ អ្នកស្រែ​រត់ចោល​ផ្ទះសំបែង​ស្ទើរតែ​ស្ងាត់​ស្រុក​ទៀត​នោះ​។ ក្នុង​ភូមិ​នី​មួយ​ៗនៅសល់​តែ​ចាស់​ៗនិង​កូន​ក្មេង​តូច​ៗប៉ុណ្ណោះ​។ មនុស្ស​ពេញកម្លាំង​ធ្វើ​ចំណាក់​ស្រុក​ទៅរៀន​ ខ្លះទៅ​ធ្វើការ​នៅ​ឯភ្នំពេញ​ជា​កន្លែង​បណ្ដុំសេដ្ឋកិច្ច​។ ខ្លះទៀត​ចំណាក់​ស្រុក​ទៅ​ធ្វើការ​ឱ្យ​គេ​នៅ​ក្រៅប្រទេស​ មាន​ថៃ​ កូរ៉េ​ ជប៉ុន​ជាដើម​។ ក្នុង​ភូមិ​ខ្ញុំ​រស់នៅ​វិញ​ អ្នក​ខ្សត់​រត់ចោលស្រុក​តាំងពី​ឆ្នាំ២០០៨ម្ល៉េះ​ ចំណែក​ឯអ្នកមាន​ជីវភាព​មធ្យម​សឹងតែ៥០​%ទៅ​ហើយដែល​រត់ចោលស្រុក​។ អ្នក​ដែល​នៅ​កំពុងតែ​រក​ច្រក​ទៅ​ដែរ​ គ្រាន់តែ​មិនដឹង​ត្រូវ​ទៅណា​។

ក្នុងចំណោម​នោះ​មាន​ខ្ញុំ​ម្នាក់​ដែរ​។ ខ្ញុំ​ឈ្មោះ​សំណាង​ ខ្ញុំ​ចេញពី​ស្រុក​ទៅ​ភ្នំពេញ​ កាលពី​ជាង១០ឆ្នាំមុន​ក្នុង​បុព្វហេតុ​ស្វែងរក​ចំណេះដឹង​។ យុវជន​ស្រ​បាល​ៗខ្ញុំ​ជា​វ័យ​កំពុង​ត្រៀមខ្លួន​បន្តវេន​ពី​មនុស្សចាស់​។ ពេល​អត់ពី​មនុស្សចាស់​ទៅ​មានតែ​យុវជន​នេះ​ហើយ​ ដែល​ជា​អ្នកស្នង​ដំណែង​ជំនួស​ពួកគាត់​។ ម្ល៉ោះហើយ​ទើប​យុវជន​ខំប្រឹង​រៀន​បង្កើន​ចំណេះ​ ជំនាញ​ និង​បច្ចេកទេស​បន្ថែម​ពីលើ​បទ​ពិសោធ​ដែល​ពួកគេ​​បានរៀនពី​មនុស្សចាស់​ ដើម្បី​ភាព​រីកចម្រើន​នៃ​សតវត្សរ៍​ថ្មី​ទៅតាម​ការ​ស្រមៃ​របស់​ពួកគេ​។ មកដល់​រាជធានី​ភ្នំពេញ​ ខ្ញុំ​នៅផ្ទះ​ជួល​ ផ្ទះ​នោះ​មានតម្លៃ២៥ដុល្លារ​ ឬស្មើរ១០ម៉ឺន​រៀល​ក្នុង​មួយ​ខែ​។ ផ្ទះ​ជួល​តម្លៃ​ប៉ុណ្ណឹង​មិនធំ​ទេ​ បើ​ប្រៀបធៀប​ទៅ​ធំជាង​រន្ធកណ្ដុរ​តែ​បន្ដិច​ប៉ុណ្ណោះ​។ ម៉ែ​ខ្ញុំ​ជា​ស្ត្រី​មេម៉ាយ​រស់នៅ​ប្រកបរបរ​ធ្វើស្រែ​ចម្ការ​ ដូច្នេះ​ខ្ញុំ​មិន​មាន​លុយ​ច្រើន​ដើម្បី​ជួស​ផ្ទះ​ល្អ​ជាង​នេះ​ឡើយ​។ ពិតមែនតែ​ម៉ែ​ជា​កសិករ​ធ្វើស្រែ​ចម្ការ​ ប៉ុន្តែ​បរិញ្ញាបត្រ៤ឆ្នាំ​នៅ​ភ្នំពេញ​ រាប់ទាំង​ការ​បង់​សាលា​ ការ​ហូបចុក​ សម្ភារៈ​សិក្សា​ ព្រមទាំង​ការ​ចំ​ណាយ​ផ្សេង​ៗមួយចំនួន​ទៀត​ គឺ​គាត់​មិន​ឱ្យ​ខ្ញុំ​ខ្វល់ខ្វាយ​ឬពិបាកចិត្ត​ឡើយ​។ យុវជន​នៅ​ម្ដុំ​តំបន់​ផ្ទះ​ជួល​ដែល​ខ្ញុំ​ស្នាក់នៅ​កំ​លុក​ពេល​សិក្សា​នោះ​ ភាគច្រើន​នៃ​ពួកគេ​មក​ពី​ខេ​ត្ត​ផ្សេង​ៗគ្នា​។ ពួកគេ​ម្នា​ក់ៗ​មិនបាន​មក​រៀនសូត្រ​ដូច​ខ្ញុំ​ទេ​ គោលបំណង​ពួកគេ​ គឺ​ធ្វើការងារ​ជា​កម្មករ​រោងចក្រ​ ឬជា​កម្មករ​សំណង់​ដើម្បី​ទំនុកបម្រុង​គ្រួសារ​។ ខ្ញុំ​សួរ​ពួកគេ​ថា​ ហេតុអ្វី​មិន​រៀន​បន្ត​ក្រែង​អាច​រក​ការងារ​ និង​បាន​ប្រាក់ខែ​សមប្រកប​ជាង​នេះ​? ចម្លើយ​ពួកគេ​បាន​រុញ​អារម្មណ៍​ខ្ញុំ​ចូល​ទៅ​ក្នុង​ស្ថានភាព​មួយ​ គឺ​មិនមែន​ពួកគេ​មិន​ចង់​រៀន​ ហើយក៏​មិនមែន​ពួកគេ​ខ្ជិល​រៀន​នោះ​ដែរ​ គឺ​មក​ពី​ស្ថានភាព​សង្គម​បង្ខំ​ពួកគេ​ឱ្យធ្វើ​បែបនេះ​។ ពួកគេ​សុទ្ធតែ​មាន​អម្រែ​នៅ​លើ​ស្មា​រៀង​ៗខ្លួន​ពិបាក​នឹង​ទម្លាក់​ចុះ​ចោល​។ អ្នកខ្លះ​ត្រូវ​ចិញ្ចឹម​ឪពុកម្ដាយ​ចាស់ជរា​ជកំពុង​មាន​ជំងឺ​ អ្នកខ្លះ​ទៀត​មាន​សភាព​យ៉ាប់​យឺន​ពិបាក​នឹង​ពិពណ៌នា​។ ខ្ញុំ​ពិតជា​សរសើរ​ស្មារតី​ពួកគេ​ណាស់​ដែល​ខំប្រឹង​តស៊ូ​ដើម្បី​ជីវិត​គ្រួសារ​បែបនេះ​។ និយាយ​នេះ​ មិនមែន​ក្នុងចំណោម​ពួកគេ​សុទ្ធតែ​ដូចគ្នា​នោះ​ទេ​។ មាន​មួយចំនួន​ទៀត​មក​ធ្វើការ​នឹងគេ​ដែរ​ តែ​មិនបាន​ខ្វល់ខ្វាយ​ពី​គ្រួសារ​ទេ​ ពេល​បើកប្រាក់ខែ​មិនដែល​ផ្ញើ​ទៅ​អ្នកផ្ទះ​ ហើយ​គិតតែ​ស៊ីចាយ​ ចូល​បា​ ខា​រា​អូខេ​ ហ៊ឹកហ៊ាក់​ វង្វេង​ក្នុង​ពិភព​កាមគុណ​។ ស្ថានភាព​ទាំងពីរ​នេះ​បាន​ពញ្ញាក់​ស្មារតី​ខ្ញុំ​ឱ្យ​ខិតខំ​រៀន​ទ្វេឡើង​ ហើយ​ចៀស​ឱ្យ​ផុត​ពី​អំពើ​អបាយមុខ​ទាំងពួង​។

ភាគច្រើន​នៃ​កូន​អ្នកស្រែ​មក​បន្ត​សិក្សា​នៅ​ភ្នំពេញ​ មាន​តិចតួច​ណាស់​ដែល​ពឹងផ្អែក​លើ​ការ​ចំណាយ​របស់​ម្ដាយ​ឪពុក​ទាំងស្រុង​។ ពួកគេ​ឆ្លៀតយក​ពេលទំនេរ​ពី​ការសិក្សា​ទៅ​ធ្វើការ​ ដោយ​ខ្លះ​ធ្វើជា​គ្រូបង្រៀន​តាម​ផ្ទះ​ ខ្លះទៀត​ធ្វើជា​អ្នក​រត់​តុ​នៅ​តាម​ភោជនីយដ្ឋាន​នា​ពេលយប់​ ដើម្បី​បាន​ប្រាក់កម្រៃ​ខ្លះ​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​ម្ដាយ​ឪពុក​ពួកគេ​។ ខ្ញុំ​ឃើញ​ពួកគេ​តស៊ូ​រៀន​ផង​ ធ្វើការ​ផង​ យ៉ាង​លំបាក​ ចំណែកខ្ញុំ​វិញ​ ទោះ​កូន​ខ្ញុំ​អ្នកស្រុក​មក​ស្រែ​ តែ​មិនបាន​ទៅ​រក​ការងារ​ធ្វើ​ដូច​ពួកគេ​ឡើយ​ ហើយ​រឹតតែ​មិនមែន​ជា​មនុស្ស​បំផ្លាញ​ ឬធ្វើ​ឱ្យ​ម៉ែ​ពុក​ទឹកភ្នែក​ទៅទៀត​។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នា​ពេលនេះ​ គឺ​ខំប្រឹង​រៀន​តែមួយមុខ​គត់​។ នៅ​ភ្នំពេញ​អ្នក​ដែល​ស្គាល់​ខ្ញុំ​ចង់​រក​ខ្ញុំ​មិន​ពិបាក​ទេ​ ទៅ​រក​នៅតែ​សាកល​វិទ្យាល័យ​ឃើញ​ហើយ​។ មួយ​ថ្ងៃ​ៗ ក្រៅពី​អង្គុយ​រៀន​ទ្រឹស្ដី​ពី​សាស្ត្រា​ចារ្យ​នៅក្នុង​ថ្នាក់​ គឺ​ទៅ​សំងំ​នៅក្នុង​បណ្ណាល័យ​ ដូច​កណ្ដុរ​នៅក្នុង​ផ្ទះ​ ឬនិយាយ​ឱ្យ​ស្រួល​ស្ដាប់​ជាង​នេះ​បន្តិច​ គឺ​ដូច​សំពត់​ក្នុង​ផ្នត់​ទៅវិញ​ទេ​។ សួរ​ថា​ ម៉េច​បាន​ដូច្នេះ​? មក​ពី​ខ្ញុំ​មិនដែល​ស្គាល់​អ្វី​ក្រៅពី​ផ្ទះ​ជួល​ និង​សាកល​វិទ្យាល័យ​... គិតទៅ​គួរ​អស់សំណើច​ដែរ​! សូម្បី​អង្ករ​ត្រី​សាច់​ដែល​ម៉ែ​ផ្ញើ​ពី​ស្រុក​មក​តាម​រថ​យន្ដ​ឈ្មួល​ គេ​ហៅ​ទៅ​យក​នៅ​ម្ដុំ​ផ្សារដើមគរ​កល់​រក​មិនឃើញ​ផង​ ខ្ញុំ​ជិះកង់​រក​ផ្សារដើមគរ​វង្វេង​ពេញ​ក្រុង​។ នេះ​បាន​ចំជា​អ្នកស្រែ​មែន​ គ្រប់គ្នា​ចំអែចំអន់​ខ្ញុំ​ “ស្រែ​ង៉ោង​!” សូម្បីតែ​ផ្សារដើមគរ​ក៏​មិន​ស្គាល់​។

ហាក់​ចម្លែក​ចិត្ត​ដែរ​ ម្នា​ក់ៗ​ថា​ខ្ញុំ​ស្រែ​ តែ​ក្នុងរង្វង់​មិត្ត​រួម​ថ្នាក់​ស្ទើរ​បាត់មុខ​អ្នកស្រែ​ម្នាក់​នេះ​មិនបាន​។ ខ្ញុំ​មិនដឹង​ពី​មូលហេតុ​ទេ​ ដឹង​ត្រឹម​ពួកគេ​ចូលចិត្ត​ខ្ញុំ​។ ពួកគេ​តែង​ទិញ​នំ​ឱ្យ​ខ្ញុំ​ហូប​ ពេល​ពួកគេ​ហៅ​ទៅ​ហូប​នំ​ម្ដង​ៗ ខ្ញុំ​មិន​ងាយ​ចេញទៅ​ហូប​ជាមួយ​ពួកគេ​ទេ​ ទោះ​ពួកគេ​ចេញលុយ​ឱ្យ​យ៉ាងណា​ ក៏​មិន​ងាយ​ចេញពី​ថ្នាក់រៀន​ទៅជាមួយ​ពួកគេ​ដែរ​។ នរណា​ហ៊ាន​ទៅ​ហូប​របស់​គេ​រាល់ពេល​នោះ​ មិន​ចេះ​ខ្មាសគេ​ទេ​ឬ សម្រាប់​ខ្ញុំ​ទោះ​មិន​ខ្មាសគេ​ ក៏​មាន​តូចចិត្ត​រអៀសខ្លួន​ឯង​ខ្លះ​ដែរ​។ ខ្ញុំ​តែងតែ​បដិសេធ​រាល់ពេល​ពួកគេ​ហៅ​ទៅ​ហូប​នំ​ចំ​ណី​ម្ដង​ៗ។ មិនមែន​ខ្ញុំ​គ្មាន​លុ​ទេ​ គ្រាន់តែ​លុយ​ខ្ញុំ​មានកំណត់​មិន​អាច​ចំ​ណាយ​ផ្ដេសផ្ដាស់​តាមទំនើងចិត្ត​ដូច​កូន​អ្នកមាន​ឡើយ​។ ការ​ស៊ីចាយ​ខ្ជះខ្ជាយ​អាច​ឱ្យ​ខ្ញុំ​រហេមរហាម​ ដូច្នេះ​នៅពេល​ខ្ញុំ​ចង់​ចំណាយ​លើ​របស់​អ្វីមួយ​ ខ្ញុំ​តែង​គិតដល់​ការ​លំបាក​របស់​ម៉ែ​ឯស្រុក​ បើ​របស់​ណា​មិន​តម្រូវការ​ចាំបាច់​ទេ​ ខ្ញុំ​មិន​ទិញ​ឡើយ​។ គេ​អាច​និយាយ​ថា​ ខ្ញុំ​ជា​មនុស្ស​គម្រិះ​ក៏បាន​ មិន​ គម្រិះ​ក៏បាន​ អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​នោះ​ គឺ​អ្នកស្រែ​មក​រៀន​នៅ​ភ្នំពេញ​ បើ​ហ៊ាន​តែ​ចំណាយ​មិន​ត្បិតត្បៀត​ទេ​ ច្បាស់ជា​ដាច់​បាយក្រៀម​ក្រពះ​ជាមិនខាន​។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​មិន​មាន​លុយ​មួយ​កាក់​មួយ​សេន​នៅក្នុង​ហោប៉ៅ​។ មុន​ទៅរៀន​ខ្ញុំ​មាន​បាយកក​មួយដុំ​ ត្រីងៀត​មួយ​កន្ទុយ​ និង​ទឹក​ទុយ​យ៉ូ​មួយ​កូន​ដប​ ហើយ​ខ្ញុំ​ជិះកង់​ទៅរៀន​។ ថ្ងៃ​ខ្លះ​ បើ​មិនបាន​ត្រឡប់​មក​ផ្ទះ​វិញ​ទេ​ ខ្ញុំ​ត្រូវ​វេចបាយ​ទៅ​ហូប​នៅ​សាលា​។ ចំណែក​លុយ​ដែល​ម៉ែ​ផ្ញើ​មក​ពី​ស្រុក​ មួយ​ផ្នែក​សម្រាប់​បង់ថ្លៃ​ផ្ទះ​ជួល​ មួយផ្នែកទៀត​ទុក​ចំណាយ​លើ​សម្ភារៈ​សិក្សា​ និង​របស់​ប្រើ​ប្រាស់​ផ្សេង​ៗសឹង​មិន​គ្រប់​ផង​។ លុយ​ដែល​ម៉ែ​ផ្ញើ​មក​ថួនល្មម​តែ​ការ​ចំណាយ​លើ​របស់របរ​ទាំងនេះ​ប៉ុណ្ណោះ​ មិន​អាច​ចំណាយ​លើស​ពីនេះ​បាន​ឡើយ​។ ដើម្បី​គេច​ពី​មិត្តភក្តិ​ដែល​ចេះតែ​ហៅ​ខ្ញុំ​ទៅ​ហូប​នំចំណី​ជាមួយ​ពួកគេ​នោះ​ ហាក់​កំពុង​រត់គេច​ចេញពី​មិត្តភាព​ដែល​ចេះតែ​មករ​កខ្ញុំ​។ ខ្ញុំ​ដឹង​ថា​ ពួកគេ​ជា​មនុស្ស​មាន​សន្ដានចិត្ត​ល្អ​ ចង់​រាប់អាន​ខ្ញុំ​ដោយ​ស្មោះ​ តែ​ខ្ញុំ​រឹតតែ​ខ្លាច​ពួកគេ​ទៅទៀត​នៅពេល​ពួកគេ​ចេះតែ​តាមខ្ញុំ​។ ខ្ញុំ​ចេះតែ​រត់គេច​ពី​ពួកគេ​ទៅ​សំងំ​នៅក្នុង​បណ្ណាល័យ​អាន​សៀវភៅ​តែម្នាក់ឯង​។ ដោយសារតែ​ការ​រត់គេច​ពី​មិត្តភាព​នេះ​ហើយ​បាន​នាំ​ខ្ញុំ​ទៅកាន់​ពិភព​ថ្មី​មួយ​ គឺ​ពិភព​ចំណេះដឹង​។ ដោយសារតែ​ការ​រត់គេច​ពី​មិត្តភាព​បាន​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​រីកចម្រើន​ឥត​ថមថយ​សោះ​ ហើយ​មិត្តភក្ដិ​រឹតតែ​ចូលចិត្ត​ខ្ញុំ​ខ្លាំង​ជាង​មុន​ទៅទៀត​។ ពី​មួយ​ពេល​ទៅ​មួយ​ពេល​ ការ​រត់គេច​ពី​មិត្តភាព​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយជា​និស្សិត​ឆ្នើម​នៅក្នុង​ថ្នាក់​។

ធ្មេច​បើក​ ធ្មេច​បើក​ ៤ឆ្នាំ​បាន​កន្លង​ផុត​ទៅ​យ៉ាង​រហ័ស​ មួយ​ប៉ប្រិចភ្នែក​ថ្ងៃ​ពិសេស​មួយ​សម្រាប់​ជីវិត​ខ្ញុំ​បាន​មកដល់​ដូច​ការ​រំពឹង​មែន​។ ថ្ងៃ​ទទួល​សញ្ញាបត្រ​ពី​នាយក​មន្ត្រី​នៅ​ឯកោះ​ពេជ្រ​ ខ្ញុំ​សង្ឃឹមថា​ ម៉ែ​នឹង​មក​ចូលរួម​ពិធី​នេះ​។ ខ្ញុំ​រីករាយ​ស្ទើរ​ហោះ​ពេល​ឮម៉ែ​សរសើរ​ខ្ញុំ​ថា​ ខ្ញុំ​រៀន​ពូកែ​ ហើយ​ទទួល​សញ្ញាបត្រ​ពី​នាយក​រដ្ឋមន្ត្រី​ផ្ទាល់ដៃ​ដូច្នេះ​ គាត់​ត្រេកអរ​ឥតឧបមា​។ បន្តិច​ក្រោយមក​ សម្ដី​បន្ទាប់​របស់​គាត់​បែរជា​និយាយ​ថា​ មិនបាន​ចូលរួម​ទៅវិញ​។ ភាព​រីករាយ​ និង​ក្ដី​សង្ឃឹម​ខ្ញុំ​ទាំងប៉ុន្មាន​បាន​រលាយ​សូន្យ​ទៅតាម​ខ្យល់​មួយរំពេច​។ ខ្ញុំ​សួរ​គាត់​ ហេតុអ្វី​បាន​អត់​មក​? គាត់​ថា​ អត់​ស្គាល់​ភ្នំពេញ​ទេ​ គាត់​ឮគេ​ថា​នៅ​ទីក្រុង​គេ​ស្លៀកពាក់​ស្អាត​បែប​ស៊ី​វី​ល័យ​ ឯគាត់​មក​ពី​ស្រុក​ជាប់​ក្លិន​ស្រែ​ ខ្លាច​បាក់មុខ​ បាត់​កិត្តិយស​ខ្ញុំ​ ឬត្រូវ​គេ​ម៉ាក់​ងាយ​ខ្ញុំ​ដោយសារ​គាត់​ខោ​មិន​ខោអាវ​មិន​អាវ​។ ខ្ញុំ​មិន​ពេញចិត្ត​នឹង​សម្ដី​គាត់​លើកឡើង​មកនេះ​ តែ​ខ្ញុំ​ក៏​មិន​ហ៊ាន​បង្ខំ​គាត់​ដែរ​ បើ​គាត់​មិន​ចង់​មក​ទៅ​ហើយ​នោះ​មានតែ​បណ្ដោយ​តាមចិត្ត​របស់​គាត់​ប៉ុណ្ណោះ​។

ក្រោយ​បញ្ចប់​បរិញ្ញា​ ខ្ញុំ​មាន​អារម្មណ៍​ស្រស់ថ្លា​ ខួរក្បាល​ល្ហែល្ហើយ​បាន​មួយ​កម្រិត​ ខ្ញុំ​មិន​ត្រឡប់ទៅ​ស្រុក​វិញ​ទេ​ ព្រោះ​ខ្ញុំ​មានការ​ងារ​ធ្វើ​ហើយ​។ ខ្ញុំ​ជា​បុគ្គលិក​ទូទៅ​នៅ​ផ្នែក​ធនធានមនុស្ស​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ឯកជន​មួយ​។ ការងារ​ខ្ញុំ​មិនសូវ​ពិបាក​ទេ​ បើ​ធៀប​ជាមួយ​ការងារ​កម្មករ​រោងចក្រ​ ឬកម្ម​ករ​សំណង់​នោះ​ ប៉ុន្តែ​ប្រាក់ខែ​ខ្ញុំ​ប្រហាក់​ប្រហែល​ ឬតិច​ជាង​ផង​ បើ​ពួកគេ​ខំប្រឹង​ធ្វើការ​ដោយ​ថែម​ម៉ោង​។ ធ្វើការ​បាន​កន្លះ​ឆ្នាំ​ ខ្ញុំ​មាន​ស្នេហា​លង់​ស្រឡាញ់​នារី​ម្នាក់​ នាង​ឈ្មោះ​ចាន់​ឌី​។ នៅកន្លែង​ធ្វើការ​ ខ្ញុំ​តែងតែ​លួចមើល​នាង​ដោយ​កន្ទុយភ្នែក​ ពេល​នាង​ក្រឡេក​ចំ​ម្ដង​ៗ ខ្ញុំ​អៀន​នាង​ឡើង​ខ្វេរ​ ខ្ញុំ​តាម​ញែ​រហូត​នាង​លង់​ស្រឡាញ់​ខ្ញុំ​។ តាំងពី​មាន​ស្នេហា​ខ្ញុំ​លែង​បាន​ផ្ញើ​ប្រាក់ខែ​ជូន​ម៉ែ​ដូចមុន​ទៀតហើយ​ គឺ​ផ្ញើ​តែ​ពាក់កណ្ដាល​នៃ​ប្រាក់ខែ​ខ្ញុំ​ប៉ុណ្ណោះ​។ ប្រាក់ខែ​ពាក់កណ្ដាល​ទៀត​ គឺ​ខ្ញុំ​យក​ទៅ​ប៉ាវ​សង្សារ​សំណព្វ​ដើម្បី​យកចិត្ត​នាង​។ បន្ទប់​ពី​ពួក​យើង​កាន់តែ​យល់ចិត្ត​យល់​ថ្លើម​គ្នា​ មិនយូរ​ប៉ុន្មាន​នាង​ទារ​សុំ​ខ្ញុំ​រៀប​ការ​ឆាប់​ៗ ទោះ​ខ្ញុំ​គ្មាន​លុយ​ ក៏​ខ្ញុំ​មិន​ហ៊ាន​ប្រាប់​ត្រង់​ទៅ​នាង​ថា​ គ្មាន​លុយ​ដែរ​។ ដោយ​ខ្លាច​គេ​ចូល​ចែចូវ​ឆក​នាង​យក​ទៅបាត់​ ខ្ញុំ​ទៅ​ខ្វះ​ខ្វៀន​ម៉ែ​ឱ្យ​រកលុយ​ការ​។ ម៉ែ​បំពេញ​បំណង​ខ្ញុំ​ដោយ​គ្មាន​ការ​បដិសេធ​ សំណើ​របស់ខ្ញុំ​ ទីបំផុត​ខ្ញុំ​បាន​រៀបការ​ជាមួយ​អូន​ចាន់​ឌីតា​មក្ដី​ប្រាថ្នា​។ យើង​ស្រឡាញ់​គ្នា​ និង​រស់នៅ​ជាមួយគ្នា​យ៉ាង​មាន​សេចក្ដីសុខ​។ បន្ទាប់ពី​រៀបការ​ហើយ​ ពួក​យើង​បានសម្រេច​ចិត្ត​រស់នៅ​ភ្នំពេញ​បន្ត​ទៀត​។ រស់នៅ​ភ្នំពេញ​យើង​មិន​មានផ្ទះ​ខ្លួនឯង​ទេ​ ដូច្នេះ​យើង​ទៅ​ជួលផ្ទះ​ថ្មី​ដែល​អាច​រស់នៅ​សមរម្យ​ជាងផ្ទះ​ចាស់​។ ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ការរស់នៅ​របស់​យើង​មិនល្អ​ប្រសើរ​ទាល់តែសោះ​ បែរជា​ដុន​ដា​បទៅៗ​។ ការ​ចំណាយ​ត្រូវ​បែងចែក​គ្រប់​ច្រកល្ហក​ ប្រាក់ខែ​មួយ​ចំណែក​ត្រូវ​បង់ថ្លៃ​ផ្ទះ​ ត្រូវ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ និង​មួយចំណែកទៀត​ត្រូវ​ចំណាយ​ទៅលើ​កូន​ ឯប្រភព​ចំណូល​រកតែ​ម្នាក់​គត់​។ ដោយ​ពិបាក​ទប់ទល់​នឹង​ជីវភាព​ប្រចាំថ្ងៃ​ពេក​ ខ្ញុំ​ក៏​សម្រេច​ទៅ​ពិគ្រោះ​ជាមួយ​ប្រពន្ធ​ ដោយ​យកកូន​ទៅ​ផ្ញើ​ម៉ែ​ឯស្រុក​មួយ​រយៈ​សិន​ ដើម្បី​ប្រពន្ធ​ខ្ញុំ​មាន​ពេល​ទៅ​ធ្វើការ​ឡើងវិញ​។ ពួក​យើង​មាន​គម្រោង​ថា​ បើ​ពួក​យើង​ធ្វើការ​ទាំងពីរ​នាក់​អាច​សន្សំ​លុយ​ទៅ​រកស៊ី​នៅ​ស្រុក​និង​អាច​រស់នៅ​ជុំ​កូន​វិញ​ហើយ​។ កូនប្រុស​ខ្ញុំ​មាន​អាយុ​មិនទាន់​មួយ​ខួប​ផង​ ត្រូវ​ឃ្លាតឆ្ងាយ​ពី​ម្ដាយ​ឪពុក​ទាំង​ក្មេងខ្ចី​។ ចំណែក​ម៉ែ​ខ្ញុំ​វិញ​ គាត់​សប្បាយចិត្ត​ណាស់​ ពេល​បាន​មើលថែ​ចៅប្រុស​ដោយ​ផ្ទាល់ដៃ​។ បាន​ម៉ែ​ជួយ​មើលថែ​កូន​ជំនួស​យ៉ាងដូច​នេះ​ ខ្ញុំ​អស់​បារម្ភ​ ហើយ​ងាក​ទៅ​ពួតដៃ​នឹង​ប្រពន្ធ​ដើម្បី​ប្រឹងប្រែង​ធ្វើការ​សន្សំ​លុយ​សឹង​មិន​ហ៊ាន​សម្រាក​។ ខ្ញុំ​តែង​ផ្ញើ​ប្រាក់ខែ​ខ្លះ​ជូន​ម៉ែ​ដើម្បី​ទិញ​ទឹកដោះ​សម្រាប់​កូន​រៀងរាល់​ខែ​។ យូរ​ៗទៅ​ ដោយសារតែ​វក់វី​នឹង​ការងារ​ផង​ ធ្វើការ​គ្មាន​ពេលសម្រាក​ផង​ ពួក​យើង​ស្ទើរតែ​ភ្លេច​កូន​នៅជា​មួយ​ម៉ែ​បាត់​ទៅ​ហើយ​។ កូន​ធំល្មម​លែង​ត្រូវការ​ទឹកដោះគោ​ ស្រប​ពេល​ដែល​យើង​មមាញឹក​នឹង​ការងារ​ភ្លេច​ផ្ញើ​លុយ​ជូន​ម៉ែ​សម្រាប់​ទំនុកបម្រុង​កូន​ ចំណែក​ម៉ែ​ក៏​ស្ងាត់​មិនឃើញ​ទំនាក់ទំនង​មក​ទៀត​។ ​;; ​;; ចាប់តាំងពី​យកកូន​ប្រុស​ទៅ​ផ្ញើ​ម៉ែ​ ពួក​យើង​មិនសូវ​បាន​ទៅលេង​ទេ​។ ក្នុង​មួយឆ្នាំ​ទៅលេង​បានតែ​ម្ដង​ ឬពីរ​ដង​ប៉ុណ្ណោះ​ គឺ​នៅ​រដូវ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ និង​រដូវ​ភ្ជុំបិណ្ឌ​។ ក្នុង​ឆ្នាំនេះ​ដោយសារ​រោងចក្រ​មាន​បញ្ហា​បុគ្គលិក​ធ្វើបាតុកម្ម​ដំឡើង​ប្រាក់ខែ​ ស្រប​ពេល​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​អាណត្តិ​ថ្មី​កៀក​មកដល់​ផង​នោះ​ ពេលនោះ​មេ​សហជីព​ហាក់​មានអំណាច​ខ្លាំង​ក្នុង​ការសម្រប​សម្រួល​អំពី​រឿង​នេះ​។ ម្ចាស់​រោងចក្រ​សុំ​ខ្ញុំ​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​បន្ថែម​ប្រាក់ខែ​ និង​ប្រាក់​លើកទឹកចិត្ត​មួយចំនួន​ដល់​ពួក​យើង​។ ខ្ញុំ​ហាក់​ត្រេកអរ​នឹង​ប្រាក់​បន្ថែម​នេះ​ ខណៈ​កម្មករ​រោងចក្រ​មួយចំនួន​កំពុង​ស្រែក​ទាមទារ​ដំឡើង​ប្រាក់ខែ​ដែរ​។ ដោយសារតែ​ស្ថានការណ៍​ប្រែប្រួល​ ខ្ញុំ​មិនបាន​ទៅលេង​កូន​ឡើយ​ ហើយក៏​មិនបាន​រវីរវល់​ដល់​ការ​ផ្ញើ​លុយ​ទៅ​កូន​ទៀត​។ ទម្រាំ​ដោះស្រាយ​បញ្ហា​នេះ​ហើយ​តែមួយ​ប៉ប្រិចភ្នែក​សោះ​មួយឆ្នាំ​កន្លង​ផុត​ទៅបាត់​។ ប្រពន្ធ​ខ្ញុំ​រំលឹក​ថា​ ខានទៅ​លេង​កូន​យូរហើយ​ ឯការ​ផ្ញើ​ប្រាក់​ជូន​ម៉ែ​ដើម្បី​ចិញ្ចឹម​កូន​ក៏​មិនបាន​ផ្ញើ​ទៅ​ដែរ​។ សម្ដី​ប្រពន្ធ​ខ្ញុំ​ហាក់​បាន​ដាស់តឿន​ឱ្យ​ភ្ញាក់​រលឹក​ឡើងវិញ​។ មែនហើយ​ ខ្ញុំ​ហាក់​ភ្លេចឈឹង​មែនហើយ​ កុំ​តែ​ប្រពន្ធ​និយាយប្រាប់​កុំអី​ភ្លេច​មែនហើយ​។ ខ្ញុំ​ប្រាប់​ប្រពន្ធ​ខ្ញុំ​ថា​ ចាំ​រដូវ​ភ្ជុំបិណ្ឌ​ក្នុង​ឆ្នាំនេះ​សឹម​ទៅលេង​ម៉ែ​ ព្រមទាំង​កូនប្រុស​យើង​ ព្រោះ​ខានទៅ​លេង​ជិត​ពីរ​ឆ្នាំ​ហើយ​។ និយាយ​ហើយ​ ពួក​យើង​បាន​ត្រៀម​លុយ​កាស​ រួម​ទាំង​របស់​ប្រើប្រាស់​មួយចំនួន​ផង​ ដើម្បី​យក​ទៅ​ជូន​ម៉ែ​។ ខ្ញុំ​និយាយ​ជាមួយ​គាត់​ថា​ មុន​ភ្ជុំ​ធំ​បី​ថ្ងៃ​ ខ្ញុំ​ទៅ​ស្រុក​ជួប​ម៉ែ​ហើយ​ មាន​ទាំង​របស់របរ​ប្រើប្រាស់​មួយចំនួន​ទៅជាមួយ​សម្រាប់​ជូន​ម៉ែ​ផង​។ ពេលថ្ងៃ​ឈប់សម្រាក​មកដល់​ប្រពន្ធ​ខ្ញុំ​បែរជា​មាន​ជំងឺ​ជា​ទម្ងន់​ ខ្ញុំ​មិន​អាច​ទៅលេង​ស្រុក​តាម​ពាក្យសន្យា​បាន​ឡើយ​ ហើយក៏​មិន​អាច​ផ្ញើ​ប្រាក់​ជូន​ពួកគាត់​ដែរ​។ ខ្ញុំ​ប្រាប់​គាត់​ថា​ ភ្ជុំ​នេះ​មិនបាន​ទៅលេង​ទេ​ ហើយក៏​មិនបាន​ផ្ញើ​ប្រាក់​ទៅ​ដែរ​ ព្រោះ​ប្រពន្ធ​ឈឺ​ត្រូវការ​ប្រាក់​មើលជំងឺ​គាត់​ជាចាំបាច់​ ម្យ៉ាង​មិនដឹង​ថា​ ត្រូវ​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ​គាត់​អស់​ប៉ុន្មាន​នៅឡើយ​ទេ​។ ពេលនោះ​ម៉ែ​និយាយ​ថា​ មិន​អី​ទេ​កូន​! នៅ​មើលថែ​ប្រពន្ធ​ឱ្យ​ជាសះស្បើយ​សិន​ទៅ​ ចាំ​ចូលឆ្នាំ​ថ្មី​សឹម​មកលេង​ក៏បាន​ដែរ​ ចំណែក​កូនប្រុស​របស់​ឯង​នៅជា​មួយ​ម៉ែ​កុំបាច់​បារម្ភ​អី​ ឥឡូវ​វា​ធំ​ហើយ​ វា​ឆ្លាត​ណាស់​ ម៉ែ​អាច​មើលថែ​វា​បាន​។

ឮសម្ដី​ម៉ែ​និយាយ​បែបនេះ​ ខ្ញុំ​ហាក់​ធូរស្រាល​ចិត្តជា​ពន់ពេក​។ ក្រោយ​ជាសះស្បើយ​ពី​ជំងឺ​ ពួក​យើង​បាន​ចាប់ផ្ដើម​សន្សំ​លុយ​ជាថ្មី​ ហើយ​រង់ចាំ​ពេលវេលា​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មកដល់​នឹងអាល​ទៅ​ជួប​មុខ​កូន​ជាទីស្រឡាញ់​ដែល​ខាន​ឃើញ​មុខ​គ្នា​ជាង​ពីរ​ឆ្នាំ​មកនេះ​។ កាន់តែ​កៀក​ថ្ងៃឈប់​សម្រាក​ ខ្ញុំ​កាន់តែ​នឹកដល់​កូនប្រុស​បណ្ដូលចិត្ត​ កាន់តែ​នឹក​ម៉ែ​..។ ពេល​កំពុង​នៅលើរថយន្ត​ក្រុង​ ខ្ញុំ​រឹតតែ​អន្ទះអន្ទែង​ចង់​ជួប​ពួក​គា​ត់​ភ្លាម​ៗស្ទើរ​ទ្រាំមិនបាន​ទៅ​ហើយ​។ ខ្ញុំ​ចេះតែ​ក្រឡេក​មើល​នេះ​មើល​នោះ​ ដើម្បី​បន្លប់​ភាព​អន្ទះអន្ទែង​ តែ​ភាព​ស្រងេះ​ស្រងោច​កាន់តែ​ចូល​មក​សណ្ឋិត​ក្នុង​អារម្មណ៍​ខ្ញុំ​ទ្វេឡើង​។ អារម្មណ៍​ខ្ញុំ​ហាក់​មើលឃើញ​ពួកគាត់​កំពុងតែ​អង្គុយ​ទន្ទឹង​ចាំ​ខ្ញុំ​មុខ​ផ្ទះ​យ៉ាង​អន្ទះ​សារ​ដូច​ខ្ញុំ​កំពុង​ចង់​ជួប​ពួកគាត់​យ៉ាង​ដូច្នោះ​ដែរ​។ ពេល​ខ្ញុំ​ទៅដល់​ផ្ទះ​ភ្លាម​ ខ្ញុំ​មិនឃើញ​ពួកគាត់​អង្គុយ​រង់ចាំ​ខ្ញុំ​ដូច​អារម្មណ៍​ខ្ញុំ​ស្រមើស្រមៃ​នោះ​ទេ​ ផ្ទះ​មាន​សភាព​ស្ងាត់ជ្រងំ​ មិនដឹង​ពួកគាត់​ទៅណា​។ ខ្ញុំ​ទៅ​រក​នៅ​ចម្ការ​ក្រោយផ្ទះ​ ក៏​មិនឃើញ​ពួកគាត់​។ អ្វី​ដែល​ខ្ញុំ​ឃើញ​នោះ​ គឺ​ដីចម្ការ​ត្រូវ​គេ​ធ្វើ​របង​ព័ទ្ធ​ជិតឈឹង​។ ពេល​សួរ​អ្នកជិតខាង​ទើប​ដឹង​ថា​ ម៉ែ​ទៅ​វត្ត​។ ដោយអំណាច​នឹក​កូន​ពេក​ ខ្ញុំ​មិនបាន​សួរនាំ​អ្វី​ច្រើន​ទេ​ ភ្លាម​នោះ​ខ្ញុំ​ទៅ​រក​គាត់​នៅ​វត្ត​ ហើយ​ឃើញ​គាត់​កំពុង​រុញ​រទេះ​លក់​លៀស​ហាល​។

ពុទ្ធោ​ម៉ែ​! ម៉ែ​កំពុង​រុញ​រទេះ​លក់​លៀស​ហាល​ក្រោម​កម្ដៅថ្ងៃ​ហួតហែង​។ ឯកូនប្រុស​ខ្ញុំ​លើ​ធ្នើរ​ក្រោម​រទេះ​បិទ​ភ្នែក​ក្នុង​សភាព​យ៉ាង​ស្ងប់ស្ងាត់​។ ពេលនោះ​ខ្ញុំ​សន្ទុះ​ទៅ​រក​គាត់​ ហើយ​លត់​ជង្គង់​គោរព​សំពះ​ម៉ែ​ទាំង​ទឹកភ្នែក​ដោយ​មិន​ខ្វល់​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​ចោម​មើល​ ខ្ញុំ​និយាយ​៖
-ម៉ែ​... ហេតុអ្វី​ធ្លាក់ខ្លួន​យ៉ាង​ដូច្នេះ​? ខ្ញុំ​សង្វេ​កចិត្ត​ណាស់​... ម៉ែ​មកវិញ​ដោយមាន​ការ​ភ្ញាក់ផ្អើល​ក្នុងចិត្ត​ជា​ខ្លាំង​។
-មានរឿង​អី​កូន​ ក្រោក​ឡើង​មក​សឹម​និយាយ​គ្នា​
-បាទ​ម៉ែ​!
ខ្ញុំ​ក្រោកឈរ​ជូត​ទឹកភ្នែក​កំពុង​រលីងរលោង​យ៉ាង​ខ្លោចចិត្ត​ អាណិត​អ្នកម៉ែ​ និង​កូនតូច​របស់ខ្ញុំ​កំពុង​លង់លក់​លើ​ធ្នើ​ក្រោម​រទេះ​លៀស​ហាល​។ ខ្ញុំ​និយាយ​ទាំង​អួល​ដើមក​នូវ​សំណួរ​ដដែល​ ដោយ​កាយវិការ​អោន​លើ​អាតូច​កូន​ខ្ញុំ​ពីក្រោម​រទេះ​មក​ដាក់លើ​ស្មា​ទាំង​វា​មមិងមមាំង​ វា​ខ្លាច​ហើយ​យំ​។ ម៉ែ​មិន​ឆ្លើយនឹង​សំណួរ​ខ្ញុំ​ទេ​ គាត់​យក​អាតូច​ពី​ខ្ញុំ​ ហើយ​ឱ្យ​ខ្ញុំ​រុញ​រទះ​លៀស​ហាល​ទៅផ្ទះ​ជាមួយ​គាត់​។ ពួក​យើង​ដើរ​បណ្ដើរ​និយាយ​គ្នា​បណ្ដើរ​៖
-កូន​ឃើញ​ទេ​ ខានមក​លេង​កូន​យូរ​ពេក​ ឥឡូវ​សូម្បីតែ​មុខ​កូន​ឯង​មិន​ចាំ​ផង​។
-មែនហើយ​ម៉ែ​ ខ្ញុំ​មិនដឹង​ថា​ម៉ែ​ធ្លាក់ខ្លួន​ដល់​ម្ល៉ឹង​ទេ​
-មិន​អី​ទេ​កូន​គ្រាន់តែ​ប៉ុណ្ណឹង​! ម៉ែ​អាច​ធ្វើ​បាន​ ម៉ែ​ធ្វើ​ដោយ​រីករាយ​...

ខ្ញុំ​ជជីកសួរ​គាត់​ គាត់​បែរជា​និយាយពីនេះពីនោះ​បន្លប់​ទៅវិញ​។ ទោះ​គាត់​ខំ​និយាយល្អ​យ៉ាងណា​ ប៉ុន្ដែ​ខ្ញុំ​ពិតជា​ចង់​ដឹង​ខ្លាំង​ណាស់​ ហេតុអ្វីបានជា​គាត់​ធ្លាក់ខ្លួន​ដល់​ដំណាក់កាល​នេះ​ដោយ​មិន​ប្រាប់​ខ្ញុំ​មួយម៉ាត់​។ កាលពី​ខ្ញុំ​នៅ​កុមារភាព​ ថ្វីបើ​គ្រួសារ​យើង​ក្រ​មិន​រហេមរហាម​រក​អង្ករ​ច្រក​ឆ្នាំ​មិនបាន​ដល់​ម្ល៉ឹង​ទេ​។ យើង​មាន​ដីស្រែ​មាន​ដីចម្ការ​គួរសម​ដែល​អាច​ចញ្ចឹម​ខ្លួន​រស់​ដោយ​មិន​លំបាក​។  ​កាលពី​តូច​ខ្ញុំ​ឃើញ​ម៉ែ​ពុក​ធ្វើ​តែ​ស្រែចម្ការ​នឹង​គោក្របី​។ ជី​ដាក់​ស្រែ​ប្រើ​តែ​អាចម៍គោ​អាចម៍ក្របី​ ស្រូវ​ផ្លែ​បាក់​កងាប់​ចោល​។ ពួក​យើង​រស់នៅ​មានអី​ស៊ី​ហ្នឹង​ មិន​ខ្វល់ខ្វាយ​ថ្ងៃស្អែក​។ នៅ​កៀន​ផ្ទះ​មាន​ស្លឹកគ្រៃ​ នៅ​ក្រោយផ្ទះ​មាន​ត្រឡាច​ រនោង​ ត្រប់​ នៅក្នុង​អណ្តូង​មាន​ត្រី​មាន​កង្កែប​ចង់ស៊ី​ថ្មើរ​ណា​បាន​ថ្មើរ​នោះ​ នៅមុខ​ផ្ទះ​មាន​ស្លឹក​ងប់​ ឆ្ងាយ​ពី​ផ្ទះ​ប្រហែល​ពីរ​គីឡូ​មាន​បឹង​អាច​ដាក់មង​ចង​សន្ទូច​ចាប់ត្រី​។ បើ​និយាយ​ពី​ឧស​ដុត​វិញ​រឹតតែ​មិន​ភ័យ​ទៅទៀត​ គ្រាន់តែ​ដើរ​ពី​ចម្ការ​ ឬពី​ស្រែ​ទៅដល់​ផ្ទះ​រើស​មែក​ឈើ​ងាប់​ៗដាក់លើ​រទេះ​ទុក​ដុត​មិន​ខ្វះ​។ ដល់​រដូវ​ធ្វើស្រែ​ យើង​ស្ទើរតែ​មិន​ស្គាល់​ថា​ អ្វីទៅ​ជា​ថ្លៃ​ឈ្នូល​ថ្លៃ​ជួល​ដៃ​ស្ទូង​ផង​។ យើង​ម្នា​ក់ៗប្រ​វះ​ដៃ​គ្នា​ ម្តង​គេ​ ម្តង​យើង​ មិនបាច់​អស់​លុយ​ទេ​។ អ្នកស្រែ​ធ្វើស្រែ​មួយឆ្នាំ​តែ​បី​ទៅ​បួន​ខែ​ ហើយ​សម្រាក​ប្រាំពីរ​ទៅ​ប្រាំបី​ខែ​ តែ​អាច​ចិញ្ចឹម​កូន​ទាំង​ផ្លូន​រស់​បាន​ដោយ​មិនឃើញ​មាន​អ្នកណា​ម្នាក់​អត់ឃ្លាន​នោះ​ទេ​។

និយាយ​មកដល់​ចំណុច​នេះ​ ស្រាប់តែ​ម៉ែ​សួរ​ខ្ញុំ​ថា​ របៀបរបប​រស់នៅ​ទីក្រុង​យ៉ាងម៉េច​ដែរ​? ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ អ្នកក្រុង​ឃើញ​អ្នកស្រែ​រស់នៅ​ទំនេរ​ប្រាំពីរ​ទៅ​ប្រាំបី​ខែ​ក្នុង​មួយឆ្នាំ​ដូច្នេះ​ គេ​គិតថា​ អ្នកស្រែ​ល្ងង់​ហើយ​ខ្ជិល​ទៀត​។ ចំណែក​អ្នក​រស់នៅ​ក្រុង​វិញ​ ទាំង​គេ​ ទាំង​ខ្ញុំ​ មួយ​ថ្ងៃ​ៗរវល់​ខំប្រឹង​ធ្វើការ​រកតែ​ពេល​ទៅ​ជុះអាចម៍​គ្មាន​។ អ្នកក្រុង​មើលឃើញ​ខ្លួនឯង​គ្រាន់បើ​ជាង​អ្នកស្រែ​ជានិច្ច​ ពួកគេ​ហាក់​ភ្លេច​គិតថា​ អង្ករ​បន្លែ​ត្រី​សាច់​ដែល​ពួកគេ​ស៊ី​ គឺ​បាន​មក​ពី​អ្នកស្រែ​។ ទេ​! មិនមែនទេ​ គឺ​បាន​មក​ពី​យួន​...
-មិនមែន​តែ​អ្នកក្រុង​ទេ​ សូម្បី​ម៉ែ​និង​អ្នកភូមិ​នេះ​ក៏​ស៊ី​របស់​យួន​ដែរ​។ ខ្ញុំ​សួរ​៖
-យើង​មាន​ដីស្រែ​មាន​ដីចម្ការ​ ហេតុអ្វី​ទៅ​ស៊ី​របស់​យួន​?
-មិនមែន​ខ្មែរ​ចង់ស៊ី​របស់​យួន​ទេ​ ដោយសារ​សង្គម​ប្រែប្រួល​ អង្ករ​បន្លែ​ត្រី​សាច់​ប្រែក្លាយ​ជា​ថ្នាំពុល​ គឺ​ចាប់ពី​អ្នកស្រុក​លក់​ដី​រត់ចោល​ស្រែ​អស់​ម្ល៉េះ​។ ដីស្រែ​ដីចម្ការ​របស់​យើង​ ម៉ែ​លក់​ឱ្យ​គេ​អស់ហើយ​...
-ម៉ែ​លក់​... ម៉េច​បាន​លក់​?

ម៉ែ​អេះអុញ​មិន​ចង់និយាយ​ ដោយសារ​ខ្ញុំ​ចេះតែ​ជជីកសួរ​ខ្លាំងពេក​ គាត់​ក៏​សម្រេច​លាតត្រដាង​អាថ៌កំបាំង​ដែល​គាត់​លាក់​ទុកជា​ច្រើន​ឆ្នាំ​ប្រាប់​ខ្ញុំ​ទាំងទើសទាល់​។ ម៉ែ​ប្រាប់​ថា​ ម៉ែ​មិន​ចង់​លក់​ទេ​ គឺ​ដោយសារតែ​កាលៈទេសៈ​បង្ខំ​។ អ្នកភូមិ​ផង​របង​តែមួយ​គេ​លក់​អស់ហើយ​ បើ​អ្នក​ដែល​មាន​ដីស្រែ​នៅ​ម្ដុំ​យើង​ គេ​លក់​អស់ហើយ​ ដូច្នេះ​ម៉ែ​ត្រូវតែ​លក់​ ដើម្បី​ចៀសវាង​មាន​បញ្ហា​ទៅ​ថ្ងៃមុខ​។ ម្យ៉ាងទៀត​ បើ​ម៉ែ​មិន​លក់​ម៉ែ​មាន​លុយ​ពីណា​ឱ្យ​ឯង​រៀន​។ ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ៤ឆ្នាំ​ ម៉ែ​លក់​គោឈ្មោល​មួយ​នឹម​ មេគោ​មី​ត្នោត​មួយ​ និង​ស្រែ​មួយ​កន្លែង​។ ក្រោយ​កូន​រៀនចប់​ ម៉ែ​ចង់ទៅ​ចូលរួម​ពិធី​ទទួល​សញ្ញាបត្រ​របស់​កូន​ណាស់​ តែ​ពេលនោះ​ម៉ែ​ដាច់​លុយ​ស្ទើរតែ​រក​អង្ករ​ច្រក​ឆ្នាំង​មិនបាន​ទៅ​ហើយ​។ ម្ល៉ោះហើយ​ម៉ែ​ចេះតែ​រក​លេស​និយាយ​គេចវេស​ពី​ការចូលរួម​ពិធី​ទទួល​សញ្ញាបត្រ​របស់​កូន​ទៅ​។ ដីស្រែ​ពីរ​កន្លែង​ទៀត​ ម៉ែ​លក់​យក​លុយ​ការកូន​ឯង​ ចំណែក​ដីចម្ការ​ក្រោយផ្ទះ​ ម៉ែ​លក់​បង្ហើយ​នៅពេល​កូនប្រុស​របស់​កូន​ឯង​ឈឺ​។ វា​ឈឺ​បន្ទាប់ពី​មក​នៅជា​មួយ​ម៉ែ​បាន​ប្រហែល​ជាង​មួយ​ខែ​។ ដោយ​មិន​ចង់​រំខាន​ឯង​ ព្រោះ​ម៉ែ​ដឹង​ថា​ ឯង​មិនទាន់​មាន​លុយ​ ទើប​មិនបាន​ប្រាប់​ឱ្យ​ដឹង​ខ្លាច​ប៉ះពាល់​ដល់​ការងារ​។ នេះ​ជាដើម​ចម​ដែល​ធ្វើ​ឱ្យ​ម៉ែ​ដើរ​រុញ​រទេះ​ដើរ​លក់​លៀស​ហាល​។ ការ​លះបង់​របស់​ម៉ែ​ចំពោះ​កូន​ ម៉ែ​មិន​ស្ដាយក្រោយ​ទេ​។

ឮសម្ដី​ម៉ែ​រៀបរាប់​ទាំងប៉ុន្មាន​ធ្វើ​ឱ្យ​ទឹកភ្នែក​ខ្ញុំ​ស្រក់​ចុះ​ពោរពេញ​ដោយ​ភាព​ឈឺចាប់​ និង​ភាព​អៀនខ្មាស​។ ខ្ញុំ​មិន​អាច​កែប្រែ​ស្ថានការណ៍​ឱ្យ​ប្រសើរ​ក្រៅពី​ខ្ទប់មុខ​ខ្មាស​ម៉ែ​។ ខ្មាស​ត្រង់​ម៉ែចិញ្ចឹម​បីបាច់​ថែរក្សា​ខ្ញុំ​ធំ​ពេញរូបពេញរាង​ហើយ​ ការប្រពន្ធ​ឱ្យ​ហើយ​ ដើរ​លក់​លៀស​ហាល​ចិញ្ចឹម​កូន​ឱ្យ​ទៀត​។

ឃើញ​សភាព​ខ្ញុំ​បែបនេះ​ ម៉ែ​យក​ដៃ​អង្អែ​ខ្នង​ខ្ញុំ​ ហើយ​ប្រាប់​កុំឱ្យ​ខ្ញុំ​ឈឺចាប់​ពេក​ នរណា​ក៏​ដូច​នរណា​ ស្រុក​គេ​ក៏​ដូច​ស្រុក​យើង​ នៅសល់​តែ​មនុស្សចាស់​ និង​កូន​ក្មេង​តូច​ៗប៉ុណ្ណោះ​ ដែល​នៅចាំ​ស្រុក​ ចំណែក​មនុស្ស​ពេញកម្លាំង​គេ​ចេញពី​ស្រុក​ទៅ​ធ្វើការ​នៅ​ឆ្ងាយ​ៗដូចគ្នា​។ ចាស់​ៗជំនាន់​មុន​ ធ្វើ​តែ​ស្រ​នឹង​គោក្របី​អាច​ចិញ្ចឹម​កូន​ទាំង​ផ្លូន​បាន​ ចំណែក​សម័យ​ឥឡូវ​នាំរត់​ចោលស្រុក​របៀប​ប៉ាត់​រប៉ាយ​ ទៅ​ធ្វើការ​ឆ្ងាយ​ផ្ទះ​ មានកូន​តែមួយ​សោះ​មិន​អាច​ចិញ្ចឹម​ដោយខ្លួនឯង​បាន​...

ថ្ងៃទី២៨ ធ្នូ ២០១៩


ពេលយើងក្រខ្សត់

 ​ ​ ​ ​ ​ ​ ​ ​ ​ ​ពេល​យើង​ក្រខ្សត់​គ្មាន​ឋានៈ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ប្រៀប​ដូច​អា​ខ្វាក់​និង​អា​ខ្វិន​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​គេ​ជិះជាន់​ត្រឡប់ត្រឡិន​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ជីវិត​តឿ​ក្រិន​កប់ភក់​ជ្រាំ​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ពេល​យើង​ក្រខ្សត់​គេ​មើលងាយ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ជួន​គេ​ពេបជ្រាយ​ខុស​លំនាំ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ត្រូវ​គេ​តិះដៀល​ដោយ​ពាំនាំ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​សម្ដី​ឆ្គង​ឆ្គាំ​បញ្ឈឺចិត្ត​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ពេល​យើង​ក្រខ្សត់​គេ​បោកប្រាស់​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ទោះ​ក្មេង​ឬ​ចាស់​មិន​អាណិត​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ជញ្ជក់​ញើស​ឈាម​ដល់​ក្រៀម​ស្វិត​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ខ្លួនឯង​ល្ហៃ​ល្ហិត​បង់​ទទេ​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ពេល​យើង​ក្រខ្សត់​គេ​ឈប់​រាប់​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​សម្ដី​លែង​គាប់​អភ័ព្វ​ទ្វេ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ឬ​ត្រូវ​ទៅ​ពឹងពាក់​លើ​គេ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​បើ​ឥតមាន​កេរ​កុំ​រំពឹង​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ទំនុក​ខ្លី​ហា​ស្ដីការ​ពិត​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ពី​រឿង​ជីវិត​បាត់​លំនឹង​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ឧក​ញ៉ាម៉េ​ង​លី​គិត​ជញ្ជឹង​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​បើ​រឹងទទឹង​មិនព្រម​រៀន​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ជីវិត​យើង​ច្បាស់ជា​លំបាក​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​បន្ត​តោកយ៉ាក​ក្រ​អត់ឃ្លាន​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ក្រ​ចំណេះ​ត្រូវ​គេ​បំពាន​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​វិជ្ជា​ជា​ស្ពាន​ឈាន​ផុត​ក្រ​៕​


​ដោយ​ ​តន​ ​វិបុល​ ​៧​ ​វិច្ឆិកា​ ​២០១៩​ ​

ក្បត់​មិនបាន​



​ផ្អាក​ឈប់​ឆ្លងឆ្លើយ.​ ​ក្រោយ​ងូតទឹក​ហើយ.​
​ត្រូវ​ទៅ​ហូបបាយ​. ​ដើម្បី​ជីវិត.​
​គំនិត​ស្រស់ស្រាយ​. ​ខួរក្បាល​រសាយ​
​សប្បាយ​កាយ​ចិត្ត​។​

​ម្ដេច​ខកបំណង.​ ​ជីវិត​វេញ​ក្រង.​
​ចង​គ្មាន​អាណិត.​ប្រឹងប្រែង​លើស​ទ្វេ.​
​ត្រូវ​គេ​រឹតត្បិត.​ ​បង្ខំ​ឱ្យ​ផិត​
​ពីចិត្ត​ស្នេហា​។​

​ឱ្យ​ក្បត់​ម្ដេច​បាន.​ ​ទោះបី​ក្ស័យ​ប្រាណ.​
​ចាក​ឋាន​លោកា​. ​ក៏​មិន​បោះបង់​. ​
ស្មោះត្រង់​អាត្មា. ​ជឿជាក់​ចិន្ដា​
​ស្គាល់​ច្បាស់​ខ្លួនឯង​។​

​១១​ ​០៩​ ​២០១៩​

ពាក្យអប់រំកូនតាក្របីយាយគី

ទី១​ ​ការ​មិន​គោរព​ខ្លួនឯង​
​ទី២​ ​ការ​មិន​គោរព​អ្នកដទៃ​
​ទី៣​ ​ការ​មិន​គោរព​ម៉ោង​ពេល​
​ជន​ណា​ម្នាក់​មានទម្លាប់​អនុវត្ត​នូវ​គោលការណ៍​ទាំង​បី​នេះ​ ​គេ​នឹង​អស់ជំនឿ​ ​លែង​រាប់អាន​ ​លែងទុកចិត្ត​ចំពោះ​អ្នកនោះ​ទៀតហើយ​។​ ​គោលការណ៍​នេះ​សំខាន់ណាស់​នៅក្នុង​មុខរបរ​រក​ទទួល​ប្រចាំថ្ងៃ​។​

ពាក្យអប់រំកូនតាក្របីយាយគី

ឱ្យ​តែ​កូន​តស៊ូ​គង់តែ​រស់​ទេ​ ​ទោះបី​ការ​រស់​នោះ​លំបាក​បន្ដិច​ក្ដី​ ​តែ​ការ​រស់​ដោយ​កម្លាំង​ខ្លួនឯង​ ​មានរឿង​អ្វី​ត្រូវ​ខ្មាសគេ​ ​មានរឿង​អី​ខ្លាច​គេ​មើលងាយ​ ​មានរឿង​អី​ត្រូវ​ពិបាកចិត្ត​។​ ​បើ​កូន​មិន​ចង់បាន​ជីវិត​ពិបាក​វេទនា​ដូច​ពូជ​ជិនវង្ស​ទេ​ ​ទាល់តែ​កូន​ឆ្លាត​ពាក្យពេចន៍​ ​ឆ្លាត​រាងកាយ​ ​ឆ្លាត​រូបភាព​ ​ឆ្លាត​អន្តរ​បុគ្គល​ ​និង​ឆ្លាត​ឯ​ក្ក​ត្ត​បុគ្គល​បូករួម​ផង​ទើបបាន​ទៅរួច​។​ ​

រឿងកំប្លែងអីដូចជាមិនកំប្លែងផង

ថ្ងៃមួយ ខ្ញុំបានជួបនឹងមិត្តខ្ញុំម្នាក់ វាមានងារជាស្ថាបត្យករជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុនឯកជនមួយ ។ ការងាររបស់វារកលុយបានសម្បើមណាស់ ហើយសព្វថ្ងៃវាកំពុងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញស្ថាបត្យកម្ម។ គ្រាន់តែឃើញខ្ញុំភ្លាម ហើយមិនទាន់បានពោលពាក្យស្វាគមន៍ផង ស្រាប់តែវានិយាយបែបចំអកឱ្យថា ជំនាញយ៉ាងគរគោកមិនទៅរៀន មករៀនអីភាសាវិទ្យា អាជំនាញហ្នឹងគេសឹងតែលែងត្រូវការហើយហ្នឹង ហើយភាសាខ្មែរឥឡូវ ក៏មិនឃើញមានអ្វីជាបញ្ហាចោទដែរ។ អាជំនាញហ្នឹងបានតែគរុសិស្ស ឬគ្រូទេបានសម មុខដូចអ្ហែងមិនដឹងជាទៅរៀនធ្វើអីទេ នាំតែខាតប្រាក់ ខាតវេលាទៅទទេៗ។ 😳😳😳

ដោយសារតែខ្មាសនឹងសម្ដីវាពេក ខ្ញុំមិនបានតប់ទៅវិញភ្លាមៗទេ បើខ្ញុំនិយាយថា ការរៀននេះដោយសារតែស្រឡាញ់ពេញចិត្តនាំតែវាចំអកឱ្យថាគ្រាន់តែជាលេសលើកទឹកចិត្តខ្លួនឯងប៉ុណ្ណោះ ព្រោះអីអ្វីដែលវានិយាយនេះមិនខុសពីស្ថានភាពក្នុងសង្គមបច្ចុប្បន្នឡើយ។

បន្ទាប់ពីដំអក់បន្តិច ខ្ញុំបាននិយាយថា អ្ហែងកុំនិយាយចឹងមើលអ្ហាស៎! អញដូចជាខ្លាចដល់ហើយ ព្រោះអីកាលពីយប់មិញ អញយល់សប្តឃើញខ្លួនអញរកការងារធ្វើមិនបានហើយត្រូវយមបាលនាំមកយកទៅឋាននរកទៀត គឺយកអញឱ្យទៅបង្រៀនអ្ហែងដែលអត់ចេះអត់យល់អំពីភាសានិងអក្សរសាស្ត្រជាតិខ្លួនឯង🎃😀😆😅។

ពេលទៅដល់ឋានរក យមបាលប្រាប់អញថា បើភាសានិងអក្សរខ្មែរគ្មានតម្លៃទេ តើចាំបាច់អីរាជរដ្ឋាភិបាលបង្កើតឱ្យមានក្រុមប្រឹក្សាជាតិភាសាខ្មែរធ្វើអី?

សំណូមពរមួយ

មនុស្ស​ក្នុង​លោក​នេះ​ ​នរណា​ក៏​ស្រឡាញ់​ទឹកដី​ ​ស្រឡាញ់​ប្រទេសជាតិ​របស់​ខ្លួន​ដែរ​ ​ហើយ​ការ​ស្រឡាញ់​នោះ​មានហេតុ​ផល​ផ្សេង​ៗ​គ្នា​ ​ខ្លះ​ស្រឡាញ់​ដោយចង់​ឱ្យ​ប្រទេសជាតិ​រីកចម្រើន​ពិ​តៗ​ ​ខ្លះទៀត​ស្រឡាញ់​ដោយ​ប្រយោជន៍​។​

​កាល​ប៉ុន្មាន​ថ្ងៃមុន​ ​ខ្ញុំ​មិន​ចាំ​ថា​នៅ​ថ្ងៃណា​ទេ​។​ ​ខ្ញុំ​ឮគេនិយាយ​ថា​ ​នរណា​ធ្វើអ្វី​ក៏ដោយ​ ​គឺ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ឯង​តែ​ទាំងអស់​ ​គឺ​មិនមែន​ដើម្បី​ប្រយោជន៍​រួម​ទេ​។​ ​តើ​មនុស្សយើង​សុទ្ធតែ​សារជាតិ​ដូច្នេះ​តែ​ទាំងអស់​មែន​ឬ​?​

​ផ្អែក​តាម​សង្គមវិទ្យា​ ​អ្នក​ដែល​និយាយ​ ​ឬ​លើកឡើង​មក​បែបនេះ​ ​គឺជា​មនុស្ស​នោះ​រស់នៅ​ក្នុង​សង្គម​ដែល​មើលឃើញ​តែ​រូបភាព​បុគ្គលនិយម​ឬបុគ្គល​បឺត​ឈាម​ក្រុម​ ​សង្គម​ ​រហូត​ឈាន​ដល់​ការ​បឺត​ឈាម​ជាតិ​ ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ជាង​នេះ​ទៅទៀត​ ​ការ​បឺត​ឈាម​នេះ​ ​ដំបូង​កើត​ចេញពី​បុគ្គល​ក្នុង​ក្រុម​ ​បន្ទាប់មក​ក្រុមក្នុង​ក្រុម​ ​ហើយ​បន្ទាប់មក​ទៀត​ ​គឺ​បុគ្គល​ក្នុង​សង្គម​ ​និង​ក្រុមក្នុង​សង្គម​។​ ​ក្រុម​ចុងក្រោយ​នេះ​ ​ពួកគេ​មាន​បទដ្ឋាន​រួមគ្នា​ ​ហើយ​ពួកគេ​ខិតខំ​ការពារ​ឧត្តមគតិ​ ​ផលប្រយោជន៍​ ​និង​តម្លៃ​របស់​ក្រុម​ពួកគេ​ ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​បើ​ប្រយោជន៍​ក្រុម​ត្រូវ​បាត់បង់​ ​មានន័យថា​ ​ប្រយោជន៍​ផ្ទាល់ខ្លួន​ក៏​បាត់​បង​ដែរ​។​ ​ប៉ុន្តែ​បុគ្គល​ប្រភេទ​នេះ​ ​ពេលខ្លះ​សុខចិត្ត​ធ្វើខ្លួន​ជា​ដង្កូវ​នៅក្នុង​សាច់​ ​ដើម្បី​បាន​ភាគលាភ​ពី​ក្រុម​ដទៃ​។​

​បើ​យើង​ពិតជា​ស្រឡាញ់​ជាតិសាសន៍​យើង​មែន​ ​ចូរ​ឈប់​ធ្វើខ្លួន​ជា​ឈ្លើង​ពួន​សម្ងំ​បឺត​ជញ្ជក់ឈាម​ជាតិ​ទៀត​ទៅ​ ​ជាពិសេស​ឈប់​ធ្វើខ្លួន​ជា​មាន់ជល់​ដែល​ជល់​តែ​ជាតិសាសន៍​ឯង​ទៀត​ទៅ​ ​តើ​បានទេ​?​

ព្រះរាជ​បណ្ដាំ​របស់​អតីត​ព្រះមហាក្សត្រ​សម្ដេចព្រះ​បាទ_នរោត្តម_សីហនុ​

​អតីត​ព្រះមហាក្សត្រ​ ​សម្ដេចព្រះ​បាទ​នរោត្តម​ ​សីហនុ​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​បាន​យាង​ចូលទិវង្គត​អស់​រយៈពេល៧ឆ្នាំ​ហើយ​។​

​កាល​ព្រះអង្គ​គង់នៅ​មាន​ព្រះជន្ម​ ​ព្រះអង្គ​មាន​ព្រះរាជ​បណ្ដាំ​មួយចំនួន​ ​ក្នុង​នោះ​គឺ​សុំ​ឱ្យ​ខ្មែរ​ទាំងអស់​ចេះ​សាមគ្គី​គ្នា​ ​រួបរួម​កសាងជាតិ​ជា​ធ្លុងមួយ​ ​ជៀស​ឱ្យ​ផុត​ពី​ការ​បែកបាក់​គ្នា​។​ ​ប៉ុន្តែ​ព្រះរាជ​បណ្ដាំ​នេះ​ត្រូវ​បាន​សាធារណជន​មើលឃើញ​ថា​ ​ហាក់​មិន​មាន​អ្នកនយោបាយ​មាន​ឆន្ទៈ​ពិតប្រាកដ​ ​ឬ​យកចិត្ត​ទុកដាក់​អនុវត្ត​តាម​នោះ​ទេ​។​

​ខ្មែរយើង​ខ្លាំង​ ​ខ្មែរយើង​រឹងមាំ​ ​គឺ​នៅពេល​ខ្មែរយើង​សាមគ្គី​ ​និង​មាន​សីលធម៌​ក្នុង​ខ្លួន​ច្បាស់លាស់​។​ ​ដូច​ចម្រៀង​ប្រជាប្រិយ​ខ្មែរយើង​បាន​ច្រៀង​ថា​ ​ពេល​មួយ​សត្រូវ​ប្រទូស្ដ​រ៉ា​យ​ ​ខ្មែរ​គ្រប់​កាយ​ក្រោក​ស្វាគមន៍​សាមគ្គី​ ​សឹកសង្គ្រាម​ឈាម​ដាប​ធរណី​ ​ដើម្បី​ជីវី​និង​ប្រទេសជាតិ​យើង​។​

​សាមគ្គី​រស់​ ​បែកបាក់​សាមគ្គី​ស្លាប់​ ​គឺជា​អត្ថន័យ​ពិត​របស់​ខ្មែរ​ ​តែ​ឥឡូវ​ភាពរឹងមាំ​ ​ភាព​ខ្លាំង​ ​ភាព​សាមគ្គី​របស់​ខ្មែរយើង​ទៅណា​បាត់​ហើយ​។​

រៀន​ ​រៀន​ ​រៀន​.​.​!​!​!​

​រៀន​ឈរ​រៀន​ដើរ​រៀន​រត់​រៀន​ញ៉ាំ​
​រៀន​រិះ​រៀន​ថាំ​រៀន​សោក​រៀន​ស្ដាយ​
​រៀន​លី​រៀន​សែង​រៀន​ដោះ​រៀន​ស្រាយ​
​រៀន​ត្រួស​រៀន​ត្រាយ​រៀន​ប្រឹងរៀន​ប្រែង​។​

​រៀន​លើក​រៀន​ដាក់​រៀន​កោត​រៀន​ក្រែង​
​រៀន​ចាត់​រៀន​ចែង​រៀន​ស្នាល​រៀន​ស្និទ្ធ​
​រៀន​រាប់​រៀន​អាន​រៀន​នែប​រៀន​និត្យ​
​រៀន​ប្រៀ​ងរៀ​នប្រិ​ត​រៀន​ត​រៀន​ស៊ូ​។​

​រៀន​អៀន​រៀន​ខ្មាស​រៀន​គិត​រៀន​គូរ​
​រៀន​កិច្ច​រៀន​ព្យូហ៍​រៀន​ស្មោះ​រៀន​ស័​គ្រ​
​រៀន​ផ្ចិត​រៀន​ផ្ចង់​រៀន​ទុក​រៀន​ដាក់​
​រៀន​ឆ្លៀត​រៀន​ឆ្លាក់​រៀន​កែ​រៀន​ច្នៃ​។​

​ដោយ​ ​ឌី​ខាំ​ ​ញ៉ាញ់​ ​១៦​ ​តុលា​ ​២០១៨​

ស្រះស្រង់​ទី​រលឹក​

ស្រះស្រង់​ដែល​ធ្លាប់​ជាប់ជំពាក់​

​ប្រៀប​ដូចជា​ធ្នាក់​ទាក់ចិត្ត​នឹក​

​គ្រាមុន​ហួតហែង​សែន​រលឹក​

​ព្រួយ​ភ័យ​ពន្លឹក​ដួង​ព្រលឹង​។​

​បារម្ភ​ស្រះ​ខ្លាច​គេ​បោះបង់​

​ទុក​ឱ្យ​ក្រញង់​ឱ្យ​ស្ងាត់ឈឹង​

​គ្រានេះ​បែរ​ប្រែ​មាន​ទីពឹង​

​ស្រះស្រង់​រំពឹង​ទឹកជា​ថ្មី​។​



​២០១៩.១០.២៧​

កត្តា​​ដែលនាំ​ឱ្យ​ក្រ​ ​គេ​មើលងាយ​ ​ជិះជាន់​ ​ជាដរាប​

 ​ ​ ​ ​ ​ ​ ​ ​ ​ ​មនុស្ស​រស់នៅ​ក្នុង​សង្គម​.​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ខ្វះ​ការអប់រំ​អវិជ្ជា​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​មិន​ខ្នះខ្នែង​ស្វះស្វែង​ការងារ​.​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ជីវិត​ខ្ជីខ្ជា​ចង់​ធូរស្រាល​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​បងប្អូន​រួម​ផ្ទៃ​ម៉ែ​តែមួយ​.​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ក្នុង​គ្រា​ទុក្ខ​ព្រួយ​មិន​ឈឺឆ្អាល​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ប្រកាន់​ខ្ជាប់​ទម្លាប់​ខុសកាល​.​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​សក់​អ្នកណា​ក្បាល​អ្នកនោះ​ស្រាយ​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​អ្នកខ្លះ​ត្រូវ​ដោះ​បំ​ណ​ល់​គេ​.​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​មិន​មាន​ទេ​កេរ​ទាំងឡាយ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​មាន​តែ​បំ​ណ​ល់​លស់​ជាប់​កាយ​.​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​បន្តពី​កម្ដាយ​ឬ​ឪពុក​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ខ្លះ​មិន​ខ្វល់ខ្វាយ​ពី​ជីវិត​.​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ស៊ីចាយ​មិន​គិតរក​ដាក់​ទុក​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​​បាន​ស៊ី​ បាន​ចាយ ​គ្មាន​ទំនុក​.​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​តទៅ​ថ្ងៃមុខ​ជា​យ៉ាងណា​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ខ្លះមាន​ជំងឺ​ឈឺ​ជាប់​កាយ​.​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ទុក្ខ​ឥត​រសាយ​ស្ទើរ​មរណា​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​រំខាន​កូនចៅ​ថែរក្សា​.​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​រក​ទៅ​ធ្វើការ​ណា​មិនបាន​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ខ្លះ​រស់​ក្នុង​សង្គម​អាប់អួ​.​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ជីវិត​ហ្មង​មួ​ជ្រួល​ពេញ​ប្រាណ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​គិត​ល្បែង​ផឹកស៊ី​លេងកម្សាន្ត​.​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​សង្គម​ឥតស្រាន្ត​ល្បែ​ស្រី​ស្រា​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ទាំងនេះ​គ្រាន់តែ​ជា​សម្ដី​.​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ផ្ញើ​ជូនប្រុសស្រី​គិត​ពិ​ចារ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​នូវ​ហេតុ​នាំ​ឱ្យ​ក្រ​កាយា​.​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ម៉េ​ង​លី​ឧកញ៉ា​ថា​ដូច្នេះ​៕​


​ដោយ​ ​តន​ ​វិបុល​ ​៣១​ ​តុលា​ ​២០១៩​ ​

ទុក្ខ​ទារុណ​បញ្ញើក្អែក​

 ​ ​ ​ ​ ​ ​ ​ ​ ​ ​នរណា​ខ្លះ​ច្បាស់​ពី​តម្លៃ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​រុក្ខ​ក្រាស់ក្រៃ​ដុះ​ធម្មតា​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ខុសប្លែក​តែ​ខ្ញុំគេ​មុសា​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​តិះដៀល​រុក្ខា​ឥត​ល្ហែល្ហើយ​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ខ្ញុំ​ជា​រុក្ខា​បញ្ញើក្អែក​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​មិន​ហ៊ាន​ប្រកែក​គៃ​ជាតិ​ឡើយ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​កំណើត​មានទោស​រួច​ទៅ​ហើយ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ទុក្ខ​នេះ​គ្មាន​ស្បើយ​រឹត​រួម​កាយ​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​មាន​រួចហើយ​សារជាតិ​អប្រិយ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ហេតុ​ម្ដេច​ប្រុសស្រី​ញាតិ​ទាំងឡាយ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​លាប​ពណ៌​ទុក្ខសោក​ក្ដៅក្រហាយ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ពីលើ​រូបកាយ​ខ្ញុំ​ថែមទៀត​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​តន​ ​វិបុល​ ​៨​ ​វិច្ឆិកា​ ​២០១៩​

ពាក្យអប់រំកូនតាក្របីយាយគី

កុំ​ទាន់​ជឿ​ត្រចៀក​ដែល​គ្រាន់តែ​បាន​ស្ដាប់ឮ​ ​
កុំ​ជឿ​ភ្នែក​ដែល​គ្រាន់តែ​បាន​មើលឃើញ​ ​
សូម​ជឿ​លើ​ការពិចារណា​ដែល​មានហេតុ​ផល​ត្រឹមត្រូវ​

បរិយាយអតីតមិត្តវិទ្យាល័យ

អាឡោះអាល័យ​. ​មិត្ត​វិទ្យាល័យ​
​ថ្ងៃ​ដែល​បែកគ្នា​. ​ឃ្លាតឃ្លា​រូបកាយ​
​ព្រាត់​ឆ្ងាយ​វេលា​. ​ចិន្ដា​នឹកនា​
​អស់​គ្រា​ចងចាំ​។​

​ប្រាយ​ប្រាប់​វេលា​. ​ថ្ងៃ​ដែល​បែកគ្នា​
​អស់​ជាច្រើន​ឆ្នាំ​. ​ខ្លះ​ចេញ​រកស៊ី​
​អាជីវកម្ម​. ​ខ្លះទៀត​ធ្វើ​ឆ្មាំ​
​ធ្វើ​គ្រូធ្វើ​ស្មៀន​។​

​ខ្លះ​ធ្វើ​ពលករ​. ​ខ្លះ​កសិករ​
​កម្មករ​ទាហាន. ​ខ្លះ​ធ្វើ​ទេព្យ​រោគ​
​រក្សា​គិលាន​. ​ខ្លះទៀត​ដល់​ហ៊ាន​
​ធ្វើការ​ស្រុក​គេ​។​

​នេះ​គឺ​រឿង​ពិត. ​រឿង​បណ្ដាមិត្ត​
​កើតកើន​លើស​ទ្វេ​. ​ព្រោះតែ​ជីវិត​
​ចិត្តគិត​រិះរេ​. ​ឆ្លៀតពេល​ទំនេរ​
​ជុំ​ជួប​កល្យាណ​។​

១៣ វិច្ឆិកា ២០១៩

ត្រឹមតួល្ខោន​អាយ៉ង​ដូច​បង​

មេឃ​ខ្មៅ​ងងឹត​. ​ប្រៀប​ដូច​ជីវិត​
​ធ្មេច​ចោល​លោកា. ​បង​រលត់​ទៅ​
​អូន​នៅ​សង្ខា​. ​ឃុំគ្រង​បុត្រា​
​ជំនួស​បង​ផង​។​

​មាន​រូប​មានទុក្ខ​. ​កាល​រស់​ជាប់គុក​.​
​គេ​រុក​ចាប់ចង​. ​ចោទ​បង​ថា​ខ្មាំង​.​
​ប្រឆាំង​ក្រោយខ្នង​. ​ដូច​តួ​អាយ៉ង​
​បង​អ្នក​សម្ដែង​។​

​តួអង្គ​ឡប់ឡែ​.​ ​ហួងហែង​ហួរ​ហែ​.​
​ហែក​តែ​ជាតិ​ឯង. ​ម្តង​បង​តួយក្ស​.​
​អារក្ស​កោតក្រែង​. ​ម្ដង​ត្រូវ​កំប្លែង​
​ល្បែង​គេ​ញាក់​លេង​។​

​សម្រែក​ពី​ក្នុង​.​ ​ស្រមោល​ប្លុង​ៗ​.​
​ស្របតាម​សំឡេង. ​តួយក្ស​មូរ​មី​.​
​វក់វី​តាម​ភ្លេង​.​ ​បោក​រាស្រ្ត​ចាស់​ក្មេង​
​វង្វេង​កណ្ដោច​។​

​តួល្ខោន​ដូច​បង​.​ ​ស្រស់ស្រី​នួនល្អង​.​
​បង​ស្លាប់​ជា​ខ្មោច​. ​មិនទាន់​អស់ចិត្ត​.​
​ដាម​ដិត​ប្រយោជន៍​.​ ​ស្លាប់​ឈ្មោះ​អា​សោច​
​ឆបោក​រាស្ត្រ​ខ្លួន​។​

ធ្វើបច្ចុប្បន្នភាព កំណាព្យ «ខោអាវចាស់»

                    ​ខោអាវ​ស្អាង​ស្អិត​បិទបាំង​កាយ​

                    ​ល្អក់​គន់​ឆើតឆាយ​តាម​បន្លាស់​

                    ​គ្រប់គ្នា​ត្រូវការ​មិន​អាច​ខ្វះ​

                    ​ស្លៀកពាក់​ប្ដូរផ្លាស់​តាម​ចិន្តា​។​

                    ​កាល​នៅ​ថ្មីស្អាត​មានតម្លៃ​

                    ​កាត់​ទិញ​តថ្លៃ​ពីទី​ផ្សារ​

                    ​ដ្បិត​គេ​ចាំបាច់​ត្រូវ​ប្រើការ​

                    ​សង្គម​មនុស្សា​ខ្វះ​ពុំ​បាន​។​

                    ​គេ​ស្លៀក​ ​គេ​ពាក់​ ​គេ​បោកអ៊ុត​

                    ​ខោអាវ​ទក់​ពត់​ខ្ទេចខ្ទី​ប្រាណ​

                    ​ទោះ​ឆ្នាំងអ៊ុត​ក្តៅ​ហួសប្រមាណ​

                    ​ក៏​ស៊ូទ្រាំ​បាន​ឲ្យ​ប្រើប្រាស់​។​

                    ​មិនយូរ​ខោអាវ​ខកបំណង​

                    ​ក្រោយ​ចាស់​ប្អូន​បង​ប៉ង​ប្តូរ​ផ្លាស់​

                    ​គេចមុខ​ចេញពី​ខោអាវ​ចាស់​

                    ​សល់​តែ​បំណះ​ម្ចាស់​លា​ចិត្ត​។​

មិនដឹងកំហុស

បណ្ដា​អ្នក​ជោគជ័យ​ក្នុង​ជីវិត​ប្រាប់​ឱ្យ​គ្រប់គ្នា​រៀន​ពី​កំហុស​ ​ហើយ​មិន​ត្រូវ​បណ្ដោយ​ឱ្យ​មាន​កំហុស​សាជាថ្មី​ ​ឬ​ត្រូវ​កែប្រែ​កំហុស​នោះ​ឱ្យទៅ​ជា​ប្រយោជន៍​ ​ប៉ុន្ដែ​អ្វី​ដែល​សំខាន់​ ​គឺ​មិនដឹង​ខ្លួន​មាន​កំហុស​ ​ឬ​មើល​មិនឃើញ​ពី​កំហុស​ខ្លួនឯង​.​.​.​

កុំទុកចិត្ត_ឬត្រូវទុកចិត្តមនុស្ស

​ពិភពលោក​ចេះតែ​ក្រឡាប់ចាក់​ឥត​ឈប់ឈរ​ ​គឺ​មក​ពី​មនុស្ស​មិន​ទុកចិត្ត​មនុស្ស​។​ ​នៅ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ ​ដោយសារតែ​មនុស្ស​មិន​ទុកចិត្ត​មនុស្ស​ហ្នឹងហើយ​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​មានការ​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ​ ​សូម្បី​ទារក​មិនដឹង​អី​ក៏​ត្រូវ​គេ​សម្លាប់​ដែរ​។​

​មួយទៀត​ ​គេ​សង្កេតឃើញ​អ្នកខ្លះ​បាន​ទុកចិត្ត​គ្នា​យ៉ាង​សម្បើម​ ​សម​ណា​តែ​ផ្ដល់​សេចក្ដីសុខ​ ​និង​ភាព​រីកចម្រើន​ ​តែ​សេចក្ដីទុកចិត្ត​នោះ​បែរ​ដាក់​ទុក្ខទោស​លើ​អ្នកនោះ​ទៅវិញ​។​ ​នេះ​ក៏ដោយ​សារ​ដៃគូ​នៃ​ភាគី​ម្ខាងទៀត​យល់ថា​ ​ម្នាក់​នោះ​មិនបាន​ទុកចិត្ត​ខ្លួន​ពិតប្រាកដ​។​

​ខ្លះទៀត​ទុកចិត្ត​គ្នា​ទៅវិញទៅមក​តែ​ចំពោះមុខ​ប៉ុណ្ណោះ​ ​តែ​នៅ​ក្រោយខ្នង​មាន​លាក់​កាំបិត​ពូ​ថៅ​រៀង​ៗ​ខ្លួន​ ​ហើយ​ប្រើ​ល្បិច​នោះ​ដើម្បី​ផ្ដួល​រលំ​ដៃគូ​ដែល​ទុកចិត្ត​តែ​នឹង​មាត់​នោះ​។​

​កាលពីយប់មិញ​ ​មិនដឹងជា​អារក្សអ្នកតា​មក​ពីណា​ទេ​ ​បាន​មក​ពន្យល់​សប្ត​ថា​ ​ពេលខ្លះ​មនុស្ស​ ​ទោះ​ស្មោះត្រង់​យ៉ា​ណា​ក៏​មិន​ត្រូវ​ទុកចិត្ត​គេ​ខ្លាំងពេក​ដែរ​ ​ព្រោះ​តាម​ទ្រឹស្ដី​ចិត្តវិទ្យា​ ​បាន​អះអាង​ថា​ ​ធម្មជាតិ​នៃ​ចិត្ត​មនុស្ស​ ​គឺ​បត់បែន​រាល់ថ្ងៃ​ ​ហើយ​មានចិត្តពីរ​បី​ប្រែក្លាយ​មិន​ទៀង​។​

​ជា​រួម​មក​,​ ​ទោះ​ចង់​មិន​ចង់​ ​មនុស្ស​នៅតែ​មិន​អាច​ទុកចិត្ត​គ្នា​។​ ​មិន​ទុកចិត្ត​ ​ព្រោះតែ​ផលប្រយោជន៍​ ​ដោយ​មិនដឹង​ថា​ ​ប្រយោជន៍​នោះ​គ្រាន់​ជា​សុបិន​ឬ​ជា​នុយ​ដើម្បី​ឱ្យ​មនុស្ស​ដណ្ដើមគ្នា​ប៉ុណ្ណេះ​ ​តែ​ការពិត​ជីវិត​មនុស្ស​ ​សង្គមជាតិ​ ​រួម​ទាំង​ប្រយោជន៍​នៃ​សុបិន​នោះ​ត្រូវ​រលាយ​សាបសូន្យ​ទៅជាមួយ​គ្នា​។​

កាតព្វកិច្ចជីវិត

ភ្នំពេញទីក្រុង. អ្នកជាយអ្នកក្នុង
ព្រលឹមថ្ងៃរះ. ខ្នះខ្នែងម្នីម្នា
ស្ទុះស្ទារួតរះ. ស្រូតចេញពីផ្ទះ
ប្រកបកិច្ចការ។
ព្រលប់ថ្ងៃលិច. រស្មីហៀបធ្មេច
លាចាកលោកា. អ្នកជាយអ្នកក្នុង
ប្រៀបប្រុងចិន្ដា. រៀបចំកាយា
ទៅផ្ទះព្រលប់។
រាល់ថ្ងៃប៉ផ្អៀច. ពីព្រឹកដល់ល្ងាច
ប្រឹងមិនហ៊ានឈប់. ស្វះស្វែងមូលមីរ
ខ្លាចស៊ីមិនគ្រប់. ខ្លាចគេបញ្ឈប់
ឬប្រឹងព្រោះអ្វី?
ប្រឹងស្ទើរអស់ខ្យល់. ភ្លេចគិតខ្វាយខ្វល់
សុខភាពនោះអី. កាន់តែប្រែប្រួល
ស្ទើរដួលដេកដី. លុះដល់ថ្ងៃថ្មី
លៃប្រាក់ឱ្យពេទ្យ។
៥ ធ្នូ ២០១៩

ហេតុ_៣_យ៉ាង_នាំឱ្យវិនាសទាន់ហន់បំផុត

ជនខ្លះខ្វះពិចារ ងប់នឹងស្រាអាយុខ្លី
ស្លាប់ទៅឈ្មោះអប្រិយ៍ លើលោកិយស្អុយហួសថ្លែង។
ជនខ្លះងប់នឹងស្រី អាប់រាសីអស់តំណែង
រងគ្រោះគ្រប់កន្លែង ព្រោះមិនក្រែងនឹងទ្វារមាស។
ជនខ្លះងប់នឹងល្បែង ផ្ទះសំបែងត្រូវវិនាស
លក់កេរមិនរអៀស នាំវិនាសដល់ញាតិមិត្ត។
ជនខ្លះងប់ទាំងបី ល្បែស្រាស្រីប្រឹងប្រព្រឹត្តិ
ហេតុខុសនៃជីវិត ទាន់ហន់ពិតក្នុងជាតិហ្នឹង។
ដោយ ឌីខាំញ៉ាញ់ ២៥ កញ្ញា ២០១៩

រឿង​ឈើ​ឆ្លាក់រូប​ព្រះពុទ្ធ​

កាល​គ្រាមួយ​ ​មាន​តា​ចាស់​ម្នាក់​ ​គាត់​ជា​គ្រូឱសថបុរាណ​ដ៏​មានចិត្ត​សប្បុរស​ ​និង​ជា​ជាង​​ចម្លាក់​ដ៏​ល្បីល្បាញ​ម្នាក់​ ​នៅ​លើ​ដែនដី​សុវណ្ណភូមិ​យើង​។​ ​អ្នកស្រុក​តែងតែ​ស្ងើច​សរសើរ​ពី​ភាព​ប៉ិនប្រសប់​នៃ​ចម្លាក់​របស់​គា​ត់​គ្រប់​ៗ​គ្នា​។​ ​ថ្ងៃមួយ​ ​ខណៈ​​រយាល​ដៃ​ពី​ការងារ​​បន្តិច​ ​តា​ចាស់​បាន​ធ្វើដំណើរ​ឡើងភ្នំ​ ​ដើម្បី​ស្វែងរក​រុ​ក្ខា​ផ្សេង​ៗ​មក​ផ្សំថ្នាំ​ទុក​សម្រាប់​​​ព្យាបាល​ជំងឺ​ឱ្យ​អ្នកស្រុក​។​ ​ពេល​បានមកដល់​ផ្លូវ​កោង​ក៏​ប្រទះឃើញ​ឈើ​ដ៏​ធំ​មួយ​។​ ​ឈើដើមនោះ​ ​មាន​អាយុ​កាលរាប់​រយ​ឆ្នាំ​ហើយ​ ​វា​មាន​ទំហំ​ធំ​ជិត​ប៉ុន​កង់រទេះ​ ​និង​មាន​កម្ពស់​ទាប​មិន​សមប្រកប​ដូច​ឈើ​ដទៃ​សោះ​។​

​ដំបូង​ឡើយ​តា​ចាស់​មិន​ចាប់អារម្មណ៍​ចំពោះ​ដើមឈើ​នេះនោះ​ទេ​ ​ពេល​​មក​ជិត​ដើម​ឈើនោះ​ ​គាត់​ហាក់​លើកជើងដើរ​ទៅមុខ​ពុំ​រួច​។​ ​តា​ឈរ​ទ្រឹង​សម្លឹង​មើលចុះ​ឡើងៗ​ដោយ​​ពិចារណា​ថា​ ​«យី​ ​!​ ​ឈើ​នេះ​ ​បើ​ឆ្លាក់​ចេញ​ជា​រូប​ព្រះពុទ្ធ​ប្រក​នាគ​ច្បាស់​ណាស់​.​.​.​ ​ប្រាកដជា​គាប់ប្រសើរ​។​»
និយាយហើយ តាចាស់​សាកល្បង​កាប់​ចាំង​ឆ្លាក់​ឈើនោះ ដោយ​ភ្លេច​ពី​ការ​ទៅ​បោច​ថ្នាំ។​ ​គាត់​ព្យាយាម​ចាំង​ផង​ ​ដាប់​ផង​ ​អស់​វេលា​ជាច្រើន​ពេល​ នៅទីបំផុត​ឈើ​នោះ​ក៏​ឆ្លាក់​ចេញ​ជា​រូប​ព្រះ​ប្រក់​នាគ​មួយ​អង្គ​យ៉ាង​ធំ​។​

​កន្លង​ផុត​ជាច្រើន​ថ្ងៃក្រោយ​មក​ ​អ្នកដំណើរ​​បាន​ចូល​គោរព​សំពះ​បួងសួង​សុំ​សេចក្ដី​សុខ​​​ពី​ព្រះពុទ្ធ​ប្រក​នាគ​ ​នៅ​ទីនោះ។​ ​បន្មាន​ថ្ងៃក្រោយ​មក​ទៀត​ ​មាន​មាណព​ម្នាក់​បាន​ឆ្លងកាត់​តាមផ្លូវ​នោះ​ដែរ​ ​ពេល​គាត់បានឃើញ​ព្រះពុទ្ធ​ដ៏​ធំ​បែបនេះ​ ​មាណព​លាន់មាត់​កោតសរសើរ​ដល់​ជាងចម្លាក់​ដែល​មានគំនិត​ឆ្លាក់​ដើមឈើ​ចេញ​ជា​រូប​ព្រះ​ ​សម្រាប់​ឱ្យ​មនុស្ស​ទូទៅ​ចូល​បួងសួង​សុំ​សេចក្ដីសុខ​។​

​បន្ទាប់ពី​ពោល​សរសើរ​ហើយ​ ​មាណព​យល់​ថា​ ​«ពិតមែន​ឈើមួយដើម​នេះ​ឆ្លាក់​ចេញ​ជា​រូប​ព្រះពុទ្ធ​ ​តែ​មិនទាន់​ពេញចិត្ត​យើង​នៅឡើយ​។​ ​ប្រសិនបើ​ខាត់​លាបថ្នាំ​ឱ្យ​រលោង​នោះ​ ​រូប​នេះ​ប្រាកដជា​អាច​រក្សា​គង់​យូរអង្វែង​។»​
​គិត​ហើយ​ ​មាណព​ក៏​ចាប់ផ្ដើមសកម្មភាព​រក​ម្រាក់​ ​និង​ជ័រឈើ​មក​លាបលន​លើ​ព្រះ​បដិមា​។​ ​ពីរបី​ថ្ងៃក្រោយ​មក​ ​ការងារ​របស់​មាណព​បាន​បញ្ចប់​ដោយ​ជោគជ័យ​។​ ​រួច​រាល់​ ​មាណព​ក៏​ចាកចេញ​ពីទី​នោះទៅ​។​ ​មិនយូរ​ប៉ុន្មាន​​មាន​អ្នកគង្វាល​ម្នាក់​ បាន​ទៅ​ឃ្វាលគោ​នៅ​តាមផ្លូវ​នោះ​ ​ឃើញ​រូប​ព្រះពុទ្ធ​ឆ្លាក់​ចេញពី​ដើមឈើ​ត្រូវ​កម្ដៅថ្ងៃ​ផង​ ​ត្រូវ​ភ្លៀង​ផង​ ​ដោយ​ខ្លាច​រូបចម្លាក់​នោះ​ឆាប់​ពុក​​ខូច​ ​ក៏​មានគំនិត​ធ្វើ​រោង​បាំងខ្យល់​ ​បាំង​ភ្លៀង​ ​បាំង​ថ្ងៃ​ឱ្យ​។​

​ខណៈ​កំពុងតែ​ធ្វើ​រោង​ស្រាប់តែ​មាន​ក្សត្រ​មួយព្រះ​អង្គ​យាងមក​ក្រសាល​ព្រៃនេះដែរ។​មកដល់​ចំណុច​នេះ​ ​ព្រះអង្គ​ទត​ឃើញ​អ្នកគង្វាល​ធ្វើ​រោង​ញ៉ាប់​ដៃ​ញ៉ាប់​ជើងដូច្នេះ​ ​ទ្រង់​មានឈ្វេងគិតតែអង្គឯង​ថា​ ​ដើមឈើ​ដ៏​ធំ​ដែល​ទ្រង់​ប្រទះឃើញ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​ឥឡូវ​ត្រូវ​គេ​ឆ្លាក់​ជា​រូប​ព្រះពុទ្ធ​ហើយ​។​ ​ព្រះអង្គ​មានបន្ទូល​ទៅកាន់​អ្នកធ្វើ​រោង​ថា​ «​ឯង​ពិតជា​មានគំនិតមាន​កំណើត​មែន​...។»​ ​ពេលស្ដេចបន្ទូលចប់មួយរំពេច​ស្រា​ប់តែ​សេដ្ឋី​ម្នាក់​​ឈរ​ក្បែរ​នោះ​បាន​ទូល​ថ្វាយទ្រង់​ភ្លាមដែរ​ថា​ ​ទាំង​នេះ​ ​គឺ​ទូលព្រះបង្គំ​ជា​អ្នក​ផ្ដួច​ផ្ដើម​​​គំនិត​ទាំងអស់​។​ ​ស្ដេច​ងាកព្រះភ័ក្ត្រ​ទៅសេដ្ឋី​ ​ហើយ​បាន​កោតសរសើរ​​សេដ្ឋី​នៅ​ចំពោះមុខ​មន្រ្តី​ជាច្រើន​ថា​ ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ...​ ​ហើយ​បាន​ប្រទាន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​ដល់​សេដ្ឋី​។​ ​ចំណែក​តា​ចាស់​ ​មាណព​ ​និង​បុរស​គង្វាល​ដែល​ជា​អ្នកចាប់​ផ្តើម​ ​និង​ជា​អ្នកធ្វើ​ពិតប្រាកដ​ពុំ​ទទួល​បានអ្វី​ពី​ព្រះមហាក្សត្រ​ឡើយ​៕​

ដោយ តន វិបុល  ថ្ងៃទី២៥ មិថុនា ២០១៩



អនិច្ចាស្រូវថោក_សំណោកអ្នកស្រែ

ស្រូវអង្ករខ្មែរថោកហួសថ្លែង

អ្នកស្រែចំបែងរែងខ្វាយខ្វល់

ខ្ចីប្រាក់គេបង្កើតភោគផល

សង្ឃឹមស្រូវផ្ដល់ដោះសង់គេ។

ពេលប្រមូលផលកល់ទឹកភ្នែក

អ្នកខ្លះទួញស្រែកមិនសមទេ

ហេតុម្ដេចក៏ស្រូវថោករឹតទ្វេ

ឈ្មួញយើងឈ្មួញគេបន្ថោកទិញ។ 

ឈ្មួញយកទៅលក់នៅអឺរ៉ុប

គេអរខិបខុបបានថ្លៃពេញ

អឺរ៉ុបសរសើរឥតទោរម្នេញ

អ្នកស្រែយើងវិញដេកកើតទុក្ខ។

គ្មានប្រាក់បង់សងធនាគារ

គ្រោះស្រូវកម្មពារហៀរជង្រុក

បើមិនព្រមលក់ឃាំងឃាទុក

ច្បាស់ណាស់គេលុករឹបអូសកេរ។

ដូចនេះទោះថោកមិនបានថ្លៃ

លក់យកកម្រៃទៅសង់គេ

ស្រូវមួយតៅមិនស្មើកាហ្វេ

ប្រេន (brand) របស់គេមួយកែវផង។

អនិច្ចាវាសនាអ្នកស្រែ

អ្នករស់មួយគែបាន​ត្រឹមផ្សង

ឱ្យព្រះឥន្ទ្រជួយស្រាយចំណង

ផុតគ្រោះសៅហ្មងពីស្រូវថោក៕

ដោយ ឌីខាំញ៉ញ់ ១២ – ធ្នូ – ២០១៩