កិច្ចប្រជុំក្រុមប្រឹក្សាវិន័យ

កិច្ចប្រជុំក្រុមប្រឹក្សាវិន័យ
អត្ថបទ៖ តន វិបុល



ឆ្លើយតបទៅនឹងពាក្យស្លោក “វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ វិន័យនាំមកនូវឧត្តមភាព”  ក្រុមប្រឹក្សាវិន័យសាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកកិច្ចពិភាក្សារិះរកយុទ្ធសាស្រ្តល្អៗ ដើម្បីពង្រឹងវិន័យសិស្សរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង កាលពីថ្ងៃទី២២ ធ្នូ ម្សិលមិញនេះ។ នៅក្នុងកិច្ចប្រជុំពិភាក្សាក្រុមប្រឹក្សាវិន័យនោះ ក៏មានវត្តមានរបស់នាយកចាងហ្វាង និងជាចាងហ្វាងមធ្យមសិក្សាទុតិយភូមិ លោកស្រី ឡា​ សុភៈ ចូលរួមដែរ ដើម្បីជួយតម្រង់ទិសការងារក្រុមប្រឹក្សាវិន័យឲ្យកាន់តែមានប្រសិទ្ធភាព។

សូមជម្រាបជូនថា នៅក្នុងចក្ខុវិស័យអប់រំរបស់សាលារៀននីមួយៗមិនត្រឹមតែកសាង និងបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាពតែមួយមុខប៉ុណ្ណោះទេ។ ម្យ៉ាងសាលារៀនក៏បានបណ្តុះក្មេងឲ្យមានទម្លាប់ វិន័យ សីលធម៌ និងសុជីវធម៌ល្អផងដែរ តាមរយៈការគោរពបទបញ្ជាផ្ទៃក្នុង និងការពង្រឹងវិន័យរបស់ក្រុមប្រឹក្សាវិន័យសាលារៀន។ ក្រៅតែពីបទបញ្ជាផ្ទៃក្នុង និងក្រុមពង្រឹងវិន័យសាលារៀន ក៏នៅមានលោកគ្រូអ្នកគ្រូជួយពន្យល់ណែនាំបន្ថែមពីបញ្ហាទាំងនោះផងដែរ មុននឹងពួកគេក្លាយទៅជាពលរដ្ឋថ្លៃថ្នូរនៅក្នុងសង្គមបាន។

ការគោរពវិន័យសាលារៀនបានល្អ គឺជាសញ្ញាមួយបង្ហាញឲ្យឃើញពីការគោរពច្បាប់របស់សិស្សានុសិស្ស ដែលរួមរស់ក្រោមដំបូលសិក្សាតែមួយ។ មុខសញ្ញានៃការគោរពវិន័យនេះ គឺជាហេតុចម្បងធ្វើឲ្យពួកគេក្លាយជាពលរដ្ឋថ្លៃថ្នូរ និងអាចរស់នៅចុះសម្រុងនឹងសង្គមខាងក្រៅបានយ៉ាងល្អ។ តែផ្ទុយមកវិញ បើសាលារៀនណាដែលមានវិន័យមិនល្អឬធូរលុងពេក ក៏អាចធ្វើឲ្យពួកគេផ្ដេកផ្តួលទៅតាមនោះដែរ ហើយជាលទ្ធផលដែលពួកគេទទួលបានមកនោះ គឺមិនសូវមានសណ្ដាប់ធ្នាប់ អសីលធម៌ និងសុជីវធម៌ក្នុងការរស់នៅក៏ថាបាន។   

ជុំវិញបញ្ហាទាំងអស់នេះ នាយកចាងហ្វាង និងជាចាងហ្វាងមធ្យមសិក្សាទុតិយភូមិ លោកស្រី ឡា សុភៈ បានជំរុញលើកទឹកចិត្តក្រុមប្រឹក្សាវិន័យក្នុងកិច្ចប្រជុំកាលពីម្សិលមិញនោះ ដើម្បីឲ្យពួគេចុះអនុវត្តដោយពង្រឹងវិន័យទៅលើបញ្ហាពេលវេលា ឯកសណ្ឋាន សណ្ដាប់ធ្នាប់ សីលធម៌ និងសុជីវធម៌របស់សិស្សានុសិស្សណាដែលប្រាចាកចេញពីគន្លងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន។ ស្របជានឹងគ្នានោះ នាយកចាងហ្វាងរូបនេះ ក៏បានសំណូមពរម្តាយឪពុកនិងអាណាព្យាបាលសិស្សទាំងអស់ ដោយទទូចសុំឲ្យពួកគាត់ចូលរួមសហការជាមួយនឹងសាលា ដើម្បីងាយស្រួយក្នុងការផ្តល់ចំណេះដឹងដល់ពួកគេបានកាន់តែល្អប្រសើរ៕


No comments:

Post a Comment