ចំណេះដឹង​ថ្ងៃនេះ​ គឺថា​នំបញ្ចុក​ខ្មែរ​មាន​ប្រវត្តិ​បែប​ណា​? ហេតុអ្វីបានជា​កម្ពុជា​មាន​នំបញ្ចុក​នេះ​?

«នំបញ្ចុក​ខ្មែរ​» ជា​ប្រភេទ​អាហារ​សរសៃ​មួយ​ប្រភេទ​ ដែលគេ​តែង​និយម​ចូលចិត្ត​ទទួល​ទាន​គ្រប់​ទីកន្លែង​ គ្រប់​រដូវ​កាល​ ពិសេស​នៅក្នុង​ពិធី​បុ​ណ្យ​ផ្សេង​ៗ នៅ​ទី​ជនបទ​។
នំបញ្ចុក​ ទោះបី​មិនទាន់​មាន​ឃើញ​ក្រសួង​ពាក់ព័ន្ធ​ណាមួយ​ ចុះ​ក្នុង​បញ្ជី​មរតក​ជាតិ​ក្តី​ ប៉ុន្តែ​​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ជា​នំ​ប្រពៃណី​ជាតិ​ តាំងពី​បុ​រម​បុរាណ​មក​ សូម្បីតែ​ក្នុង​រឿងព្រេង​និទាន​ បែប​ពុទ្ធនិយម​ គឺ​រឿង​តា​ជូរ​ជក់​ និង​រឿង​បែប​ប្រជាប្រិយ​ខ្មែរ​ គឺ​រឿង​ធនញ្ជ័យ​ ក៏​មាន​និយាយ​អំពី​ភាព​ល្បីល្បាញ​ នៃ​នំបញ្ចុក​នេះ​ដែរ​។
តាមរយៈ​រឿង​ទាំងពីរ​ខាងលើ​ នំបញ្ចុក​ អាច​ជា​រឿង​បង្ក​បញ្ហា​ ដូចជា​ តា​ជូរ​ជក់​ បែក​ពោះ​ស្លាប់​ ដោយសារតែ​ពិសា​នំបញ្ចុក​ហួស​កម្រិត​ ធនញ្ជ័យ​ ត្រូវ​ស្តេច​ស្រុក​ចិន​ ចាប់​ដាក់​គុក​ ដោយសារតែ​ បង្រៀន​ស្តេច​ចិន​ឱ្យ​ចេះ​សោយ​នំបញ្ចុក​ ហើយ​បច្ចុប្បន្ន​នេះ​ នំបញ្ចុក​ក៏​បាន​ក្លាយជា​បញ្ហា​លើ​កិច្ចការ​នយោបាយ​ផង​ដែរ​ គឺ​ការ​ដណ្តើម​គ្នា​ទទួលទាន​នំបញ្ចុក​។
នំបញ្ចុក​ក្លាយ​អាហារ​កំពុងពេញនិយម​ និង​ក្តៅ​គគុក​ នៅក្នុង​សង្គម​ខ្មែរ​ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ហ៊ុន​ សែន​ ប្រកាស​ឱ្យ​សមាជិក​បក្ស​របស់​លោក​នាំគ្នា​ហូប​នំបញ្ចុក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី៩មិថុនា​ខាងមុខ​។ ការ​ប្រកាស​​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ រួមគ្នា​ទទួល​តាន​នំបញ្ចុក​ ក្រោម​ប្រធានបទ​ នំបញ្ចុក​សាមគ្គី​ ​គឺ​ធ្វើឡើង​ បន្ទាប់ពី​មាន​ពាក្យ​ចរ​ចាម​អារ៉ាម​ថា​ នឹង​មានការ​ជួបជុំគ្នា​ ជា​ទ្រង់ទ្រាយ​ធំ​ហូប​នំ​បញ្ចប់​ ដើម្បី​សង្រ្គោះ​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ របស់​អ្នក​និយម​គណបក្ស​នយោបាយ​មួយ​។
ចំណេះដឹង​ថ្ងៃនេះ​ គឺថា​នំបញ្ចុក​ខ្មែរ​មាន​ប្រវត្តិ​បែប​ណា​? ហេតុអ្វីបានជា​កម្ពុជា​មាន​នំ​បញ្ចុក​​នេះ​?
តាម​វចនានុក្រម​ខ្មែរ​ បានឱ្យ​និយមន័យ​ថា​ បញ្ចុក​ គឺជា​ឈ្មោះ​នំ​មាន​រស​សាប​ សរ​សៃ​វែង​ៗ ជា​ចង្វាយ​ៗ ធ្វើ​ដោយ​ម្សៅខ្សាយ​ លាយ​នឹង​ទឹកសម្ល​ មាន​របោយ​ជា​គ្រឿងផ្សំ​ ប្រើ​បរិភោគ​ជា​ចម្អាប​។
បើ​និយាយ​ពី​ប្រវត្តិ​នំបញ្ចុក ​ ទោះ​ពុំ​ទាន់​មាន​ឯកសារ​ណា​បញ្ចាក់​ច្បាស់លាស់​ថា​ កើត​ឡើង​នៅ​សម័យ​ណា​ ឬមាន​ប្រភព​មក​ពីណា​ក៏ដោយ​ តែបើ​រឿងព្រេង​អ្នក​ខេត្ត​បាត់​ដំបង​ បានឱ្យ​ដឹង​ថា​ នំបញ្ចុក​ កាលដើមឡើយ​ មានឈ្មោះ​ថា​ «នំ​សរសៃ​ស្រូវវារ​» ព្រោះ​នំ​នេះ​ធ្វើអំពី​អង្ករ​ស្រូវ​ម្យ៉ាង​ ឈ្មោះ​ ស្រូវវារ​។ ដោយសារ​ភាព​ល្បីល្បាញ​នៃ​ឱជារស​របស់​​នំ​សរសៃ​ស្រូវវារ​ បាន​ធ្វើ​ឱ្យ​ព្រះរាជ​កុមារ​ជាប់​ព្រះទ័យ​យ៉ាង​ខ្លាំង​ នៅពេល​សោ​យ​ម្ដងៗ​។ ដោយសារ​ស្នំ​តែងតែ​បញ្ចុក​ព្រះរាជ​កុមារ​ ទើប​ចំណារ​ក្រោយមក​ គេ​នាំគ្នា​ហៅថា​ នំ​ស្នំ​បញ្ចុក​ ហើយ​ក្រោយមក​ទៀត​ គេ​ហៅ​យ៉ាង​ខ្លី​ត្រឹម​នំបញ្ចុក​។
ក្រៅពី​រឿង​នេះ​ នៅក្នុង​រឿង​ធនញ្ជ័យ​ ក៏​មាន​ដំណាល​អំពី​នំបញ្ចុក​ផង​ដែរ​ គឺ​នៅពេល​ដែល​​ធនញ្ជ័យ​បាន​ទៅដល់​ស្រុក​ចិន​ ធនញ្ជ័យ​បាន​ប្រកបមុខរបរ​រកស៊ី​ដើរ​លក់​នំបញ្ចុក​ ហើយ​មានការ​ពេញនិយម​ចូលចិត្ត​ខ្លាំង​ពី​សំណាក​នៃ​ជនជាតិ​ចិន​។ អ្វី​ដែលគេ​កត់​សម្គាល់​​ឃើញ​មួយទៀត​ នៅក្នុង​រឿង​នេះ​ គឺ​ធន​ជ័យបាន​បង្រៀន​ស្ដេច​ចិន​ឱ្យ​ចេះ​កាន់​បង្កឹះ​ចាប់​នំបញ្ចុក​សោយ​។ ជាង​នេះ​ទៅទៀត​ នំបញ្ចុក​ ក៏​មាន​វត្តមាន​នៅក្នុង​រឿង​វេស្ស​ន្ដ​ជាតក​ផង​ដែរ​ គឺ​នៅត្រង់​ដែលតា​ជជូ​កទទួលទាន​រហូត​បែក​ពោះ​ស្លាប់​។
បើ​តាម​ការស្រាវជ្រាវ​របស់​លោកស្រី​ កែវ​ ច័ន្ទ​បូ​រណ៍​ បានឱ្យ​ដឹង​ថា​ នំបញ្ចុក​មានឈ្មោះ​ដើម​ថា​ «នំ​ប៉ែន​ចុក​» គឺជា​នំ​ដែលគេ​យក​ម្សៅ​សម្រស់​ទៅ​ស្ងោរ​ ហើយ​បុក​លាយ​ទឹក​រួច​យក​ទៅ​ចាក់​ក្នុង​ប៉ែន​ ទើប​យក​ស្នូលឈើ​ចុក​សង្កត់​ ដើម្បី​រោយ​ទម្លាក់​ជា​សរសៃ​ក្នុងទឹក​ពុះ​ឱ្យ​ឆ្អិន​។ ក្រោយមក​គេ​ស្រង់​ចាប់​ជា​ចង្វាយ​ៗ ដាក់​ជាល​ឬកញ្ច្រែង​ ទុក​ឱ្យ​ស្រស់ទឹក​។ បន្ទាប់មក​ទៀត​ គេ​ហៅ​កា​ត់ៗ​ថា​ «នំបញ្ចុក​» មិន​ខុស​អំពី​ពាក្យ​ខ្មែរ​ជាច្រើន​ ដោយ​បាន​ហៅ​កា​ត់ៗ​ ដូចជា​ ជើងក្រាន​ក្លាយ​ «ចង្ក្រាន​», ជាន់​ដើរ​ ក្លាយ​ «ជណ្ដើរ​», កាន់​ជ្រែង​ ក្លាយជា​កញ្ច្រែង​, កាន់​ត្រក​ ក្លាយ​កន្ត្រក​, ពីរ​ថែម​ដប់​ ក្លាយ​ពីរដណ្ដប់​ ជាដើម​។
ចំណែក​នៅ​លើ​ជញ្ចាំង​ប្រាសាទបាយ័ន​ ក៏បាន​បង្ហាញ​ពី​ចម្លាក់​ដែល​ទាក់ទង​នឹង​ជីវភាពរស់នៅ​ និង​ការ​ធ្វើ​នំបញ្ចុក​របស់​ប្រជាជន​សាមញ្ញ​ផង​ដែរ​។
តាម​រយៈ​ស្ដុ​តាំង​ ដែល​បាន​រៀបរាប់​ខាងលើ​ ត្រូវ​បាន​អ្នកស្រាវជ្រាវ​មួយចំនួន​សន្និដ្ឋាន​ថា​ នំបញ្ចុក​មានកំណើត​នៅ​លើទឹក​ដី​កម្ពុជា​យូរយារណាស់មកហើយ​ ហើយ​អ្នក​ស្រាវ​ជ្រាវ​ទាំងនោះ​ បាន​អះអាង​ថា​ ទំនងជា​ឫសគល់​នៃ​ដើមកំណើត​របស់​ «គុយ​ទាវ​» ចិន​ទៀតផង​។ ទោះ​យ៉ាងណាក៏ដោយ​ នៅ​ប្រទេស​ថៃ​ហៅ​នំ​នេះ​ថា​ «ខៈ​ណុម​ជីន​» ដែល​មានន័យថា​ «នំ​របស់​ជនជាតិ​ចិន​» ខណៈ​ដែល​ប្រទេស​លាវ​ ហៅថា​ «ខោ​ពុន​» ដែល​ប្រហែលជា​មានន័យថា​ «នំ​ដែល​ទទួលទាន​ហើយ​ធ្វើ​ឱ្យ​ហើមពោះ​»៕


២០១៩០៦០៦

No comments:

Post a Comment