ហេតុអ្វី​ព្រះបាទ​ នរោត្តម​ សីហនុ​ រាជនិពន្ធ​ចម្រៀង​បទ​ «លាហើយ​កម្ពុជា​»?

ថ្ងៃនេះ​ ខែ​នេះ​ ឆ្នាំនេះ​ គឺជា​ខួប៤៩ឆ្នាំ​ នៃ​ព្រឹត្តិ​ការណ៍​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ ព្រះបាទ​ នរោត្តម​ សីហនុ​ ចេញពី​ព្រះប្រមុខរដ្ឋ​។ នៅ​ថ្ងៃនេះ​ដែរ​ យើង​សូម​លើកយក​អត្ថន័យ​ និង​ប្រវត្តិ​ចម្រៀង​បទ​ «លាហើយ​កម្ពុជា​» មក​បង្ហាញ​ ព្រោះ​ចម្រៀង​មួយ​បទ​នេះ​មាន​ជាប់​ទាក់ទង​នឹង​ព្រឹត្តិ​កា​ណ៍​មួយចំនួន​ បន្ទាប់ពី​ខ្មែរក្រហម​ឈ្នះ​សង្រ្គាម​លើ​របប​សាធារណរដ្ឋ​ខ្មែរ​ គ្រប់គ្រង់​ដោយ​សេនាប្រមុខ​ លន់​ នល់​។
«លាហើយ​កម្ពុជា​» គឺជា​បទចម្រៀង​និយាយ​ពី​ភាព​ស្រណោះ​ស្រណោក​ និង​អស់​សង្ឃឹម​​របស់​ព្រះអង្គ​ ដែល​តែងតែ​សង្ឃឹមថា​ នឹង​បាន​វិលត្រឡប់​ពី​បរទេស​មកកាន់​កម្ពុជា​​វិញ​  ក៏ប៉ុន្តែ​ក្រោយពី​ពួក​ខ្មែរក្រហម​ឈ្នះ​សង្រ្គាម​លើ​របប​សេនាប្រមុខ​ លន់​ នល់ ពួក​ខ្មែរក្រហម​មិនបាន​យាង​ព្រះអង្គ​ឱ្យ​ត្រឡប់មកវិញ​ឡើយ​។
 លោក​ នុត​ ឈឿម​ តាមរយៈ​សៀវភៅ​ កម្ពុជា​ រំលឹក​ពីរ​ដ្ឋ​ប្រហារ​ ថ្ងៃ១៨​ មីនា​ ឆ្នាំ១៩៧០​ បានឱ្យ​ដឹង​ថា​ ការ​រង់ចាំ​របស់​ព្រះអង្គ​នូវ​លិខិត​ដែល​ពួក​ខ្មែរ​ផ្ញើ​មក​សុំ​យាង​ព្រះអង្គ​ចូល​ស្រុក​វិញ​ ដូច​គេ​រង់ចាំ​ផ្កាយ​ជ្រុះ​ពីលើ​មេឃ​។ កុំថាឡើយ​ ការ​យាង​ព្រះអង្គ​ពីសា​ធារ​ណរដ្ឋ​ប្រជាមានិត​ចិន​ ចូល​ស្រុក​វិញ​ សូម្បីតែ​ការ​ចូលទិវង្គត​របស់​ព្រះ​មហាក្សត្រិយានី​ ស៊ី​សុ​វត្ថិ​កុសុមៈ​នារី​រត​ន៍​ សិរី​វឌ្ឍនា​ ក៏​ខ្មែរក្រហម​មិនបាន​អើពើ​ មិន​បាន​ផ្ញើ​ចុតហ្មាយ​ដើម្បី​ចូលរួម​រំលែកទុក្ខ​ពី​ព្រះអង្គ​ ហើយក៏​មិនបាន​កាន់ទុក្ខ​អ្វី​ដែរ​ ព្រោះ​វិទ្យុជាតិ​នៅ​កម្ពុជា​នាគ្រានោះ​ពុំ​បាន​ចាក់​ផ្សាយ​អ្វី​ក្រៅពី​បទចម្រៀង​បដិវត្តន៍​ឡើយ​។ 
សៀវភៅ​ដដែល​ បានឱ្យ​ដឹង​ទៀត​ថា​ ពេលនោះ​ហើយ​ទើប​ព្រះអង្គ​ដឹង​ថា​ ខ្មែរក្រហម​កំពុង​បោកប្រាស់​ព្រះអង្គ​។ ដោយសារ​មិនឃើញ​ខ្មែរក្រហម​ផ្ញើ​លិខិត​សុំ​យាង​ព្រះអង្គ​ចូល​ស្រុក​វិញ​ ពួក​អ្នកកាសែត​បរទេស​ចេះតែ​តាម​ឆាឆៅ​ព្រះអង្គ​ ដោយ​ចោទសួរ​ព្រះ​អង្គ​ថា​ តើ​ព្រះអង្គ​យាង​ទៅ​ស្រុក​វិញ​ពេលណា​? តើ​ខ្មែរក្រហម​មក​ទទួល​ព្រះអង្គ​  ឬ​មួយ​ព្រះអង្គ​ចង់​សុំ​ធ្វើជា​ជន​ភាស​ខ្លួន​ខាងនយោបាយ​ នៅ​ក្រុង​ប៉េកាំង​?
ដោយសារ​ខ្មាសគេ​ផង​ ដោយសារ​អស់សង្ឃឹម​ផង​ និង​ដើម្បី​បំបាត់​ការ​អផ្សុក​ផង​នោះ​ សម្ដេច​ប្រមុខរដ្ឋ​បាន​ព្រះរាជ​និពន្ធ​ចម្រៀង​មួយ​បទ​ មាន​ចំណងជើង​ថា​ «លាហើយ​កម្ពុជា​» នេះ​ឡើង​ ដោយ​អ្នកលេង​ភ្លេង​មានតែ​ពីរ​នាក់​ប៉ុណ្ណោះ​។ ម្នាក់​គឺ​លោក​ នុត​ ឈឿម​ ជា​អ្នក​កាន់​ចាប៉ី​ ឯស​ម្ដេច​ប្រមុខរដ្ឋ​ផ្លុំ​សាក​សូ​រហ្វូន​។ ចម្រៀង​នេះ​និពន្ធ​ឡើង​ នៅដើម​ខែកក្កដា​ ឆ្នាំ១៩៧៥​ នៅពេល​ព្រះអង្គ​យាង​ចេញពី​ប្រទេស​ចិន​ទៅ​នៅ​ព្យុង​យ៉ាង​ ​ និង​បន្ទាប់ពី​ពួក​អ្នកកាសែត​បរទេស​នៅ​ចិន​ចេះតែ​ជជីកសួរ​ព្រះអង្គ​តែ​រឿង​ដដែល​ៗ។ បទចម្រៀង​នេះ​មានទំនុក​បង្កប់​ដោយ​ភាព​ស្រណោះ​ស្រណោក​ជា​ពន់​ពេក​។
បទចម្រៀង​ «លាហើយ​កម្ពុជា​» មាន​ឥទ្ធ​ពល​ខ្លាំង​ទៅលើ​រាជរដ្ឋាភិបាល​ចិន​ នៅពេល​សំនៀង​ដ៏​ស្រណោះ​ស្រណោក​របស់​ព្រះអង្គ​ផ្សព្វផ្សាយ​ចេញទៅ​។ សំនៀង​ដ៏​ស្រណោះ​​​ស្រណោក​នេះ​ បាន​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​ចិន​កាន់តែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ពួក​ខ្មែរក្រហម​មិនព្រម​ផ្ញើ​ចុតហ្មាយ​សុំ​យាង​ព្រះអង្គ​ចូល​ស្រុក​ ព្រមទាំង​ធ្វើ​ឱ្យ​ប្រទេស​ចិន​អាប់ឱន​កិត្តិយស​ទៀតផង​ ប្រសិន​ណា​សម្ដេច​ នរោត្តម​សីហនុ​ មិនបាន​ចូល​ស្រុក​។ បន្ទាប់ពី​មានការ​ព្រួយបារម្ភ​ខ្លាំង​ រាជរដ្ឋាភិបាល​ចិន​ បាន​ស្វែងរក​គ្រប់​មធ្យោបាយ​ ដើម្បី​ព្រះអង្គ​បាន​យាង​ត្រឡប់ទៅ​ស្រុក​វិញ​។ 
លេងភ្លេង​បទ​ «លាហើយ​កម្ពុជា​» បានតែ​បីដង​ប៉ុណ្ណោះ​ ក៏​ទទួល​បាន​ដំណឹង​ពី​ប៉េកាំង​មក​ថា​ មាន​គណៈប្រតិភូ​ខ្មែរក្រហម​ទាំង​ក្នុង​ និង​ក្រៅ ប្រទេស​ ដឹកនាំ​ដោយ​សម្ដេច​ ប៉ែន​ នុត​ និង​លោក​ ខៀវ​ សំ​ផន​ នឹង​មក​សុំ​ចូល​គល់​ព្រះអង្គ​ នៅ​ព្យុងយ៉ាង​ ដើម្បី​ដង្ហែ​ព្រះអង្គ​យាង​ចូល​ស្រុក​វិញ​។ ដំណឹង​នេះ​ បាន​ធ្វើ​ឱ្យ​ព្រះទ័យ​អង្គ​សប្បាយ​រីករាយ​ឥតឧបមា​ ព្រោះ​ស្មាន ថា​កិត្តិយស​ និង​ក្ដី​សង្ឃឹម​របស់​ព្រះអង្គ​លិច​បាត់​ទៅ​ហើយ​។ បន្ទាប់ពី​ទទួល​ដំណឹង​នេះ​ភ្លាម​ ព្រះអង្គ​បាន​បញ្ជា​ឱ្យ​ឈប់​លេង​ភ្លេង​ ព្រម ទាំង​សុំ​ឱ្យ​លុបឈ្មោះ​បទចម្រៀង​នេះ​ចេញពី​បញ្ជី​ចម្រៀង​របស់​ព្រះអង្គ​ ដើម្បី​កុំឱ្យ​ពួក​ខ្មែរក្រហម​ចាប់ថ្នាក់​ព្រះអង្គ​បាន​។
ទោះ​យ៉ាងណាក៏ដោយ​ ចម្រៀង​បទ​ «លាហើយ​កម្ពុជា​» បាន​លេច​វត្តមាន​ឡើងវិញ​ម្ដងទៀត​ បន្ទាប់ពី​ការ​សោយទិវង្គត​របស់​សម្ដេច​ ព្រះបាទ​ នរោត្តម​ សីហនុ​ នៅ​ថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០១២​។ ការ​លេចឡើង​វិញ​នេះ​បាន​ល្បី​ខ្ទរខ្ទារ​ នៅ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ មិនថា​តាម​ទូរទស្សន៍​ វិទ្យុ​ ឬតាម​បណ្តាញ​សង្គម​ឡើយ​។ ប្រជា​ពលរដ្ឋ​​ខ្មែរ​មួយចំនួន​ បាន​ចាត់ទុកថា​ ចម្រៀង​បទ​ «លាហើយ​កម្ពុជា​» ជា​ចម្រៀង​ចុងក្រោយ​ នៃ​ជីវិត​របស់​ព្រះអង្គ​ បន្ទាប់ពី​ព្រះអង្គ​មាន​ព្រះ​ឈួន​ និង​ការ​យាង​សោយទិវង្គត​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​៕


No comments:

Post a Comment