- ធម្មជាតិផ្ដល់មក ប៉ិចចេញពន្លក មកជាដង្កូវ
រូបរាងអាក្រក់ ស្លេកស្លក់ទែលម៉ូវ មានក្លិនអាស្រូវ
ស្អុយរលួយងំ។
- ដង្កូវនេះនៅ ទូលទុក្ខក្ដាត់ក្ដៅ ពីតូចដល់ធំ
ខ្លួនបាត់មេបា ឱរាពួនយំ ក្នុងព្រៃជើងភ្នំ
ស្រអាប់គ្រប់គ្រា។
- ពិការក្មេងវ័យ ភាន់ភាំភិតភ័យ តាមកម្មវេរា
ខ្លួនខុសមេបា អាត្មាគ្រាំគ្រា ឥតមានគ្នីគ្នា
កំព្រាចិត្តកាយ។
- ខ្លួនមិនបរវ ជាប់ក្លិនមិនល្អ គិតចេញចាកឆ្ងាយ
ស្វែងរកទីសុខ ស្រណុកសុខកាយ ចិត្តលែងខ្វល់ខ្វាយ
យាត្រាចេញចាក។
- ត្រាច់ចរម្នាក់ឯង ទ្រូងញ័រចំបែង ចំប្រប់ឥតស្រាក
ឆ្លងទីព្រៃស្ងាត់ រសាត់តោកយ៉ាក មិនដឹងសម្រាក
នៅទីឋានណា។
- លុះដល់បឹងមួយ ខ្លួនប្រឹងបោះពួយ ឆ្ពោះរកកូនចារ
ដែលទេររកទឹក ចិត្តនឹកគិតថា សម្រាកកាយា
នៅលើដើមហ្នឹង។
- ឡើងមកដល់លើ ដង្កូវមៀងមើល៍ លើផ្ទៃទឹកបឹង
ប្រទះកូនក្អាត់ ហែលឆ្វាត់ក្រឡឹង ចិន្ដាចង់ដឹង
ថាហ្នឹងជាអ្វី?
- មានខ្លួនតូចល្អិត ខ្មៅដូចសំរឹទ្ធ រលើបឥតបី
ឆ្វែលទៅឆ្វែលមក ស្វែងរកពីស្អី ឬរកចំណី?
សូមស្ដីវាចា!!!
- ក្អាត់ឈ្មោលហារក ឱប្អូនពន្លក ជ្រកក្រោមស្លឹកចា
រូបបងមានឈ្មោះ គ្មានយសអស្ចារ្យ គេហៅបងថា
កូនក្អាត់កូនក្អុក។
- កូនក្អាត់រៀបរាប់ ថាខ្លួនអភ័ព្វ ព្រាត់ចាកសម្បុក
អណ្ដូងអណ្ដែត ត្រសែតផ្សាចុក ឃ្លាតចាកក្ដីសុខ
រស់ព្រាត់បាមេ។
- ដង្កូវថ្លែងកាត់ ស្ដីរកកូនក្អាត់ ដោយចិត្តគ្នាន់គ្នេរ
មិនខុសពីខ្លួន គាប់ចួនម្ល៉េះទេ កម្មពីបុព្វេ
គ្មានអ្នកថែថួន។
- ក្អាត់ឮដូច្នេះ ទ្រូងតឹងស្ទើរប្រេះ អាសូប្អូនស្ងួន
ដូចជីវិតបង សៅហ្មងក្នុងខ្លួន ទម្រាំនឹមនួន
ប្អូនខ្លួនជាស្រី។
- ដង្កូវញីស្ដាប់ ពាក្យក្អាត់រាយរាប់ កើតទុក្ខជាថ្មី
ទឹកភ្នែកសោយសោក សំណោកអប្រិយ៍ ស្រណោះខ្លួនខ្ចី
ជួបគ្រោះកន្លង។
- ដង្កូវដាមដិត កូនក្អាត់អាណិត ក៏ស្ដីឆ្លើយឆ្លង
សូមប្អូនសន្ដោស បើប្រុសផ្ដោះផ្ដង សុំស្រស់នួនល្អង
ក្រងចងមូលមិត្ត។
- ដង្កូវរារេ កែវភ្នែកទាំងទ្វេ រំពៃនឹកគិត
មៀងមើលកូនក្អាត់ រសាត់មកជិត ដែលចង់នែបនិត្យ
ចងចិត្តស្នេហា។
- ក្អាត់ពោលចប់ភ្លាម ដួងចិត្តក្រំក្រៀម បែរប្រែស្រស់ថ្លា
វង់ភក្ដ្រញញឹម សង្ឃឹមចិន្ដា ជីវិតប្រាថ្នា
ចិត្តចង់រស់ក្បែរ។
- នឹកគិតរួចហើយ ដង្កូវញីឆ្លើយ ថាប្រុសមាសស្នេហ៍
ប្អូនអរកន្លង បានបងសុំក្បែរ ថ្នាក់ថ្នមមើលថែ
សេពគប់ត្រាណត្រើយ។
- ខ្លួនប្អូនជាស្រី អារម្មណ៍ព្រួយភ័យ ខ្លាចរៀមកតោះតើយ
រាប់អានតែមាត់ ភ្លាំងភ្លាត់កៀកកើយ ទុក្ខច្បាស់ឥតស្បើយ
កើនលើសក្រាស់ក្រៃ។
- ក្អាត់ស្ដីវាចា បើកែវកនិដ្ឋា ប្អូននៅសង្ស័យ
ងឿងឆ្ងល់ខ្លាចបង ប៉នប៉ងចោលថ្លៃ ដកចិត្តដោះដៃ
ចោលចិត្តស្នេហា។
- រូបបងគ្មានអី ផ្គាប់ផ្គុនចិត្តស្រី ក្រៅពីជីវា
បើបងឡេះឡោះ មិនស្មោះស្នេហា សូមគ្រោះអសារ
បង់បាត់សេរី។
- សូមប្អូនឈប់ឆ្ងល់ ឈប់គិតខ្វាយខ្វល់ សំណល់អប្រិយ
រឿងចាស់ពីមុន ទារុណធ្វើអ្វី ប្រសិនស្រស់ស្រី
ប្អូនស្នេហ៍បងដែរ?
- ពាក្យពេចន៍ទាំងអស់ រាប់អានដោយស្មោះ ប្រុសឥតបែកបែរ
គ្មានអ្វីបាំងបិទ ក្នុងចិត្តមានតែ រូបស្រស់មាសស្នេហ៍
ពេញទ្រូងហរទ័យ។
- ដង្កូវនិងក្អាត់ យល់ថ្លើមប្រមាត់ ដោយចិត្តភក្ដី
ទោះម្នាក់នៅលើ ស្លឹកឈើទីទៃ ម្នាក់នៅលើដី
ជួននៅបឹងថ្លុក។
- មកដល់ពេលមួយ ដង្កូវក្អាត់ព្រួយ ចិត្តលែងស្រណុក
កូនក្អាត់ព្រាត់ទៅ ដង្កូវព្រាត់សុខ គិតសុកមមុក
ដួងចិត្តចម្បែង។
- កាលក្អាត់នៅជិត លួងលោមនែបនិត្យ កាយឥតតឹងតែង
ឥឡូវរែងថប់ គ្រប់សព្វកន្លែង កណ្ដោចកណ្ដែង
ពេលដែលព្រាត់គ្នា។
- ដង្កូវក្រៀមក្រោះ ក្អាត់ឃើញដូច្នោះ ពោលថាពុំងា
បងក៏សោកា វាសនាទាមទារ ឱ្យយើងព្រាត់គ្នា
មួយថ្ងៃពីរថ្ងៃ។
- ទៅរកចំណី ទីប្រភពថ្មី ប្អូនកុំសង្ស័យ
បងពុំបែកចិត្ត ក្បត់ផិតចោលថ្លៃ មួយថ្ងៃពីរថ្ងៃ
វិលវិញជួបស្រី។
- វិលវិញផ្ដោះផ្ដង ជជែកសាសង រាវរកសេចក្ដី
ទន់ភ្លន់ស្រាលស្រើប សម្រើបមេត្រី ប្អូនបងយល់ន័យ
ស្រៀវស្រើបស្នេហា។
- ឱស្រស់ត្រាណត្រើយ ទម្លាប់នេះហើយ ស្អិតជាប់ចិន្ដា
ជាប់ពេញទាំងខ្លួន បំពួនកាយា ស្រឡាញ់ជីវា
បូកគុណលើសទ្វេ។
- ពេលឮសម្ដី កូនក្អាត់ហាស្ដី បន្ទរបន្ទេរ
ពាក្យពេចន៍បីបម ថ្នាក់ថ្នមបំពេរ ដង្កូវមាសមេ
ទន់ទោរចន្ដា។
- មុនក្អាត់ចេញទៅ ដង្កូវនេះនៅ ឱ្យក្អាត់សន្យា
ថាមិនត្រូវផិត ទោះចិត្តកាយា សូមរៀមសន្យា
ថាមិនប្រែប្រួល។
- កូនក្អាត់យល់ស្រប មាត់ហាឆ្លើយតប ថាព្រមទទួល
តាមពាក្យសន្យា ចិន្ដាមិនប្រួល រំជើបរំជួល
កែគេចរកស្រី។
- កន្លងច្រើនថ្ងៃ ដង្កូវថ្លើមថ្លៃ នឹកដល់ម្ចាស់ស្នេហ៍
មិនទាន់ឃើញមក ពន្លកម្ដេចដែរ ឬរៀមប្រួលប្រែ
ចិត្តកាយមែនហើយ។
- ម្នាក់ឯងស្ងាត់ឈឹង ចិត្តកួចជញ្ជឹង ចង់ជួបត្រាណត្រើយ
ធ្លាប់ស្ដាប់សូរសៀង សំនៀងរៀមឆ្លើយ ពុំដែលតោះតើយ
ឆ្លងឆ្លើយពីរោះ។
- នឹកដល់គ្រាដើម ដែលយើងចាប់ផ្ដើម ផ្ដោះផ្ដងសួរឈ្មោះ
ដ្បិតយើងគ្មានអ្វី សូម្បីស័ក្ដិយស ទ្រព្យធនខ្ពង់ខ្ពស់
ក៏យើងគ្មានដែរ។
- នឹកគ្រាបងឆ្លើយ សុំប្អូនកៀកកើយ រួមស្និទ្ធរួមស្នេហ៍
ប្អូនឆ្លើយថា «ទេ..!» មាសមេមកក្បែរ បងឥតគេចកែ
ស្ម័គ្រមើលថែថួន។
- ភ្លាមនោះកូនក្អាត់ ចូលដល់ច្រាំងស្ងាត់ ក្រោមសម្បុកស្ងួន
ហើយស្រែកពញ្ញាក់ ស្រីភ្ញាក់ញ័រខ្លួន ក្អាក់បង្ហាញខ្លួន
ចំពោះមុខស្រី។
(នៅមានត)
No comments:
Post a Comment