ភូមិថ្មកង្កែបស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ។ តាមការនិទានតៗគ្នារបស់ចាស់ព្រឹទ្ធាចារ្យ និងអ្នកភូមិ បានឱ្យដឹងថា ឈ្មោះភូមិថ្មកង្កែបនេះ មានជាប់ទាក់ទងទៅនឹងកូនភ្នំតូចមួយឈ្មោះថា ភ្នំថ្មកង្កែប។ នៅជើងភ្នំថ្មកង្កែប ក៏មានអ្នកតាមួយឈ្មោះអ្នកតាថ្មកង្កែបដែរ និងនៅផ្នែកខាងត្បូង នៃភ្នំនេះមានបឹងបុរាណមួយឈ្មោះថា បឹងព្រះគោពួន ទាក់ទងទៅនឹងរឿងព្រះគោព្រះកែវ សម័យលង្វែក។ ក្បែរភ្នំដដែលនេះ នៅមានប្រាសាទបុរាណមួយផ្សេងទៀត អ្នកស្រុកហៅថា ប្រាសាទ ស ក្ល ឬប្រាសាទប្រុស ដែលមានអាយុកាលជាងមួយពាន់ឆ្នាំមុន ពោលគឺបុព្វបុរសខ្មែរកសាងឡើងក្នុងចន្លោះពីសតវត្សទី៨ និងទី៩ នៃគ.ស។
ភ្នំថ្មកង្កែប មានព្រៃតូចៗដុះជុំជិត សណ្ឋានចោតខ្លាំង និងមានថ្មធំៗនៅបន្តុបលើគ្នាដូចគេតម្រៀប តែយើងអាចឡើងលើភ្នំនេះដោយថ្មើរជើងបាន ដោយចំណាយពេលប្រហែល១៥ ទៅ២០នាទី។ ពេលឡើងមកដល់ខាងលើមានខ្យល់អាកាសត្រជាក់ស្រួល ដែលគេអាចមើលឃើញភូមិអ្នកស្រុក និងភ្នំនាងកង្រីផ្នែកខាងកើតដ៏ស្រស់ស្អាតពីចម្ងាយ ហើយក្នុងចំណោមថ្មធំៗនៅលើភ្នំថ្មកង្កែបទាំងនេះ មានថ្មបីដុំខុសប្លែកពីគេ ដែលមួយដុំមានសណ្ឋានស្រដៀងសត្វកង្កែប មួយដុំស្រដៀងសត្វហ៊ីង និងមួយដុំទៀត ស្រដៀងសត្វគីង្គក់។
អ្នកស្រុកនិយាយថា មូលហេតុដែលគេដាក់ឈ្មោះភូមិនេះថា ភូមិថ្មកកង្កែប ទំនងមកពីគេយកតាមឈ្មោះភ្នំថ្មកង្កែបដែរ។
ភ្នំថ្មកង្កែបមានចម្ងាយប្រមាណជាង៣០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង បើធ្វើដំណើរពីទីរួមខេត្តនេះទៅកាន់ភ្នំនេះត្រូវឆ្លងដរកាត់កោះមួយឈ្មោះ ជ័យទត្ត ដែលមាននៅក្នុងបទចម្រៀងដ៏ល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត គឺបទ «ទូកត្នោត» …ទូកត្នោត តូចមួយឪឱ្យដាក់បង ដាក់រួចអុំឆ្លង ទៅកោះជ័យទត្ត …។ គេត្រូវជិះទូកដរ ប្រមាណជាងកន្លះម៉ោងទើបដល់ចតដរម្ខាងទៀត ដែលស្ថិតនៅក្នុង ឃុំកំពង់ហាវ រួចបន្តធ្វើដំណើរតាមផ្លួវលំក្រាលក្រួសក្រហមប្រមាណ១៥ ទៅ២០នាទីទៀត ទើបទៅដល់ភ្នំថ្មកង្កែប។ កំពង់ហាវ ក៏ស្ថិតក្នុងបទចម្រៀង លោក ស៊ីន ស៊ីសាមុត កាលពីទសវត្សរ៍៧០ផងដែរ គឺបទបុប្ផាកំពង់ហាវ ដែលឃ្លាដើមនៃបទចម្រៀងនេះ ផ្តើមដោយពាក្យថា នាងកំពង់ហាវរាងរាវខ្មែរមន មិត្តភក្តិគូកន ដើរជួយអ្នកស្រុក…។
តាមការដំណាលតៗគ្នាពីចាស់ព្រឹទ្ធាចារ្យរស់ក្នុងភូមិ បានឱ្យដឹងថា កាលសម័យតេជោយ៉ត ឬសម័យស្តេចសំរែ ថ្មកង្កែបនេះមានមហិទ្ធិឫទ្ធិពូកែស័ក្តិសិទ្ធណាស់ ហើយកង្កែបថ្មនេះ ពេលយំម្តងៗលាន់ឮទ្រហឹងអឺងសឹងបែកក្រដាសត្រចៀក។ រាល់លើកដែលកង្កែបថ្មយំម្តង ធ្វើឱ្យទ័ពសៀមទាំងអស់ ដែលឈ្លានពានខ្មែរ ទំាងនៅខេត្តកំពង់ធំ និងនៅប្រទេសសៀមទន់ដៃទន់ជើង ដួលសន្លប់ធ្វើអ្វីមិនកើត។
ឥទ្ធិពលនេះបានធ្វើឱ្យស្តេចសៀមខឹងសម្បារយ៉ាងខ្លាំង ហើយព្យាយាមរកមធ្យោបាយធ្វើយ៉ាងណាកម្ចាត់កង្កែបនេះឱ្យបាន ហើយទីបំផុត ពួកមេទ័ព និងកងទ័ពសៀម បានលួចឡើងទៅលើភ្នំបាន រួចនាំគ្នាដាប់ និងវាយបំបែកបំពង់សំឡេងកង្កែបផ្នែកខាងស្តាំកុំឱ្យកង្កែបយំឮទៀត។ ចាប់ពីពេលនោះមក កង្កែបក៏យំលែងឮ ឬលែងយំទៀតដែរ។ ប៉ុន្តែនៅក្បែរថ្មកង្កែបនេះ បច្ចុប្បន្ន មានអ្នកស្រុក និងសប្បុរជនមួយចំនួនបានមូលមតិគ្នាសាងសង់ជារោង ឬខ្ទមអ្នកតា នៅលើកំពូលភ្នំនេះ ដើម្បីជាការគោរពដល់អ្នកតាថ្មកង្កែបនេះផងដែរ៕
១៩ មេសា ២០១៩



No comments:
Post a Comment