កាលពីព្រេងនាយ មានសេដ្ឋីម្នាក់
ជាសាស្រ្តាចារ្យបង្រៀនផ្នែកទស្សនវិជ្ជា។ សម័យថ្ងៃមួយ
លោកសាស្រ្តាចារ្យ ព្រមទាំងសិស្សកំហូចប៉ុន្មាននាក់
បានផឹកស្រាលេងយ៉ាងសប្បាយ។ ព្រឹទ្ធាចារ្យម្នាក់
កាលបើបានឃើញគេផឹកស្រានិយាយ គ្រូស្មើតែនឹងសិស្ស
ដោយអត់ទ្រាំនឹងសិស្សកំហូចទាំងនោះមិនបាន ក៏មានប្រសាសន៍ពន្យល់ថា
ពួកឯងត្រូវដឹង ការផឹកស៊ីមានបីថ្នាក់ ទី១ ផឹកនាំឱ្យឆ្ងាញ់
ទី២ ផឹកនាំឱ្យស្រវឹង ទី៣ ផឹកនាំឱ្យកាចនិយាយលែងដឹងខុសត្រូវ លែងស្គាល់តូចស្គាល់ធំ។
ទោះព្រឹទ្ធាចារ្យមានប្រសាសន៍យ៉ាងណា
ក៏គ្រូនិងសិស្សទាំងនោះមិនអើពើនឹងសម្ដីទូន្មាននេះដែរ
ផ្ទុយទៅវិញគិតតែនាំគ្នាផឹក។
ចំណែកឯសាស្រ្តាចារ្យទស្សនវិជ្ជាផឹកទាល់តែស្រវឹងវង្វេងស្មារតី
ហើយបានអួតប្រាប់សិស្សខ្លួនថា
ស្អែកនេះអញប្រាកដជាផឹកទឹកសមុទ្រទាំងអស់បាន។
ពួកសិស្សខិលខូចពេលបានឮដូច្នេះក៏ផ្ទុះសំណើចព្រមគ្នាឡើង។
សាស្រ្ដាចារ្យ បានលើកឡើងថា ទេពួកឯងកុំសើច! អញនិយាយមែន
អញហ៊ានផ្ទាល់ដាក់ផ្ទះរបស់អញ។ នៅថ្ងៃស្អែក
អញប្រាកដជាផឹងទឹកសមុទ្រទាំងអស់បាន។ ដើម្បីឱ្យសិស្សជឿចិត្ត
សាស្ដ្រាចារ្យបានដោះចិញ្ជៀន ព្រមទាំងធ្វើកិច្ចសន្យា
ផ្ដិតមេស្នាមឱ្យសិស្សរបស់ខ្លួន។
លុះព្រឹកឡើង
ស្វាងពីស្រវឹង ស្រាប់តែភ្ញាក់ក្រញាង
ព្រោះបាត់ចិញ្ជៀនជាទីស្រឡាញ់របស់ខ្លួនពីម្រាមដៃ។ ភ្លាមនោះ
លោកសាស្ដ្រាចារ្យបានម្នីម្នាទៅរកមើលកន្លែងផឹកស៊ី
កាលពីយប់មិញក្រែងលោឃើញវិញ។ ពេលទៅដល់ ក៏ឃើញមែន
គឺឃើញព្រឹទ្ធាចារ្យទូន្មានកាលពីយប់មិញ។ ពេលនោះ
ព្រឹទ្ធាចារ្យបានពោលទៅសេដ្ឋីថា មិនបាច់ខំរកវាទេ ចិញ្ជៀនហ្នឹង
ព្រមទាំងផ្ទះរបស់ឯងអន្តរាយហើយ ព្រោះឯងភ្នាល់នឹងគេ
កាលពីយប់មិញថា នឹងផឹកទឹកសមុទ្រទាំងអស់បាន
បើថ្ងៃនេះឯងផឹកទឹកសមុទ្រទាំងអស់មិនបានទេ ផ្ទះ
និងចិញ្ជៀនរបស់ឯងលែងជាកម្មសិទ្ធរបស់ឯងទៀតហើយ។ និយាយហើយ
ព្រឹទ្ធាចារ្យ ក៏ធ្វើដំណើរចេញពីទីនោះទៅ។
ចំណែកលោកសាស្រ្ដាចារ្យពុំបានដឹងថា បានប្រព្រឹត្តអ្វីខ្លះទេ
កាលពីយប់មិញ។

No comments:
Post a Comment