ក្រោយពីធ្លាក់ខ្លួនមានជំងឺជាទម្ងន់ អាចារ្យអឿនវ័យ៨២ឆ្នាំ នឹកចង់សម្លទំពាំងលាយជាមួយថ្មអណ្ដែត ហើយបានហៅកូនប្រសាស្រីគាត់ ឈ្មោះសំទាំងសម្ដីញ័រឱ្យទៅរករបស់ទាំងនេះដើម្បីស្លឱ្យគាត់ពិសា។ នាងសំដែលជាកូនប្រសានៅមើលថែឪពុកចាស់ គ្រាន់តែឮថា ឪពុកចង់ពិសាថ្មអណ្ដែតទឹក នឹកចម្លែកក្នុងចិត្តជាខ្លាំង។ គិតហើយ នាងសំចេញទៅរៀបចំធ្វើតាមអ្វីដែលឪពុកបានប្រាប់ ប៉ុន្តែមិនបានលាយថ្មអណ្ដែតទឹកតាមក្ដីប្រាថ្នារបស់ឪពុកក្មេកឡើយ ព្រោះមិនដឹងទៅរកថ្មអណ្ដែតទឹកនោះ នៅឯណា បើថ្មទាំងអស់ឱ្យតែដាក់លើទឹកទៅមិនអណ្ដែតផងនោះ។ នាងសំគិតថា ប្រហែលឪពុកគាត់កើតជំងឺឈឺកាន់តែធ្ងន់ធ្ងហើយ បានជាចង់ពិសាថ្មខុសពីមនុស្សធម្មតា។
បន្តិចក្រោយមក នាងសំបានចម្អិនម្ហូបរួចរាល់ ហើយរៀបចំបាយទឹកជូនឪពុកក្មេកពិសា។ ពេលកំពុងពិសា អាចារ្យអឿនបានដួសសម្លរកឃើញថ្មអណ្ដែតទឹក តែមិនឃើញសម្បីតែមួយគ្រាប់។ ភ្លាមនោះ អាចារ្យអឿនបានហៅកូនស្រីគាត់មកសួរ នាងសំបានឆ្លើយទាំងសម្ដីដ៏ស្រទន់ប្រាប់ឪពុកថា ដោយសាររកមិនបានហ្នឹងណាពុក ដូច្នេះពុកពិសាសិនទៅ បើពុកចង់ពិសាមែនចាំល្ងាចនេះ ខ្ញុំនឹងស្លជូនពុកពិសាឱ្យខាងតែបាន។ នាងសំដែលមិនយល់ពីសម្ដីឪក្មេក ហើយបានស្លទំពាំលាយកូនថ្មតូចៗមែន។ ម្ដងនេះ ធ្វើឱ្យអាចារ្យអឿនហួសចិត្តចំពោះកូនស្រីជាខ្លាំង។ អាចារ្យអឿនបាននិយាយទៅកាន់នាងសំថា បើរកមិនបានទេ មិនបាច់កូនស្លលាយដុំថ្មឱ្យពុកហូបចឹងទេ។ ពុកហូបថ្មអណ្ដែតទឹកមិនមែនថ្មមែនទែនទេ បើរកមិនបានពុកក៏មិនថាអីដែរ។
នាងសំតូចចិត្តចំពោះខ្លួនឯងជាខ្លាំងដែលមិនយល់ពីបំណងរបស់ឪក្មេក។ ក្រោយពីស្ដាប់ប្រសាសន៍ឪពុកចប់ហើយ នាងសំដើរសំដៅទៅផ្ទះម្ដាយនាងនៅឯចុងភូមិ ដើម្បីប្រាប់និងសួរឱ្យដឹងអំពីថ្មអណ្ដែតទឹកនេះ ព្រោះពុកក្មេកនាងមិនបានប្រាប់ត្រង់ ថាចង់ពិសាអ្វីឱ្យប្រាកដ ទោះសួរយ៉ាងណាក៏មិនប្រាប់ គ្រាន់តែនិយាយថា ចង់ពិសាសម្លទំពាំលាយថ្មអណ្ដែតទឹក។
បន្ទាប់ពីប្រាប់រឿងរ៉ាវទាំងអស់ដល់ម្ដាយហើយ នាងសំបានសួរម្ដាយនាងថា ម៉ែ លើលោកហ្នឹង ថ្មពិតជាអណ្ដែតលើទឹកនិងអាចយកបរិភោគបានមែនឬម៉ែ? យាយសឿនដែលជាម្ដាយនាងសំបាននិយាយប្រាប់កូនស្រីសំណព្វចិត្តរបស់ខ្លួនថា កូនមិនដឹងទេឬ.. ឪក្មេកកូន គាត់ជាអាចារ្យវត្ត ជាអ្នកធម៌អ្នកអាថ៌ គាត់លុះក្រោមឱរាទព្រះពុទ្ធសាសនាណាស់ ធ្វើម្ដេចគាត់ហ៊ានហាមាត់និយាយប្រាប់ឯងត្រង់ៗរួចទៅ ទោះគាត់ឃ្លានយ៉ាងណា ក៏គាត់មិនហ៊ានហាមាត់និយាយប្រាប់ឯងត្រង់ដែរ។ ថ្មអណ្ដែតទឹកដែលគាត់ចង់បរិភោគនោះ គឺខ្ចៅខ្យងហ្នឹងហើយ មិនមែនថ្មមែនទែនទេ។ អ្នកសុំសីល គេច្រើនតែនិយាយប្រៀបធៀបបែបនេះ ដើម្បីចៀសវាងកំហុសក្នុងនាមជាអ្នកលុះក្រោមឱរាទព្រះពុទ្ធ។ កាលពីម៉ែនៅតូចឮចាស់ៗនិយាយថា កាលបើឧបាសកឧបាសិកាឃើញត្រីរស់ក្នុងធុងនឹងចង់ទទួលទាន តែមិនហ៊ានប្រាប់ឱ្យគេសម្លាប់ ក៏និយាយថាឱ្យយកទៅលែង បើយើងមិនយល់ន័យនេះ មុខតែយកទៅលែងក្នុងទឹកតាមគាត់មែនហើយ។ នាងសំ ពេលឮម្ដាយពោលយ៉ាងនេះហើយ បានយល់ដឹងលែងឆ្ងល់ ហើយក៏លើកដៃសំពះលាម្ដាយទាំងប្រញាប់ប្រញាល់ ដើម្បីទៅរកខ្ចៅខ្យងទៅស្លទំពាំឱ្យឪពុកក្មេកពិសា។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ០៤ ឧសភា ២០១៩
ថ្មត៖ ឈាងលី

No comments:
Post a Comment