កាលពីព្រេងនាយ មានបុរសម្នាក់ ជាសាស្រ្តាចារ្យបង្រៀន ផ្នែកទស្សនវិជ្ជា តែគាត់មានលុយច្រើនដូចសេដ្ឋីដែរ។ សម័យថ្ងៃមួយ លោកសាស្រ្តាចារ្យម្នាក់នេះ ព្រមទាំងសិស្សកំហូចប៉ុន្មាននាក់ បានផឹកស្រាលេងយ៉ាងសប្បាយ ហាក់ភ្លេចថា មានឋានៈជាគ្រូ និងសិស្ស។
ព្រឹទ្ធាចារ្យម្នាក់ ដែលរស់នៅក្បែរនេះ កាលបើបានឃើញគេផឹកស្រា និយាយដោយប្រើសម្តី និងអាកប្បកិរិយា គ្រូស្មើនឹងសិស្សបែបនេះ អត់ទ្រាំនឹងកំហុសឆ្គងរវាងសិស្សកំហូច និងគ្រូទាំងនោះមិនបាន ក៏មានប្រសាសន៍ថា ពួកឯងត្រូវដឹង ការផឹកស៊ីមានបីថ្នាក់ ទី១ ផឹកនាំឱ្យឆ្ងាញ់ ទី២ ផឹកនាំឱ្យស្រវឹង ទី៣ ផឹកនាំឱ្យកាច និយាយលែងដឹងខុសត្រូវ លែងស្គាល់តូច ស្គាល់ធំ។
ទោះព្រឹទ្ធាចារ្យមានប្រសាសន៍យ៉ាងណា ក៏គ្រូ និងសិស្សទាំងនោះ មិនអើពើនឹងសម្ដីទូន្មាននេះដែរ ផ្ទុយទៅវិញ ពួកគេគិតតែនាំគ្នាផឹក។ ចំណែកឯសាស្រ្តាចារ្យទស្សនវិជ្ជាផឹកទាល់តែស្រវឹងវង្វេងស្មារតី ហើយបានអួតប្រាប់សិស្សខ្លួនថា ស្អែកនេះ គាត់ប្រាកដជាផឹកទឹកសមុទ្រទាំងអស់បាន។ ពួកសិស្សខិលខូចពេលបានឮដូច្នេះ ក៏ផ្ទុះសំណើចបែបចម្អកព្រមគ្នាឡើង។ សាស្រ្ដាចារ្យនិយាយទៀតថា ទេពួកឯងកុំសើច! អញនិយាយមែន អញហ៊ានផ្ទាល់ដាក់ផ្ទះរបស់អញ។ នៅថ្ងៃស្អែក អញប្រាកដជាផឹកទឹកសមុទ្រទាំងអស់បាន។ ដើម្បីឱ្យសិស្សជឿចិត្ត សាស្ដ្រាចារ្យបានដោះចិញ្ជៀន ព្រមទាំងធ្វើកិច្ចសន្យាផ្ដិតមេដៃឱ្យសិស្សរបស់ខ្លួន។
លុះព្រឹកឡើង ស្វាងពីស្រវឹង ស្រាប់តែភ្ញាក់ក្រញាង ព្រោះបាត់ចិញ្ជៀន ជាទីស្រឡាញ់របស់ខ្លួនពីម្រាមដៃ។ ភ្លាមនោះ លោកសាស្ដ្រាចារ្យបានម្នីម្នាទៅរកមើលកន្លែងផឹកស៊ី ក្រែងឃើញវិញ។ ពេលទៅដល់ ក៏ឃើញមែន គឺឃើញព្រឹទ្ធាចារ្យទូន្មានកាលពីយប់មិញ។ ពេលនោះ ព្រឹទ្ធាចារ្យបានពោលទៅសាស្រ្តាចារ្យដ៏មានទ្រព្យថា មិនបាច់ខំរកវាទេ ចិញ្ជៀនហ្នឹង ព្រមទាំងផ្ទះរបស់ឯងអន្តរាយហើយ ព្រោះឯងបានភ្នាល់នឹងគេ កាលពីយប់មិញថា នឹងផឹកទឹកសមុទ្រឱ្យអស់ ឱ្យរីងបាន។ បើថ្ងៃនេះ ឯងផឹកទឹកសមុទ្រទាំងអស់មិនបានទេ ផ្ទះនិងចិញ្ជៀនរបស់ឯងលែងជាកម្មសិទ្ធរបស់ឯងទៀតហើយ។ និយាយហើយ ព្រឹទ្ធាចារ្យ ក៏ធ្វើដំណើរចេញពីទីនោះទៅ។ ចំណែកលោកសាស្រ្ដាចារ្យពុំបានដឹងថា ពីយប់មិញ ខ្លួនគាត់បានធ្វើអ្វីខ្លះទេ ហើយគាត់បានអង្គុយគ្រវីក្បាល ហួសចិត្តនឹងទង្វើរបស់ខ្លួនតែម្នាក់ឯង...
២០
មិថុនា ២០១៩
No comments:
Post a Comment