កម្រងទស្សនៈល្អៗរបស់អធិរាជឆាវឆាវ
អត្ថបទ៖ តន វិបុល
អធិរាជឆាវឆាវ ជាតួអង្គដ៏ល្បាញល្បីមួយរូបក្នុងប្រវត្តិសាស្រ្តចិន។ លោកមិនត្រឹមតែជាស្តេចត្រាញ់ និងជាសេនាបតីនៃរាជវង្សហានភាគខាងកើតដែលមានអំណាចខ្លាំងក្លានាចុងសម័យនេះប៉ុណ្ណោះទេ ថែមទាំងជាអ្នកដឹកនាំដ៏មានទេពកោសល្យទៀតផង។ ក្រោយពេលលោកស្លាប់ទៅបានបន្សល់ទុកកេរ្តិ៍ឈ្មោះ ក៏ដូចជាស្នាដៃ ព្រមទាំងទស្សនៈក៏មិនតិចនោះដែរ។ ខាងក្រោមនេះគឺជាកម្រងទស្សនៈល្អៗមួយចំនួនរបស់អធិរាជរូបនេះ៖
១. អ្នកមិនអាចវាយតម្លៃសៀវភៅមួយក្បាលត្រឹមតែក្របខាងក្រៅរបស់វាបានឡើយ។
២. មហិច្ឆតារបស់ខ្ញុំ គ្មាននរណាអាចបញ្ឈប់បាននោះទេ។
៣. ខ្ញុំនៅតែជាខ្ញុំ ហើយខ្ញុំមិនដែលខ្លាចអ្នកដទៃវិនិច្ឆ័យខ្ញុំខុសនោះឡើយ។
៤. ខ្ញុំសុខចិត្តក្បត់ពិភពលោក ក៏មិនឲ្យពិភពលោកក្បត់ខ្ញុំដែរ។
៥. របស់ទ្រព្យប្រើឲ្យអស់តម្លៃ រីឯមនុស្សប្រើឲ្យអស់ពីសមត្ថភាព។
៦. វីរៈបុរសតែមួយគត់នៅក្នុងលោកនេះ នោះគឺរូបអ្នកនិងខ្ញុំ…!
៧. បរាជ័យមានអ្វីគួរឲ្យខ្លាច តែអ្វីដែលគួរឲ្យខ្លាចនោះ គឺចិត្តបរាជ័យ។
៨. អ្នកមានសមត្ថភាព គឺសំខាន់ជាងអ្វីទាំងអស់។
៩. អ្នកពុំអាចធ្វើការធំដោយគ្មានប្រាក់បាននោះទេ ប៉ុន្តែក៏មិនអាចពឹងផ្អែកទៅលើប្រាក់ទាំងស្រុងដែរ។
១០. តាំងពីដើមមក មនុស្សដែលខ្ញុំទុកចិត្តទើបខ្ញុំប្រើ បើសង្ស័យគឺមិនប្រើនោះទេ។
១១. កើតក្នុងសម័យសង្រ្គាមជារឿងអកុសលមែន តែបើអាចកែប្រែសង្គា្រមទៅជាសន្តិភាព នោះជាសំណាងមួយក្នុងរឿងអកុសលទាំងឡាយ។
១២. ការងឿងឆ្ងល់ច្រើនធ្វើឲ្យមនុស្សជោគជ័យ ប៉ុន្តែបរាជ័យក៏មកពីការងឿងឆ្ងល់ច្រើននេះដែរ។
១៣. នៅសម័យសង្រ្គាមមានតែអ្នកខ្លាំងប៉ុណ្ណោះដែលមានសិទ្ធិនិយាយពីគុណធម៌ ចំណែកអ្នកទន់ខ្សោយត្រូវបានបំបិទចោល។
១៤. ចេះខ្មាសគេទើបល្អ ចេះខ្មាសគេទើបក្លាហាន។
១៥. បើវាគង់តែបាត់បង់គួរតែបាត់បង់ទៅដោយមានតម្លៃ។
១៦. បើច្បាប់មិនប្រើចំពោះអ្នកមានអំណាច តើចែងច្បាប់មកធ្វើអ្វី?
១៧. ផឹកស្រាច្រៀងរាំមួយជីវិតមនុស្សមានប៉ុន្មានដង។
១៨. មន្ត្រីឆ្លាតបម្រើម្ចាស់ល្ងង់ ជារឿងមួយគួរឲ្យសោកសង្រេងបំផុតក្នុងលោក។
១៩. អាក្រក់ដូចល្អ, ពុតត្បុតដូចស្មោះត្រង់, គុណធម៌និងចិត្តអាក្រក់មិនអាចមើលតែសម្បកក្រៅបានទេ។
២០. មូលហេតុដែលបាតជើងនិងបាតដៃមនុស្សសជាងមុខ ពីព្រោះវាចេះតែលាក់មុខរហូត។
សូមជម្រាបជូនថា អធិរាជឆាវឆាវបានប្រសូត្រឡើងនៅឆ្នាំ១៥៥ ក្នុងតំបន់ឈាវដែលសព្វថ្ងៃជាទឹកដីខេត្តអានហ៊ួ នៃសាធារណរដ្ឋប្រជាមានិតចិន។ ថ្វីបើលោកចាប់កំណើតស្របពេលដែលស្ថានភាពនយោបាយនិងសេដ្ឋកិច្ចកំពុងតែវឹកវរយ៉ាងណាក៏ដោយ ក៏លោកនៅតែបានរៀនសូត្រជ្រៅជ្រះក្នុងផ្នែកជំនាញយុទ្ធគុន យុទ្ធសង្រ្គាម អក្សរសាស្រ្ត នយោបាយ និងទស្សនៈវិទ្យាជាដើម។
នៅឆ្នាំ១៧៥ ឆាវឆាវបានក្លាយជាមន្ត្រីកងទ័ពមួយរូបនៅតំបន់លុងយ៉ា ហើយបានបញ្ជូនទៅឲ្យបង្រ្កាបពួកបះបោរតាមតំបន់នានា។ ពេលនោះហើយដែលឆាវឆាវចាប់ផ្តើមវាតឥទ្ធិពលរបស់ខ្លួនស្ទើរគ្រប់តំបន់ ក្រោយពីការដួលរលំនៃរាជវង្សហានខាងកើតភ្លាម ឆាវឆាវក៏គ្រប់គ្រងតំបន់ភូមិភាគកណ្តាលនិងភាគខាងជើងនៃអាណាចក្រទាំងមូល។ តែទោះជាយ៉ាងណាក៏ដោយ ឆាវឆាវមិនអាចបង្រ្កាប លីវ ប៉ី និងស្តេចត្រាញ់ ស៊ុន ឈៀង ដែលតែងតែប្រឆាំងនឹងលោកយ៉ាងដាច់អហង្ការបាននោះដែរ។ ដ្បិតថា អធិរាជរូបនេះពុំអាចបង្រួបបង្រួមអាណាចក្រទាំងបីបានក៏ពិតមែន ប៉ុន្តែលោកនៅតែមានឈ្មោះជាមនុស្សឆ្លាត គឺឆ្លាតត្រង់ថាលោកមានល្បិចកល សាហាវ ពិសពុល ពុតត្បុត និងយល់កាលៈទេសៈ ព្រមទាំងចេះប្រើមនុស្សឲ្យអស់ពីសមត្ថភាពទៀតផង។ គួរបញ្ជាក់ជូនថា អធិរាជឆាវឆាវទទួលមរណៈភាពនៅឆ្នាំ២២០ ក្នុងអាយុ៦៥ឆ្នាំ៕

No comments:
Post a Comment