កិច្ចពិភាក្សាស្តីពី សមាគមអតីតសិស្ស
អត្ថបទ៖
តន វិបុល
គណៈគ្រប់គ្រងគម្រោងនិងរៀបចំកម្មវិធីសមាគមអតីតសិស្ស
(Alumni Association) របស់វិទ្យាស្ថាន
និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលហៅកាត់ថា Aii និង AIS
បានធ្វើកិច្ចពិភាក្សាគ្នារៀបចំយុទ្ធសាស្រ្តថ្មីមួយ
កាលពីរសៀលថ្ងៃទី២១ ធ្នូ មិ្សលមិញនេះ។ តាមរយៈគម្រោងនៃកិច្ចប្រជុំពិភាក្សានោះ គណៈគ្រប់គ្រងគម្រោងនិងរៀបចំកម្មវិធីសមាគមអតីតសិស្សគ្រោងនឹងរៀបចំយុទ្ធនាការប្រមែប្រមូលអតីតសិស្ស
ដែលបានបញ្ចប់ការសិក្សាទៅហើយនោះ ដើម្បីឲ្យពួកគេត្រឡប់មកជួបជុំគ្នាជាថ្មីម្តងទៀត នៅកន្លែងជាក់លាក់ណាមួយ។
ការប្រមូលផ្តុំអតីតសិស្សនេះនឹងចាប់ផ្តើមប្រកាសដំណឹងដល់ពួកគេតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា។
បើតាមនាយករង
វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង លោក ឡុង ពិសី បានឲ្យដឹងថា ការប្រមូលផ្តុំអតីតសិស្ស
ដែលគេតែងហៅថា Alumni នោះ វាមិនមែនជារឿងថ្មីទើបតែបង្កើតឡើងនោះទេ។
មែនទែនទៅ សមាគមអតីតសិស្សរបស់វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង
បានបង្កើតនិងប្រារព្ធធ្វើឡើងជាច្រើនលើកច្រើនសារមកហើយ។ ក្នុងនោះមានសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាមិនតិចម៉ឺននាក់នោះទេ
ដែលបានចូលរួមជាសមាជិករបស់សមាគមអតីតសិស្ស។ តែទោះជាបែបនេះក្តី ក្នុងចំណោមសិស្សប៉ុន្មានម៉ឺននាក់នោះ
មានប្រមាណជា២ពាន់នាក់ទៅ៣ពាន់នាក់ប៉ុណ្ណោះ ដែលមានឈ្មោះជាផ្លូវការ។
ត្រង់ចំណុចនេះលោកចង់កៀរគរអ្នកដែលមិនទាន់ក្លាយជាសមាជិករបស់សមាគមអតីតសិស្សពិតប្រាកដ
និងអ្នកទើបតែរៀនចប់ផងនោះ ដើម្បីប្រមូលផ្តុំពួកគេឲ្យក្លាយទៅជាសមាជិករបស់សមាគមអតីតសិស្សជាផ្លូវការយ៉ាងប្រាកដ។
ម្យ៉ាងលោកចង់ឆ្លៀតយកឱកាសនោះពង្រឹងរចនាសម្ពន្ធសមាគមមួយនេះឲ្យកាន់តែរឹងមាំថែមទៀត។ ព្រោះសមាគមអតីតសិស្សមួយនេះមើលទៅហាក់ដូចជានៅមានចន្លោះប្រហោង
ដែលអ្នកគ្រប់គ្រងនិងអ្នករៀបចំកម្មវិធីពុំបានចាប់អារម្មណ៍ ឬក៏មើលរំលង ហើយឱកាសនេះគឺជាពេលវេលាដ៏សមគួរបំផុត
ក្នុងការចាប់ផ្តើមចាក់បំពេញបន្ថែមនូវចន្លោះខ្វះខាតទាំងនោះ។
សូមជម្រាបជូនថា
សមាគមអតីតសិស្សនៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាទៅហើយនោះ
គឺដើម្បីបើកឱកាសឲ្យពួកគេបានចួលរួមជួបជុំគ្នាបង្កើតសកម្មភាពអ្វីមួយជួយដល់សង្គមខ្មែរ។
នាយករងរូបនេះបន្តថា ពួកគេមិនត្រឹមតែបានបើកឱកាសឲ្យខ្លួនគេបានចូលរួមជួយសង្គមប៉ុណ្ណោះទេ
ហើយម្យ៉ាងថែមទាំងទទួលបានអត្ថប្រយោជន៍ពីសមាគមអតីតសិស្សត្រឡប់ទៅវិញក៏មិនតិចដែរ។
ក្នុងនោះអាចទទួលបានប្រឹក្សាលើបញ្ហាអ្វីមួយ ទទួលបានប័ណ្ណបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ដទៃទៀតជាច្រើន
ដែលគណៈគ្រប់គ្រងគម្រោងកំពុងចាប់ផ្តើមអនុវត្តដាក់បញ្ចូល។ ក្រៅពីអត្ថប្រយោជន៍ទាំងអស់នេះ
ពួកគេក៏អាចផ្តោះប្ដូរបទពិសោធជីវិតគ្នាតាមរយៈការជួបជុំសំណេះសំណាលគ្នានេះដែរ។
តាមរយៈអត្ថប្រយោជន៍ដែលសមាជិករបស់សមាគមអតីតសិស្សទទួលបាន
និងការរៀបចំរចនាសម្ពន្ធឲ្យកាន់តែរឹងមាំផងនោះ អ្នកគ្រប់គ្រងគម្រោងសមាគមអតីតសិស្សបានរំពឹងទុកថា
សិស្សានុសិស្សដែលបានបញ្ចប់សិក្សាពីវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាច្រើនម៉ឺននាក់ទៅហើយនោះ
នឹងត្រឡប់មកចូលរួមជាសមាជិករបស់សមាគមអតីតសិស្សយ៉ាងគគ្រឹងគគ្រេងមិនខាន។ បើគិតជាមធ្យមយ៉ាងហោចណាស់
ក៏ចន្លោះពី២ម៉ឺននាក់ទៅ៣ម៉ឺននាក់ដែរ។ ស្របជាមួយនឹងគ្នានោះ អ្នកកាន់គម្រោងនេះក៏បានអំពាវនាវដោយទទូចសុំឲ្យអតីតសិស្ស
នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងអស់ចូលរួមជាសមាជិកឲ្យបានកុះករ
ដើម្បីទទួលបានអត្ថប្រយោជន៍ពីសាលារៀន ក៏ដូចបានផ្ដល់ឱកាសឲ្យខ្លួនឯងបានជួយសង្គមដែរ៕

No comments:
Post a Comment