ទស្សនកិច្ចសិក្សាធ្វើឱ្យកុមារយល់ដឹងពីសង្គមជាក់ស្តែង
អត្ថបទ៖ តន វិបុល
នៅម៉ោងប្រមាណជា៩ព្រឹកកាលពីម្សិលមិញនេះ សិស្សថ្នាក់មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលហៅកាត់ថា AIS ចំនួនប្រមាណជា១៧៥នាក់ បានធ្វើទស្សនកិច្ចសិក្សានៅក្នុងបរិវេណផ្សារទំនើប Giant ដែលដឹកនាំដោយចាងហ្វាង ព្រមទាំងលោកគ្រូអ្នកគ្រូ និងសហការីរួមការងារមួយចំនួនផងដែរ។ ក្រុមកុមារតូចៗដែលបានចូលរួមធ្វើទស្សនកិច្ចសិក្សានោះ មើលទៅពួកគេម្នាក់ៗហាក់រីករាយជាមួយនឹងការដើរមើលប្រភេទទំនិញ ដែលបានដាក់តាំងនៅក្នុងផ្សារទំនើបនោះណាស់។
ដោយកំពុងដើរមើលប្រភេទផ្លែឈើជាមួយនឹងមិត្តភក្តិប្រហែលជា១០នាក់ នោះគឺកុមារី ផូ ទេពពីលីហ្សា ដឹងថាថ្ងៃនេះ លោកគ្រូអ្នកគ្រូបានណែនាំពួកគេឱ្យស្គាល់ពីប្រភេទទំនិញនៅក្នុងផ្សារទំនើប Giant ។ ប្អូន លីហ្សា បន្តថា គេនិងមិត្តភក្តិគេត្រូវបានអ្នកគ្រូណែនាំឱ្យស្គាល់ពីប្រភេទបន្លែ ផ្លែឈើ ត្រី សាច់ និងមុខទំនិញផ្សេងៗជាច្រើនទៀត។
ការបង្រៀនសិស្សឱ្យស្គាល់ពីទិដ្ឋភាពសង្គមជាក់ស្តែង ជាវិធីសាស្រ្តដ៏ល្អប្រសើរមួយជួយឱ្យខួរក្បាលក្មេងឆាប់ទទួលនិងចងចាំបានល្អនូវអ្វីដែលពួកគេបានជួបប្រទះដោយផ្ទាល់។ ការណ៍ដែលដឹកនាំកុមារធ្វើទស្សនកិច្ចសិក្សាបែបនេះ មិនថាទស្សនកិច្ចសិក្សានោះធ្វើនៅទីណា ឬស្ថិតក្នុងរូបភាពណានោះឡើយ គឺសុទ្ធសឹងជាចំណេះដឹងបន្ថែមពីលើការរៀនសូត្រនៅក្នុងថ្នាក់រៀនរបស់ពួកគេ។ ម្យ៉ាងអាចធ្វើឱ្យពួកគេស្គាល់ពីភូមិសាស្រ្តឬកន្លែងថ្មីៗ ដែលគេពុំធ្លាប់បានស្គាល់ពីមុនក៏ថាបាន។
ដោយសេចក្តីរួសរាយ កុមារ លីម សុងម៉េង បាននិយាយថា ម្តាយឪពុកគេមិនដែលនាំគេទៅផ្សារទំនើបឡើយ ហើយនេះជាលើកទីមួយហើយសម្រាប់រូបគេ ដែលបានមកលេងទីនេះជាមួយនឹងមិត្តភក្តិ ក៏ព្រោះតែលោកគ្រូអ្នកគ្រូបានបើកឱកាសដល់ពួកគេ។ កុមារ ក្រៅតែពីការសិក្សាក្នុងថ្នាក់រៀន គេក៏ត្រូវការឈ្វេងយល់ពីអ្វីដែលនៅជុំវិញខ្លួនគេដែរ។ ផ្ទុយមកវិញ បើកុមារគ្មានឱកាសឈ្វេងយល់ពីសង្គមខាងក្រៅនោះទេ ពួកគេក៏មិនអាចរីកចម្រើនល្អបានដែរ ហើយពេលដែលគេជួបបញ្ហាតូចតាចធ្វើឱ្យគេឆាប់ភ័យខ្លាច រួញរា និងឆាប់បាក់ស្មារតីក៏មាន។
ឆ្លើយតបនឹងបញ្ហានេះលោកស្រី រស់ យ៉ាណា ចាងហ្វាងក្រោមមេត្តេយ្យ មត្តេយ្យសិក្សា និងបឋមសិក្សា ដែលបានចូលរួមដឹកនាំសិស្សតូចៗធ្វើទស្សនកិច្ចសិក្សានោះ បានលើឡើងថា ទស្សនកិច្ចសិក្សាក៏ជាបំណិនជីវិតមួយដែរ ហើយតាមរយៈបំណិនជីវិតនេះ កុមារអាចកាត់បន្ថយភាពភ័យខ្លាចបានតាមរយៈការទាក់ទងផ្ទាល់រវាងពួកគេនិងមនុស្សគ្រប់មជ្ឈដ្ឋានជុំវិញខ្លួនគេ។ ចាងហ្វាងរូបនេះបន្តថា “ពេលកុមារបានប្រលូកជាមួយនឹងសង្គមជាក់ស្តែងច្រើន គេនឹងចេះសម្របខ្លួននិងប្រុងប្រយ័ត្នខ្ពស់នៅក្នុងសង្គមនោះ ដោយចេះប្រើប្រាស់ជីវិតគេបានយ៉ាងល្អ”។ នេះជាការអះអាងបន្ថែមរបស់លោកស្រី រស់ យ៉ាណា។
គួររម្លឹកជូនថា នេះជាលើកទី៩៩ហើយនៃដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់មត្តេយ្យ ដែលសាលារៀន អន្តរទ្វីប អាំមេរិកាំង បានរៀបចំឡើង៕

No comments:
Post a Comment