ហេង វិបុល៖ ជីវិតតស៊ូនឹងការងារ
អត្ថបទ៖ តន វិបុល
បុរសពីរនាក់កំពុងដើរត្រួតពិនិត្យកន្លុកកន្លៀតអគារ ហើយក្នុងដៃមានកាន់ឯកសារមួយចំនួនផងនោះ ពួកគេទាំងពីរនាក់តែងតែចល័តមើលអគារ គួច លៀងហួរ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ពីមួយជាន់ទៅមួយជាន់ស្ទើររៀងរាល់ថ្ងៃ។ បុរសម្នាក់មានសប្បុរសណ្តែកបាយមិនសូវធាត់ តែមានរាងខ្ពស់បន្តិចផងនោះបាននិយាយថា “ខ្ញុំចូលមកបម្រើការងារនៅទីនេះរយៈពេលជាង៩ឆ្នាំហើយ”។ នេះជាសម្តីរបស់លោក ហេង វិបុល ប្រធានគ្រប់គ្រងអគារ គួច លៀងហួរ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ បុរសមានវ័យ៣១ឆ្នាំរូបនេះបានបន្តថា មុននឹងក្លាយជាប្រធានគ្រប់គ្រងអគារដូចសព្វថ្ងៃនេះ ពីមុនរូបលោក គ្រាន់តែជាសន្តិសុខមួយរូបដែលពុះពារ ព្យាយាមអត់ធ្មត់នឹងការងាររហូតត្រូវបានគណៈគ្រប់គ្រងសាលាសរសើររូបលោកថា ជាមនុស្សតស៊ូនឹងការងារទៀតផង។
មកដល់ចំណុចនេះ បុរសមានដើមកំណើតមកពីស្រុកកណ្តាលស្ទឹងរូបនេះ បានរៀបរាប់ដោយឥតលាក់បាំងថា មនុស្សតស៊ូនឹងការងារគ្មានអ្វីចម្លែកនោះទេ ប៉ុន្តែអ្វីដែលចម្លែកនោះគឺដោយសារតែកត្តាជីវភាពគ្រួសារបានរុញច្រាញខ្សែជីវិតលោកឱ្យពុះពារនឹងការងារដូច្នេះ។ “ខ្ញុំរៀនបានត្រឹមតែថ្នាក់ទី៨ប៉ុណ្ណោះ ហើយខ្ញុំឈប់រៀនកាលនោះក៏មិនឱ្យម្តាយឪពុកដឹងដែរ ខ្ញុំឈប់រៀនទៅធ្វើការសំណង់”។ ដោយមានចិត្តអាណិតអាសូរម្តាយឪពុកដែលជាកសិករគ្មានដីស្រែធ្វើនឹងគេនោះ រូបលោកក៏បង្ខំចិត្តឈប់រៀនទាំងអាលោះអាល័យបំផុត។ បន្ទាប់ពីរូបលោកធ្វើការសំណង់នៅខេត្តកណ្តាលបានមួយរយៈពេលមក ស្ថានភាពគ្រួសារនៅតែមិនរីកចម្រើន ហើយម្យ៉ាងដោយយល់ថាកម្មករសំណង់ធ្វើការធ្ងន់ ហើយប្រឈមនឹងគ្រោះថ្នាក់ផងនោះ រូបលោកក៏សម្រេចចិត្តធ្វើចំណាកស្រុកចោលម្តាយឪពុកនិងទ្រនំកំសត់មកកាន់រាជធានីភ្នំពេញ ដើម្បីផ្សងស្វែងរកការងារថ្មីធ្វើ។
ការផ្សងរកការងារថ្មីនេះ រូបលោកបានត្រឹមតែជាកម្មករលីសែងទំនិញតាមរថយន្តពីព្រំដែនថៃមកភ្នំពេញប៉ុណ្ណោះ។ ការងារលីសែទំនិញក៏មិនមែនជាការងារស្រួលប៉ុន្មាននោះដែរ ពោលគឺសឹងតែពិបាកជាងការងារសំណង់ទៅទៀត។ ពិបាកក៏ដោយហេតុថា មួយថ្ងៃៗរូបលោកស្ទើរពុំបានសម្រាកឡើយ ហើយមួយថ្ងៃៗរូបលោកតែងតែទៅតាមរថយន្តដឹកទំនិញស្ទើរតែ២៤ម៉ោង ដើម្បីលើកគ្រឿងសមុទ្រ។ “ដោយមិនអាចទ្រាំទ្របានខ្ញុំក៏ឈប់ពីការងារនោះ ហើយមកធ្វើជាសន្តិសុខនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ ដោយសារខ្ញុំធ្លាប់ឆ្លងកាត់បទពិសោធលំបាកច្រើន ការងារជាសន្តិសុខខ្ញុំមានជំនឿចិត្តថា ខ្ញុំអាចធ្វើបាន”។ ការណ៍ដែលធ្វើការងារប្រកបដោយជំនឿនិងទំនុកចិត្តនេះ បានធ្វើឱ្យលោកវិបុលវិវឌ្ឍខ្លួនពីសន្តិសុខទៅជាប្រធានគ្រប់គ្រងអគារក្នុងរយៈពេលដ៏ខ្លី។
សូមបញ្ជាក់ជូនថា ចាប់ពីចូលបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រហូតមកទាល់នឹងពេលនេះលោក ហេង វិបុល ហាក់ដូចជាបានស្គាល់នូវពន្លឺថ្មីនៃជីវិតខ្លួន ដោយបានកសាងគ្រួសារថ្មីមួយយ៉ាងសុខុមទៀតផង៕

No comments:
Post a Comment