ជីវិតជាសន្តិសុខ

ជីវិតជាសន្តិសុខ

អត្ថបទ៖ តន វិបុល


ដោយមានសប្បុរសណ្តែកបាយ និងមានមាឌក្រអាញបន្តិចផងនោះ សុខ ចាន់រិទ្ធា ដែលទទួលខុសត្រូវផ្នែកសណ្ដាប់ធ្នាប់នៅអគារ គួច លៀងហួរ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសន្តិសុខឆ្នើមមួយរូបប្រចាំឆ្នាំ២០១៦ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

ស្ថិតក្នុងឯសណ្ឋានជាសន្តិសុខ ចាន់រិទ្ធា បានថ្លែងប្រាប់ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ ឲ្យដឹងថា៖ បានជាខ្ញុំខិតខំប្រឹងប្រែងជម្នះតស៊ូជាមួយនឹងការងារមួយនេះ គឺដើម្បីជីវិតរស់នៅរបស់ក្រុមគ្រួសារខ្ញុំ។ ដ្បិតតែមានដើមកំណើតនៅក្នុងរាជធានីភ្នំពេញនឹងគេក៏ពិតមែន តែខ្លួនលោកបែរជាគ្មានភ័ព្វសំណាងបានរៀនខ្ពង់ខ្ពស់ដូចកូនអ្នកផងរបងជាមួយសោះ។ ខណៈដែលមិត្តភក្តិស្របាលគ្នាកំពុងតែសប្បាយនឹងរៀនសូត្រដូចគ្នានោះ ចាន់រិទ្ធា ក៏បោះបង់ការសិក្សានៅថ្នាក់ទី១១ ទាំងចិត្តសោកសង្រេងបំផុត ទោះដឹងថាសល់មួយឆ្នាំទៀតអាចចប់បាក់ឌុបនឹងគេក៏ដោយចុះ ព្រោះតែជីវភាពគ្រួសារខ្សត់ខ្សោយ ហើយឪពុកមានជំងឺផងនោះ ខ្លួនលោកក៏បង្ខំចិត្តឈប់រៀន ហើយក៏ស្វះស្វែងរកការងារធ្វើដើម្បីជួយសម្រួលបបន្ទុកជីវភាពគ្រួសារ។

សន្តិសុខមានវ័យ២៧ឆ្នាំរូបនេះបានបន្តថា មុននឹងខ្ញុំមកធ្វើជាសន្តិសុខនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ខ្ញុំក៏ធ្លាប់ឆ្លងកាត់ពិសោធន៍ជីវិតការងារជាសន្តិសុខតាមបណ្តាក្រុមហ៊ុនឯកជនជាហូរហែមករហូតមកទាល់នឹងពេលនេះ ពិសោធន៍ទាំងនោះស្ទើរតែជោកជាំក្នុងជីវិតខ្ញុំទៅហើយ

កន្លងមក ជីវិតជាសន្តិសុខតាមបណ្តាក្រុមហ៊ុនទាំងនោះហាក់ដូចជាយ៉ាប់យ៉ឺនខ្លាំង ដែលជាបច្ច័យនាំឲ្យរូបលោកមិនអាចទ្រាំទ្របាន ហើយរូបលោកក៏ធ្លាប់សាកល្បងស្វែងរកការងារថ្មីធ្វើដែរ តែរកមិនបានសោះ ទោះជារកបាន ក៏ត្រឹមតែជាអ្នករត់តុតាមភោជនីយដ្ឋានតែប៉ុណ្ណោះ។ អ្វីដែលជំរុញឲ្យលោកស្វែងរកការងារល្អធ្វើមិនបាននោះ ប្រហែលទំនងជាមកពីកម្រិតវប្បធម៌ និងគ្មានចំណេះជំនាញណាមួយជាក់លាក់ផងក៏អាចថាបានដែរ។

មែនទែនទៅ ការងារជាសន្តិសុខក៏មិនស្រួលប៉ុន្មានដែរ ពិបាកត្រង់ថា សន្តិសុខបានបូជាកម្លាំងកាយចិត្តខ្ពស់ ដើម្បីរក្សាការពារសុវត្ថិភាពជូនបងប្អូន និងអតិថិជន ពិសេសនោះ គឺរក្សាការពាររបស់របរដែលរួមមានកង់ ម៉ូតូ ឬយានយន្ត ក៏ដូចជាក្រុមហ៊ុន ផ្ទះសម្បែងជាដើម។

ដោយធ្លាប់ឆ្លងកាត់ពិសោធន៍ការងារដ៏សែនជូរចត់ និងរងសម្ពាធផ្លូវអារម្មណ៍ផង លោកចាន់រិទ្ធា ក៏បានត្អូញត្អែរពីបញ្ហាទាំងនោះដែរថា៖ កាលពីមុន ខ្ញុំធ្វើជាសន្តិសុខមិនតិចក្រុមហ៊ុននោះទេ តែធ្វើការនៅទីនោះ ហត់នឿយខ្លាំង ទាំងចិត្ត ទាំងកាយ ម្យ៉ាងក៏គ្មានពេលសម្រាកគ្រប់គ្រាន់នោះដែរ ពោលមួយខែ៣០ថ្ងៃ គឺធ្វើគ្រប់ទាំង៣០ថ្ងៃ កុំថាឡើយថ្ងៃសម្រាក សូម្បីតែថ្ងៃបុណ្យទានក៏មិនបានឈប់នឹងគេដែរ អាចនិយាយបានថា គ្មានឱកាសទៅលេង ស្រុកជួបជុំគ្រួសារនោះឡើយ។ មែនទែនទៅ ស្ទើរតែលែងស្គាល់វត្តវ៉ាទៅហើយ។ ថាថ្ងៃបុណ្យទានមិនឲ្យឈប់សម្រាកក៏ហីចុះ តែចំពោះប្រាក់ខែ ក៏មិនគួរបើកឲ្យដោយមិនទៀងពេលកំណត់នោះដែរ មិនតែប៉ុណ្ណោះពេលបើកប្រាក់ខែម្តងៗ ស្ទើរតែមិនគ្រប់ចំនួនផងក៏មានដែរ។ ពិសេសនោះ ម្ចាស់ក្រុមហ៊ុនដឹងតែចំណេញតែប៉ុណ្ណោះ។ ថ្វីបើការងារមានសម្ពាធខ្លះៗក៏ដោយ តែដើម្បីចម្អែតក្រពះ ដើម្បីគ្រួសារ ចាន់រិទ្ធា មានតែស៊ូរទ្រាំបន្តតែប៉ុណ្ណោះ។

ទោះបីជាកន្លងមក លោកចាន់រិទ្ធា ធ្វើការទាំងត្រដាបត្រដួស យ៉ាងណាក៏ដោយ ប៉ុន្តែបើធៀបមកការងារសន្តិសុខ ដែលលោកកំពុងបំពេញសព្វថ្ងៃនេះ គឺមានកម្រិតមួយល្អប្រសើរសម្រាប់ខ្លួនលោក មានន័យថា មិនពិបាក ហើយក៏មិនស្រួលដែរ។ ខ្ញុំយល់ថា ការងារសន្តិសុខនៅទីនេះ មិនពិបាកហើយក៏មិនស្រួលដែរសម្រាប់អ្នកដែលមិនធ្លាប់ឆ្លងកាត់ការលំបាកកន្លងមក តែសម្រាប់ខ្ញុំធ្លាប់ពុះពារនឹងការងារដ៏លំបាកលំបិននេះ ខ្ញុំយល់ថាការងារជាសន្តិសុខនៅទីនេះមិនជាលំបាកប៉ុន្មានទេ។ នេះជាការលើកឡើងរបស់ ចាន់រិទ្ធា បញ្ជាក់ប្រាប់អ្នកយកព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ។

សូមជម្រាបជូនថា សព្វថ្ងៃលោក សុខ ចាន់រិទ្ធា កំពុងរស់នៅជាមួយប្រពន្ធ និងកូនស្រីម្នាក់ដែលមានអាយុ២ខួប នៅផ្ទះមួយកន្លែង ដែលមានទីតាំងនៅសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ក្នុងកម្រិតជីវភាពមិនសូវជាអំណោយផលប៉ុន្មានទេ។



ក៏គួររម្លឹកជូនដែរថា ដោយប្រាក់ខែលោកមិនអាចផ្តត់ផ្តង់គ្រួសារបាន ទើបជំរុញឲ្យភរិយារបស់លោក គឺអ្នកស្រី សំ ពៅ ក៏សម្រេចចិត្តចូលមកបម្រើការងារជាបុគ្គលិកផ្នែកអនាម័យ នៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច ដូចរូបលោកដែរ ដើម្បីជួយទប់ទល់ជីវភាពគ្រួសារ៕

No comments:

Post a Comment