កុមារត្រូវការការថ្នាក់ថ្នម និងកម្សាន្តសប្បាយ
អត្ថបទ៖ តន វិបុល
ខណៈដែលសំឡេងជួងបន្លឺឡើងបានមួយសន្ទុះ មានកុមារាកុមារីជាច្រើនចេញពីថ្នាក់រៀនរត់លេងយ៉ាងកក្អឹក នៅក្នុងបរិវេណសាលារៀន អន្តរទ្វីប អាមេរិកាំង។ ក្មេងៗទាំងនោះ ខ្លះរត់លេងបិទពួន ហើយខ្លះក៏នាំគ្នាលេងល្បែងកម្សាន្តផ្សេងៗទៀត ដែលមើលទៅរូបរាងកាយពួកគេម្នាក់ៗហាក់បែកញើសស្ទើរតែជោកខោអាវអស់ទៅហើយ។ ក្រុមពួកក្មេងទាំងនោះហាក់ដូចជាមិនខ្វល់ខ្វាយពីអ្វីសោះ តែពួកគេហាក់មានភាពក្លាហាននិងជឿជាក់លើខ្លួនឯងណាស់ គ្រាន់តែអ្នកសារព័ត៌មានចូលទៅដល់ភ្លាម ម្នាក់ៗរត់មកទទួលស្វាយគមន៍និងណែនាំខ្លួនគេដោយរួសរាយ។
ក្នុងចំណោមក្មេងៗដែលកំពុងរត់លេងយ៉ាងសប្បាយនោះ កុមារា ដួង ហៀង ជាសិស្សថ្នាក់ទី១ “ក” និយាយថា ពេលមកសាលារៀន គេចូលចិត្តលេងបិទពួនជាមួយនឹងមិត្តភក្តិ ហើយប្អូកក៏ចូលចិត្តរៀនដែរ តែប្អូនរៀនមិនសូវពូកែដូចមិត្តភក្តិប្អូនទេ។ កុមារមិនត្រឹមតែត្រូវការការថែរក្សាយកចិត្តទុកដាក់ពីសំណាក់អាណាព្យាបាលនិងលោកគ្រូអ្នកគ្រូប៉ុណ្ណោះទេ តែគេក៏ត្រូវការដើរកម្សាន្តទៅកន្លែងដែលគេចូលចិត្តផងដែរ។ កុមារា ដួង ហៀង បន្តថា ពេលទំនេរក្រៅតែពីការសិក្សាម៉ាក់ប៉ាគេតែងតែនាំគេដើរកម្សាន្ត ឬនាំដើរទិញសម្ភារៈសិក្សាជាដើម។
កុមារគ្រប់រូបពិតជាចង់បានការចាប់អារម្មណ៍ពីមនុស្សគ្រប់មជ្ឈដា្ឋន ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ កុមារចង់បានការយកចិត្តទុកដាក់ពីមនុស្សចាស់និងអ្នកនៅជុំវិញខ្លួនគេ។ កុមារតូចៗប្រៀបបានទៅនឹងក្រដាសសមួយផ្ទាំងដែលងាយនឹងទទួលយក ឬក៏ត្រាប់តាមសកម្មភាពផ្សេងៗរបស់អ្នកនៅជុំវិញខ្លួនគេណាស់។ បើកុមារទទួលបានការអប់រំឬការយកចិត្តទុកដាក់ពីសំណាក់អាណាព្យាបាល និងលោកគ្រូអ្នកគ្រូជួយហាត់ពត់សុភាវធម៌ សីលធម៌ នោះក្មេងប្រៀបដូចជាទទួលបានអំណោយមួយដ៏ល្អប្រសើរសម្រាប់ជីវិតពួកគេ ដែលធ្វើឱ្យគេអាចរស់នៅចុះសម្រុងជាមួយនឹងអ្នកដទៃបានយ៉ាងងាយស្រួល ហើយអ្នកដែលអាចបង្រៀនក្មេងបានល្អ គឺមានតែម្តាយឪពុកដែលជាគ្រូខាងដើម។ ចំណែកលោកគ្រូអ្នកគ្រូដែលជាអាណាព្យាបាលទី២ គ្រាន់តែជាអ្នកជួយតម្រែតម្រង់ទិសបន្ទាប់ពីគ្រូខាងដើមប៉ុណ្ណោះ។
តែទោះជាយ៉ាងណាក៏ដោយ មានអាណាព្យាបាលមួយចំនួនពុំបានបើកឱកាសឱ្យកូនបញ្ចេញនូវសកម្មភាពនោះទេ តែក៏មានអាណាព្យាបាលមួយចំនួនបានបើកឱកាសឱ្យពួកគេបញ្ចេញនូវអ្វីដែលគេមាន ហើយអាចធ្វើបានយ៉ាងល្អទៀតផង។ ពេលខ្លះសកម្មភាពទាំងនោះ អាចធ្វើឱ្យមនុស្សចាស់នឹកស្មានមិនដល់ក៏មានដែរ។
ដោយកំពុងអង្គុយរង់ចាំយាយមកទទួលចេញពីសាលារៀនទៅផ្ទះ កុមារា ថៃ យីមមុនីឧត្តម មានអាយុមិនលើសពី១០ឆ្នាំផងនោះ មើលទៅទឹកមុខគេហាក់ដូចជាមានទុក្ខកង្វល់ក្នុងចិត្ត។ ប្អូនឧត្តមបាននិយាយថា សព្វថ្ងៃរូបគេនិងបងប្រុសកំពុងរស់នៅជាមួយជីដូន។ ឆ្លើយនឹងសំណួរថា ហេតុអ្វីមិនរស់នៅជាមួយនឹងម៉ាក់ប៉ា? គេនិយាយថា ព្រោះម្តាយឪពុកគេចេញទៅរកស៊ីក្រៅប្រទេស ដែលពួកគាត់មិនអាចរស់នៅជាមួយគេបាន ហើយមួយឆ្នាំពីរបានត្រឡប់មកលេងពួកគេម្តង។
ទោះជាបែបនេះក្តី ក៏គេមិនបោះបង់ការសិក្សាទៅតាមម្តាយឪពុកគេដែរ ក៏ព្រោះតែគេចង់ផ្តល់ក្តីសង្ឃឹមនិងតបស្នងគុណម្តាយឪពុកគេមានតែខំប្រឹងរៀនប៉ុណ្ណោះ។ ប្អូនប្រុសរូបនេះបន្តថា នាពេលអនាគតគេចង់ក្លាយជាវិស្វករខាងផ្នែករចនាប្លង់ ក៏ព្រោះតែរូបគេរៀនពូកែគូរគំនូរនិងគណិតវិទ្យា ហើយគេក៏មិនចង់ធ្វើជំនួញត្រូវចេញទៅឆ្ងាយផ្ទះដូចម្តាយឪពុកគេនោះដែរ៕

No comments:
Post a Comment