សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រមនីយដ្ឋានសិក្សាដ៏ទាក់ទាញចំពោះសិស្ស-និស្សិត

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រមនីយដ្ឋានសិក្សាដ៏ទាក់ទាញចំពោះសិស្ស-និស្សិត

អត្ថបទ៖ តន វិបុល



ដោយទីធ្លាធំទូលាយ គួបផ្សំជាមួយនឹងម្លប់ឈើត្រឈឹងត្រឈៃនាមាត់ស្រះ មានសួនល្អ និងបរិវេណដ៏ល្វឹងល្វើយផងនោះ បានបង្កឲ្យមានបរិយាកាសល្អ និងខ្យល់ត្រជាក់បរិសុទ្ធដល់មនុស្សសត្វ។ ទិដ្ឋភាពដ៏ល្អប្លែកបែបនេះ បរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានវ័យចំណាស់ជិត ៦០ឆ្នាំទៅហើយនោះ កំពុងក្លាយជារមនីយដ្ឋានធម្មជាតិដ៏ពេញនិយមសម្រាប់សិស្ស និស្សិតគ្រប់មជ្ឍដ្ឋានមកសិក្សា ឬលម្ហែអារម្មណ៍យ៉ាងមានប្រជាប្រិយភាព។
ពុំមែនមានតែនិស្សិត រៀននៅសាកលវិទ្យាល័យភូមិន្ទនោះទេ ដែលនិយមមកអង្គុយលេងកម្សាន្តអារម្មណ៍ លេងកីឡា ពិភាក្សាការងារជាក្រុម អានសៀវភៅ ឬមកសិក្សាស្រាវជ្រាវនៅក្នុងបរិវេណសាកលវិទ្យាល័យមួយនេះ ប៉ុន្ដែក៏មានដែរ សិស្ស និស្សិត ដែលមកពីមជ្ឈដ្ឋានសិក្សាផ្សេងទៀត ដែលចូលចិត្តមកអានសៀវភៅ សិក្សាស្រាវជា្រវ និងលម្ហែអារម្មណ៍នៅទីនេះជាលក្ខណៈបុគ្គល និងជាក្រុមផងដែរ។
និស្សិតឆ្នាំទី២ ផ្នែកឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ម្នាក់ក្នុងចំណោមនិស្សិតពេទ្យ៤នាក់ ដែលកំពុងអង្គុយអានសៀវភៅនៅក្រោមបណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នោះគឺប្អូនប្រុស លី ហ៊ង។ ហ៊ង បានប្រាប់ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ យ៉ាងដូច្នេះថា “ខ្ញុំនិងមិត្តភក្តិមកអង្គុយរៀននៅទីនេះ ស្ទើរគ្មានលស់ថ្ងៃដែលទំនេរពីការសិក្សា ព្រោះបរិវេណសាកលវិទ្យាល័យមួយនេះ មានទីធ្លាធំទូលាយ បរិស្ថានស្រស់ស្អាត មានបរិយាកាសល្អ មានខ្យល់ត្រជាក់ និងមានធម្មជាតិដ៏ស្រស់បំព្រង ដែលជាអំណោយផលដល់ការសិក្សារបស់ពួកយើងច្រើន ពិសេស ក៏បណ្ដុំទៅដោយអ្នកសិក្សាស្រាវជ្រាវផងដែរ”។
ទំនងជាហេតុផលនេះហើយមើលទៅ ទើបបានជារៀងរាល់ថ្ងៃមានសិស្សនិស្សិតមិនតិចនាក់នោះទេ បានជួបជុំគ្នាអង្គុយអានសៀវភៅ ឬពិភាក្សាមេរៀន នៅរមណីយដ្ឋានសិក្សាមួយនេះ ដែលអ្នកខ្លះអាចតាំងពីព្រឹក រហូតដល់ល្ងាច ទើបត្រឡប់ទៅលំនៅស្ថានរៀងៗខ្លួនក៏មាន។

សូមជម្រាបជូនថា ក្រៅតែពីចូលបណ្ណាល័យដែលបំពាក់ដោយបរិក្ខារសិក្សាទំនើប ឯកសារសម្បូរហើយនោះ សិស្ស និស្សិត ភាគច្រើនតែងតែអង្គុយលើសួនស្មៅ អង្គុយក្រោមម្លប់ជ្រៃ ម្លប់ឈើ និងលើកៅអីក្នុងបរិវេណសាកលវិទ្យាល័យ ក៏មានដែរ។ ពិសេស គឺអង្គុយក្រោមម្លប់ឈើធំៗជុំវិញមាត់ស្រះទឹកដែលជាម្លប់ត្រជាក់ និងខ្យល់អាកាសបរិសុទ្ធ ដោយសិស្ស និស្សិតខ្លះបានក្រាលកន្ទេលអង្គុយរៀនជុំគ្នាផង និងចងជាអង្រឹងផងក៏មាន។ មិនតែប៉ុណ្ណោះ ជាប្រក្រតីទៅហើយដែលអ្នកធ្វើលំហាត់ប្រាណខ្លះ បានយកបរិវេណសាកលវិទ្យាល័យ នេះដើម្បីដើរហាត់ប្រាណស្ទើររៀងរាល់ព្រឹក និងល្ងាច ហើយនៅឯក្រៅរបងនៃច្រកចូលបណ្ណាល័យ ហ៊ុន សែន ឯណោះវិញ ក៏មានអ្នកធ្វើលំហាត់ប្រាណតាមបទភ្លេងជាក្រុមដែរ។
ក្នុងទិដ្ឋភាពដ៏មនោរម្យនោះ កញ្ញា សូ អេធើ ជានិស្សិតឆ្នាំទី៣ ផ្នែកសង្គមវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  ដែលកំពុងអង្គុយក្រោមម្លប់ឈើប្របមាត់ទឹក ជាមួយមិត្តភក្តិ ក៏បានថ្លែងចំណាប់អារម្មណ៍ ចំពោះសម្រស់ធម្មជាតិបរិវេណគ្រឹះស្ថានឧត្តមសិក្សាមួយនេះផងដែរថា កញ្ញានិងមិត្តភក្តិតែងមកអានសៀវភៅនៅទីនេះ ដោយសារទីនេះមានបរិយាកាសអំណោយផលល្អ ពិសេសសម្រស់ធម្មជាតិ ក៏ដូចជាសំណង់អគារនៅទីនេះ ហាក់អន្ទងអារម្មណ៍របស់នាងឲ្យមានភាពស្រស់ស្រាយ និងជំរុញចិត្តឱ្យទន្ទេញមេរៀនឆាប់ចាំ ម្យ៉ាងក៏ជាកន្លែងសម្រាប់លម្ហែអារម្មណ៍ ហើយក៏អាចជួយកាត់បន្ថយភាពស្មុគស្មាញពីកិច្ចការរៀនសូត្រនានាផងដែរ។
ក៏គួរបញ្ជាក់ដែរថា តាមការពិតទៅក្រុមសិស្ស និស្សិត ក៏អាចមើលមេរៀននៅក្នុងបណ្ណាល័យ ឬនៅផ្ទះរបស់ពួកគេក៏បានដែរ ក៏ប៉ុន្តែពួកគេហាក់ស្រុះស្រួលគ្នាអះអាងថា ការអានសៀវភៅនៅក្នុងបណ្ណាល័យ គឺត្រូវរក្សាភាពស្ងៀមស្ងាត់ មិនអាចបញ្ចេញសំឡេងឮៗបាននោះទេ។ ដោយឡែកនៅផ្ទះវិញ អ្នកខ្លះថាគ្មានពេលអានសៀវភៅ ព្រោះត្រូវជួយកិច្ចការផ្ទះ បើមានពេលអានសៀវភៅ គឺអានមិនបានយូរ ព្រោះឆាប់ធុញ ឬឆាប់ងងុយគេងជាដើម។ ផ្ទុយវិញទីនេះមានក្រុមជួយពិភាក្សាមេរៀន មានមិត្តភក្តិ ឬក្រុមពន្យល់ទៅវិញទៅមក ឬក៏លេងល្បែងកម្សាន្តដើម្បីបន្ថូរអារម្មណ៍ក៏បានដែរ។
មែនទែនទៅ ការមកជួបជុំគ្នារៀននៅក្នុងបរិវេណសាកលវិទ្យាល័យចំណាស់មួយនេះ មិនត្រឹមតែជួយឲ្យខួរក្បាលស្រស់ស្រាយ និងកាត់បន្ថយភាពស្មុគស្មាញពីកិច្ចការសិក្សាប៉ុណ្ណោះទេ ម្យ៉ាងក៏បានធ្វើឲ្យចំណងមិត្តភាពរបស់ពួកគេកាន់តែជិតស្និតថែមទៀតផងដែរ តាមរយៈការញ៉ាំចំណីជុំគ្នា ពិភាក្សាជាក្រុម និងលេងល្បែងកម្សាន្តនានាជាដើមនោះ៕

No comments:

Post a Comment