សាស្រ្តាចារ្យ យូ សុភា៖ ការធ្លាក់ចុះនៃការអានធ្វើឲ្យអ្នកនិពន្ធបាក់ទឹកចិត្ត
អត្ថបទ៖ តន វិបុល
“នៅថ្ងៃខាងមុខប្រហែលនឹងបាត់បង់អក្សរសិល្ប៍ប្រលោមលោកខ្មែរពីទីផ្សារមិនខាន។ ដ្បិតថាបច្ចុប្បន្ននេះ យើងអាចផ្សព្វផ្សាយស្នារដៃតាមរយៈប្រព័ន្ធអ៊ីនធ័រណែតដូចជាកំណាព្យ ចម្រៀង ពាក្យស្លោក ទស្សនៈ និងអត្ថបទរឿងខ្លីៗបានយ៉ាងទូលាយ ហើយក្នុងនោះអក្សរសិល្ប៍ក៏អាចផ្សព្វផ្សាយបានដែរ។ ទោះជាយ៉ាងនេះក្តី ក៏ការផ្សព្វផ្សាយទាំងនោះពុំបានឆ្លុះបញ្ចាំងពីការរីកចម្រើននៃអក្សរសិល្ប៍ប្រលោមលោកនោះដែរ”។ នេះជាការលើកឡើងរបស់លោកសាស្រ្តាចារ្យ យូ សុភា ថ្លែងក្នុងពិធីសិក្ខាសាលាស្តីពី “អក្សរសិល្ប៍បច្ចុប្បន្ន និងទស្សនវិស្ស័យអនាគត” កាលពីព្រឹកថ្ងៃទី៤វិច្ឆិការកន្លងទៅ នៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
សូមជម្រាបជូនថា លោក យូ សុភា គឺជាសាស្រាចារ្យអក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកនិពន្ធវ័យក្មេងដ៏ឆ្នើមម្នាក់ដែលមានពានរង្វានជ័យលាភីច្រើនជាងគេក្នុងចន្លោះឆ្នាំ២០០០ និងឆ្នាំ២០១០។
អ្នកនិពន្ធដ៏ឆ្នើមរូបនេះបន្តថា បុព្វហេតុដែលបង្កដល់ការរាំងស្ទះនៃការនិពន្ធនោះ គឺបណ្តាលមកពីទំលាប់មិនសូវចូលចិត្តអានរបស់ពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ហើយម្យ៉ាងគួបផ្សំជាមួយនឹងបច្ចេកវិទ្យារីកចម្រើនផងនោះ បានធ្វើឲ្យការអានប្រលោមលោកកាន់តែថមថយចុះជាលំដាប់។ ការណ៍ដែលមិនសូវចូលចិត្តអានរបស់ពលរដ្ឋខ្មែរនេះ បានវាយបំបាក់ឆន្ទៈអ្នកនិពន្ធឲ្យរាបដល់ដី ព្រោះថាកម្លាំងកាយចិត្តរបស់ពួកគាត់ខំប្រឹងមិនដឹងជាសរសេរឲ្យអ្នកណាអាននោះទេ។ លើសពីនេះ បញ្ហាក្រពះ ក៏ជាវិញ្ញាសារដ៏ក្តៅគគុករបស់អ្នកនិពន្ធផងដែរ ខណៈដែលទីផ្សារមិនសូវទទួលយកស្នាដៃរបស់អ្នកនិពន្ធថ្មីទើបតែពន្លកទាំងនោះ។ មិនថាទីផ្សារ ឬអ្នកអាននោះទេ សុទ្ធតែជាហេតុផលនាំឲ្យអ្នកនិពន្ធបាក់ទឹកចិត្តក្នុងការនិពន្ធបន្តទៀត។
គួរបញ្ជាក់ថា ហេតុផលទាំងនេះមិនត្រឹមតែកាត់ផ្តាច់ពន្លកអ្នកនិពន្ធជំនាន់ថ្មីនោះទេ ហើយថែមទាំងបានចាត់ចោលឫសគល់អ្នកនិពន្ធចាស់ទៀតផង។ ព្រោះថាពួកគាត់ដល់វ័យត្រូវសម្រាកដោយពឹងផ្អែកលើអ្នកពន្ធជំនាន់ថ្មី ជាអ្នកបន្តវេនដើម្បីទ្រទ្រង់អក្សរសាស្រ្តជាតិកុំឲ្យបាត់បង់។ ថ្វីបើពាក្យស្លោកខ្មែរតែងតែពោលថា “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន” ប៉ុន្តែក្នុងនោះអក្សរសិល្ប៍ ក៏ជាមែកធាងមួយនៃវប្បធម៌ផងដែរ ដែល ទាមទារពួកយើងទាំងអស់គ្នាជួយលើស្ទួយ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីលើស្ទួយប្រលោមលោកខ្មែរដែលហៀបនឹងបាត់បង់ឲ្យត្រឡប់ទៅរកភាពប្រសើរឡើងវិញនោះ ពុំមែនជាតួនាទីរបស់បុគ្គល ឬស្ថាប័នណាមួយផ្តាច់មុខនោះទេ តែវាជារឿងរបស់ជាតិទាំងមូល ដែលតម្រូវឲ្យពលរដ្ឋខ្មែរទាំងអស់គ្នាសាមគ្គីគ្នា។ ពិសេសនោះ គឺថ្នាក់ដឹកនាំគប្បីលើកកម្ពស់ការអានបន្តទៀត ម្យ៉ាងគួរតែបង្កើតកម្មវិធីសិក្សាអក្សរសិល្ប៍ចាប់ពីថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ ហើយរៀងរាល់មួយឆ្នាំត្រូវផ្លាស់ប្តូរដោយដាក់បញ្ចូលអក្សរសិល្ប៍ថ្មី ដែលក្រសួងអប់រំគិតថាល្អសម្រាប់សិក្សា៕

No comments:
Post a Comment