វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
អត្ថបទ៖ តន វិបុល
សាលាបាលី និងព្រះរាជបណ្ណាល័យ គឺជាដៃគូដ៏ល្អប្រសើររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យក្នុងការធ្វើសហប្រតិបត្តិការ។ ស្ថាប័នទាំង៣នេះត្រូវបានគេមើលឃើញថា ជាត្រីមុមសម្រាប់ទ្រទ្រង់វប្បធម៌ និងអក្សរសាស្រ្តជាតិខ្មែរតាំងពីសម័យអាណានិគមន៍បារាំងរៀងមក។ មុននឹង វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យចាប់បដិសន្ធិ គឺមានសាលាបាលី និងព្រះរាជបណ្ណាល័យប៉ុណ្ណោះ ដែលធ្វើសហប្រតិបត្តិការជាមួយគ្នា។
ព្រះរាជបណ្ណាល័យ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២១ ដោយមានការផ្តួចផ្តើមពីព្រះមហាក្សត្រ ដែលមានឈ្មោះថា “ខេមរៈបណ្ណាល័យ”។ ពេលនោះ សាលាបាលីជាអ្នកជួយប្រមែប្រមូលសាស្រ្តា ក្រាំង និងជាអ្នកជួយចម្លងឯកសារទុក។ ព្រះរាជបណ្ណាល័យនេះមិនត្រឹមតែបង្កើតឡើងដើម្បីប្រមូលឯកសារផ្សេងៗ ដែលទាក់ទងនឹងទំនៀមទម្លាប់ ប្រពៃណី និងវិស័យព្រះពុទ្ធសាសនា ដែលជាតម្រូវការសិក្សាខេមរជន ព្រះសង្ឃ និងគ្រហស្ថជាបញ្ញវន្ត ឬអ្នកសិក្សាគ្រប់មជ្ឈដ្ឋានមកធ្វើការស្រាវជ្រាវប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបោះពុម្ពផ្សាយផងដែរ តួយ៉ាងដូចជាទស្សនាវដ្តី “កម្ពុជសូរិយា” ជាដើម។ ទស្សនាវដ្តីនេះ បានបោះពុម្ពផ្សាយអំពីរឿងរ៉ាដែលទាក់ទងនឹងព្រះពុទ្ធសាសនា និងអត្ថបទមួយចំនួនទៀត ដែលនិយាយអំពីប្រពៃណី ទំនៀមទម្លាប់ ប្រវត្តិសាស្ត្រ និងរឿងព្រេងខ្មែរ ព្រមទាំងប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រនៃប្រទេសដទៃផងដែរ។ ២ឆ្នាំក្រោយមក ខេមរៈបណ្ណាល័យក៏ត្រូវបានប្តូរឈ្មោះទៅជា “ព្រះរាជបណ្ណាល័យ” នៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩២៥ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះរាជាខ្មែរ និងលោករ៉េស៊ីដង់ រដ្ឋការជាន់ខ្ពស់បារាំងប្រចាំប្រទេសកម្ពុជា ដោយមានជនជាតិអ៊ឺរ៉ុបម្នាក់ឈ្មោះ ស៊ុយសាន ការប៉ឺឡែស និងក្រុមជំនុំត្រួតត្រាអម ជាជនជាតិខ្មែរ ជាអ្នកគ្រប់គ្រង។
លុះមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៣០ ក្នុងរជ្ជកាល ព្រះបាទស៊ីសុវត្ថិមុនិវង្ស វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យត្រូវបានបង្កើតឡើងដោយបញ្ចូលព្រះរាជបណ្ណាល័យមកក្នុងស្ថាប័នមួយនេះផងដែរ។ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នេះបង្កើតឡើងក្នុងបំណងបង្រួបបង្រួមព្រះពុទ្ធសាសននិកនៅឥណ្ឌូចិននិងជាមជ្ឈមណ្ឌលវប្បធម៌ខ្មែរ ហើយក៏ជាទីប្រជុំនៃពួកអ្នកប្រាជ្ញ និងអ្នកជាតិនិយមប្រឆាំងអាណានិគមបារាំងផងដែរ។ ពេលនោះ វិទ្យាស្ថានមួយនេះ មានភារកិច្ចចម្បងមួយ គឺបកប្រែនិងបោះពុម្ពព្រះត្រៃបិដកពីភាសាបាលីមកជាភាសាខ្មែរដោយក្រុមជំនុំព្រះត្រៃបិដក ដើម្បីតម្កល់ទុកតាមវត្តអារាម សម្រាប់ឲ្យព្រះសង្ឃរៀន និងបង្រៀនវិជ្ជាភាសាបាលីទាំងនោះ។ ម្យ៉ាងមានភាពងាយស្រួលដល់អ្នកសិក្សាធម៌បោះពុម្ពសព្ទវចនខ្មែរផងដែរ។ ភារកិច្ចនេះ ទទួលបានជោគជ័យមួយផ្នែកដោយក្រុម “ក្រុមជំនុំព្រះត្រៃបីដក” ដែលបង្កើតឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩២៩ ហើយក៏ជាព្រឹត្តិការណ៍ថ្មីមួយផងដែរ នោះគឺបោះពុម្ពគម្ពីរព្រះត្រៃបិដកជាភាសាខ្មែរ។ ដោយមានបំណងចង់រក្សាមរតកប្រពៃណីរបស់ខេមរជនដែលបានតាត់តែងចងក្រងឡើង “ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ” ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣៤។ ក្រុមនេះមានភារកិច្ចមួយ គឺតម្កល់ទុកឯកសារណាដែលទាក់ទងនឹងទំនៀមទម្លាប់ និងពិធីបុណ្យខ្មែរផ្សេងៗរបស់ខ្មែរ ហើយធ្វើការបោះពុម្ពផ្សាយដើម្បីឲ្យជនបរទេសបានស្គាល់ផង។ ក្រោយពីបង្កើតក្រុមជំនុំព្រះត្រៃបីដកបាន១ឆ្នាំ លោក សឺង ង៉ុកថាន់ នាយកគ្រប់គ្រងបន្ទាប់ពីកញ្ញា ការប៉ឺឡែស លោកបានបង្កើតសារព័ត៌មានអ្នកជាតិនិយមមួយឈ្មោះថា “នគរវត្ត” ក្នុងឆ្នាំ១៩៣៦ ដើម្បីប្រឆាំងនឹងបារាំង។
សូមជម្រាបជូនថា សម័យឯករាជ្យ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងធម្មការ ត្រួតត្រា ដោយក្រុមប្រឹក្សាភិបាល និងដឹកនាំផ្ទាល់ដោយអគ្គលេខាធិការមួយរូប។ សម័យនេះ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ រីកចម្រើនគួរឲ្យកត់សម្គាល់ និងមានឈ្មោះល្បីរន្ទឺ ប៉ុន្តែមកដល់ឆ្នាំ១៩៧៥ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ត្រូវបានបិទទ្វារទាំងស្រុង រហូតមកដល់ឆ្នាំ១៩៩២ចាប់ផ្តើមដំណើរការឡើងវិញ ដែលមានជំនួយឧបត្ថម្ភលើកទឹកចិត្តពីអង្គការ និងស្ថាប័នជាតិដទៃទៀត។ ខណៈពេលនោះដំណើរការស្រាវជ្រាវទំនៀមទម្លាប់ ប្រពៃណី និងបន្តបកប្រែគម្ពីបិដកភាសាបាលីមកជាភាសាជាតិ ថែមទាំងធ្វើការបោះពុម្ពសៀវភៅសិក្សាភាសាបាលី សៀវភៅធម៌ សៀវភៅអក្សរសាស្រ្ត និងទស្សនាវដ្តីកម្ពុជសូរិយាផងដែរ។ ដោយថ្លែងថ្លឹងពីតំណែលអតីត តួនាទី និងគោលដៅអនាគត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៨ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យត្រូវបានសាងសង់លើផ្ទៃដីជាប់ឧទ្យានសម្តេច ហ៊ុន សែន នាមាត់ទន្លេបាសាក់។ អគារថ្មីមួយនេះបានយកលំនាំរចនាបថវត្តអារាម និងព្រះរាជបណ្ណល័យ ច្របាច់បញ្ចូលគ្នា ដើម្បីរំលឹកអតីតកាលរបស់ខ្លួន។ ថ្លែងពីកាតព្វកិច្ច និងគោលដៅក្នុងពេលនោះ គឺស្តារឡើងវិញនូវតួនាទីពីអតីតកាល ក៏ដូចជាលើស្ទួយការសិក្សា ចងក្រង និងថែរក្សាអត្តសញ្ញាណវប្បធម៌របស់ខេមរជនទូទៅផងដែរ។ នៅឆ្នាំ២០០២ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានបង្កើត “សមាគមអក្សរសិល្ប៍នូហាច” ដែលបើកឱ្យមានការប្រកួតប្រជែងស្នាដៃផ្នែកអក្សរសាស្ត្រ និងអក្សរសិល្ប៍ផ្សេងៗពីគ្រប់មជ្ឈដ្ឋានរៀងមក។ រហូតមកដល់ឆ្នាំ២០០៤ មានគម្រោងស្រាវជ្រាវចំនួន៥ធំៗត្រូវបានដំណើរការ ដោយគម្រោងនីមួយៗមានការចូលរួមពីមន្ត្រីចាស់ៗ និងនិស្សិតបរិញ្ញាប័ត្រជាន់ខ្ពស់ ព្រោះកន្លងមកពុំមានការស្រាវជ្រាវជាន់ខ្ពស់បែបនេះនោះទេ។ នេះបើតាមសៀវភៅប្រវត្តិសង្ខេបពុទ្ធសាសនបណ្ឌិត្យ។
សូមបញ្ជាក់ថា កាលដើមឡើយ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដែលយើងស្គាល់សព្វថ្ងៃនេះមានឈ្មោះថា “វិទ្យាស្ថានស្រុកអាយសម្រាប់សិក្សាព្រះពុទ្ធសាសនាថេរវាទ” ប៉ុន្តែក្រោយនេះបន្តិចត្រូវបានគេសង្ខេបត្រឹមតែ “ពុទ្ធសាសនបណ្ឌិត្យ” ប៉ុណ្ណោះ។ លើសពីនេះ ក៏មានអ្នកខ្លះហៅប្លែកៗគ្នាថា ក្រុមពុទ្ធសាសនបណ្ឌិត្យ ឬមន្ទីរពុទ្ធសាសនបណ្ឌិត្យផងដែរ ដែលមានកញ្ញា ស៊ុយសាន ការប៉ឺឡែស ជានាយកគ្រប់គ្រងនៅពេលនោះ។ រហូតមកទាល់នឹងពេលនេះ មាននាយកគ្រប់គ្រងប្រមាណជា១០នាក់ បើគិតទាំងលោក ស សុខនី ដែលជានាយកគ្រប់គ្រងបច្ចុប្បន្ននេះ។ នេះបើតាមគេហទំព័រ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
ដោយឡែក នាយកគ្រប់គ្រង វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នាពេលបច្ចុប្បន្ន លោក ស សុខនី បានរៀបចំផែនការសកម្មភាព៥ឆ្នាំ ដែលក្នុងនោះរួមមានគម្រោង៣សំខាន់ៗ ដូចជាការពង្រឹងសកម្មភាពអំណាននៅបណ្ណាល័យរបស់ខ្លួនឡើងវិញ ដោយបំពាក់ប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្មី ដែលអ្នកអានអាចស្វែងរកចំណងជើងសៀវភៅក្នុងបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ តាមប្រព័ន្ធអនឡាញក៏បានដែរ។ មួយទៀត គឺបន្តការបោះពុម្ពផ្សាយទស្សនាវដ្តីកម្ពុជសុរិយា ដែលត្រូវបានផ្អាកបោះពុម្ពក្នុងរយៈពេលកន្លងមក។ ទស្សនាវដ្តីនេះ បានបន្តការផ្សាយរបស់ខ្លួនជាថ្មីម្តងទៀត កាលពីឆ្នាំ២០១៤ ដែលមានចេញផ្សាយក្នុង១ឆ្នាំ ចំនួន៤លេខ។ ពិសេស គឺបន្តចងក្រងនិងបោះពុម្ពផ្សាយ “ប្រជុំរឿងព្រេងខ្មែរ ភាគទី១០” ព្រោះ៩ភាគត្រូវបានបោះពុម្ពផ្សាយរួចហើយ។ លោកបន្តថា វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នឹងបង្កើនអភិរក្សសំណៅឯកសារចាស់ៗ និងដើរប្រមូលក្រាំង សាស្ត្រាស្លឹករឹត ចាស់ៗតាមវត្តអារាមជាដើម។
ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ សូមជម្រាបជូនថា ការលេចចេញនូវសកម្មភាពដែលជាក្តីសង្ឃឹមរបស់អ្នកស្នេហាវប្បធម៌និងអក្សរសាស្ត្រ នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យពេលនេះ គឺស្ថិតក្រោមការឧប្ភត្ថគាំទ្រពីអង្គការមួយរបស់ជប៉ុន៕

No comments:
Post a Comment