សយ ចន្ទពេញបរមី៖ សិក្ខាសាលាអាចពង្រីកចំណេះដឹង និងអភិវឌ្ឍខ្លួនបានល្អ

សយ ចន្ទពេញបរមី៖ សិក្ខាសាលាអាចពង្រីកចំណេះដឹង និងអភិវឌ្ឍខ្លួនបានល្អ

អត្ថបទ៖ តន វិបុល


នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ​​មាន​មនុស្សជាច្រើន​បានងាក​មកចាប់​អារម្មណ៍នឹង​ការពង្រីកចំណេះដឹង​ថ្មីនិង​អភិវឌ្ឍ​ខ្លួន​បន្ថែម​តាម​រយៈការ​ចូលរួម​​សិក្ខា​សាលា​ ឬសន្នី​សីទស្តីពីអ្វីមួយ។ ការណ៍នេះ គឺជាដំណើរការសិក្សាក្រៅផ្លូវការមួយដែលមហាជនទូទៅសុទ្ធតែអាចចូលរួមរៀនសូត្រ​ ដើម្បី​ទទួល​បា​ន​នូវចំណេះ​ដឹង និងបទពិសោធថ្មីៗពីសំណាក់វាគ្មិនបានយ៉ាងទូលំទូលាយ។ ក្នុងនោះគេតែងឃើញមានពលរដ្ឋខ្មែរដែលជាព្រះសង្ឃ គ្រហស្ថ​ និង​យុវជន​ខ្មែរ​ដែលជាកម្លាំងស្នូលរបស់សង្គមតែងតែចូលរួមជាពិសេស។​ ក្រឡេក​ទៅ​មើល​ពួកគេ​ម្នាក់ៗ​ហាក់​មាន​ភាព​ក្លាហាន​ប្រកប​ដោយ​ទំនុក​ចិត្ត​និងជឿជាក់លើខ្លួនឯងណាស់។​
ស្ថិតក្នុងឯកសណ្ឋានជាសិស្សសាលាឯកជនមួយ ដែលកំពុងផ្ចង់អារម្មណ៍ស្តាប់វាគ្មិនយ៉ាងយកចិត្តទុកដាក់នៅក្នុងសិក្ខាសាលាមួយ​ស្តី​ពី ​​“ហេតុ​​អ្វី​​ត្រូវ​​ការ​ការ​សិក្សាអប់រំ” នោះគឺប្អូនស្រី សយ ចន្ទពេញបរមី។ សព្វថ្ងៃប្អូនជាសិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង​ ដែល​គណៈ​គ្រប់​គ្រង​សាលា​រៀន ​ព្រមទាំងលោកគ្រូអ្នកគ្រូ តែងតែបើកឱកាសទូលាយដល់រូបគេនិងសិស្សដទៃទៀតបានចូលរួមសិក្ខាសាលា​នេះ ​​ក្នុង​​គោល​​បំណង​​បំផុស​​បំផុល​​ស្មារតី​ និងជំរុញលើកទឹកចិត្តពួកគេ​ស្រឡាញ់ការ​សិក្សា​រៀនសូត្រ​បន្ថែម​ពីអ្វី​ដែល​លោក​គ្រូអ្នក​គ្រូ​បាន​បង្ហាត់​បង្រៀន​នៅ​ក្នុង​ថ្នាក់។​​
និយាយដោយរួសរាយមកកាន់អ្នកសារព័ត៌មាន តែដៃកំពុងកត់ត្រាបណ្តើរ ហើយត្រចៀកផ្ទៀងស្តាប់បណ្តើរ ប្អូនស្រី ពេញបរមី​ យល់​ថា ​​តាម​រយៈ​​កា​រ​​ចូល​រួមសិក្ខាសាលាផ្តល់ប្រយោជន៍ច្រើនដល់មនុស្សទូទៅយ៉ាងល្អប្រសើរនិងទូលំទូលាយ ព្រោះពួកគេអាចទទួលបានចំណេះដឹង ​ចំណេះ​​ធ្វើ​​ ពិសោធន៍​​ថ្មីៗ​​ដែលយើង​អាចយកទៅអភិវឌ្ឍខ្លួនឱ្យល្អប្រសើរបាន។ ដ្បិតថា ប្អូនស្រី ចន្ទពេញបរមី រៀនមិនសូវ​ពូកែ ​តែប្អូន​​និយាយ​​ហាក់​​មាន​​ទំនុក​​ចិត្ត​ និងជឿជាក់លើខ្លួនឯងថា “ការសិក្សារបស់ខ្ញុំធម្មតាៗទេ តែខ្ញុំចូលចិត្តរៀន ព្រោះអនាគតខ្ញុំចង់ក្លាយជាមេធាវីល្អ​ម្នាក់​ ដែល​អាច​ជួយ​ការពារ​ ​និង​​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះពីការចោទប្រកាន់នានា”។ ពេលទំនេរ​ ក្រៅ​តែពីការ​សិក្សា​រៀន​សូត្រ​ ប្អូន​ស្រី​ចូលចិត្ត​លេង​កីឡា​ជាមួយ​នឹ​ង​មិត្តភក្តិ​ អាន​សៀវភៅ ឬចូលរួមសិក្ខាសាលាជាដើម។​
សូមជម្រាបជូនថា ក្រៅតែពីការទទួលបានចំណេះដឹង និងបទពិសោធថ្មីៗតាមរយៈសិក្ខាសាលាក៏បានបង្កើត ភាពក្លាហាន ទំនាក់​ទំនង​ល្អ​ និង​ចំណង​មិត្តភាព​ជាមួយមិត្តភក្តិ និងអ្នកដទៃកាន់តែស្និតស្នាល ហើយអ្វីដែលពិសេសជាងនេះនោះ​ ​សិក្ខា​សាលា​អាចធ្វើ​ឱ្យ​អ្នក​ចូលរួម​យល់​ដឹង​ទិដ្ឋភាព​សង្គម​ជាក់​ស្តែង​បានច្រើនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងនោះក៏មានអ្នកខ្លះបានបើកឱកាសទូលាយសម្រាប់ខ្លួនឯង​បាន​ចូល​រួម​ តែ​ក៏​មាន​អ្នក​ដែល​មិន​បាន​ផ្តល់​ឱកាស​សម្រាប់​ខ្លួន​ឯង​ដែរ៕​



No comments:

Post a Comment