ផ្សារចល័ត

ផ្សារចល័ត

អត្ថបទ៖ តន វិបុល


រ៉ឺម៉កម៉ូតូកង់បីរណេងរណោងផ្ទុកទៅដោយត្រី សាច់ បន្លែ និងគ្រឿងទេសផងនោះ លោក ផេង ពៅ ជាមួយនឹងប្រពន្ធបានជិះស្កាត់លក់ស្ទើរគ្រប់ច្រកល្ហក ពោលពីច្រកមួយទៅច្រកមួយ ពីកន្លែងមួយទៅកន្លែងមួយទៀត តាមខណ្ឌមានជ័យ និងខណ្ឌចម្ការមន ជាដើម ហើយថ្ងៃខ្លះអាចលក់ឆ្លងខណ្ឌផ្សេងទៀតក៏មានដែរ។

ដោយមានប្តីជាអ្នកបើករ៉ឺម៉កម៉ូតូកង់បី ឯប្រពន្ធជាអ្នកលក់ នៅលើរ៉ឺម៉កនោះផ្ទាល់ លោក ពៅ ដែលជាប្ដី បានថ្លែងប្រាប់ ឌិ អ៊ីនធ័រខន រ៉ូសស្ទ័រ ដោយក្តីស្វាគមន៍ តែដៃទាំងទ្វេរបស់គាត់កំពុងតែមមាញញឹកជួយលក់ដូរប្រពន្ធផងនោះ បាននិយាយថា មុននឹងសម្រេចចិត្តចាប់យករបរលក់ដូរចល័ត តាមរ៉ឺម៉កបែបនេះ ខ្ញុំមានរបរជាអ្នករត់ម៉ូតូកង់បី ឯប្រពន្ធរបស់ខ្ញុំជាអ្នកអូសរទេះបន្លែ ផ្លែឈើ ត្រី សាច់ លក់ចល័តស្ទើរគ្រប់ច្រកល្ហក

ដោយមើលឃើញពីទុក្ខលំបាក ភាពនឿយហត់ និងបញ្ហាប្រឈមផ្សេងៗរបស់ប្រពន្ធផង គួបផ្សំជាមួយការរត់ម៉ូតូកង់បីពុំសូវជាកាក់កបផងនោះ ទើបលោក ពៅ សម្រេចចិត្តប្តូរមុខរបរចាស់ ហើយក៏ងាកមកចាប់យកមុខរបរថ្មី ក្នុងនាមជាអាជីវករផ្សារចល័តនេះ រួមជាមួយនឹងភរិយាខ្លួនតែម្តងទៅ។ ម្យ៉ាងរបរនេះក៏ជាការបង្កភាពងាយស្រួល និងសម្រួលបន្ទុករបស់ប្រពន្ធខ្លួនបានមួយកម្រិត ថែមទាំងបង្កើនការលក់បានច្រើនដែរ។

សូមជម្រាបជូនថា មុននឹងសម្រេចប្តូររបរជាអ្នកលក់ចល័ត លោកបានសម្លឹងមើលតាមផ្សារ ដោយធ្វើការប្រៀបធៀបថា បើលក់បន្លែនៅតាមផ្សារដូចគេទូទៅ នោះមិនចំណេញទេ ទោះបីចំណេញ ក៏ចំណេញតិចតួចដែរ។ មិនចំណេញដោយលោកអះអាងថា គឺបណ្ដាលមកពីអាជីវករគ្រប់រូបត្រូវបង់តម្លៃកន្លែងលក់ដែលមានតម្លៃថ្លៃ ម្យ៉ាងក៏មានអាជីវករលក់ដូរដូចគ្នាក៏ច្រើនណាស់ដែរ។ ផ្ទុយទៅវិញ ផ្សារចល័តពុំសូវជាមានអ្នកណាចាប់អារម្មណ៍ប៉ុន្មាននោះទេ ណាមួយក៏អាចរាប់ថាជារបរមួយកាក់កបគ្រាន់បើនឹងចិញ្ចឹមឆ្នាំងដែរ ហើយក៏បាននៅជុំនឹងប្រពន្ធទៀតផង ទើបលោកងាកមកចាប់អាជីពនេះតែម្តងទៅ។ ម្យ៉ាងលោកក៏មើលឃើញទៀតថា ក្រោយពេលលក់អស់លោក ក៏អាចឆ្លៀតដឹកម៉ូយបានម្ដងម្កាលថែមទៀតដែរ។

អ្នកមានដើមកំណើតមកពីស្រុកស្អាង ខេត្តកណ្តាល រូបនេះបានបញ្ជាក់បន្ថែមទៀតថា ពីដំបូង លោកមានការពិបាកបន្តិចបន្តួចដែរ ដោយសារតែអត់ងងុយ គឺខណៈដែលដំណេកកំពុងតែលង់លក់ស្រួល លោក និងប្រពន្ធ ត្រូវក្រោកទៅទិញបន្លែនៅផ្សារនាគមាស ពោលគឺនៅវេលាម៉ោង២ទៀបភ្លឺ ជារៀងរាល់ថ្ងៃ បើហ៊ានតែដំអក់ដំណេកតែបន្តិចនោះ ប្រាកដជាមិនអាចទិញបន្លែ ផ្លែឈើ ត្រី សាច់ល្អបាននោះទេ។ ប៉ុន្ដែដោយភាពអំណត់ និងដើម្បីក្រពះផងនោះ ទើបលោកបង្ខំចិត្តនិងទម្លាប់ដើម្បីបង្កើតឲ្យមានភាពស៊ាំ។ លោក ពៅ បន្ថែមដោយស្នាមញញឹមថា៖ លុះពីមួយថ្ងៃទៅមួយថ្ងៃ សកម្មភាពបែបនេះលែងជាឧបសគ្គចំពោះខ្ញុំ និងប្រពន្ធ ទៀតហើយ ផ្ទុយទៅវិញវាហាក់បានក្លាយទៅជាទម្លាប់និងជំនាញខ្ញុំទៅហើយ



សូមបញ្ជាក់ថា បន្ទាប់ពីចាប់របរនេះអស់មួយរយៈពេលមក ជីវភាពគ្រួសាររបស់អ្នកប្រកបរបរផ្សារចល័តរូបនេះ ហាក់ប្រសើរជាងមុន គឺអាចរស់នៅបានសមស្របទៅតាមស្ថានភាពសង្គមខ្មែរបច្ចុប្បន្ន។ ពោលគឺយ៉ាងហោចណាស់ក៏អាចរកប្រាក់ចំណេញបានរវាងចន្លោះពី ៨ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ក្នុងមួយថ្ងៃដែរ។ នេះបើតាមសម្ដីភរិយារបស់លោក ពៅ។ សូមជម្រាបជូនដែរថា សព្វថ្ងៃនេះលោក ផេង ពៅ និងក្រុមគ្រួសារកំពុងរស់នៅផ្ទះជួលមួយកន្លែង ដែលមានទីតាំងនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ៕

No comments:

Post a Comment