មិនត្រូវនិពន្ធដោយគ្មានគ្រូ


មិនត្រូវនិពន្ធដោយគ្មានគ្រូ


អត្ថបទ៖ តន វិបុល



ថ្វីដ្បិតតែបទចម្រៀងសម័យបច្ចុប្បន្ននេះ មានការគាំទ្រពីសំណាក់យុវវ័យយ៉ាងណាក៏ដោយ ក៏ប៉ុន្តែចម្រៀងទាំងនោះទទួលការគាំទ្របានតែមួយឆាវៗប៉ុណ្ណោះ ហើយក៏លិចបាត់ស្រមោលសូន្យឈឹងទៅវិញ ផ្ទុយពីបទចម្រៀងជំនាន់ដើមដែលនៅតែមានកេរ្តិ៍ឈ្មោះ នៅតែពីរោះផ្អែមល្ហែម នៅតែមានអត្ថន័យជ្រាលជ្រៅដក់ជាប់ក្នុងក្រអៅបេះដូងឆ្លងជំនាន់ រហូតមហាជន និងសង្គមជាតិបានឲ្យតម្លៃថា «ចម្រៀងពីដើមម្ចាស់ទៅចោលស្នាដៃ ចម្រៀងសម័យស្នាដៃទៅចោលម្ចាស់»

ជុំវិញបញ្ហានេះកវីនិពន្ធទសវត្ស១៩៦០ ព្រឹទ្ធាចារ្យ វ៉ែន សុន មើលឃើញថា ការតាក់តែងទំនុកចម្រៀង និងបទភ្លេងរបស់កវី និពន្ធសម័យទំនើប ហាក់បីដូចជាគ្មានក្បួនខ្នាតត្រឹមត្រូវទាល់តែសោះ។ ពោលគឺបទចម្រៀងសម័យមិនសូវមានចំណាប់ចួន ដូចបទចម្រៀងកាលពីជំនាន់ដើមឡើយ។ បញ្ហានេះអាចបណ្តាលមកពីការនិពន្ធបទភ្លេងមុនទំនុកចម្រៀង ដែលជាកត្តាធ្វើឲ្យអ្នកតែងទំនុកចម្រៀង មិនអាចស្វែងរកទីតាំងចួនត្រូវនឹងចង្វាក់ភ្លេងបានឡើយ ព្រោះទំនុកចម្រៀងខ្មែរនីមួយៗ ត្រូវលំនាំតាមកំណាព្យខ្មែរទាំងស្រុង។ មែនទែនទៅភាគច្រើន គឺចម្លងយកបទភ្លេងបរទេសមកដាក់ទំនុកចម្រៀងខ្លួនឯង។ នេះគឺជាផ្នែកមួយដែលធ្វើឲ្យកវី និពន្ធខ្មែរបច្ចុប្បន្នមិនអាចតែងទំនុកចម្រៀងបានល្អ ឬប្រហែលមកពីកវីនិពន្ធទាំងនោះចេះនិពន្ធដោយគ្មានគ្រូក៏ថាបាន។

សូមជម្រាបជូនថា ព្រឹទ្ធាចារ្យ វ៉ែន សុន មានជំនាញខាងនិពន្ធទំនុកចម្រៀង និពន្ធកំណាព្យ ជាសិល្បករផ្នែកតន្ត្រី និងជាអ្នកនិពន្ធរឿងខ្លីផ្នែកកុមារផងដែរ។ សព្វថ្ងៃព្រឹទ្ធាចារ្យរូបនេះជាទីប្រឹក្សាកណ្ដាលនៃសមាគមអ្នកនិពន្ធខ្មែរ ជាទីប្រឹក្សាសមាគមទ្រទ្រង់ការបោះពុម្ពនិងអប់រំ និងក៏ជាសាស្ត្រាចារ្យមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ។ លោកបានបន្ថែមថា ជាធម្មតាគេមិននិពន្ធបទភ្លេងមុនទំនុកចម្រៀងទេ។ ផ្ទុយទៅវិញ ខណៈតែងទំនុកចម្រៀងបានហើយនោះ គេត្រូវប្រគល់វាឲ្យទៅអ្នកនិពន្ធបទភ្លេងជាក្រោយ មានន័យថា គេត្រូវនិពន្ធបទភ្លេងតាមទំនុកចម្រៀងដែលមានស្រាប់ ព្រោះអ្នកតែងទំនុកភ្លេងចេះទ្រឹស្តីខាងអក្សរភ្លេងជ្រៅជ្រះ។ ជាក់ស្តែង បើយើងតែងទំនុកចម្រៀងកាព្យពាក្យ៨ នោះវាត្រូវនឹងបទភ្លេងមនោសញ្ចេតនា ឬភ្លេងរ៉កជាដើម។ ប៉ុន្ដែបើយើងសរសេរទំនុកកាព្យពាក្យ៤ វិញ នោះវាជាបទភ្លេងប្រជាប្រិយខ្មែរយើង ដូចជាបទភ្លេងរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ និងកន្ទ្រឹមជាដើម។

ក៏គួររម្លឹកជូនដែរថា កវីដែលត្រូវបានជីកកប់ដោយអតីតកាលរូបនេះ ធា្លប់បាននិពន្ធបទចម្រៀងឲ្យតារាចម្រៀងល្បីៗ ជំនាន់សម័យសង្គមរាស្រ្តនិយម ក៏មិនចេះតិចបទផងដែរ ដែលក្នុងនោះរួមមានបទ លលកវាយំ ឱពពេជចៀប រន្ទះប៉ីអរ ខ្ទមលោហិត នេត្រាស្នេហា កន្សែងប៉ាក់ជរ... ជាដើមផងដែរ។ ងាកមកបច្ចុប្បន្នវិញ បទដែលលោកបាននិពន្ធរួមមាន ពពកបាំងខែ កាត់ចិត្តទាំងឈឺចាប់ ចំណងដៃទឹកភ្នែក អណ្តើកភ្លេចបឹង កុលាបចាំស្នេហ៍ កុំចាំជាតិក្រោយ... ជាដើម។ ក្រៅពីនិពន្ធបទចម្រៀង កវីរូបនេះក៏បាននិពន្ធរឿងខ្លីសម្រាប់អប់រំកុមារបានច្រើនចំណងជើងផងដែរ តួយ៉ាង រឿងកណ្តៀរនិងស្រមោច កូនសេដ្ឋីនិងកូនចាប ជម្លោះមាន់និងទោច កូនមេអំបៅពណ៌លឿង អាពៅកូនក្តាម កូនដង្កូវភ្លោះ... ជាដើម។

តាមរយៈពេទកោសល្យ និងទឹកដមស្នាដៃដ៏មានប្រជាប្រិយ កវីឆ្លងជំនាន់ច្រើនរូបនេះ ធ្លាប់ទទួលបានជ័យលាភីមេដាយមាស ទូទាំងប្រទេសលើស្នាដៃកំណាព្យចំណងជើង បណ្តាំកវី ពីក្រសួងវប្បធម៌វិចិត្រសិល្បៈនៅឆ្នាំ១៩៩១។ នៅឆ្នាំ១៩៩៧ លោកជាម្ចាស់ពានរង្វាន់៧មករា លើស្នាដៃរឿង ឋានសួគ៌ក្នុងសុបិន ជាប្រលោមលោកផ្នែកកំណាព្យ ដែលផ្ដល់ជូនដោយសមាគមអ្នកនិពន្ធខ្មែរ។ លុះឆ្នាំ២០១០ លោកទទួលបានជ័យលាភីពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើស្នាដៃកំណាព្យរឿងបែបប្រវត្តិសាស្រ្ត គឺរឿង ភ្នំព្រះនាងកែវ នៅក្រុងវៀងចន្ទន៍ ប្រទេសលាវ។ ក្រោយមកឆ្នាំ២០១៣ លោកទទួលបានជ័យលាភី ពានរង្វាន់កវី អាស៊ានក្នុងចំណោមប្រទេសទាំង១០ លើស្នាដៃកំណាព្យចំណងជើង របាំប្រពៃណីខ្មែរ ដែលរៀបចំដោយព្រះរាជាណាចក្រថៃ។

សូមបញ្ជាក់ជូនដែរថា បន្ទាប់ពីឆ្លងកាត់បទពិសោធនិពន្ធយ៉ាងជោកជាំ កវី វ៉ែន សុន បានបូជាកម្លាំងកាយចិត្ត ស្ទើរមួយជីវិតលោកក្នុងបុព្វហេតុកិច្ចការនិពន្ធ ដោយបើកវគ្គបណ្តុះបណ្តាលអ្នកនិពន្ធគ្រប់មជ្ឍដ្ឋាន។ តាមរយៈសុច្ឆន្ទៈចែករំលែកបទពិសោធដល់កូនខ្មែរនោះ បានធ្វើឲ្យសិស្សគណមួយចំនួនរបស់លោកក្លាយទៅជាអ្នកមានកេរ្ដិ៍ឈ្មោះបោះសំឡេងមិនតិចនាក់ទេ ក្នុងអាជីពជាអ្នកនិពន្ធ។ ប៉ុន្ដែអ្វីដែលកវីចាស់វស្សារូបនេះទទូចស្នើសូមនោះ គឺស្នើឲ្យអ្នកដែលមានចេតនាចង់ប្រឡូកក្នុងវិស័យតែងនិពន្ធ ឬអ្នកនិពន្ធ ទាំងឡាយ មិនត្រូវនិពន្ធដោយគ្មានគ្រូ ឡើយ៕ 















No comments:

Post a Comment