លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ៖ សិស្សគួរតែសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ៖ សិស្ស​គួរ​តែ​សិក្សា​បន្ត​នៅ​ថ្នាក់​ឧត្តម​សិក្សា

អត្ថបទ៖ តន វិបុល

ខណៈសិស្សានុសិស្សដឹងពីលទ្ធផលប្រឡង​ថ្នាក់មធ្យមសិក្សាទុតិយភូមិរួចហើយនោះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី យល់ឃើញថា សិស្សរៀនចប់បាក់ឌុប មិនថាប្រឡងធ្លាក់ឬជាប់នោះទេ គួរតែរៀនបន្តនៅថ្នាក់ឧត្តម សិក្សា។ លោកថ្លែងដូច្នេះ គឺចង់បំបាត់មន្ទិលសង្ស័យ និងចង់ចង្អុលបង្ហាញដល់សិស្សានុសិស្ស ដែលកំពុងតែស្រពេចស្រពិលក្នុងការសម្រេចចិត្ត ថាគួរតែធ្វើអ្វីជាបន្តសម្រាប់អនាគតពួកគេ។

បរិបទទីផ្សារបច្ចុប្បន្ន គឺកំពុងតែទាមទារឱ្យមានចំណេះ ជំនាញ និងពិសោធន៍ប្រកបដោយប្រសិទ្ធភាព។ ប្រសិនបើគ្មានចំណេះ ជំនាញ និងបទពិសោធច្បាស់លាស់​ទេ ប្រាកដជាមិនអាចស្វែងរកការងារល្អបានធ្វើឡើយ។ ដូច្នេះសិស្សនុសិស្សទាំងអស់គួររៀនបន្តនៅថ្នាក់មហាវិទ្យាល័យដើម្បីសិក្សាយកជំនាញតាមចំណងចំណូលចិត្ត តាមភាពប៉ិនប្រសប់ និងគ្រឹះសមស្របនឹងសមត្ថភាពខ្លួន។



ជុំវិញបញ្ហានេះ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្តល់ជាគំនិតយោបល់ដល់សិស្សដែលប្រឡងជាប់ និងធ្លាក់ថ្នាក់ មធ្យមសិក្សាទុតិយភូមិ ថា ចំពោះអ្នកជាប់បាក់ឌុប គួរជ្រើសរើសមុខវិជ្ជារៀនតាមចំណងចំណូលចិត្តនៅថ្នាក់ឧត្តមសិក្សា ឲ្យសមស្របនឹងទីផ្សារការងារ។ ម្យ៉ាងប្រសិនជាគ្មានគោលដៅច្បាស់លាស់ ឬមិនដឹងថាគួររៀនមុខវិជ្ជាណាមួយសក្ដិសមទីផ្សារការងារនោះ គប្បីពិគ្រោះយោបល់ជាមួយនឹងឪពុកម្តាយ ឬអ្នកជំនាញជាដើម។ មួយទៀតសម្រាប់អ្នកចង់រៀនដែរ តែគ្មានលទ្ធភាពរៀន ក៏ពុំគួរបោះបង់ក្តីស្រមៃនោះចោលដែរ ផ្ទុយមកវិញគួរតែស្រវាស្រទេញ ដោយស្វះស្វែងរក អាហារូបករណ៍ ឬក៏ធ្វើការបណ្តើរ រៀនបណ្តើរដើម្បីរកលុយមកផ្តត់ផ្គង់ការសិក្សាផង និងដកពិសោធន៍ការងារផង លុះពេលរៀនចប់បរិញ្ញាបត្រ នោះយើងនឹងមានទាំងចំណេះ និងទាំងជំនាញ។

ដោយឡែកចំពោះអ្នកធ្លាប់បាក់ឌុប ក៏គួរតែបន្តសិក្សានៅថ្នាក់សាកលវិទ្យាល័យដែរ គឺអាចចូលរៀនថ្នាក់បរិញ្ញាបត្ររង។ ព្រោះយើងចំណាយពេលមួយឆ្នាំនៅសាកលវិទ្យាល័យ ទំនងជាល្អជាងចំណាយពេលមួយឆ្នាំនៅវិទ្យាល័យ។ អាចនិយាយបានថា បើធ្លាក់ថ្នាក់ទី១២ហើយ កុំរៀនបាក់ឌុបទៀតអី ព្រោះអាចនាំឲ្យខាតពេល ហើយក៏មិនអាចសន្មតថាប្រឡងជាប់ដែរ។ បើយើងចំណាយពេលមួយឆ្នាំចូលរៀនថ្នាក់បរិញ្ញាបត្ររង គឺចំណេញចំណេះដឹងច្រើន ម្យ៉ាងនាំឲ្យយើងចាស់ទុំគំនិតទៀតផង។ ពេលចប់បរិញ្ញាបត្ររងហើយនោះ យើងអាចផ្ទេរចូលថ្នាក់រិញ្ញាបត្រតាមជំនាញ ឬក៏តាមគោលបំណងរបស់យើងនោះជាការប្រសើរ។

ជារួម ទាំងអ្នកធ្លាក់ ឬក៏ជាប់បាក់ឌុប ដែលគ្មានបំណងចង់បន្តសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទេ ក៏នៅតែមានជម្រើសល្អៗច្រើនក្នុងការចាប់យកជំនាញវិជ្ជាជីវៈ នេះក៏ជាជម្រើសម្យ៉ាងដែលល្អប្រសើរដែរ។ ម្យ៉ាងជំនាញទាំងនេះ ទីផ្សារស្រុកខ្មែរក៏កំពុងតែត្រូវការជាចម្បងទៀតផង ដូចជាជាងភ្លើង ម៉ាស៊ីនត្រជាក់ និងជួសជុលឡានជាដើម សុទ្ធសឹងជាជំនាញដែលសង្គមខ្មែរបច្ចុប្បន្នកំពុង​តែត្រូវការជាខ្លាំង៕


No comments:

Post a Comment