សំឡេងក្រុមជនជាតិភាគតិចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
អត្ថបទ៖ តន វិបុល
ខណៈសាលាក្តីខ្មែរក្រហមកំពុងដំណើរការសវនាការលើសំណុំរឿង០០២/២ ក្នុងនោះរួមមានករណីពិសេសដែលផ្តោតលើ “អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចចាមនិងវៀតណាម”។ ជាមួយនឹងគ្នានោះ អង្គការក្តីករុណាក៏បានចាប់ផ្តើមគម្រោងពិព័រណ៍ “សំឡេងក្រុមជនជាតិភាគតិច” ដោយចល័តតាមហគមន៍នានា នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងព្រឹត្តិការណ៍ពិព័រណ៍នោះ មិនត្រឹមតែរំលេចទិដ្ឋភាពទូទៅនៃប្រវត្តិសាស្រ្តសម័យកម្ពុជាប្រជាធិបតេយ្យប៉ុណ្ណោះទេ តែក្នុងនោះក៏បានផ្តោតសំខាន់ទៅលើបទពិសោធដ៏ឈឺចាប់របស់ក្រុមជនជាតិភាគតិចចាមនិងវៀតណាមដែលបានឆ្លងកាត់សម័យនោះជាសំខាន់ផងដែរ។
បើតាមនាយកប្រតិបត្តិអង្គការក្តីករុណា លោក ទឹម មិនា បានថ្លែងថា “តាមរយៈពិព័រណ៍សម្ភារៈឯកសារវីឌីអូ សំឡេង ក៏ដូចជាផ្ទាំងព័ត៌មានដែលអមដោយរូបថតនិងគំនូរជាដើមនោះ គឺចង់លើកកម្ពស់ការយល់ដឹងអំពីរឿងរ៉ាវដែលប្រព្រឹត្តទៅលើក្រុមជនជាតិភាគតិចអំឡុងសម័យខ្មែរក្រហម ព្រោះមិនចង់ឲ្យមានការរើសអើងសាសនា ឬក៏ពូជសាសន៍ណាមួយនោះឡើយ។ ម្យ៉ាងក៏ចង់ឲ្យក្មេងៗជំនាន់ក្រោយសិក្សាឈ្វេងយល់ឲ្យបានស៊ីជម្រៅនៃប្រវត្តិសាស្រ្តរបស់ខ្លួននេះផងដែរ។ ពិសេសនោះ ពិព័រណ៍ចល័តនេះ ក៏អាចជាផ្នែកមួយជួយរួមចំណែកផ្សះផ្សាផ្លូវចិត្តជនរងគ្រោះដែលទទួលរងការឈឺចាប់ក្នុងរបបដ៏ខ្មៅងងឹតនោះដែរ”។ នេះជាការលើកឡើងរបស់ លោក ទឹម មិនា។
សូមបញ្ជាក់ជូនថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ចល័តនោះ ក៏មានវត្តមានក្រុមជនជាតិចាមនិងវៀតណាម ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម១៦រូបមកពីខេត្តផ្សេងៗគ្នាផងដែរ។ ការណ៍ដែលអញ្ជើញពួកគាត់ឲ្យចូលរួមបែបនេះ គឺក្នុងគោលបំណងផ្តល់ឱកាសឲ្យពួកគាត់បានរៀបរាប់អំពីរឿងរ៉ាវជីវិតដ៏ឈឺចាប់ និងបទពិសោធនានា ដែលពួកគាត់បានឆ្លងកាត់ក្នុងសម័យអតីតកាល ទៅកាន់សាធារណជន។ ពិសេសនោះ គឺយុវជនជំនាន់ក្រោយ ដើម្បីឲ្យពួកគាត់បានដឹងឮ និងទទួលស្គាល់រឿងរ៉ាវដ៏ឈឺចាប់ទាំងនោះ។ តែទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោម១៦រូបនោះ គឺមានតែ៤រូបប៉ុណ្ណោះ ដែលមិនមែនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងករណីសំណុំរឿង០០២/២ ដែលបានមករៀបរាប់រឿងរ៉ាវអំពីជីវិតដ៏វេទនារបស់ពួកគាត់ទាំងនោះ៕

No comments:
Post a Comment