គង្គ ប៊ុនឈឿន៖ ជំងឺខ្មែរមើលមិនជា

គង្គ ប៊ុនឈឿន៖ ជំងឺខ្មែរមើលមិនជា

អត្ថបទ៖ តន វិបុល


ដំបូងសូមជម្រាបថា លោក គង្គ ប៊ុនឈឿន គឺជាកវីនិពន្ធដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងផ្នែកតែងនិពន្ធ។ លោកកើតនៅថ្ងៃ១៨ ខែតុលា ឆ្នាំ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។
កវីដ៏ឆ្នើមរូបនេះបានចូលប្រលូកក្នុងវិស័យតែងនិពន្ធអំឡុងឆ្នាំ១៩៥៥ ហើយលោកបានចូលរួមប្រលងស្នាដៃលើកដំបូងក្នុងឱកាស “មហោស្រពអក្សរសិល្ប៍” នៅខេត្តបាត់ដំបងក្នុងឆ្នាំ១៩៥៧ ដោយទទួលបានជ័យលាភីលេខ១ ក្នុងស្នាដៃឈ្មោះ “ស្នេហាលុះអវសាន”។
កវីរូបនេះធ្លាប់ធ្វើការជាអ្នកសរសេរកាសែត និពន្ធកំណាព្យ ព្រមទាំងប្រលោម លោកប្រភេទពាក្យកាព្យនិងពាក្យរាយ។ ម្យ៉ាងលោកក៏ជាអ្នកសេណារីយ៉ូភាពយន្ត អ្នកដឹកនាំសម្តែង និងជាអ្នកនិពន្ឋបទភ្លេងដ៏ល្បីឈ្មោះមួយរូបផងដែរ។ ក្រៅពីនោះកវី គង្គ ប៊ុនឈឿន ក៏ជាអ្នកគូរគំនូរអប់រំទៀតផង។ ពិសេសជាងនេះទៅទៀត លោកបាននិពន្ធចម្រៀងមិនតិចបទនោះទេ ដើម្បីឲ្យអ្នកចម្រៀងល្បីៗជំនាន់មុនបកស្រាយ ដូចជាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត, រស់ សេរីសុទ្ឋា, អ៊ឹង ណារី, ប៉ែន រ៉ន និងអ្នកចម្រៀងល្បីៗជាច្រើនរូបទៀត។
គួររម្លឹកជូនថា កវី គង្គ ប៊ុនឈឿន ទទួលមរណភាពនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅប្រទេសណ័រវេស។ មុននឹងកវីរូបនេះលាចាកលោកទៅ រូបលោកបានបន្សល់ទុកស្នាដៃនិពន្ធយ៉ាងសន្ធឹកសន្ធាប់ ដូចជាប្រលោម លោក ចម្រៀងសម័យដើម និងកំណាព្យជាដើម។
ខាងក្រោមនេះ គឺជាកំណាព្យទស្សនៈល្អៗ ដែលដកស្រង់ចេញពីសៀវភៅកំណាព្យ “ជម្ងឺខ្មែរ” របស់កវី គង្គ ប៊ុនឈឿន សម្រាប់ចែកជូនសាធារណជនអានគ្រាន់ពិចារណា៖
កំណាព្យទី១
សំណែនសែនសំណូក បានធ្វើលោកសូកឡើងស័ក្កិ ងាយស្រួលរកមាសប្រាក់ ជាទស្សនៈមន្ត្រីខ្មែរ។
រលួយពុកដល់ឆ្អឹង ម្នាក់ៗប្រឹងបូមគ្មានល្ហែ ជាតិស្គមគ្មានថ្នាំកែ ព្រោះតែខ្មែរខ្លះបំពាន។
ខ្លះលួចលក់ព្រៃឈើ ធ្វើសេដ្ឋីសល់វាល់លាន ខ្លះទៀតលក់ថ្នាំញៀន មានប្រាក់ផ្ញើនៅបរទេស។
ជាតិក្រសូមទានគេ ឯមេៗពោះស្ទើរប្រេះ គួរឈឺចាប់អ្វីម្ល៉េះ ជំងឺនេះមើលមិនជា។
កំណាព្យទី២
ជំងឺលាបពណ៌គ្នា នៅកម្ពុជាមានមិនចប់ តគ្នាជាទម្លាប់ បើគេស្អប់អ្នកណាម្នាក់ !
ចោទថាខ្មែរក្រហមខៀវ គ្មានស្រាវជ្រាវឲ្យជាក់លាក់ បែងចែកជាពួកបក្ស លួចកាប់ចាក់បាញ់ប្រហារ។
គួរឲ្យខ្លាចអ្វីម៉្លេះ ជំងឺនេះកាចអស្ចារ្យ ខ្លះត្រូវគេប្រហារ ហើយចោទថាជាអាបធ្មប់។
ឈាមខ្មែរពណ៌តែមួយ ហេតុម្តេចឡើយប្តូរពណ៌គ្រប់ យកថ្ងៃធ្វើជាយប់ ខ្មែរគួរឈប់លាបពណ៌គ្នា។ […]

No comments:

Post a Comment