ខណៈហាងផឹកស៊ីដុះដូចផ្សិត

ខណៈហាងផឹកស៊ីដុះដូចផ្សិត

អត្ថបទ៖ តន វិបុល




បច្ចុប្បន្ននេះ ស្ទើរគ្រប់ទីប្រជុំជនទៅហើយ ដែលកន្លែង ផឹកស៊ីរីកដុះដាលគួរឲ្យកត់សម្គាល់ ពោលគឺមិនចាញ់ស្ថាប័នអប់រំប៉ុន្មានទេ មែនទែនទៅស្ថាប័នអប់រំសុំខ្មាស។
បើយើងចាប់អារម្មណ៍តែបន្តិចទៅលើដងវិថីមួយចំនួន នាពេលរាត្រីយើងនឹងឃើញកំណាត់ផ្លូវនីមួយៗ ពោរពេញទៅដោយភ្លើងចម្រុះពណ៌ព្រោងព្រាតបន្តកន្ទុយគ្នា តាំងពីដើមផ្លូវរហូតដល់ចុងផ្លូវមិនខាន។ ភ្លើងចម្រុះពណ៌ទាំងនោះ ពុំមែនជាភ្លើងបំភ្លឺសម្រាប់ដាក់យកចង្រិតនោះឡើយ តែវាជាភ្លើងសញ្ញាប្រាប់ឲ្យដឹងថា ទីនោះជាកន្លែងផឹកស៊ី រួមមានហាង ក្លឹប ខារ៉ាអូខេ  បៀរហ្គាឌិន និងរង្គសាលផងនោះ គឺសុទ្ធសឹងជាកន្លែងជួបជុំប្រមូលផ្តុំគ្នាផឹកស៊ីសប្បាយរីករាយ នាពេលរាត្រី មិនថាប្រុស ស្រី ចាស់ ឬយុវវ័យឡើយ។
មែនទែនទៅ វាមិនត្រឹមតែជាកន្លែងមួយអាចជួយបន្ធូរអារម្មណ៍ កាត់សាញ និងភាពតានតឹងពីការងារ គ្រួសារ ឬការរៀនសូត្រប៉ុណ្ណោះទេ តែផ្ទុយទៅវិញ វាក៏អាចរាប់ថាជាកន្លែងបំពុលអារម្មណ៍ក៏បានដែរ បើសិនយើងមិនអាចទប់អារម្មណ៍បាន ព្រោះកន្លែងទាំងនោះ ហាក់ធ្វើឲ្យមនុស្សញៀនបាន។ ពិសេស ចំពោះយុវជនដែលគេតែងនិយាយថា ជាទំពាំស្នងឫស្សីនេះតែម្តង។
វាមិនចម្លែកពេកទេ ដែលថាកន្លែងទាំងនោះធ្វើឲ្យមនុស្សខ្លះញៀន ព្រោះទីនោះមានគ្រឿងក្លែមឈ្ងុយឆ្ងាញ់ គួបផ្សំជាមួយនឹងស្រីស្រស់ស្អាតចាំកំដរ ចាំពង្វក់អារម្មណ៍ផងនោះ ទើបកន្លែងផឹកស៊ីទាំងឡាយ កាន់តែមានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រកាន់តែច្រើនឡើងៗ។ នេះប្រហែលជាហេតុផលដែលធ្វើឲ្យកន្លែងផឹកស៊ី បន្តរីកដុះដាលព្រោងព្រាតពីមួយកន្លែងទៅមួយកន្លែង ពីមួយឆ្នាំទៅមួយឆ្នាំ ដោយឥតដឹងខ្លួន រហូតធ្វើឲ្យផលិតផលស្រាបៀរក្នុងស្រុកមួយចំនួនមិនអាចផ្គត់ផ្គង់ទាន់អ្នកផឹក ទើបនាំចូលពីប្រទេសក្រៅថែមទៀតផង ដើម្បីបន្តនិរន្តរភាពរបស់ខ្លួនក៏អាចថាបាន។
តាមការពិតទៅ ហាងផឹកស៊ីមិនមានច្រើនហូរហែដល់ម្ល៉ឹងទេ ប្រសិនបើគ្មានអ្នកបន្តគាំទ្រនោះ តែការណ៍នេះបានស្ដែងយ៉ាងច្បាស់ថា វាស្ទើរក្លាយជាទម្លាប់ទៅហើយ ដ្បិតអីពលរដ្ឋខ្មែរយើងភាគច្រើនចូលចិត្តសប្បាយ និងចូលចិត្តផឹកស៊ី ដែលនេះឯងជាមូលហេតុដែលមិនអាចប្រកែកបាន និងជាកត្តាដែលជំរុញហាងផឹកស៊ីកាន់តែមានវត្តមានក្នុងសង្គមយើង។
គួរជម្រាបជូនផងដែរថា បន្ទាប់ពីពួកគេបានផឹកស៊ីស្រវឹងប្រហែលជាមិនប្រាកដថាពួកគេទាំងនោះអាចគ្រប់គ្រងស្មារតីបានឡើយ។ នេះជាកត្តាដែលជំរុញឲ្យពួកគេបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ក៏ដូចជាអ្នកដទៃផងដែរ។ ព្រោះកន្លងមកតាម   រយៈបណ្ដាញសារព័ត៌មាន តែងតែមានអ្នកស្រវឹងបើកឡានបុកនេះ ជិះម៉ូតូបុកនោះ បាញ់អ្នកនេះ សម្លាប់អ្នកនោះ សម្លត់អ្នកនេះ ឬក៏រំលោភអ្នកនោះជាដើម ហើយក៏មានដែរក្រុមខ្លះប្រកាប់ប្រចាក់គ្នាពេញហាងផឹកស៊ីតែងម្តង។
បើកន្លែងទាំងអស់នោះ នៅតែបន្តរីកដុះដាលពង្វក់សតិអារម្មណ៍ទំពាំងនិងឫស្សីបែបនេះ តើវាសនាប្រទេសជាតិទៅជាយ៉ាងណា? នេះជាសំណួរត្រូវតែចោទដើម្បីទទួលបានចម្លើយ ឬដំណោះស្រាយសមស្របណាមួយដើម្បីគ្រប់គ្រង លើច្បាប់ស្ដីពីគ្រឿងស្រវឹង ក៏ដូចជាវ័យណាទើបអាចប្រើប្រាស់គ្រឿងស្រវឹងបាន និងប្រើក្នុងកម្រិតណាជាដើម។
ដ្បិតណាស់ថាក្លឹប ខារ៉ាអូខេ បៀរហ្គាឌិន និងរង្គសាលទាំងនោះ បានជួយសម្រួលការងារដល់ពលរដ្ឋខ្មែរមួយចំនួនក៏ពិមែន ប៉ុន្តែអ្នកធ្វើការងារតាមកន្លែងទាំងនោះ ហាក់ដូចជាគេពុំសូវឲ្យតម្លៃ ឬយកចិត្តទុកដាក់ទាល់តែសោះ។ ជារឿយៗ គេសង្កេតឃើញថា បណ្តាក្រុមអ្នកមានមុខមាត់ ឬក៏អ្នកមានលុយមួយចំនួន បានចាត់ទុកអ្នកធ្វើការទាំងនោះ ដូចជាខ្ញុំកញ្ជះដាច់ថ្លៃក៏មានដែរ។ ខណៈដែលប្រើគេអស់អាចម៍អស់នោមហើយនោះ សូម្បីតែលុយលើកទឹកចិត្តក៏ពុំបានឲ្យគ្នាដែរ ផ្ទុយទៅវិញថែមទាំងបោះសម្តីអសុរោះ គ្មានសីលធម៌ នៅពេលដែលបម្រើពួកគេមិនបានរហ័សទាន់ចិត្ត ឬធ្វើឲ្យឃ្នើសចិត្តជាដើម។ ចំណែកស្រី្តកំដរភ្ញៀវវិញ ត្រូវបានគេចាត់ទុកជាស្រីលេងសើច ឬជាល្បែងកម្សាន្តរបស់ខ្លួន តាមតែចិត្តចង់ក៏មាន ពោលគឺពុំបានខ្វល់ខ្វាយពីអ្វីសោះឡើយ។
ម្យ៉ាង ថ្វីបើកន្លែងអាជីវកម្មផឹកស៊ីទាំងនោះមានច្បាប់ក្តី ហើយវាជាសិទ្ធិក្នុងការរកស៊ីរបស់ពួកគេក៏ដោយចុះ ប៉ុន្តែម្ចាស់អាជីវកម្មទាំងអស់នោះ ក៏ពុំគួរយកចំណីផ្លូវសាធារណៈមកធ្វើជាចំណតរថយន្តឬជាកន្លែងរកស៊ីរបស់ខ្លួនសោះឡើយ ព្រោះអាចបង្កឲ្យខូចសណ្តាប់ធ្នាប់តាមដងផ្លូវ មិនតែប៉ុណ្ណោះក៏ធ្វើឲ្យស្ទះចរាចរណ៍ផងទៀតក៏មានដែរ៕

No comments:

Post a Comment