លោក ងិន សុខចាន់ថន៖ ចែករំលែកមូលដ្ឋានគ្រឹះគំនូរព្រាង

លោក ងិន សុខចាន់ថន៖ ចែករំលែកមូលដ្ឋានគ្រឹះគំនូរព្រាង

អត្ថបទ៖ តន វិបុល



ដោយក្តីស្រឡាញ់ផុសចេញពីចិត្ត គួបផ្សំនឹងភាពប៉ិនប្រសបរបស់ខ្លួនផងនោះ លោក ងិន សុខចាន់ថន បានស្រវាស្រទេញយកជំនាញជាវិចិត្រករ។ ហេតុតែចំណងចង់ក្លាយជាវិចិត្រករមួយរូបឱ្យមានឈ្មោះបោះសំឡេងនោះ បានជំរុញទឹកចិត្តលោកឱ្យតស៊ូជម្នះរាល់ការលំបាកនានា រហូតទទួលបានជោគជ័យម្តងបន្តិចៗដោយឥតដឹងខ្លួន។

ផ្តើមចេញពីមិនទាន់ចេះអ្វីសោះ មកដល់ពេលនេះ លោកចាន់ថន ហាក់បានក្លាយទៅជាវិចិត្រកម្មខ្មែរមួយរូបដែលកំពុងតែស្ទាត់ជំនាញខាងគូរគំនូរគ្រប់ប្រភេទទៅហើយ ប្រចាំនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ គំនូរដ៏ស្រស់ស្អាតពោរពេញដោយភាពរស់រវើកមិនតិចផ្ទាំងនោះទេ នៅតាមវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង គឺសុទ្ធសឹងជាស្នាដៃរបស់វិចិត្រកររូបនេះ។ នេះគូសបញ្ជាក់ឲ្យឃើញថា ក្តីសង្ឃឹមក្នុងចិត្តរបស់លោក បានលេចចេញរូបរាងជាបណ្តើរៗ គួរឲ្យកត់សម្គាល់ណាស់ដែរ។

សូមជម្រាបជូនដែរថា បន្ទាប់ពីឆ្លងកាត់ពិសោធន៍គូរគំនូរអស់រយៈពេលច្រើនឆ្នាំកន្លងមក លោក ងិន សុខចាន់ថន និងក្រុមការងារប្រមាណបីនាក់ផ្សេងទៀត បានចែករំលែកបទពិសោធមូលដ្ឋានគ្រឹះគំនូរព្រាង និងប្រភេទគំនូរដល់លោកគ្រូអ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា ប្រមាណជាង៧០នាក់ ដើម្បីជាគ្រឹះងាយស្រួលបង្រៀនកូនសិស្សតូចៗ ម្យ៉ាងក៏បានយល់ដឹងពីប្រភេទគំនូរផងដែរ។



កំពុងឈរកាន់ក្បាលមេក្រូថ្លែងទៅកាន់ លោកគ្រូ អ្នកគ្រូដែលកំពុងអង្គុយស្តាប់យ៉ាងត្រៀបត្រា ​សុខចាន់ថន បានថ្លែងថា ដើម្បីគូរគំនូរព្រាងលេចឡើងជារូបរាង គឺទាមទារឲ្យអ្នករៀនគូរឈ្វេងយល់ពីទម្រង់គំនូរជាមុនសិន ជំហានបន្ទាប់ គឺចាប់ផ្តើមព្រាងរូប ឯជំហានទី៣ ហ្វឹកហាត់ប្រើពន្លឺ ស្រមោល និងពណ៌ ដើម្បីរំលេចឲ្យចេញជារូបរាងដែលអាចទទួលយកបាន។ បន្ថែមលើសពីនោះ លោកក៏បានបង្ហាញពីប្រភេទគំនូរដល់លោកគ្រូអ្នកគ្រូបានដឹងផងដែរ ដូចជា ប្រភេទគំនូរព្រះរបត់ បុរាណ តុបតែង រចនា រូបថត ទេសភាព អរូបិយ និងប្រភេទគំនូរ 3D ជាដើម។

ក៏មិនគួរភ្លេចនឹងរម្លឹកជូនដែរថា ការចែករំលែកមូលដ្ឋានគ្រឹះគំនូរព្រាងនេះ គឺធ្វើឡើងកាលពីល្ងាចថ្ងៃចន្ទ ទី១៩ កញ្ញា ​នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង៕ 


No comments:

Post a Comment