កិច្ចប្រជុំក្រុមប្រឹក្សាវិន័យ

កិច្ចប្រជុំក្រុមប្រឹក្សាវិន័យ
អត្ថបទ៖ តន វិបុល



ឆ្លើយតបទៅនឹងពាក្យស្លោក “វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ វិន័យនាំមកនូវឧត្តមភាព”  ក្រុមប្រឹក្សាវិន័យសាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកកិច្ចពិភាក្សារិះរកយុទ្ធសាស្រ្តល្អៗ ដើម្បីពង្រឹងវិន័យសិស្សរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង កាលពីថ្ងៃទី២២ ធ្នូ ម្សិលមិញនេះ។ នៅក្នុងកិច្ចប្រជុំពិភាក្សាក្រុមប្រឹក្សាវិន័យនោះ ក៏មានវត្តមានរបស់នាយកចាងហ្វាង និងជាចាងហ្វាងមធ្យមសិក្សាទុតិយភូមិ លោកស្រី ឡា​ សុភៈ ចូលរួមដែរ ដើម្បីជួយតម្រង់ទិសការងារក្រុមប្រឹក្សាវិន័យឲ្យកាន់តែមានប្រសិទ្ធភាព។

សូមជម្រាបជូនថា នៅក្នុងចក្ខុវិស័យអប់រំរបស់សាលារៀននីមួយៗមិនត្រឹមតែកសាង និងបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាពតែមួយមុខប៉ុណ្ណោះទេ។ ម្យ៉ាងសាលារៀនក៏បានបណ្តុះក្មេងឲ្យមានទម្លាប់ វិន័យ សីលធម៌ និងសុជីវធម៌ល្អផងដែរ តាមរយៈការគោរពបទបញ្ជាផ្ទៃក្នុង និងការពង្រឹងវិន័យរបស់ក្រុមប្រឹក្សាវិន័យសាលារៀន។ ក្រៅតែពីបទបញ្ជាផ្ទៃក្នុង និងក្រុមពង្រឹងវិន័យសាលារៀន ក៏នៅមានលោកគ្រូអ្នកគ្រូជួយពន្យល់ណែនាំបន្ថែមពីបញ្ហាទាំងនោះផងដែរ មុននឹងពួកគេក្លាយទៅជាពលរដ្ឋថ្លៃថ្នូរនៅក្នុងសង្គមបាន។

ការគោរពវិន័យសាលារៀនបានល្អ គឺជាសញ្ញាមួយបង្ហាញឲ្យឃើញពីការគោរពច្បាប់របស់សិស្សានុសិស្ស ដែលរួមរស់ក្រោមដំបូលសិក្សាតែមួយ។ មុខសញ្ញានៃការគោរពវិន័យនេះ គឺជាហេតុចម្បងធ្វើឲ្យពួកគេក្លាយជាពលរដ្ឋថ្លៃថ្នូរ និងអាចរស់នៅចុះសម្រុងនឹងសង្គមខាងក្រៅបានយ៉ាងល្អ។ តែផ្ទុយមកវិញ បើសាលារៀនណាដែលមានវិន័យមិនល្អឬធូរលុងពេក ក៏អាចធ្វើឲ្យពួកគេផ្ដេកផ្តួលទៅតាមនោះដែរ ហើយជាលទ្ធផលដែលពួកគេទទួលបានមកនោះ គឺមិនសូវមានសណ្ដាប់ធ្នាប់ អសីលធម៌ និងសុជីវធម៌ក្នុងការរស់នៅក៏ថាបាន។   

ជុំវិញបញ្ហាទាំងអស់នេះ នាយកចាងហ្វាង និងជាចាងហ្វាងមធ្យមសិក្សាទុតិយភូមិ លោកស្រី ឡា សុភៈ បានជំរុញលើកទឹកចិត្តក្រុមប្រឹក្សាវិន័យក្នុងកិច្ចប្រជុំកាលពីម្សិលមិញនោះ ដើម្បីឲ្យពួគេចុះអនុវត្តដោយពង្រឹងវិន័យទៅលើបញ្ហាពេលវេលា ឯកសណ្ឋាន សណ្ដាប់ធ្នាប់ សីលធម៌ និងសុជីវធម៌របស់សិស្សានុសិស្សណាដែលប្រាចាកចេញពីគន្លងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន។ ស្របជានឹងគ្នានោះ នាយកចាងហ្វាងរូបនេះ ក៏បានសំណូមពរម្តាយឪពុកនិងអាណាព្យាបាលសិស្សទាំងអស់ ដោយទទូចសុំឲ្យពួកគាត់ចូលរួមសហការជាមួយនឹងសាលា ដើម្បីងាយស្រួយក្នុងការផ្តល់ចំណេះដឹងដល់ពួកគេបានកាន់តែល្អប្រសើរ៕


កិច្ចពិភាក្សាស្តីពី សមាគមអតីតសិស្ស

កិច្ចពិភាក្សាស្តីពី សមាគមអតីតសិស្ស
អត្ថបទ៖ តន​ វិបុល


គណៈគ្រប់គ្រងគម្រោងនិងរៀបចំកម្មវិធីសមាគមអតីតសិស្ស (Alumni Association) របស់វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលហៅកាត់ថា Aii និង AIS បានធ្វើកិច្ចពិភាក្សាគ្នារៀបចំយុទ្ធសាស្រ្តថ្មីមួយ កាលពីរសៀលថ្ងៃទី២១ ធ្នូ មិ្សលមិញនេះ។ តាមរយៈគម្រោងនៃកិច្ចប្រជុំពិភាក្សានោះ គណៈគ្រប់គ្រងគម្រោងនិងរៀបចំកម្មវិធីសមាគមអតីតសិស្សគ្រោងនឹងរៀបចំយុទ្ធនាការប្រមែប្រមូលអតីតសិស្ស ដែលបានបញ្ចប់ការសិក្សាទៅហើយនោះ ដើម្បីឲ្យពួកគេត្រឡប់មកជួបជុំគ្នាជាថ្មីម្តងទៀត នៅកន្លែងជាក់លាក់ណាមួយ។ ការប្រមូលផ្តុំអតីតសិស្សនេះនឹងចាប់ផ្តើមប្រកាសដំណឹងដល់ពួកគេតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា។

បើតាមនាយករង វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង លោក ឡុង ពិសី បានឲ្យដឹងថា ការប្រមូលផ្តុំអតីតសិស្ស ដែលគេតែងហៅថា Alumni នោះ វាមិនមែនជារឿងថ្មីទើបតែបង្កើតឡើងនោះទេ។ មែនទែនទៅ សមាគមអតីតសិស្សរបស់វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្កើតនិងប្រារព្ធធ្វើឡើងជាច្រើនលើកច្រើនសារមកហើយ។ ក្នុងនោះមានសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាមិនតិចម៉ឺននាក់នោះទេ ដែលបានចូលរួមជាសមាជិករបស់សមាគមអតីតសិស្ស។ តែទោះជាបែបនេះក្តី ក្នុងចំណោមសិស្សប៉ុន្មានម៉ឺននាក់នោះ មានប្រមាណជា២ពាន់នាក់ទៅ៣ពាន់នាក់ប៉ុណ្ណោះ ដែលមានឈ្មោះជាផ្លូវការ។

ត្រង់ចំណុចនេះលោកចង់កៀរគរអ្នកដែលមិនទាន់ក្លាយជាសមាជិករបស់សមាគមអតីតសិស្សពិតប្រាកដ និងអ្នកទើបតែរៀនចប់ផងនោះ ដើម្បីប្រមូលផ្តុំពួកគេឲ្យក្លាយទៅជាសមាជិករបស់សមាគមអតីតសិស្សជាផ្លូវការយ៉ាងប្រាកដ។ ម្យ៉ាងលោកចង់ឆ្លៀតយកឱកាសនោះពង្រឹងរចនាសម្ពន្ធសមាគមមួយនេះឲ្យកាន់តែរឹងមាំថែមទៀត។ ព្រោះសមាគមអតីតសិស្សមួយនេះមើលទៅហាក់ដូចជានៅមានចន្លោះប្រហោង ដែលអ្នកគ្រប់គ្រងនិងអ្នករៀបចំកម្មវិធីពុំបានចាប់អារម្មណ៍ ឬក៏មើលរំលង ហើយឱកាសនេះគឺជាពេលវេលាដ៏សមគួរបំផុត ក្នុងការចាប់ផ្តើមចាក់បំពេញបន្ថែមនូវចន្លោះខ្វះខាតទាំងនោះ។

សូមជម្រាបជូនថា សមាគមអតីតសិស្សនៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាទៅហើយនោះ គឺដើម្បីបើកឱកាសឲ្យពួកគេបានចួលរួមជួបជុំគ្នាបង្កើតសកម្មភាពអ្វីមួយជួយដល់សង្គមខ្មែរ។ នាយករងរូបនេះបន្តថា ពួកគេមិនត្រឹមតែបានបើកឱកាសឲ្យខ្លួនគេបានចូលរួមជួយសង្គមប៉ុណ្ណោះទេ ហើយម្យ៉ាងថែមទាំងទទួលបានអត្ថប្រយោជន៍ពីសមាគមអតីតសិស្សត្រឡប់ទៅវិញក៏មិនតិចដែរ។ ក្នុងនោះអាចទទួលបានប្រឹក្សាលើបញ្ហាអ្វីមួយ ទទួលបានប័ណ្ណបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ដទៃទៀតជាច្រើន ដែលគណៈគ្រប់គ្រងគម្រោងកំពុងចាប់ផ្តើមអនុវត្តដាក់បញ្ចូល។ ក្រៅពីអត្ថប្រយោជន៍ទាំងអស់នេះ ពួកគេក៏អាចផ្តោះប្ដូរបទពិសោធជីវិតគ្នាតាមរយៈការជួបជុំសំណេះសំណាលគ្នានេះដែរ។

តាមរយៈអត្ថប្រយោជន៍ដែលសមាជិករបស់សមាគមអតីតសិស្សទទួលបាន និងការរៀបចំរចនាសម្ពន្ធឲ្យកាន់តែរឹងមាំផងនោះ អ្នកគ្រប់គ្រងគម្រោងសមាគមអតីតសិស្សបានរំពឹងទុកថា សិស្សានុសិស្សដែលបានបញ្ចប់សិក្សាពីវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាច្រើនម៉ឺននាក់ទៅហើយនោះ នឹងត្រឡប់មកចូលរួមជាសមាជិករបស់សមាគមអតីតសិស្សយ៉ាងគគ្រឹងគគ្រេងមិនខាន។ បើគិតជាមធ្យមយ៉ាងហោចណាស់ ក៏ចន្លោះពី២ម៉ឺននាក់ទៅ៣ម៉ឺននាក់ដែរ។ ស្របជាមួយនឹងគ្នានោះ  អ្នកកាន់គម្រោងនេះក៏បានអំពាវនាវដោយទទូចសុំឲ្យអតីតសិស្ស នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងអស់ចូលរួមជាសមាជិកឲ្យបានកុះករ ដើម្បីទទួលបានអត្ថប្រយោជន៍ពីសាលារៀន ក៏ដូចបានផ្ដល់ឱកាសឲ្យខ្លួនឯងបានជួយសង្គមដែរ៕


ចម្លាក់ព្រះឥសូរមួយចំហៀងខ្លួនជាស្រីពុំសូវមានអ្នកស្គាល់

ចម្លាក់ព្រះឥសូរមួយចំហៀងខ្លួនជាស្រីពុំសូវមានអ្នកស្គាល់

អត្ថបទ៖ តន វិបុល


ភា​គ​​ច្រើន​ ​អ្នក​ដែល​ធ្លាប់​ចូល​ទស្សនា​ចម្លាក់​នា​នា​ក្នុង​សារមន្ទីរ​ជាតិ​កម្ពុជា​ ​ប្រហែល​ជា​ពុំ​បា​ន​ចា​ប់​អា​រ​ម្មណ៍​នោះ​ទេថា ទីនោះមានចម្លាក់ប្លែកជាងគេមួយចំណោមចម្លាក់ទេពផ្សេងៗក្នុងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា នោះគឺ “ចម្លាក់ព្រះឥសូរដែលខ្លួនមួយចំហៀងខ្លួនជាស្រី”។ ចម្លាក់នោះដាក់បង្ហាញនៅចុងបំផុតនៃថែវខាងលិចមុននឹងឆ្លងទៅថែវខាងជើងក្នុងសារមន្ទីរជាតិកម្ពុជា។

បើតាមសិលាចារឹកទួលគោកព្រះ K.493 នៃខេត្តព្រៃបាននិយាយថា “ព្រះឥសូរមានព្រះកាយមួយចំហៀងជាព្រះកាយនាងឧមា”។ ចំណែកសិលាចារឹកបន្ទាយស្រី K.842 និងសិលាចារឹកបក្សីចាំក្រុង K.286 នៃខេត្តសៀមរាបបាននិយាយថា “ព្រះឥសូរនិងនាងឧមាមានព្រះកាយជាប់គ្នាតែមួយ”។ ដោយឡែកសិលាចារឹកសង្កែកោ K.232 បាននិយាយថា “ព្រះឥសូរមានព្រះកាយរួមភេទជាមួយនាងឧមា”។

សូមជម្រាបជូនថា ចម្លាក់ព្រះឥសូរដែលខ្លួនមួយចំហៀងខ្លួនជាស្រីនោះ គឺពុំសូវមានប្រជាប្រិយភាពប៉ុន្មាននោះទេ។ ម្យ៉ាងរូបចម្លាក់ទេពនេះ ក៏ពុំសូវមានច្រើនដែរ ក្រៅពីរូបចម្លាក់ដែលនាំមកពីប្រាសាទស្រងែ នៅតំបន់រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺមានតែ៨ទៀតប៉ុណ្ណោះ ដែលគេប្រទះឃើញ។ នេះទំនងជាហេតុនាំឲ្យពលរដ្ឋខ្មែរមួយចំនួនមិនបានស្គាល់៕
ប្រភព៖ www.yosothor.org



ជីវិតជាសន្តិសុខ

ជីវិតជាសន្តិសុខ

អត្ថបទ៖ តន វិបុល


ដោយមានសប្បុរសណ្តែកបាយ និងមានមាឌក្រអាញបន្តិចផងនោះ សុខ ចាន់រិទ្ធា ដែលទទួលខុសត្រូវផ្នែកសណ្ដាប់ធ្នាប់នៅអគារ គួច លៀងហួរ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសន្តិសុខឆ្នើមមួយរូបប្រចាំឆ្នាំ២០១៦ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

ស្ថិតក្នុងឯសណ្ឋានជាសន្តិសុខ ចាន់រិទ្ធា បានថ្លែងប្រាប់ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ ឲ្យដឹងថា៖ បានជាខ្ញុំខិតខំប្រឹងប្រែងជម្នះតស៊ូជាមួយនឹងការងារមួយនេះ គឺដើម្បីជីវិតរស់នៅរបស់ក្រុមគ្រួសារខ្ញុំ។ ដ្បិតតែមានដើមកំណើតនៅក្នុងរាជធានីភ្នំពេញនឹងគេក៏ពិតមែន តែខ្លួនលោកបែរជាគ្មានភ័ព្វសំណាងបានរៀនខ្ពង់ខ្ពស់ដូចកូនអ្នកផងរបងជាមួយសោះ។ ខណៈដែលមិត្តភក្តិស្របាលគ្នាកំពុងតែសប្បាយនឹងរៀនសូត្រដូចគ្នានោះ ចាន់រិទ្ធា ក៏បោះបង់ការសិក្សានៅថ្នាក់ទី១១ ទាំងចិត្តសោកសង្រេងបំផុត ទោះដឹងថាសល់មួយឆ្នាំទៀតអាចចប់បាក់ឌុបនឹងគេក៏ដោយចុះ ព្រោះតែជីវភាពគ្រួសារខ្សត់ខ្សោយ ហើយឪពុកមានជំងឺផងនោះ ខ្លួនលោកក៏បង្ខំចិត្តឈប់រៀន ហើយក៏ស្វះស្វែងរកការងារធ្វើដើម្បីជួយសម្រួលបបន្ទុកជីវភាពគ្រួសារ។

សន្តិសុខមានវ័យ២៧ឆ្នាំរូបនេះបានបន្តថា មុននឹងខ្ញុំមកធ្វើជាសន្តិសុខនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ខ្ញុំក៏ធ្លាប់ឆ្លងកាត់ពិសោធន៍ជីវិតការងារជាសន្តិសុខតាមបណ្តាក្រុមហ៊ុនឯកជនជាហូរហែមករហូតមកទាល់នឹងពេលនេះ ពិសោធន៍ទាំងនោះស្ទើរតែជោកជាំក្នុងជីវិតខ្ញុំទៅហើយ

កន្លងមក ជីវិតជាសន្តិសុខតាមបណ្តាក្រុមហ៊ុនទាំងនោះហាក់ដូចជាយ៉ាប់យ៉ឺនខ្លាំង ដែលជាបច្ច័យនាំឲ្យរូបលោកមិនអាចទ្រាំទ្របាន ហើយរូបលោកក៏ធ្លាប់សាកល្បងស្វែងរកការងារថ្មីធ្វើដែរ តែរកមិនបានសោះ ទោះជារកបាន ក៏ត្រឹមតែជាអ្នករត់តុតាមភោជនីយដ្ឋានតែប៉ុណ្ណោះ។ អ្វីដែលជំរុញឲ្យលោកស្វែងរកការងារល្អធ្វើមិនបាននោះ ប្រហែលទំនងជាមកពីកម្រិតវប្បធម៌ និងគ្មានចំណេះជំនាញណាមួយជាក់លាក់ផងក៏អាចថាបានដែរ។

មែនទែនទៅ ការងារជាសន្តិសុខក៏មិនស្រួលប៉ុន្មានដែរ ពិបាកត្រង់ថា សន្តិសុខបានបូជាកម្លាំងកាយចិត្តខ្ពស់ ដើម្បីរក្សាការពារសុវត្ថិភាពជូនបងប្អូន និងអតិថិជន ពិសេសនោះ គឺរក្សាការពាររបស់របរដែលរួមមានកង់ ម៉ូតូ ឬយានយន្ត ក៏ដូចជាក្រុមហ៊ុន ផ្ទះសម្បែងជាដើម។

ដោយធ្លាប់ឆ្លងកាត់ពិសោធន៍ការងារដ៏សែនជូរចត់ និងរងសម្ពាធផ្លូវអារម្មណ៍ផង លោកចាន់រិទ្ធា ក៏បានត្អូញត្អែរពីបញ្ហាទាំងនោះដែរថា៖ កាលពីមុន ខ្ញុំធ្វើជាសន្តិសុខមិនតិចក្រុមហ៊ុននោះទេ តែធ្វើការនៅទីនោះ ហត់នឿយខ្លាំង ទាំងចិត្ត ទាំងកាយ ម្យ៉ាងក៏គ្មានពេលសម្រាកគ្រប់គ្រាន់នោះដែរ ពោលមួយខែ៣០ថ្ងៃ គឺធ្វើគ្រប់ទាំង៣០ថ្ងៃ កុំថាឡើយថ្ងៃសម្រាក សូម្បីតែថ្ងៃបុណ្យទានក៏មិនបានឈប់នឹងគេដែរ អាចនិយាយបានថា គ្មានឱកាសទៅលេង ស្រុកជួបជុំគ្រួសារនោះឡើយ។ មែនទែនទៅ ស្ទើរតែលែងស្គាល់វត្តវ៉ាទៅហើយ។ ថាថ្ងៃបុណ្យទានមិនឲ្យឈប់សម្រាកក៏ហីចុះ តែចំពោះប្រាក់ខែ ក៏មិនគួរបើកឲ្យដោយមិនទៀងពេលកំណត់នោះដែរ មិនតែប៉ុណ្ណោះពេលបើកប្រាក់ខែម្តងៗ ស្ទើរតែមិនគ្រប់ចំនួនផងក៏មានដែរ។ ពិសេសនោះ ម្ចាស់ក្រុមហ៊ុនដឹងតែចំណេញតែប៉ុណ្ណោះ។ ថ្វីបើការងារមានសម្ពាធខ្លះៗក៏ដោយ តែដើម្បីចម្អែតក្រពះ ដើម្បីគ្រួសារ ចាន់រិទ្ធា មានតែស៊ូរទ្រាំបន្តតែប៉ុណ្ណោះ។

ទោះបីជាកន្លងមក លោកចាន់រិទ្ធា ធ្វើការទាំងត្រដាបត្រដួស យ៉ាងណាក៏ដោយ ប៉ុន្តែបើធៀបមកការងារសន្តិសុខ ដែលលោកកំពុងបំពេញសព្វថ្ងៃនេះ គឺមានកម្រិតមួយល្អប្រសើរសម្រាប់ខ្លួនលោក មានន័យថា មិនពិបាក ហើយក៏មិនស្រួលដែរ។ ខ្ញុំយល់ថា ការងារសន្តិសុខនៅទីនេះ មិនពិបាកហើយក៏មិនស្រួលដែរសម្រាប់អ្នកដែលមិនធ្លាប់ឆ្លងកាត់ការលំបាកកន្លងមក តែសម្រាប់ខ្ញុំធ្លាប់ពុះពារនឹងការងារដ៏លំបាកលំបិននេះ ខ្ញុំយល់ថាការងារជាសន្តិសុខនៅទីនេះមិនជាលំបាកប៉ុន្មានទេ។ នេះជាការលើកឡើងរបស់ ចាន់រិទ្ធា បញ្ជាក់ប្រាប់អ្នកយកព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ។

សូមជម្រាបជូនថា សព្វថ្ងៃលោក សុខ ចាន់រិទ្ធា កំពុងរស់នៅជាមួយប្រពន្ធ និងកូនស្រីម្នាក់ដែលមានអាយុ២ខួប នៅផ្ទះមួយកន្លែង ដែលមានទីតាំងនៅសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ក្នុងកម្រិតជីវភាពមិនសូវជាអំណោយផលប៉ុន្មានទេ។



ក៏គួររម្លឹកជូនដែរថា ដោយប្រាក់ខែលោកមិនអាចផ្តត់ផ្តង់គ្រួសារបាន ទើបជំរុញឲ្យភរិយារបស់លោក គឺអ្នកស្រី សំ ពៅ ក៏សម្រេចចិត្តចូលមកបម្រើការងារជាបុគ្គលិកផ្នែកអនាម័យ នៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច ដូចរូបលោកដែរ ដើម្បីជួយទប់ទល់ជីវភាពគ្រួសារ៕

ផ្សារចល័ត

ផ្សារចល័ត

អត្ថបទ៖ តន វិបុល


រ៉ឺម៉កម៉ូតូកង់បីរណេងរណោងផ្ទុកទៅដោយត្រី សាច់ បន្លែ និងគ្រឿងទេសផងនោះ លោក ផេង ពៅ ជាមួយនឹងប្រពន្ធបានជិះស្កាត់លក់ស្ទើរគ្រប់ច្រកល្ហក ពោលពីច្រកមួយទៅច្រកមួយ ពីកន្លែងមួយទៅកន្លែងមួយទៀត តាមខណ្ឌមានជ័យ និងខណ្ឌចម្ការមន ជាដើម ហើយថ្ងៃខ្លះអាចលក់ឆ្លងខណ្ឌផ្សេងទៀតក៏មានដែរ។

ដោយមានប្តីជាអ្នកបើករ៉ឺម៉កម៉ូតូកង់បី ឯប្រពន្ធជាអ្នកលក់ នៅលើរ៉ឺម៉កនោះផ្ទាល់ លោក ពៅ ដែលជាប្ដី បានថ្លែងប្រាប់ ឌិ អ៊ីនធ័រខន រ៉ូសស្ទ័រ ដោយក្តីស្វាគមន៍ តែដៃទាំងទ្វេរបស់គាត់កំពុងតែមមាញញឹកជួយលក់ដូរប្រពន្ធផងនោះ បាននិយាយថា មុននឹងសម្រេចចិត្តចាប់យករបរលក់ដូរចល័ត តាមរ៉ឺម៉កបែបនេះ ខ្ញុំមានរបរជាអ្នករត់ម៉ូតូកង់បី ឯប្រពន្ធរបស់ខ្ញុំជាអ្នកអូសរទេះបន្លែ ផ្លែឈើ ត្រី សាច់ លក់ចល័តស្ទើរគ្រប់ច្រកល្ហក

ដោយមើលឃើញពីទុក្ខលំបាក ភាពនឿយហត់ និងបញ្ហាប្រឈមផ្សេងៗរបស់ប្រពន្ធផង គួបផ្សំជាមួយការរត់ម៉ូតូកង់បីពុំសូវជាកាក់កបផងនោះ ទើបលោក ពៅ សម្រេចចិត្តប្តូរមុខរបរចាស់ ហើយក៏ងាកមកចាប់យកមុខរបរថ្មី ក្នុងនាមជាអាជីវករផ្សារចល័តនេះ រួមជាមួយនឹងភរិយាខ្លួនតែម្តងទៅ។ ម្យ៉ាងរបរនេះក៏ជាការបង្កភាពងាយស្រួល និងសម្រួលបន្ទុករបស់ប្រពន្ធខ្លួនបានមួយកម្រិត ថែមទាំងបង្កើនការលក់បានច្រើនដែរ។

សូមជម្រាបជូនថា មុននឹងសម្រេចប្តូររបរជាអ្នកលក់ចល័ត លោកបានសម្លឹងមើលតាមផ្សារ ដោយធ្វើការប្រៀបធៀបថា បើលក់បន្លែនៅតាមផ្សារដូចគេទូទៅ នោះមិនចំណេញទេ ទោះបីចំណេញ ក៏ចំណេញតិចតួចដែរ។ មិនចំណេញដោយលោកអះអាងថា គឺបណ្ដាលមកពីអាជីវករគ្រប់រូបត្រូវបង់តម្លៃកន្លែងលក់ដែលមានតម្លៃថ្លៃ ម្យ៉ាងក៏មានអាជីវករលក់ដូរដូចគ្នាក៏ច្រើនណាស់ដែរ។ ផ្ទុយទៅវិញ ផ្សារចល័តពុំសូវជាមានអ្នកណាចាប់អារម្មណ៍ប៉ុន្មាននោះទេ ណាមួយក៏អាចរាប់ថាជារបរមួយកាក់កបគ្រាន់បើនឹងចិញ្ចឹមឆ្នាំងដែរ ហើយក៏បាននៅជុំនឹងប្រពន្ធទៀតផង ទើបលោកងាកមកចាប់អាជីពនេះតែម្តងទៅ។ ម្យ៉ាងលោកក៏មើលឃើញទៀតថា ក្រោយពេលលក់អស់លោក ក៏អាចឆ្លៀតដឹកម៉ូយបានម្ដងម្កាលថែមទៀតដែរ។

អ្នកមានដើមកំណើតមកពីស្រុកស្អាង ខេត្តកណ្តាល រូបនេះបានបញ្ជាក់បន្ថែមទៀតថា ពីដំបូង លោកមានការពិបាកបន្តិចបន្តួចដែរ ដោយសារតែអត់ងងុយ គឺខណៈដែលដំណេកកំពុងតែលង់លក់ស្រួល លោក និងប្រពន្ធ ត្រូវក្រោកទៅទិញបន្លែនៅផ្សារនាគមាស ពោលគឺនៅវេលាម៉ោង២ទៀបភ្លឺ ជារៀងរាល់ថ្ងៃ បើហ៊ានតែដំអក់ដំណេកតែបន្តិចនោះ ប្រាកដជាមិនអាចទិញបន្លែ ផ្លែឈើ ត្រី សាច់ល្អបាននោះទេ។ ប៉ុន្ដែដោយភាពអំណត់ និងដើម្បីក្រពះផងនោះ ទើបលោកបង្ខំចិត្តនិងទម្លាប់ដើម្បីបង្កើតឲ្យមានភាពស៊ាំ។ លោក ពៅ បន្ថែមដោយស្នាមញញឹមថា៖ លុះពីមួយថ្ងៃទៅមួយថ្ងៃ សកម្មភាពបែបនេះលែងជាឧបសគ្គចំពោះខ្ញុំ និងប្រពន្ធ ទៀតហើយ ផ្ទុយទៅវិញវាហាក់បានក្លាយទៅជាទម្លាប់និងជំនាញខ្ញុំទៅហើយ



សូមបញ្ជាក់ថា បន្ទាប់ពីចាប់របរនេះអស់មួយរយៈពេលមក ជីវភាពគ្រួសាររបស់អ្នកប្រកបរបរផ្សារចល័តរូបនេះ ហាក់ប្រសើរជាងមុន គឺអាចរស់នៅបានសមស្របទៅតាមស្ថានភាពសង្គមខ្មែរបច្ចុប្បន្ន។ ពោលគឺយ៉ាងហោចណាស់ក៏អាចរកប្រាក់ចំណេញបានរវាងចន្លោះពី ៨ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ក្នុងមួយថ្ងៃដែរ។ នេះបើតាមសម្ដីភរិយារបស់លោក ពៅ។ សូមជម្រាបជូនដែរថា សព្វថ្ងៃនេះលោក ផេង ពៅ និងក្រុមគ្រួសារកំពុងរស់នៅផ្ទះជួលមួយកន្លែង ដែលមានទីតាំងនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ៕

ទស្សនកិច្ចសិក្សាធ្វើឱ្យកុមារយល់ដឹងពីសង្គមជាក់ស្តែង

ទស្សនកិច្ចសិក្សាធ្វើឱ្យកុមារយល់ដឹងពីសង្គមជាក់ស្តែង

អត្ថបទ៖ តន វិបុល


នៅម៉ោងប្រមាណជា៩ព្រឹកកាលពីម្សិលមិញនេះ សិស្សថ្នាក់មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែល​ហៅ​កាត់​ថា ​AIS​ ចំនួន​ប្រមាណ​ជា​១៧៥​នាក់​ បាន​ធ្វើទស្សនកិច្ចសិក្សានៅក្នុងបរិវេណផ្សារទំនើប Giant ដែលដឹកនាំដោយចាងហ្វាង ព្រមទាំងលោក​គ្រូ​អ្នក​គ្រូ ​និង​សហការី​រួម​ការ​ងារ​មួយ​ចំនួនផងដែរ។ ក្រុមកុមារតូចៗដែលបានចូលរួមធ្វើទស្សនកិច្ចសិក្សានោះ​ មើល​ទៅ​ពួកគេ​ម្នាក់ៗ​ហាក់​រីក​រាយ​ជាមួយ​នឹង​ការ​ដើរ​មើល​ប្រភេទ​ទំនិញ​ ដែល​បាន​ដាក់​តាំង​នៅ​ក្នុង​ផ្សារ​ទំនើប​នោះ​ណាស់។
ដោយកំពុងដើរមើលប្រភេទផ្លែឈើជាមួយនឹងមិត្តភក្តិប្រហែលជា១០នាក់ នោះគឺកុមារី ផូ ទេពពីលីហ្សា ដឹង​ថា​ថ្ងៃ​នេះ​ លោក​គ្រូ​អ្នក​គ្រូ​បាន​ណែនាំ​ពួកគេ​ឱ្យ​ស្គាល់​ពី​ប្រភេទ​ទំនិញ​នៅ​ក្នុង​ផ្សារ​ទំនើប​ Giant ។ ប្អូន លីហ្សា បន្តថា គេនិងមិត្តភក្តិគេត្រូវបានអ្នកគ្រូណែនាំ​ឱ្យ​ស្គាល់​ពី​ប្រភេទ​បន្លែ​ ផ្លែ​ឈើ​ ត្រី​ សាច់​ និង​មុខ​ទំនិញ​ផ្សេងៗជាច្រើនទៀត។
ការបង្រៀនសិស្សឱ្យស្គាល់ពីទិដ្ឋភាពសង្គមជាក់ស្តែង​ ជា​វិធី​សាស្រ្ត​ដ៏ល្អ​ប្រសើរ​មួយ​ជួយ​ឱ្យ​ខួរ​ក្បាល​ក្មេង​ឆាប់​ទទួល​​និង​ចង​ចាំ​បាន​ល្អ​នូវ​អ្វី​ដែល​ពួកគេ​បាន​ជួប​ប្រទះ​ដោយ​ផ្ទាល់។ ​ការណ៍​ដែលដឹកនាំកុមារធ្វើទស្សនកិច្ចសិក្សាបែបនេះ មិនថាទស្សនកិច្ចសិក្សានោះធ្វើ​នៅ​ទីណា ​ឬ​ស្ថិត​ក្នុង​រូប​ភាព​ណា​នោះឡើយ ​គឺសុទ្ធ​សឹង​ជា​ចំណេះ​ដឹង​បន្ថែមពីលើការរៀនសូត្រនៅក្នុងថ្នាក់រៀនរបស់ពួកគេ។​ ម្យ៉ាង​អាច​ធ្វើ​ឱ្យ​ពួក​គេ​ស្គាល់​ពី​ភូមិ​សាស្រ្ត​ឬ​កន្លែង​ថ្មីៗ​ ដែលគេពុំធ្លាប់បានស្គាល់ពីមុនក៏ថាបាន។
ដោយសេចក្តីរួសរាយ កុមារ លីម សុងម៉េង បាននិយាយថា ម្តាយឪពុកគេមិនដែលនាំគេទៅផ្សារ​ទំនើប​ឡើយ ​ហើយនេះ​ជាលើក​ទីមួយ​ហើយ​សម្រាប់​រូបគេ​ ដែល​បាន​មកលេងទីនេះជាមួយនឹងមិត្តភក្តិ ក៏ព្រោះតែលោកគ្រូអ្នកគ្រូបានបើកឱកាសដល់ពួក​គេ។ ​កុមារ​ ក្រៅ​តែពី​ការ​សិក្សា​ក្នុង​ថ្នាក់​រៀន ​គេក៏​ត្រូវ​ការឈ្វេងយល់ពីអ្វីដែលនៅជុំវិញខ្លួនគេដែរ។ ផ្ទុយមកវិញ បើកុមារគ្មានឱកាសឈ្វេងយល់ពីសង្គមខាងក្រៅ​នោះ​ទេ ​ពួកគេ​ក៏​មិន​អាច​រីក​ចម្រើន​ល្អ​បាន​ដែរ ហើយពេលដែលគេជួបបញ្ហាតូចតាចធ្វើឱ្យគេឆាប់ភ័យខ្លាច រួញរា និងឆាប់បាក់ស្មារតីក៏មាន។​
ឆ្លើយតបនឹងបញ្ហានេះលោកស្រី រស់ យ៉ាណា ចាងហ្វាងក្រោមមេត្តេយ្យ មត្តេយ្យសិក្សា និង​បឋម​សិក្សា​ ដែល​បាន​ចូល​រួម​ដឹក​នាំ​សិស្ស​តូចៗ​ធ្វើ​ទស្សន​កិច្ច​សិក្សា​នោះ ​បានលើឡើងថា ទស្សនកិច្ចសិក្សាក៏ជាបំណិនជីវិតមួយដែរ ហើយតាមរយៈបំណិនជីវិត​នេះ ​កុមារ​អាច​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច​បាន​តាម​រយៈ​ការ​ទាក់​ទង​ផ្ទាល់​រវាង​ពួកគេ​និង​មនុស្ស​គ្រប់​មជ្ឈ​ដ្ឋាន​ជុំវិញ​ខ្លួន​គេ។ ​ចាង​ហ្វាង​រូបនេះ​បន្តថា​ “ពេលកុមារ​បាន​ប្រលូក​ជាមួយ​នឹង​សង្គម​ជាក់​ស្តែង​ច្រើន​ គេនឹងចេះសម្របខ្លួននិងប្រុងប្រយ័ត្នខ្ពស់នៅក្នុងសង្គមនោះ ដោយចេះប្រើប្រាស់ជីវិតគេបានយ៉ាងល្អ”។​ នេះ​ជាការ​អះអាង​បន្ថែម​របស់​លោក​ស្រី រស់ យ៉ាណា។
គួររម្លឹកជូនថា នេះជាលើកទី៩៩ហើយនៃដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់មត្តេយ្យ ដែលសាលារៀន អន្តរទ្វីប អាំមេរិកាំង​ បាន​រៀប​ចំ​ឡើង៕​

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ៖ សិស្សគួរតែសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ៖ សិស្ស​គួរ​តែ​សិក្សា​បន្ត​នៅ​ថ្នាក់​ឧត្តម​សិក្សា

អត្ថបទ៖ តន វិបុល

ខណៈសិស្សានុសិស្សដឹងពីលទ្ធផលប្រឡង​ថ្នាក់មធ្យមសិក្សាទុតិយភូមិរួចហើយនោះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី យល់ឃើញថា សិស្សរៀនចប់បាក់ឌុប មិនថាប្រឡងធ្លាក់ឬជាប់នោះទេ គួរតែរៀនបន្តនៅថ្នាក់ឧត្តម សិក្សា។ លោកថ្លែងដូច្នេះ គឺចង់បំបាត់មន្ទិលសង្ស័យ និងចង់ចង្អុលបង្ហាញដល់សិស្សានុសិស្ស ដែលកំពុងតែស្រពេចស្រពិលក្នុងការសម្រេចចិត្ត ថាគួរតែធ្វើអ្វីជាបន្តសម្រាប់អនាគតពួកគេ។

បរិបទទីផ្សារបច្ចុប្បន្ន គឺកំពុងតែទាមទារឱ្យមានចំណេះ ជំនាញ និងពិសោធន៍ប្រកបដោយប្រសិទ្ធភាព។ ប្រសិនបើគ្មានចំណេះ ជំនាញ និងបទពិសោធច្បាស់លាស់​ទេ ប្រាកដជាមិនអាចស្វែងរកការងារល្អបានធ្វើឡើយ។ ដូច្នេះសិស្សនុសិស្សទាំងអស់គួររៀនបន្តនៅថ្នាក់មហាវិទ្យាល័យដើម្បីសិក្សាយកជំនាញតាមចំណងចំណូលចិត្ត តាមភាពប៉ិនប្រសប់ និងគ្រឹះសមស្របនឹងសមត្ថភាពខ្លួន។



ជុំវិញបញ្ហានេះ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្តល់ជាគំនិតយោបល់ដល់សិស្សដែលប្រឡងជាប់ និងធ្លាក់ថ្នាក់ មធ្យមសិក្សាទុតិយភូមិ ថា ចំពោះអ្នកជាប់បាក់ឌុប គួរជ្រើសរើសមុខវិជ្ជារៀនតាមចំណងចំណូលចិត្តនៅថ្នាក់ឧត្តមសិក្សា ឲ្យសមស្របនឹងទីផ្សារការងារ។ ម្យ៉ាងប្រសិនជាគ្មានគោលដៅច្បាស់លាស់ ឬមិនដឹងថាគួររៀនមុខវិជ្ជាណាមួយសក្ដិសមទីផ្សារការងារនោះ គប្បីពិគ្រោះយោបល់ជាមួយនឹងឪពុកម្តាយ ឬអ្នកជំនាញជាដើម។ មួយទៀតសម្រាប់អ្នកចង់រៀនដែរ តែគ្មានលទ្ធភាពរៀន ក៏ពុំគួរបោះបង់ក្តីស្រមៃនោះចោលដែរ ផ្ទុយមកវិញគួរតែស្រវាស្រទេញ ដោយស្វះស្វែងរក អាហារូបករណ៍ ឬក៏ធ្វើការបណ្តើរ រៀនបណ្តើរដើម្បីរកលុយមកផ្តត់ផ្គង់ការសិក្សាផង និងដកពិសោធន៍ការងារផង លុះពេលរៀនចប់បរិញ្ញាបត្រ នោះយើងនឹងមានទាំងចំណេះ និងទាំងជំនាញ។

ដោយឡែកចំពោះអ្នកធ្លាប់បាក់ឌុប ក៏គួរតែបន្តសិក្សានៅថ្នាក់សាកលវិទ្យាល័យដែរ គឺអាចចូលរៀនថ្នាក់បរិញ្ញាបត្ររង។ ព្រោះយើងចំណាយពេលមួយឆ្នាំនៅសាកលវិទ្យាល័យ ទំនងជាល្អជាងចំណាយពេលមួយឆ្នាំនៅវិទ្យាល័យ។ អាចនិយាយបានថា បើធ្លាក់ថ្នាក់ទី១២ហើយ កុំរៀនបាក់ឌុបទៀតអី ព្រោះអាចនាំឲ្យខាតពេល ហើយក៏មិនអាចសន្មតថាប្រឡងជាប់ដែរ។ បើយើងចំណាយពេលមួយឆ្នាំចូលរៀនថ្នាក់បរិញ្ញាបត្ររង គឺចំណេញចំណេះដឹងច្រើន ម្យ៉ាងនាំឲ្យយើងចាស់ទុំគំនិតទៀតផង។ ពេលចប់បរិញ្ញាបត្ររងហើយនោះ យើងអាចផ្ទេរចូលថ្នាក់រិញ្ញាបត្រតាមជំនាញ ឬក៏តាមគោលបំណងរបស់យើងនោះជាការប្រសើរ។

ជារួម ទាំងអ្នកធ្លាក់ ឬក៏ជាប់បាក់ឌុប ដែលគ្មានបំណងចង់បន្តសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទេ ក៏នៅតែមានជម្រើសល្អៗច្រើនក្នុងការចាប់យកជំនាញវិជ្ជាជីវៈ នេះក៏ជាជម្រើសម្យ៉ាងដែលល្អប្រសើរដែរ។ ម្យ៉ាងជំនាញទាំងនេះ ទីផ្សារស្រុកខ្មែរក៏កំពុងតែត្រូវការជាចម្បងទៀតផង ដូចជាជាងភ្លើង ម៉ាស៊ីនត្រជាក់ និងជួសជុលឡានជាដើម សុទ្ធសឹងជាជំនាញដែលសង្គមខ្មែរបច្ចុប្បន្នកំពុង​តែត្រូវការជាខ្លាំង៕


លោក ងិន សុខចាន់ថន៖ ចែករំលែកមូលដ្ឋានគ្រឹះគំនូរព្រាង

លោក ងិន សុខចាន់ថន៖ ចែករំលែកមូលដ្ឋានគ្រឹះគំនូរព្រាង

អត្ថបទ៖ តន វិបុល



ដោយក្តីស្រឡាញ់ផុសចេញពីចិត្ត គួបផ្សំនឹងភាពប៉ិនប្រសបរបស់ខ្លួនផងនោះ លោក ងិន សុខចាន់ថន បានស្រវាស្រទេញយកជំនាញជាវិចិត្រករ។ ហេតុតែចំណងចង់ក្លាយជាវិចិត្រករមួយរូបឱ្យមានឈ្មោះបោះសំឡេងនោះ បានជំរុញទឹកចិត្តលោកឱ្យតស៊ូជម្នះរាល់ការលំបាកនានា រហូតទទួលបានជោគជ័យម្តងបន្តិចៗដោយឥតដឹងខ្លួន។

ផ្តើមចេញពីមិនទាន់ចេះអ្វីសោះ មកដល់ពេលនេះ លោកចាន់ថន ហាក់បានក្លាយទៅជាវិចិត្រកម្មខ្មែរមួយរូបដែលកំពុងតែស្ទាត់ជំនាញខាងគូរគំនូរគ្រប់ប្រភេទទៅហើយ ប្រចាំនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ គំនូរដ៏ស្រស់ស្អាតពោរពេញដោយភាពរស់រវើកមិនតិចផ្ទាំងនោះទេ នៅតាមវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង គឺសុទ្ធសឹងជាស្នាដៃរបស់វិចិត្រកររូបនេះ។ នេះគូសបញ្ជាក់ឲ្យឃើញថា ក្តីសង្ឃឹមក្នុងចិត្តរបស់លោក បានលេចចេញរូបរាងជាបណ្តើរៗ គួរឲ្យកត់សម្គាល់ណាស់ដែរ។

សូមជម្រាបជូនដែរថា បន្ទាប់ពីឆ្លងកាត់ពិសោធន៍គូរគំនូរអស់រយៈពេលច្រើនឆ្នាំកន្លងមក លោក ងិន សុខចាន់ថន និងក្រុមការងារប្រមាណបីនាក់ផ្សេងទៀត បានចែករំលែកបទពិសោធមូលដ្ឋានគ្រឹះគំនូរព្រាង និងប្រភេទគំនូរដល់លោកគ្រូអ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា ប្រមាណជាង៧០នាក់ ដើម្បីជាគ្រឹះងាយស្រួលបង្រៀនកូនសិស្សតូចៗ ម្យ៉ាងក៏បានយល់ដឹងពីប្រភេទគំនូរផងដែរ។



កំពុងឈរកាន់ក្បាលមេក្រូថ្លែងទៅកាន់ លោកគ្រូ អ្នកគ្រូដែលកំពុងអង្គុយស្តាប់យ៉ាងត្រៀបត្រា ​សុខចាន់ថន បានថ្លែងថា ដើម្បីគូរគំនូរព្រាងលេចឡើងជារូបរាង គឺទាមទារឲ្យអ្នករៀនគូរឈ្វេងយល់ពីទម្រង់គំនូរជាមុនសិន ជំហានបន្ទាប់ គឺចាប់ផ្តើមព្រាងរូប ឯជំហានទី៣ ហ្វឹកហាត់ប្រើពន្លឺ ស្រមោល និងពណ៌ ដើម្បីរំលេចឲ្យចេញជារូបរាងដែលអាចទទួលយកបាន។ បន្ថែមលើសពីនោះ លោកក៏បានបង្ហាញពីប្រភេទគំនូរដល់លោកគ្រូអ្នកគ្រូបានដឹងផងដែរ ដូចជា ប្រភេទគំនូរព្រះរបត់ បុរាណ តុបតែង រចនា រូបថត ទេសភាព អរូបិយ និងប្រភេទគំនូរ 3D ជាដើម។

ក៏មិនគួរភ្លេចនឹងរម្លឹកជូនដែរថា ការចែករំលែកមូលដ្ឋានគ្រឹះគំនូរព្រាងនេះ គឺធ្វើឡើងកាលពីល្ងាចថ្ងៃចន្ទ ទី១៩ កញ្ញា ​នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង៕ 


បេក្ខនារី Cambodian Idol ហ៊ុន ម៉ាលីស៖ ទទួលបា្រក់លើកទឹកចិត្តពីមូលនិធិម៉េងលី ជេ. គួច

បេក្ខនារី Cambodian Idol ហ៊ុន ម៉ាលីស៖ ទទួលបា្រក់លើកទឹកចិត្តពីមូលនិធិម៉េងលី ជេ. គួច

អត្ថបទ៖ តន វិបុល




ផ្តើមចេញពីការស្រឡាញ់សិល្បៈ និងចង់ក្លាយជាតារាចម្រៀងផងនោះ ម៉ាលីល និងម្តាយ ព្រមទាំងប្អូនតូចៗ២នាក់ផ្សេងទៀត បានចាកចេញពីទ្រនំដ៏កម្សត់នៅឯជនបទមកកាន់រាជធានីភ្នំពេញ ដើម្បីប្រឡងចម្រៀងក្នុងកម្មវិធី Cambodian Idol លំដាប់ពិភពលោក របស់ផលិតកម្មរស្មីហង្សមាស ទាំងជីវភាពត្រដាបត្រដួសបំផុត...

បេក្ខនារីវ័យ១៦ឆ្នាំ មកពីខេត្តកំពង់ស្ពឺ និងជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យឥន្ទ្រទេវី ម៉ាលីស បានបង្ហាញទឹកដមសំឡេងពីរោះយ៉ាងក្រអួនក្រអៅពីធម្មជាតិ ព្រមទាំងទេពកោសល្យសិល្បៈដ៏សម្បូរបែបផងនោះ កាលពីយប់ថ្ងៃទី៤កញ្ញា កន្លងទៅនេះ បានធ្វើឲ្យគណៈកម្មការទាំង៤រូបភ្ញាក់ផ្អើល ស្ទើរនឹកស្មានមិនដល់ចំពោះសមត្ថភាពដ៏ល្អឥតខ្ចោះរបស់បេក្ខនារីរូបនេះ។ ភ្ញាក់ផ្អើលដោយហេតុថា ប្អូនស្រីមានវ័យត្រឹម១៦ឆ្នាំសោះ អាចធ្វើបានល្អដល់កម្រិតនេះ ចុះទម្រាំទៅថ្ងៃក្រោយនឹងរឹតតែល្អប្រសើរថែមទៀត។ មិនត្រឹមតែមានសំឡេងពីរោះពីធម្មជាតិប៉ុណ្ណោះទេ ម្យ៉ាងប្អូនក៏មានដុងខាងរបាំ និងចម្រៀងបុរាណបានយ៉ាងល្អទៀតផង នេះក៏ព្រោះតែប្អូនបានរៀនខ្លះៗពីមុនមក។ ហេតុផលនេះហើយដែលធ្វើប្អូនស្រី ទទួលគាំទ្រពីគណៈកម្មការទាំង៤រូបយ៉ាងពេញទំហឹង។

ទោះបីសំឡេងពីរោះពីកំណើតដោយធម្មជាតិយ៉ាងណាក្តី តែបើក្រឡេកទៅមើលស្ថានភាពគ្រួសាររបស់ប្អូនស្រីម៉ាលីសវិញ គឺហាក់មិនអំណោយផលល្អទាល់តែសោះ ចំពោះការចាប់ផ្តើមបោះជំហានចូលប្រលូក ក្នុងវិស័យសិល្បៈរបស់ប្អូនស្រី។ ព្រោះកន្លងមកដើម្បីជួយសម្រួលជីវភាពគ្រួសារ ម៉ាលីស ទោះជាមមាញឹកសិក្សាយ៉ាងណាក៏ដោយ ក៏នាងនៅតែឆ្លៀពេលសិក្សារបស់ខ្លួនទៅច្រៀងតាមរោងការនានា ដើម្បីទទួលបានប្រាក់ខ្លះៗយកមកផ្គត់ផ្គង់គ្រួសារនិងការសិក្សាខ្លួនផងដែរ។ ហេតុតែក្តីស្រឡាញ់ និងចំណង់ចង់ក្លាយជាអ្នកចម្រៀង ហើយម្យ៉ាងក៏ជាក្តីប្រាថ្នារបស់ ម្តាយប្អូនផងដែរ។ ទំនងជាបុព្វហេតុនេះហើយដែលរុញច្រានជីវិតប្អូនស្រី និងអ្នកមីងធារ៉ាជាម្តាយ ព្រមទាំងប្អូនតូចៗពីរនាក់ទៀត ឲ្យអណ្តែតត្រសែតមកដល់ក្រុងភ្នំពេញយ៉ាងដូច្នេះ។

ក៏មិនគួរនឹងភ្លេចជម្រាបជូនផងដែរថា ដោយសារមើលឃើញពីទេពកោសល្យសិល្បៈប្អូនស្រី ​រួមជាមួយនឹងជីវភាពកំពុងតែមិនអំណោយផលផង សប្បុរជនខ្មែរអាមេរិកាំង លោក សេង តាំង បានផ្តល់ថវិកាចំនួន១០០ដុល្លារ ដល់ប្អូនស្រីម៉ាលីស តាមរយៈមូលនិធិ ម៉េងលី ជេ. គួច។ ដ្បិតថាតិចតួចស្តួចស្តើង ប៉ុន្តែវាជាទឹកចិត្តសប្បុធម៌ ក៏ដូចជាការលើកទឹកចិត្តប្អូនស្រី និងគ្រួសាររបស់ប្អូនឲ្យខិតខំជម្នះបន្ថែមទៀតដើម្បីសម្រេចក្តីស្រមៃ​នេះ។

សូមបញ្ជាក់ជូនថា ក្នុងឱកាសទទួលប្រាក់សប្បុរសពីមូលនិធិ ម៉េងលី ជេ. គួច នោះ ប្អូនស្រីម៉ាលីស និងម្តាយប្អូន ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅផងដែរថា៖ ខ្ញុំនិងកូនសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនដែលបានផ្តល់អំណោយលើកទឹកចិត្តដល់ខ្ញុំនិងកូន។ ដោយឡែក ប្អូនស្រីបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ខ្ញុំនឹងក្តាប់ឱកាសនេះឲ្យបានល្អបំផុត ពោលគឺមិនឲ្យរបូតពីដៃនោះឡើយ គឺដើម្បីជីវិតខ្ញុំ និងគ្រួសារ។ នេះជាការលើកឡើងរបស់ប្អូនស្រីម៉ាលីស ពេលទទួលប្រាក់សប្បុរសពីមូលនិធិ ម៉េងលី ជេ. គួច កាលពីថ្ងៃទី២៣កញ្ញា នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង៕



កម្រងទស្សនៈល្អៗរបស់បាលហ្សាក់

កម្រងទស្សនៈល្អៗរបស់បាលហ្សាក់

អត្ថបទ៖ តន វិបុល


បាលហ្សាក់ (Balzac) ជាអ្នកនិពន្ធកាសែត រឿងល្ខោន និងជាអ្នកនិពន្ធប្រលោមលោកដ៏ល្បីល្បាញមួយរូបនៅដើមទស្សវត្សរ៍ទី១៩ ក្នុងប្រទេសបារាំង។ ផ្តើមចេញពីការចាប់អារម្មណ៍សង្កេតនិងវិភាគយ៉ាងល្អិតល្អន់ពីទិដ្ឋភាពជាក់ស្តែងដែលបានលាតត្រដាងនៅក្នុងសង្គមបារាំង បាលហ្សាក់ត្រូវបានគេចាត់ទុកថាអ្នកនិពន្ធប្រលោមលោកប្រាកដនិយមដំបូងគេបង្អស់នៅក្នុងអក្សរសិល្ប៍អ៊ឺរ៉ុប។ មិនតែប៉ុណ្ណោះនៅក្នុងអត្ថបទប្រលោមលោករបស់លោកក៏បានបង្កប់ទស្សទៈល្អៗជាច្រើន ដែលក្នុងនោះមានដូចជា៖

១. នារីក្រមុំឆោមពណ៌ប្រៀបបានទៅនឹងផ្តាក្រពុំ ឯរីប្រពន្ធខាតលក្ខ័ណប្រៀបដូចទៅនឹងផ្ការុះរោយ។
២. មួយជីវិតមនុស្សប្រុសស្លាប់រស់ព្រោះកេរ្តិ៍ឈ្មោះ ហើយមួយជីវិតមនុស្សស្រីស្លាប់រស់ព្រោោះស្នេហា។ 
៣. ទឹកចិត្តអ្នកម្តាយមានជម្រៅនិងធំធេងជាងមហាសមុទ្រទៅទៀត ហើយជានិច្ចជាកាលអ្នកតែងតែទទួលបានក្តីប្រោសប្រណីពីអ្នកម្តាយនោះគ្រប់ពេលវេលា។ 
៥. មនុស្សស្រីណាដែលហ៊ានទ្រយំចំពោះមុខមនុស្សទាំងឡាយ ក៏ព្រោះតែនាងលែងមានម្ចាស់ការលើខ្លួនឯង។ 
៦. គ្មាននរណាម្នាក់ស្រឡាញ់ស្រីដោយសារតែរូបឆោមឆ្លាតឬមិនឆ្លាតរបស់គេនោះឡើយ ប៉ុន្តយើងស្រឡាញ់ ក៏ព្រោះតែយើងស្រឡាញ់។ 
៧. ក្នុងនាមជាមនុស្សម្នាក់គួរជឿថា អាពាហ៍ពិពាហ៍គឺជាព្រលឹងអមតៈ។ 
៨. ស្រ្ដីកាលបើមានប្ដីហើយ គឺមិនខុសទៅនឹងអ្នកបម្រើនោះឡើយ គ្រាន់តែគេយកមកដាក់លើបល្ល័ង្កប៉ុណ្ណោះ។ 
៩. អត្ថន័យនៃបាវចនាភក្តីភាពប្រៀបបាននឹងគតិបណ្ឌិតដែលបម្រើប្រយោជន៍ទូទៅ ប៉ុន្តែស្មោះស្ម័គ្រតែម្នាក់គត់។ 
១០. ប្ដីប្រពន្ធត្រូវតស៊ូនឹងប្រការចង្រៃអស់ទាំងនេះ ដែលជាទម្លាប់គួរឱ្យធុញទ្រាន់។

សូមជម្រាបជូនថា លោកបាលហ្សាក់កើតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៧៩៩ ក្នុងប្រទេសបារាំង ហើយទទួលមរណភាពនៅថ្ងៃទី១៨ ខែ៨ ឆ្នាំ១៨៥០ ពោលគឺស្លាប់នៅអាយុ៥១ឆ្នាំ៕



ខណៈហាងផឹកស៊ីដុះដូចផ្សិត

ខណៈហាងផឹកស៊ីដុះដូចផ្សិត

អត្ថបទ៖ តន វិបុល




បច្ចុប្បន្ននេះ ស្ទើរគ្រប់ទីប្រជុំជនទៅហើយ ដែលកន្លែង ផឹកស៊ីរីកដុះដាលគួរឲ្យកត់សម្គាល់ ពោលគឺមិនចាញ់ស្ថាប័នអប់រំប៉ុន្មានទេ មែនទែនទៅស្ថាប័នអប់រំសុំខ្មាស។
បើយើងចាប់អារម្មណ៍តែបន្តិចទៅលើដងវិថីមួយចំនួន នាពេលរាត្រីយើងនឹងឃើញកំណាត់ផ្លូវនីមួយៗ ពោរពេញទៅដោយភ្លើងចម្រុះពណ៌ព្រោងព្រាតបន្តកន្ទុយគ្នា តាំងពីដើមផ្លូវរហូតដល់ចុងផ្លូវមិនខាន។ ភ្លើងចម្រុះពណ៌ទាំងនោះ ពុំមែនជាភ្លើងបំភ្លឺសម្រាប់ដាក់យកចង្រិតនោះឡើយ តែវាជាភ្លើងសញ្ញាប្រាប់ឲ្យដឹងថា ទីនោះជាកន្លែងផឹកស៊ី រួមមានហាង ក្លឹប ខារ៉ាអូខេ  បៀរហ្គាឌិន និងរង្គសាលផងនោះ គឺសុទ្ធសឹងជាកន្លែងជួបជុំប្រមូលផ្តុំគ្នាផឹកស៊ីសប្បាយរីករាយ នាពេលរាត្រី មិនថាប្រុស ស្រី ចាស់ ឬយុវវ័យឡើយ។
មែនទែនទៅ វាមិនត្រឹមតែជាកន្លែងមួយអាចជួយបន្ធូរអារម្មណ៍ កាត់សាញ និងភាពតានតឹងពីការងារ គ្រួសារ ឬការរៀនសូត្រប៉ុណ្ណោះទេ តែផ្ទុយទៅវិញ វាក៏អាចរាប់ថាជាកន្លែងបំពុលអារម្មណ៍ក៏បានដែរ បើសិនយើងមិនអាចទប់អារម្មណ៍បាន ព្រោះកន្លែងទាំងនោះ ហាក់ធ្វើឲ្យមនុស្សញៀនបាន។ ពិសេស ចំពោះយុវជនដែលគេតែងនិយាយថា ជាទំពាំស្នងឫស្សីនេះតែម្តង។
វាមិនចម្លែកពេកទេ ដែលថាកន្លែងទាំងនោះធ្វើឲ្យមនុស្សខ្លះញៀន ព្រោះទីនោះមានគ្រឿងក្លែមឈ្ងុយឆ្ងាញ់ គួបផ្សំជាមួយនឹងស្រីស្រស់ស្អាតចាំកំដរ ចាំពង្វក់អារម្មណ៍ផងនោះ ទើបកន្លែងផឹកស៊ីទាំងឡាយ កាន់តែមានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រកាន់តែច្រើនឡើងៗ។ នេះប្រហែលជាហេតុផលដែលធ្វើឲ្យកន្លែងផឹកស៊ី បន្តរីកដុះដាលព្រោងព្រាតពីមួយកន្លែងទៅមួយកន្លែង ពីមួយឆ្នាំទៅមួយឆ្នាំ ដោយឥតដឹងខ្លួន រហូតធ្វើឲ្យផលិតផលស្រាបៀរក្នុងស្រុកមួយចំនួនមិនអាចផ្គត់ផ្គង់ទាន់អ្នកផឹក ទើបនាំចូលពីប្រទេសក្រៅថែមទៀតផង ដើម្បីបន្តនិរន្តរភាពរបស់ខ្លួនក៏អាចថាបាន។
តាមការពិតទៅ ហាងផឹកស៊ីមិនមានច្រើនហូរហែដល់ម្ល៉ឹងទេ ប្រសិនបើគ្មានអ្នកបន្តគាំទ្រនោះ តែការណ៍នេះបានស្ដែងយ៉ាងច្បាស់ថា វាស្ទើរក្លាយជាទម្លាប់ទៅហើយ ដ្បិតអីពលរដ្ឋខ្មែរយើងភាគច្រើនចូលចិត្តសប្បាយ និងចូលចិត្តផឹកស៊ី ដែលនេះឯងជាមូលហេតុដែលមិនអាចប្រកែកបាន និងជាកត្តាដែលជំរុញហាងផឹកស៊ីកាន់តែមានវត្តមានក្នុងសង្គមយើង។
គួរជម្រាបជូនផងដែរថា បន្ទាប់ពីពួកគេបានផឹកស៊ីស្រវឹងប្រហែលជាមិនប្រាកដថាពួកគេទាំងនោះអាចគ្រប់គ្រងស្មារតីបានឡើយ។ នេះជាកត្តាដែលជំរុញឲ្យពួកគេបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ក៏ដូចជាអ្នកដទៃផងដែរ។ ព្រោះកន្លងមកតាម   រយៈបណ្ដាញសារព័ត៌មាន តែងតែមានអ្នកស្រវឹងបើកឡានបុកនេះ ជិះម៉ូតូបុកនោះ បាញ់អ្នកនេះ សម្លាប់អ្នកនោះ សម្លត់អ្នកនេះ ឬក៏រំលោភអ្នកនោះជាដើម ហើយក៏មានដែរក្រុមខ្លះប្រកាប់ប្រចាក់គ្នាពេញហាងផឹកស៊ីតែងម្តង។
បើកន្លែងទាំងអស់នោះ នៅតែបន្តរីកដុះដាលពង្វក់សតិអារម្មណ៍ទំពាំងនិងឫស្សីបែបនេះ តើវាសនាប្រទេសជាតិទៅជាយ៉ាងណា? នេះជាសំណួរត្រូវតែចោទដើម្បីទទួលបានចម្លើយ ឬដំណោះស្រាយសមស្របណាមួយដើម្បីគ្រប់គ្រង លើច្បាប់ស្ដីពីគ្រឿងស្រវឹង ក៏ដូចជាវ័យណាទើបអាចប្រើប្រាស់គ្រឿងស្រវឹងបាន និងប្រើក្នុងកម្រិតណាជាដើម។
ដ្បិតណាស់ថាក្លឹប ខារ៉ាអូខេ បៀរហ្គាឌិន និងរង្គសាលទាំងនោះ បានជួយសម្រួលការងារដល់ពលរដ្ឋខ្មែរមួយចំនួនក៏ពិមែន ប៉ុន្តែអ្នកធ្វើការងារតាមកន្លែងទាំងនោះ ហាក់ដូចជាគេពុំសូវឲ្យតម្លៃ ឬយកចិត្តទុកដាក់ទាល់តែសោះ។ ជារឿយៗ គេសង្កេតឃើញថា បណ្តាក្រុមអ្នកមានមុខមាត់ ឬក៏អ្នកមានលុយមួយចំនួន បានចាត់ទុកអ្នកធ្វើការទាំងនោះ ដូចជាខ្ញុំកញ្ជះដាច់ថ្លៃក៏មានដែរ។ ខណៈដែលប្រើគេអស់អាចម៍អស់នោមហើយនោះ សូម្បីតែលុយលើកទឹកចិត្តក៏ពុំបានឲ្យគ្នាដែរ ផ្ទុយទៅវិញថែមទាំងបោះសម្តីអសុរោះ គ្មានសីលធម៌ នៅពេលដែលបម្រើពួកគេមិនបានរហ័សទាន់ចិត្ត ឬធ្វើឲ្យឃ្នើសចិត្តជាដើម។ ចំណែកស្រី្តកំដរភ្ញៀវវិញ ត្រូវបានគេចាត់ទុកជាស្រីលេងសើច ឬជាល្បែងកម្សាន្តរបស់ខ្លួន តាមតែចិត្តចង់ក៏មាន ពោលគឺពុំបានខ្វល់ខ្វាយពីអ្វីសោះឡើយ។
ម្យ៉ាង ថ្វីបើកន្លែងអាជីវកម្មផឹកស៊ីទាំងនោះមានច្បាប់ក្តី ហើយវាជាសិទ្ធិក្នុងការរកស៊ីរបស់ពួកគេក៏ដោយចុះ ប៉ុន្តែម្ចាស់អាជីវកម្មទាំងអស់នោះ ក៏ពុំគួរយកចំណីផ្លូវសាធារណៈមកធ្វើជាចំណតរថយន្តឬជាកន្លែងរកស៊ីរបស់ខ្លួនសោះឡើយ ព្រោះអាចបង្កឲ្យខូចសណ្តាប់ធ្នាប់តាមដងផ្លូវ មិនតែប៉ុណ្ណោះក៏ធ្វើឲ្យស្ទះចរាចរណ៍ផងទៀតក៏មានដែរ៕

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រមនីយដ្ឋានសិក្សាដ៏ទាក់ទាញចំពោះសិស្ស-និស្សិត

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រមនីយដ្ឋានសិក្សាដ៏ទាក់ទាញចំពោះសិស្ស-និស្សិត

អត្ថបទ៖ តន វិបុល



ដោយទីធ្លាធំទូលាយ គួបផ្សំជាមួយនឹងម្លប់ឈើត្រឈឹងត្រឈៃនាមាត់ស្រះ មានសួនល្អ និងបរិវេណដ៏ល្វឹងល្វើយផងនោះ បានបង្កឲ្យមានបរិយាកាសល្អ និងខ្យល់ត្រជាក់បរិសុទ្ធដល់មនុស្សសត្វ។ ទិដ្ឋភាពដ៏ល្អប្លែកបែបនេះ បរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានវ័យចំណាស់ជិត ៦០ឆ្នាំទៅហើយនោះ កំពុងក្លាយជារមនីយដ្ឋានធម្មជាតិដ៏ពេញនិយមសម្រាប់សិស្ស និស្សិតគ្រប់មជ្ឍដ្ឋានមកសិក្សា ឬលម្ហែអារម្មណ៍យ៉ាងមានប្រជាប្រិយភាព។
ពុំមែនមានតែនិស្សិត រៀននៅសាកលវិទ្យាល័យភូមិន្ទនោះទេ ដែលនិយមមកអង្គុយលេងកម្សាន្តអារម្មណ៍ លេងកីឡា ពិភាក្សាការងារជាក្រុម អានសៀវភៅ ឬមកសិក្សាស្រាវជ្រាវនៅក្នុងបរិវេណសាកលវិទ្យាល័យមួយនេះ ប៉ុន្ដែក៏មានដែរ សិស្ស និស្សិត ដែលមកពីមជ្ឈដ្ឋានសិក្សាផ្សេងទៀត ដែលចូលចិត្តមកអានសៀវភៅ សិក្សាស្រាវជា្រវ និងលម្ហែអារម្មណ៍នៅទីនេះជាលក្ខណៈបុគ្គល និងជាក្រុមផងដែរ។
និស្សិតឆ្នាំទី២ ផ្នែកឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ម្នាក់ក្នុងចំណោមនិស្សិតពេទ្យ៤នាក់ ដែលកំពុងអង្គុយអានសៀវភៅនៅក្រោមបណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នោះគឺប្អូនប្រុស លី ហ៊ង។ ហ៊ង បានប្រាប់ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ យ៉ាងដូច្នេះថា “ខ្ញុំនិងមិត្តភក្តិមកអង្គុយរៀននៅទីនេះ ស្ទើរគ្មានលស់ថ្ងៃដែលទំនេរពីការសិក្សា ព្រោះបរិវេណសាកលវិទ្យាល័យមួយនេះ មានទីធ្លាធំទូលាយ បរិស្ថានស្រស់ស្អាត មានបរិយាកាសល្អ មានខ្យល់ត្រជាក់ និងមានធម្មជាតិដ៏ស្រស់បំព្រង ដែលជាអំណោយផលដល់ការសិក្សារបស់ពួកយើងច្រើន ពិសេស ក៏បណ្ដុំទៅដោយអ្នកសិក្សាស្រាវជ្រាវផងដែរ”។
ទំនងជាហេតុផលនេះហើយមើលទៅ ទើបបានជារៀងរាល់ថ្ងៃមានសិស្សនិស្សិតមិនតិចនាក់នោះទេ បានជួបជុំគ្នាអង្គុយអានសៀវភៅ ឬពិភាក្សាមេរៀន នៅរមណីយដ្ឋានសិក្សាមួយនេះ ដែលអ្នកខ្លះអាចតាំងពីព្រឹក រហូតដល់ល្ងាច ទើបត្រឡប់ទៅលំនៅស្ថានរៀងៗខ្លួនក៏មាន។

សូមជម្រាបជូនថា ក្រៅតែពីចូលបណ្ណាល័យដែលបំពាក់ដោយបរិក្ខារសិក្សាទំនើប ឯកសារសម្បូរហើយនោះ សិស្ស និស្សិត ភាគច្រើនតែងតែអង្គុយលើសួនស្មៅ អង្គុយក្រោមម្លប់ជ្រៃ ម្លប់ឈើ និងលើកៅអីក្នុងបរិវេណសាកលវិទ្យាល័យ ក៏មានដែរ។ ពិសេស គឺអង្គុយក្រោមម្លប់ឈើធំៗជុំវិញមាត់ស្រះទឹកដែលជាម្លប់ត្រជាក់ និងខ្យល់អាកាសបរិសុទ្ធ ដោយសិស្ស និស្សិតខ្លះបានក្រាលកន្ទេលអង្គុយរៀនជុំគ្នាផង និងចងជាអង្រឹងផងក៏មាន។ មិនតែប៉ុណ្ណោះ ជាប្រក្រតីទៅហើយដែលអ្នកធ្វើលំហាត់ប្រាណខ្លះ បានយកបរិវេណសាកលវិទ្យាល័យ នេះដើម្បីដើរហាត់ប្រាណស្ទើររៀងរាល់ព្រឹក និងល្ងាច ហើយនៅឯក្រៅរបងនៃច្រកចូលបណ្ណាល័យ ហ៊ុន សែន ឯណោះវិញ ក៏មានអ្នកធ្វើលំហាត់ប្រាណតាមបទភ្លេងជាក្រុមដែរ។
ក្នុងទិដ្ឋភាពដ៏មនោរម្យនោះ កញ្ញា សូ អេធើ ជានិស្សិតឆ្នាំទី៣ ផ្នែកសង្គមវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  ដែលកំពុងអង្គុយក្រោមម្លប់ឈើប្របមាត់ទឹក ជាមួយមិត្តភក្តិ ក៏បានថ្លែងចំណាប់អារម្មណ៍ ចំពោះសម្រស់ធម្មជាតិបរិវេណគ្រឹះស្ថានឧត្តមសិក្សាមួយនេះផងដែរថា កញ្ញានិងមិត្តភក្តិតែងមកអានសៀវភៅនៅទីនេះ ដោយសារទីនេះមានបរិយាកាសអំណោយផលល្អ ពិសេសសម្រស់ធម្មជាតិ ក៏ដូចជាសំណង់អគារនៅទីនេះ ហាក់អន្ទងអារម្មណ៍របស់នាងឲ្យមានភាពស្រស់ស្រាយ និងជំរុញចិត្តឱ្យទន្ទេញមេរៀនឆាប់ចាំ ម្យ៉ាងក៏ជាកន្លែងសម្រាប់លម្ហែអារម្មណ៍ ហើយក៏អាចជួយកាត់បន្ថយភាពស្មុគស្មាញពីកិច្ចការរៀនសូត្រនានាផងដែរ។
ក៏គួរបញ្ជាក់ដែរថា តាមការពិតទៅក្រុមសិស្ស និស្សិត ក៏អាចមើលមេរៀននៅក្នុងបណ្ណាល័យ ឬនៅផ្ទះរបស់ពួកគេក៏បានដែរ ក៏ប៉ុន្តែពួកគេហាក់ស្រុះស្រួលគ្នាអះអាងថា ការអានសៀវភៅនៅក្នុងបណ្ណាល័យ គឺត្រូវរក្សាភាពស្ងៀមស្ងាត់ មិនអាចបញ្ចេញសំឡេងឮៗបាននោះទេ។ ដោយឡែកនៅផ្ទះវិញ អ្នកខ្លះថាគ្មានពេលអានសៀវភៅ ព្រោះត្រូវជួយកិច្ចការផ្ទះ បើមានពេលអានសៀវភៅ គឺអានមិនបានយូរ ព្រោះឆាប់ធុញ ឬឆាប់ងងុយគេងជាដើម។ ផ្ទុយវិញទីនេះមានក្រុមជួយពិភាក្សាមេរៀន មានមិត្តភក្តិ ឬក្រុមពន្យល់ទៅវិញទៅមក ឬក៏លេងល្បែងកម្សាន្តដើម្បីបន្ថូរអារម្មណ៍ក៏បានដែរ។
មែនទែនទៅ ការមកជួបជុំគ្នារៀននៅក្នុងបរិវេណសាកលវិទ្យាល័យចំណាស់មួយនេះ មិនត្រឹមតែជួយឲ្យខួរក្បាលស្រស់ស្រាយ និងកាត់បន្ថយភាពស្មុគស្មាញពីកិច្ចការសិក្សាប៉ុណ្ណោះទេ ម្យ៉ាងក៏បានធ្វើឲ្យចំណងមិត្តភាពរបស់ពួកគេកាន់តែជិតស្និតថែមទៀតផងដែរ តាមរយៈការញ៉ាំចំណីជុំគ្នា ពិភាក្សាជាក្រុម និងលេងល្បែងកម្សាន្តនានាជាដើមនោះ៕

ពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី៥


ពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី៥

អត្ថបទ៖ តន វិបុល


ពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី៥ ប្រចាំឆ្នាំ២០១៦នេះ បានបាប់ផ្តើមបើកឲ្យសាធារជនចូលទស្សនាដោយសេរី នាព្រឹកថ្ងៃទី២ ខែធ្នូ នៅក្នុងបរិវេណបណ្ណាល័យជាតិ។ ក្រោមប្រធានបទថា បង្កើនការអាន បង្កើនការសរសេរ

បើតាមប្រធាន​សមាគម​បណ្ណារក្ស ​ឯកសារ​វិទូ​កម្ពុជា និង​ជានា​យក​អង្គការ Sipar លោក ហុក សុទ្ធិ បានឲ្យដឹងថាពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី៥នេះ មានស្តង់ពិព័រណ៍ចំនួន៦៥ស្តង់ ពោលគឺលើសឆ្នាំទៅ១៥ស្តង់។ លោកបន្តថា ការរៀបចំពិព័រណ៍សៀវភៅឆ្នាំនេះ គ្រោងនឹងចំណាយថវិកាចំនួនប្រមាណ១ម៉ឺន៧ពាន់ដុល្លារ។ ចំនួននេះ បើធៀបទៅនឹងកន្លងទៅ ដែលចំណាយអស់ថវិកាត្រឹមតែ១ម៉ឺន២ពាន់ដុល្លារប៉ុណ្ណោះ ហើយចំពោះអ្នកចូលរួមទស្សនាពិព័រណ៍សៀវភៅ ក៏កើនជាងឆ្នាំមុនផងដែរ។

មកដល់ត្រង់ចំណុចនេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ​​​ខៀវ កញ្ញា​រិ​ទ្ធ ដែលបានចូលរួមបើកពិធីពិព័រណ៍សៀវភៅនាឱកាសនោះដែរ លោកបានបញ្ជាក់ថា ចំនួនការកើនឡើងស្តង់ពិព័រណ៍សៀវភៅនិងចំនួនកើនឡើងនៃអ្នកចូលទស្សនានេះ គឺបង្ហាញការរីកចម្រើនផ្នែកវិស័យបោះពុម្ពនិងការអាននៅកម្ពុជាហើយ។ អ្វីដែលបង្ហាញឲ្យឃើញនេះ ជាការយកចិត្តទុកដាក់ពីសំណាក់អ្នកនិពន្ធ។ លោកបន្តថា ដ្បិតថា វិស័យបោះពុម្ពចាប់ផ្តើមរីកចម្រើន  ប៉ុន្តែ អ្នកនិពន្ធនៅកម្ពុជាហាក់ដូចជាគ្មានអ្នកយកចិត្តទុកដាក់ដូចជាប្រទេសដទៃសោះ។

សូមជម្រាប​ជូនថា ក្នុងពិព័រណ៍សៀវភៅនោះ ក្រៅតែពីដាក់តាំសៀវភៅលក់ ក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកនិពន្ធល្បីៗនៅកម្ពុជាផងដែរ៕