ល្បែងលេងកម្សាន្តដែលក្មេងជំនាន់ថ្មីពុំសូវស្គាល់

ក្មេងជំនាន់នេះសឹងមិនស្គាល់
ឬបានប៉ះពាល់ល្បែងកម្សាន្ត
ជំនាន់មុនក្មេងច្រើនសណ្ឋាន
បង្កើតល្បែងបានមិនស្មាញស្មុគ។​

ល្បែងខ្ញុំធ្លាប់លេងកាលពីតូច
ក្នុងនោះមានដូចល្បែងស្លស្លុក
ខ្លះហៅល្បែងបាយឡបាយឡុក
ក្មេងកែអផ្សុកក្នុងភូមិឋាន។​

ល្បែងត្រែះចង្កឹះក៏ធ្លាប់លេង
កាលនៅពីក្មេងលេងកម្សាន្ត
កន្លែងណាក៏អាចលេងបាន
តាមតែសន្ដានក្មេងចូលចិត្ត។​

ជួននាំគ្នាលេងល្បែងបាយខុំ
ទាំងគេទាំងខ្ញុំលង់ស្នេហ៍ស្និទ្ធ
គ្មានក្ដាបាយខុំឈើប្រណិត
កាយរន្ធប្រៀងប្រិតលេងលើដី។​

ពេលទៅឃ្វាលគោជាមួយគេ
មិនដែលភ្លេចទេល្បែងប្រពៃ
វាយហ៊ឹងដោយកំណាត់ឫស្សី
ពួកក្មេងប្រុសស្រីហ៊ោសប្បាយ។​

ដល់ព្រលប់នាំគ្នាលេងបិទពួន
គ្រប់គ្នាលាក់ខ្លួនបំពួនកាយ
លេងរហូតមិនដែលជិនណាយ
អ្នកខ្លះទាល់ម្ដាយមកស្រែកហៅ។​

ខ្យល់ធ្លាក់ពីជើងយើងធ្វើខ្លែង
បង្ហើរជាល្បែងតាមញាតិផៅ
ខ្លះបង្ហោះលេងទាំងថ្ងៃក្ដៅ
ភ្លឺស្រែសឹកស្មៅព្រោះតែខ្លែង។​

ក្រោយកៅស៊ូកងចងប្រទាក់
ក្មេងលោតអន្ទាក់ចាប់សម្ដែង
លេងក្រោមម្លប់ឈើបាំងសូរ្យសែង
នេះហើយជាល្បែងលោតកៅស៊ូ។​

ល្បែងមួយទៀតក៏ធ្លាប់លេងដែរ
ល្បែងនោះក្មេងខ្មែរហៅថា "អ៊ូ"
ល្បែងនេះខ្មែរលេងតាំងយូរ
អ្នកខ្លះតស៊ូលេងហូរហែ។​

គិតទៅល្បែងកម្សាន្តសន្ធឹក
សូម្បីលោតមឹកក៏លេងដែរ
ពីតូចលោតស្ទើរសឹកជើងម៉ែ
ឱមឹកមាសស្នេហ៍នៅចាំទេ។​

ពេលខ្លះបបួលគ្នាលេងឃ្លី
ក្រោយចិត្តវក់វីលែងគ្នាន់គ្នេរ
លេងរហូតដល់ឥតទំនេរ
ទាំងខ្ញុំទាំងគេប្រឹងព្រោះអ្វី?​

នៅមានសន្ធឹកនឹកមិនឃើញ
ទោះនេះគំហើញចាស់មិនថ្មី
ចង់រ៉ាយរ៉ាប់ប្រាប់ក្មេងប្រុសស្រី
នាសម័យថ្មីឱ្យបានជ្រាប។​

ដោយ តន វិបុល