កាត់សក់

ថ្មីៗនេះមានបុរសសក់កន្ទ្រើងម្នាក់ដើរឆ្ពោះទៅហាងកាត់សក់មួយនៅចុងភូមិ។ គាត់តែងតែទៅកាត់សក់នៅហាងនោះជាប្រចាំ។ គ្រាន់តែចូលដល់ក្នុងហាងភ្លាម ស្រាប់តែជាង​កាត់​សក់និយាយទៅកាន់ម្នាក់នោះថា ថ្ងៃនេះគាត់អត់ស្រួលខ្លួនទេ ដូច្នេះមិនអាចកើតសក់ជូនគាត់បានឡើយ។​

បុរសសក់កន្ទ្រើងតបវិញថា "មិនអីទេ ខ្ញុំអាចទៅកាត់នៅហាងផ្សេងបាន"។

តាមផ្លូវសម្ដៅទៅហាងកាត់សក់ផ្សេង​ទៀត គាត់ពុំនឹក​ដល់​ចំពោះជាងកាត់សក់​ដែលថា បើគាត់មិនស្រួលខ្លួនហេតុអ្វីហាងគាត់បើកទ្វារនោះទេ?​

នៅពេលដែលគាត់ទៅដល់ហាងកាត់សក់ផ្សេងទៀត ជាងកាត់សក់សុទ្ធតែបដិសេធចំពោះកាត់សក់គាត់ ដោយពួកគេនិយាយមិនស្រួលខ្លួនដូចគ្នា​។ ម្ល៉ោះហើយបុរសសក់ក្រញ៉ាញ់ត្រឡប់ទៅលំនៅឋានវិញទាំងសក់​កន្ទ្រើង។ ក្រោយពីជាងបដិសេធកាត់សក់គាត់ គាត់សង្កេតឃើញថា ជាងទាំងនោះពុំឈឺឬគ្រុនមែនទែនឡើយ។ ពេលឃើញបែបនេះ គាត់អន់ចិត្តជាងកាត់សក់ ដោយសារតែសក់គាត់ក្រញ៉ាញ់ពេកទើបជាងទាំងរើស​អើងដោយមិនព្រមកាត់ឱ្យគាត់។

មួយសប្ដាហ៍កន្លងផុតទៅ គាត់បានទៅហាងកាត់សក់នៅឯចុងភូមិម្ដងទៀត ប៉ុន្តែត្រូវជាងកាតសក់បដិសេធដដែល។ ភ្លាមនោះគាត់ដាច់ចិត្តសួរជាងថា "បើមិនស្រួលខ្លួនទេ បើកហាងធើអី ឬមួយរើងអើងខ្ញុំដោយ​សារតែសក់ខ្ញុំក្រញ៉ាញ់​"។​

ជាងកាត់សក់ប្រាប់គាត់ដោយត្រង់ថា "ខ្ញុំមិនរើសអើងបងទេ ហើយក៏មិ​នមែនដោយសារសក់បងរួញក្រញៅដែរ គឺព្រោះតែកាលៈទេសៈជំងឺកូរ៉ណារាតត្បាតខ្លាំងពេកបានជាខ្ញុំមិនហ៊ានកាត់សក់ជូនបង។ ដូច្នេះសូមបងអធ្យាស្រ័យផង ណាមួយដោយសារបងជាមនុស្សឧស្សាហ៍​ឆ្លងខេត្តចុះឡើងញឹកញាប់ពេក ខ្ញុំមិនហ៊ានកាត់ជូនបងទេ​"។​

បុរសសក់ក្រញ៉ាញ់ចាកចេញពីហាងកាត់សក់ទាំងអស់ចិត្ត។ គាត់បានជិះម៉ូតូទៅទិញឡាមពីតូបលក់អ៊ីវ៉ាន់ ហើយឆ្ពោះទៅវត្ត...

ដោយ តន វិបុល