បងឡើងខ្ពស់ជាងអូន

ជិត​ប្រាំឆ្នាំ​​ហើយ ដែល​យើង​​មិនបាន​​​ជួប​គ្នា… យើង​បែក​គ្នា​នៅ​ក្រោយ​ពេល​ដែល​យើង​ចេញ​ពីសាកល​វិទ្យាល័យ។ តាំង​ពីនោះ​ម​ក​ កុំ​ថា​ឡើយ​ជួប​សូម្បី​តែ​ការ​ទាក់​ទង​គ្នា​ក៏​ដាច់​ខ្សែ​រយៈ​ដែរ។ ពី​មុន​ពួក​យើង​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ប្រៀបបានបងហើយនិងប្អូន ប៉ុន្ដែ​បន្ទាប់​ពី​ពួក​យើង​បែក​គ្នា អ្វីៗ​ក៏ស្ងាត់​សូន្យ​ឈឹង​។​ ទោះ​ខ្ញុំ​ព្យាយាម​ហៅ​ទូរសព្ទ​ទៅ​គាត់​ជា​​ច្រើន​លើក​ជា​ច្រើន​សា​យ៉ាង​ណា ក៏​នៅ​តែ​ហៅ​មិន​ចូល​ដដែល។ ខ្ញុំ​មិន​ដឹង​ថា គាត់​ដូរ​លេខ​ទូរសព្ទ​ឬ​យ៉ាង​ណា​ទេ។​ អស់​ពីព្យាយាម​ទាក់​ទងតាម​ទូរសព្ទ​​ ខ្ញុំ​ប្ដូរ​មក​ព្យាយាម​​ទាក់​​ទង​​តាម​​ហ្វេស​ប៊ុក (Facebook) របស់​​គាត់​​វិញ​ម្ដង​ដោយព្យាយាម​ម្ដង​​ហើយ​​ម្តង​​ទៀត ​ប៉ុន្តែ​នៅ​តែ​គ្មាន​ប្រយោជន៍​ដដែល​ ព្រោះ​មិន​ដឹង​គណនី​ហ្វេសប៊ុក​គាត់​ខូច​លែង​ដំណើរ​ ឬ​គាត់​លែង​ប្រើ​តាំង​ពី​ពេល​ណា​មក​ទេ។ ពេល​នេះ​ខ្ញុំ​មិន​ដឹង​ថា គាត់​នៅ​ទី​ណា​​ ហើយដោយសារ​តែ​ខ្ញុំ​មមា​ញឹក​នឹង​ការងារ​ផង ដូច្នេះខ្ញុំ​មិន​បាន​ទៅ​រក​គាត់​នៅ​ឯ​ស្រុក​កំណើត​គាត់ទេ។ នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ចាប់​ផ្ដើម​អស់​សង្ឃឹម​បន្តិច​ម្តង​បន្តិច​ម្ដង ខ្ញុំ​អស់​សង្ឃឹម​នៅ​ក្នុង​ចិត្ត​ដោយ​សារ​គិត​ថា ​គាត់​លែង​រវី​រវល់​នឹង​ខ្ញុំ​ ប្រហែលជាគាត់​​​បំភ្លេច​ខ្ញុំ​ចោល​ហើយ ​ទើប​មិន​ទាក់​ទង​មក​ខ្ញុំ​ដូច​នេះ។ ប្រសិន​ជា​គាត់​នៅ​ស្រឡាញ់​រាប់​អាន​ខ្ញុំ​ដោយ​ស្មោះ​ប្រាក​ដ​មែន​ ទោះ​គាត់​ដូរ​លេខ​ទូរសព្ទ ឬ​គ្មាន​ទូរសព្ទ​ប្រើ​យ៉ាង​ណា​ក៏​​ដោយ ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ ម្ល៉ោះ​​ប្រហែលជា​គាត់​រក​មធ្យោ​បាយ​សម​ស្រប​​ណា​មួយ​ទាក់​ទង​មក​ខ្ញុំ​ហើយ មិន​មែន​ស្ងាត់​ឈឹង​ដូច​ចោរ​លួច​សេះ​យ៉ាង​​នេះ​ទេ។​

ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​លែង​នឹក​នា​ដល់​គាត់​ទៀត​ហើយ។ រហូត​មក​ដល់​ថ្ងៃ​មួយ គឺថ្ងៃ​សុក្រ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​រៀប​ចំ​ខ្លួន​ទៅ​ធ្វើការ​ ស្រាប់​តែ​គាត់​ហៅ​ទូរសព្ទ​មក​អញ្ជើញ​ខ្ញុំ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​នៅ​ផ្ទះ​របស់​គាត់។ ខ្ញុំ​មិន​ទាន់​សួរ​នាំ​ច្បាស់​លាស់​ផង ទូរសព្ទ​នោះ​ស្រាប់តែដាច់​លែង​ឮ​សំឡេង។ ​ខ្ញុំ​ព្យាយាម​ហៅ​ទូរសព្ទ​ទៅ​គាត់​វិញ​ដែរ តែ​ទោះ​ជា​ខ្ញុំ​ព្យាយាម​ហៅ​ទូរសព្ទ​ទៅ​វិញ​យ៉ាង​ណា ក៏​នៅ​តែ​មិន​ចូល… ខ្ញុំ​រឹត​តែ​អន់​ចិត្ត​នឹង​គាត់ ហើយ​គិត​ថា មិន​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​គាត់​ទេ។​ ប៉ុន្តែ​នៅ​ក្នុង​អារម្មណ៍​របស់​ខ្ញុំ​ហាក់​កាន់​តែ​មិន​ដាច់​អាល័យ​ពី​គាត់​ទាល់​តែ​សោះ ទោះ​កន្លង​មក​គាត់​ព្រងើយ​កន្ដើយ​នឹង​ខ្ញុំ​យ៉ា​ណាក្ដី។ ​បន្ទាប់​​ពី​គិត​សា​ជា​ថ្មី​ឡើង​វិញ​រួច​ម​ក​ ខ្ញុំ​បាន​សម្រេច​ថា​ ទៅ​ចូល​រួម​ពិធី​ជប់​លៀង​របស់​គាត់​វិញ​យ៉ាង​ប្រញិប​ប្រញាប់​កល់​រក​ទិញ​អ្វី​ជា​ទ្រនាប់​ដៃ​ផ្ញើ​គាត់​ស្ទើរ​តែ​មិន​ទាន់​ផង​។​

ពេល​ទៅ​ដល់​ទី​នោះ​ភ្លាម បន្ទាប់​ពី​គាត់​ចេញ​មក​ស្វាគមន៍​ខ្ញុំ​យ៉ាង​កក់​ក្ដៅ និង​បន្ទាប់​ពី​យើង​ឱប​គ្នា​យ៉ាង​ណែន​ដោយ​ក្ដី​នឹក​រលឹក​ផង​នោះ ​ខ្ញុំ​ហាក់​ភ្លេច​អស់​នូវ​អ្វី​ដែល​ធ្លាប់​អាក់​អន់​ស្រពន់​ចិត្ត​ចំពោះ​គាត់​កាល​ពី​កន្លង​មក ហើយ​ជំនួស​មក​វិញ​នូវ​អារម្មណ៍​សប្បាយ​រីក​រាយ។ នៅ​ពេល​នោះ​សេចក្ដី​ស្រឡាញ់ សេចក្ដី​រាប់​អាន​គ្នា ​កាល​ពី​នៅ​សាកល​វិទ្យា​ល័យ​បាន​ត្រឡប់​មក​រក​សភាព​ដើមវិញ។ អ្វី​ដែល​កាន់​តែ​រីករាយ​និង​មោទនភាព​ជាង​នេះ​ទៅ​ទៀត​នោះ ​គឺ​ការ​ជប់លៀង​ដំឡើង​តួនាទី​ថ្មី​របស់​គាត់​ដែល​កាន់​តែ​ខ្ពស់​ត្រដែត​ត្រដឹម​ជាង​មុន។ គាត់​ឡើង​ជា​មន្ត្រី​គ្រប់​គ្រង​នៅ​នាយកដ្ឋាន​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ ដោយ​ហេតុ​តែ​រលឹក​គ្នា​ខ្លាំង​ពេក​ នៅ​រាត្រី​ជប់​លៀង​នោះ​ពួក​យើង​បាន​ជជែក​គ្នា​ពី​នេះ​ ពី​នោះ និង​រំលឹក​អនុស្សាវរីយ៍​ល្អៗ​ជា​ច្រើន ជាពិសេស​គឺ​អនុស្សាវរីយ៍ កាល​ពី​រៀន​នៅ​សាកលវិទ្យាល័យ​ជាមួយ​គ្នា។​ ពួក​យើង​ជជែក​គ្នា​យូរៗ​ទៅ​ធ្លាក់​ដល់​ការ​សួរ​​​​អំពី​ការ​ងារ។ ខ្ញុំ​សួរ​គាត់ថា៖

-.តើ​សប្បាយ​ចិត្ត​ដែរ​ទេ នៅ​ពេល​ដែល​បាន​ទទួល​តំណែង​ថ្មី​ខ្ពស់​ជាង​មុន​ដូចនេះនោះ?​

គាត់​លើក​កែវ​ក្រេប​ប៊ីយែរ​បន្តិច ហើយ​តប​មក​វិញថា៖​

-.ការណ៍​ដែល​ខ្ញុំ​ហៅ​ឯង​មក​ជប់​លៀង​នេះ គឺ​ជប់​លៀង​ដោយសារខ្ញុំខូច​ចិត្ត​។​

ឮ​ដូច្នេះ​ខ្ញុំ​ឈ្លេច​សួរភ្លាម…​

-.ហេតុ​អ្វី?​

-.ឡើង​​ខ្ពស់​​ហួស​​លុយ… (គាត់​ឆ្លើយ​វិញ​យ៉ាង​កំបុត)។​

ភ្លាម​នោះ ពួក​យើង​បាន​ផ្ទុះ​សំណើច​ព្រម​គ្នា។ បន្តិច​ក្រោយ​មក បន្ទាប់​ពី​សំឡេង​សើច​ស្ងាត់​ទៅ​វិញ ពួក​យើង​លើក​កែវ​គោះ​និង​ផឹក​ទាំង​អស់​គ្នា ហើយ​គាត់​សួរ​ខ្ញុំ​វិញ៖​

-.អឺ! ចំណែកឯងវិញ ធ្វើការអ្វី នៅឯណាដែរ?

-.ខ្ញុំ.. អឺ! ខ្ញុំ​ខុស​ពី​បង ព្រោះ​ខ្ញុំ​ធ្វើការ​នៅ​ខ្លាញ់។ ចម្លើយ​របស់​ខ្ញុំ​គ្រាន់​តែ​គិត​ថា និយាយ​ឱ្យ​ផុត​តែ​ពី​មាត់​ប៉ុណ្ណោះ មិន​គិត​ថា អួត​ដាក់​គាត់​ទេ។ ប៉ុន្ដែ​ចម្លើយ​នេះ​បែរ​ជា​ធ្វើ​ឱ្យ​គាត់​លាន់​មាត់​៖

-.អូះ! បើ​ដូច្នេះ​មែន.. លុយ​ខាប់​ដូច​ទឹក​គ្រឿង​ហើយ..

ឥត​បង្អង់​យូរ ខ្ញុំ​ក៏លើកឡើងថា៖

-.មិន​ខាប់​ដូច​ទឹក​គ្រឿង​ដូច​បង​យល់​ទេ ព្រោះ​ឥឡូវ​ខ្ញុំ​ឈប់​នៅ​កន្លែង​ខ្លាញ់​ហើយ ខ្ញុំ​ទៅ​នៅ​កន្លែង​ស្ងួត​វិញ​ម្ដង។

គាត់​ធ្វើ​ភ្នែក​ឡិង​ឡង់ហាក់​​ងឿង​​ឆ្ងល់​នឹង​សម្ដី​របស់​ខ្ញុំ ហើយ​សួរ​ថា ហេតុ​អ្វី​គេ​ដូរ ឬ​ដោយ​សារ​តែ​ឯង​ពុក​រលួយ​ពេក?

គាត់​​ឃើញ​ខ្ញុំ​អេះអុញ​មិន​ទាន់ឆ្លើយសំណួរគាត់ គាត់​បាន​ឈ្លេច​សួរ​ខ្ញុំ​ទៀត.. តែ​ខ្ញុំ​បដិសេធ​៖​

-.មិន​ដូច្នោះ​ទេ​បង​.​.​

រួចហើយ​ខ្ញុំ​ពន្យល់​គាត់​តាម​ដំណើរ​សេចក្ដី​រឿង​ទៀត​ថា គេ​ប្ដូរ​ខ្ញុំ​មិន​មែន​ដោយ​សារ​តែ​ខ្ញុំ​ពុក​រលួយ​ទេ គឺ​ដោយសារ​តែ​ខ្ញុំ​ជា​អ្នក​សុំ​គេ​ឈប់​ដោយ​ខ្លួន​ឯង​.​.​ គឺ​ដោយសារ​តែ​ខ្ញុំ​មិន​អាច​នៅ​កន្លែង​ខ្លាញ់​បាន​តទៅទៀត​ ព្រោះ​ខ្លាញ់​ច្រើន​ពេក ខ្ញុំ​ខ្លាច​អស់​ជីវិត​ដោយ​សារ​តែខ្លាញ់។ ខ្លាញ់​ដែល​ខ្ញុំ​និយាយ​នេះ មិន​មែន​មាន​ន័យ​ថា​ ខ្ញុំ​ធ្វើ​នៅ​លើ​គំនរ​លុយ​ទេ គឺ​ខ្ញុំ​ធ្វើការ​ជា​អ្នក​ដុស​លាង​ខ្ទះ​និង​ចង្អើរ​សាច់​អាំង​នៅ​ហាង​ផឹក​ស៊ី​ទេ​តើ។ ជាមួយ​នឹង​ការងារ​នេះ មួយ​ថ្ងៃៗ​ខ្លាញ់​ជាប់នឹង​ខ្ទះ​ឬ​ចង្អើរ​សាច់​អាំង​ខ្ទាត​មក​ប្រឡាក់​ពេញ​តែ​ខ្លួន។​

ម្តង​នេះ​លែង​មាន​សំណើច​ផ្ទុះ​ឡើង​ព្រម​គ្នា​ដូច​មុន​ទៀត​ហើយ។ គាត់មើល​មក​ខ្ញុំ​ដូច​ជា​មនុស្ស​ចម្លែក​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន។​ គាត់​មើល​មក​ខ្ញុំ​ដូច​ខ្ញុំ​ជា​មនុស្ស​ថ្មី​ម្នាក់ផ្សេង​ទៀត ព្រោះ​ចរិត​ខ្ញុំ​ពី​មុន​មិន​ចូល​ចិត្ត​កំប្លែង​បែប​នេះ​ទេ។ គាត់​សួរ​ខ្ញុំ​ដោយ​ញញើត​ញញើម​លែង​ស្និទ្ធ​ដូច​មុន​ គាត់​សួរ​ខ្ញុំ​ថា ​តើ​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​ឯណា​វិញ?

ខ្ញុំ​ឆ្លើយ​ប្រាប់​គាត់​ដោយ​ត្រង់ៗ​វិញ​ថា ពេល​ឈប់​ពី​កន្លែង​ខ្លាញ់ ហើយ​ខ្ញុំ​បាន​ទៅ​ធ្វើ​នៅ​អង្គភាព​ពន្ធដារ​វិញ។​ នៅ​កន្លែង​នោះ​ស្ងួត​មិន​មាន​ខ្លាញ់​ដូច​នៅ​កន្លែង​ដុះ​លាង​ខ្ទះ​សាច់​អាំង​ទេ។ គាត់​ដក​ដង្ហើម​ធំ​អម​ជាមួយ​សំឡេង ហឺ.. បង្អូស​យ៉ាង​វែង ហើយ​គាត់​សួរ​ខ្ញុំ​ដោយ​មិន​អស់​ចិត្ត​៖​

-.អ្ហាះ! បង​ឡប់​ខួរ​អស់​ហើយ ម្ដង​និយាយ​បែប​នេះ ម្ដង​និយាយ​បែប​នោះ តើ​ធ្វើ​អី​នៅ​ណា​ឱ្យ​ពិត​ប្រាកដ​ទៅ?​

-.កុំ​អាល​ទាន់​មួម៉ៅ​អីបង.​.​ អ្វី​ដែល​ខ្ញុំ​និយាយ​មក​នេះ គឺ​ការ​ពិត​ទាំង​អស់ (ខ្ញុំ​ប្រាប់​គាត់)​

-.អើ! និយាយ​ចុះ និយាយ​ឡើង នៅ​កន្លែង​ខ្លាញ់​ដដែល​.​.​

-.តែ​បង​ឡើង​ខ្ពស់​ជាង​ខ្ញុំ ឯខ្ញុំ​នៅ​តែទាប​ជាង​បង​ដដែល​។ និយាយហើយ ពួក​យើង​ក៏ផ្ទុះ​សំណើច​ឡើង​ព្រមៗ​គ្នា​ដូច​មិន​ដែល​បាន​សើច ហា​ហា​ហា​ហា​.​..

សូមបញ្ជាក់ថា រឿងនេះប្រឌិតឡើងតាមសតិអារម្មណ៍រវើរវាយរបស់ស្មេរទាំងស្រុង។

ដោយ តន វិបុក