កាលពីតូចសុភាពរាបសា
ធំឡើងកាលណាចិត្តក្អេងក្អាង
ឬច្រឡើសបើសលើសជើងកាង
ច្រងេងច្រងាងអាងកោងកាច។
ក្មេងខ្លះកោងកាចអាចមកពី
គ្រួសារវក់វីរឿងតូចតាច
ឈ្លោះទាល់ទែងគ្នាកូនបាចសាច
ប្រសេចប្រសាចខ្វះកក់ក្ដៅ។
ជួនណាអាចមកពីគ្រួសារ
កើតមានហិង្សាលើកូនចៅ
ធ្វើបាបទារុណមិនប្រដៅ
កូនធ្លាក់រណ្ដៅខ្លៅវិជ្ជា។
សាលារៀនមានគេជិះជាន់
មិត្តភក្ដិលូកលាន់បញ្ឈឺគ្នា
មានគំនុំគុំកួនដូចមា
កំព្រីកំព្រាបាត់លំនឹង។
នៅផ្ទះខ្លះខ្វះទ្រនុំហើយ
នៅសាលាម្ដេចឡើយគ្មានអីពឹង
នេះហើយដើមហេតុខ្វះទីពឹង
ជញ្ជក់ជញ្ជឹងទ្រឹងឯកា។
ឧកញ៉ាម៉េងលីប្រាប់ដូច្នេះ
អ្នកមានតម្រិះសូមពិចារ
ក្មេងកោងកាចមកពីអ្នកណា
មកពីគ្រួសារខ្វះកក់ក្ដៅ។
ធម្មតាទេមនុស្សយើងកើតមក
ប៉ិចចេញពន្លកក្រហមឆ្អៅ
ដូចក្រដាសសល្អក្រឡៅ
ប្រៀបបាននឹងម្សៅសហ្មត់ហ្មង។
មិនយូរប៉ុន្មានប្រាណដិតដាម
ក្រវេមក្រវាមស្នាមកន្លង
មកពីសង្គមគូរវាសផង
ក្នុងគ្រានេះម្ដងគួរប្រិតប្រៀន។
បើសិនរស់ក្នុងគ្រួសារល្អ
ជីវិតផុតក្រប្រឹងប្រែងរៀន
គេចផុតអស់ល្បែងស្រាគ្រឿងញៀន
វិជ្ជាជាស្ពានឆ្លងជីវិត។
គតិឧកញ៉ា គួច ម៉េងលី
ដោយ តន វិបុល
