ផលាឈើព្រៃ មានពាសពេញផ្ទៃ លើដីស្រុកខ្មែរ
ធម្មជាតិផ្ដល់មក ពន្លកហូរហែ តាមរដូវខែ
ផ្កាផ្លែសន្ធឹក។
មានកន្ទួតព្រៃ ផ្លែស្រស់ប្រពៃ ប្រុសស្រីរលឹក
ចិត្តចង់ពិសា ផលាព្រៃព្រឹក្ស រសជាតិពន្លឹក
ផ្អែមក្រោយជូរមុន។
មានទាំងផ្លែគុយ អ្នកផងលុកលុយ រពុយគយគន់
ដើររកពេញព្រៃ រង្សីអរុណ ស្វែងរកត្រុនៗ
ផ្លែទុំលឿងខ្ចី។
នៅមានក្រឡាញ់ ចាស់ទុំចត់ឆ្ងាញ់ មិនចាញ់ផ្ដៅព្រៃ
មានផ្លែរពាក់ ទាញទាក់ចិត្តស្រី មានក្រខុបព្រៃ
សូមលៃរាប់ផង។
មានផ្លែស្រម៉ ជាតិជូរចត់ល្អ គេឯងកួចប៉ង
នឹកដល់ក្របៅ ផ្លែផ្ដៅដំបង ចង់ភ្លក់សាកល្បង
ជាតិផ្លែផ្ញៀវព្រៃ។
ពិតមិនទាន់អស់ មានព្រីងស្ម័គ្រស្មោះ ព្រីងដោះក្របី
មានផ្លែទ្រមួច ផ្លែពួចផ្លែជ្រៃ ចង់ភ្លក់ផ្លែអ្វី
តាមស្រីស្រអែម។
នៅតាមព្រៃភ្នំ មានផ្លែស្រគំ ពេលទុំជាតិផ្អែម
ដូចចម្ប៉ាដាក់ ផ្លែម្កាក់ជូរអែម ក្មេងៗបញ្ញែម
គ្រហែមដាក់គេ។
មានផ្លែទ្រយឹង ផ្លែទ្រលឹងទឹង ជាតិជូរលើសទ្វេ
រីឯផ្លែត្រៀល រសៀលជ្រាលជ្រេ អ្នកផងគ្នាន់គ្នេរ
ទំនេរមូលមីរ។
អ្នកនៅនាយអាយ ហៅផ្លែដូនកាយ ថាក្លាយមកពី
ផ្លែជន្លូសព្រៃ ពេលខ្ចីមិនស៊ី ពេលទុំសំភី
បេះស៊ីកម្សាន្ត។
មានផ្លែពោនទៀត ផ្លែនេះមានជាតិ ដូចញាតិសន្ដាន
ថាជូរលាយផ្អែម រឹតផ្អែមប្រមាណ បើសិនតែបាន
ផឹកទឹកផ្អែមណាស់។
ផ្លែព្នៅផងដែរ អ្នកនៅស្រុកខ្មែរ សុទ្ធតែយល់ច្បាស់
ស្គាល់ពីជាតិព្នៅ មាននូវជ័រក្រាស់ បើហូបច្រើនណាស់
នាំឱ្យកើតខ្យល់។
ផ្លែសិរមាន់ព្រៃ អ្នកផងរំពៃ ឆ្នាំថ្មីមកដល់
សង្ឃឹមសិរមាន់ គ្រប់គ្រាន់នឹងផ្ដល់ លែងគិតខ្វាយខ្វល់
ពីរសជាតិវា។
ផ្លែតង្កៀបក្ដាម បានភ្លក់ហើយញ៉ាម សូមហាមទាមទារ
ដូចផ្លែពង្រ សាកល់ភ្លក់វា ជូរស្រដៀងគ្នា
នឹងផ្លែព្រហូត។
មានផ្លែដូងព្រះ រសចត់អស់ស្ទះ ក្រពះមិនលូត
និយាយការពិត គំនិតមិនភូត ក្រពះរះរូត
ឈឺចាប់ចុកឆ្ងល់។
នៅមានផងទៀត ផ្លែគូលែនជាតិ មានច្រើនសេលសល់
នៅតាមព្រៃភ្នំ ផ្លែទុំបានផ្ដល់ រសជាតិឆ្ងាញ់ដល់
ទន្ទេញមាត់ជាប់។
មានផ្លែបាយបែក ពេលទុំរហែក វាចែកស្រទាប់
មានផ្លែឈើព្រៃ ទីទៃល្អគាប់ ពាក្យចាស់បង្គាប់
ឱ្យក្មេងជ្រួតជ្រាប។
រាយរាប់មិនអស់ និយាយដោយស្មោះ សូមផ្អាករាប់រៀប
ពីផ្លែឈើព្រៃ លើដីសៀមរាប សូមក្មេងៗជ្រាប
តែត្រឹមនេះហោង៕
ដោយ តន វិបុល